Breaking News

ចម្បាំងនឹងចាម (ត) - [Cambo Page - ខេមបូ ផេក]

ចម្បាំងនឹងចាម (ត)

ចម្បាំងក្នុងរជ្ជកាលព្រះបាទពរណិន្ទ្រវរ្ម័នទី២ (១១៥០-១១៦០) និងរជ្ជកាលព្រះបាទយសោវរ្ម័នទី២ (១១៦០-១១៦៥)

  ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ព្រះអង្គត្រូវជាព្រះអនុជរួមព្រះអយិ្សកានឹងព្រះបាទសុរ្យវរ្ម័នទី២។ ក្នុងរជ្ជកាលព្រះអង្គ ចម្បាំងនឹងចាមចេញតែមានបន្តមកទៀត។ ព្រះរាជ្យបុត្រព្រះអង្គ (អនាគតព្រះបាទជយវរ្ម័នទី៧) បានយាងទៅធ្វើចម្បាំងនេះរហូតដល់ក្រុងវិជ័យ។ មកដល់ឆ្នាំ១១៦០ ព្រះវរបិតាព្រះអង្គសុគតទៅ ហើយនៅពេលដែលព្រះបាទយសោវរ្ម័នទី២ (ក្សត្រមួយព្រះអង្គក្នុងព្រះរាជវង្ស) ឡើងគ្រងរាជ្យទៀត ក៏ព្រះអង្គនៅតែជាប់ធ្វើចម្បាំងនៅចំប៉ា។ លុះដល់ឆ្នាំ១១៦៥ គឺឆ្នាំដែលព្រះបាទយសោវរ្ម័នទី២ ត្រូវមន្ត្រីម្នាក់ធ្វើគតដើម្បីយករាជ្យ ទើបព្រះអង្គយាងត្រលប់មកវិញ។

ចម្បាំងក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន (១១៦៥-១១៧៧)៖

 មន្ត្រីដែលធ្វើគតព្រះបាទយសោវរ្ម័នទី២ បានឡើងគ្រងរាជ្យហើយ ទ្រង់ព្រះនាមព្រះបាទត្រីភូវនាទិត្យវរ្ម័ន។ ឯចម្បាំងនឹងចាមក៏ចេះតែមានបន្តមកទៀត។ តែមកដល់ឆ្នាំ១១៧៧ ចាមបានលើកទ័ពមកតាមទន្លេមេគង្គចូលដល់បឹងទន្លេសាប។ ក្នុងពេលនោះ ចាមយកបានអង្គរហើយបានទាំងងធ្វើគត ព្រះបាទត្រីភូវនាទិត្យវរ្ម័នទៀតផង។ ចាមបានត្រួតត្រានៅអង្គរអស់ដេរវេលាប្រមាណ៥ឆ្នាំ។ បរាជ័យនេះនាំឲ្យសាបសូន្យអស់នូវអានុភាពខ្មែរ។

ចម្បាំងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ (១១៨១-១២១៨) មុនព្រះអង្គឡើងគ្រងរាជ្យ៖

 
ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ព្រះអង្គ(គឺអនាគតព្រះបាទជយវរ្ម័នទី៧) មិនធ្វើសកម្មភាពអ្វីទាំងអស់។ លុះព្រះបាទត្រីភូវនាទិត្យវរ្ម័នសុគតទៅ ទើបព្រះអង្គប្រមូលទ័ពចម្បាំងដើម្បីប្រយុទ្ធតស៊ូនឹងចាមរហូតដល់មានជ័យជម្នះដោយកម្ចាត់ចាមចេញពីកម្ពុជានៅឆ្នាំ១១៨១។ គឺនៅឆ្នាំនេះដែលព្រះអង្គបានឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទជយវរ្ម័នទី៧។
ក្នុងរជ្ជកាលព្រះអង្គ ១០ឆ្នាំក្រោយគឺនៅឆ្នាំ១១៩០ ចាមបានលើកទ័ពមកវាយខ្មែរម្តងទៀត។ តែព្រះបាទជយវរ្ម័នទី៧ ព្រះអង្គបានតបតវិញយ៉ាងខ្លាំងអស្ចារ្យ ចូលដល់រាជធានីរហូតព្រះអង្គយកចំប៉ាបានទាំងមូល។ ព្រះអង្គបានដាក់ព្រះរាជាខ្មែរ មួយព្រះអង្គឲ្យគ្រប់គ្រងនៅក្រុងវិជ័យ និងខេត្តជិតខាងទាំងប៉ុន្មាន។ ចំណែកខេត្តដទៃព្រះអង្គប្រគល់ឲ្យក្សត្រចាមមួយព្រះអង្គដែលធ្លាប់រស់នៅរាជធានីអង្គរ និងដែលព្រះអង្គធ្លាប់យកអាសាឲ្យគ្រប់គ្រង។ លុះដល់ឆ្នាំ១២០៣ ក្សត្រចាមអង្គនេះមាននិន្នាការចង់បង្រួបបង្រួមចាមឡើងវិញ ហើយលែងស្តាប់បង្គាប់ខ្មែរ ព្រះអង្គក៏ដេញក្សត្រចាម នោះចេញ។ ពីឆ្នាំ១២០៣ ដល់ឆ្នាំ១២២៦ (៨) ប្រទេសចំប៉ាបានធ្លាក់ជាខេត្តមួយនៃកម្ពុជា។ តាំងពីនោះមកចាមឈប់ឈ្លានពានទឹកដីខ្មែរទៀត។

សេចក្តីសង្ខេប៖

ក្នុងេជ្ជកាលព្រះបាទធរណិន្ទ្រវរ្ម័នទី២ (១១៥០-១១៦០) និងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី២

(១១៦០-១១៦៥) ចម្បាំងនឹងចាមបានប្រព្រឹត្តទៅនៅក្នុងប្រទេសចាម។ កងទ័ពខ្មែរត្រូវបានដឹកនាំដោយព្រះរាជបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី២ ជាអនាគតព្រះបាទជយវរ្ម័នទី៧។ លុះដល់ព្រះបាទ ត្រីភូវនាទិត្យវរ្ម័ន (១១៦៥-១១៧៧) ឡើងគ្រងរាជ្យដោយធ្វើគតព្រះបាទយសោវរ្ម័នទី២ ទើបព្រះអង្គទ្រង់ត្រលប់មកកម្ពុជាវិញ។ 
មកដល់ឆ្នា១១៧៧ ចាមកមតាមទន្លេវាយយកអង្គរបាន និងធ្វើគតព្រះបាទត្រីភូវនាទិត្យវរ្ម័នផង។ ប្រាំឆ្នាំក្រោយមក ព្រះអង្គម្ចាស់ដែលជាអនាគតព្រះបាទជយវរ្ម័នទី៧ ព្រះអង្គក៏បានកម្ចាត់ចាមឲ្យអស់ពីប្រទេសទៅវិញ។ នៅឆ្នាំ១១៨១ ទើបព្រះអង្គឡើងសោយរាជ្យជាព្រះបាទជយវរ្ម័នទី៧។ 
នៅឆ្នាំ១១៩០ ចាមបានលើកទ័ពមកសងសឹកវិញ តែព្រះបាទជយវរ្ម័នទី៧ បានវាយបកទៅវិញយ៉ាងខ្លាំងអស្ចារ្យ។ ព្រះអង្គបានលើកទ័ពចូលដល់ក្រុងវិជ័យរហូតយកប្រទេសចំបា៉បានទាំងមូល។


(៨) តាមអ្នកស្រី ហ្សីតូ ថានៅឆ្នាំ១២២០។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments