សម័យបុរេប្រវត្តិ - [Cambo Page - ខេមបូ ផេក]
១-សម័យបុរេប្រវត្តិ
(ជីវភាពនៅកម្ពុជាក្នុងសម័យនោះ)
សម័យបុរេប្រវត្តិ
សម័យដ៏យូរលង់ណាស់មកហើយដែលប្រវត្តិសាស្ត្រពុំអាចកត់ត្រាបាន (សម័យបុរេប្រវត្តិ)។ គេសន្និដ្ឋាន បានថា ក្នុងសម័យនោះ ថាមនុស្សមានការរស់នៅយ៉ាងណា ត្រូវអាស្រ័យដោយសម្អាងទៅលើកំណាយ និងដំណែលដែល រកឃើញសព្វថ្ងៃនៅស្ថានីយបុរេប្រវត្តិសំរោងសែន (ខេត្តកំពង់ឆ្នាំង) អន្លង់ផ្តៅ (ខាងអាគ្នេយ៍នៃ សំរោងសែន ប្រមាណ ៣០គីឡូម៉ែត) ម្លូព្រៃ (ខេត្តព្រះវិហារ)។
សម័យបុរេប្រវត្តិនៃកម្ពុជាយើង ដែលបានចាប់ផ្តើមឡើងក្នុងយុគថ្មរំលីង មកទល់នឹងសតវត្សទី១ នៃគ្រិស្តសករាជ មានថេរវេលាប្រហែលជាម្ភៃប្លាយសតវត្ស។
ជីវភាពនៅកម្ពុជាក្នុងសម័យបុរេប្រវត្តិ៖
បណ្តាជន ៖ ជនជាតិដែលតមកដល់សព្វថ្ងៃហៅថាខ្មែរយើងនេះ ជាជនជាតិដែលបានមកតាំង នៅជ្រោយឥណ្ឌូចិន មុនគេបង្អស់។ ឯជនជាតិយួន សៀម និងភូមា ទើបនឹងមកតាំងនៅជ្រោយឥណ្ឌូចិននេះ ក្នុងរវាងសតវត្សទី១៣ទេ គឺមកនៅក្រោយខ្មែរយើងជាច្រើនសហស្សវត្សណាស់។
ជនជាតិខ្មែរសម័យនោះមាន មានមាំ មុខជ្រុង ឆ្អឹងចិញ្ចើមខ្ពស់។
ជីវរភាព ៖ ជនជាតិខ្មែរជំនាន់នោះធ្វើគ្រឿងឧបរណ៍ផ្សេងៗពីថ្ម ឆ្អឹង ដីឥដ្ឋ លង្កិន ដែក។ គេយកថ្មធ្វើជាពូថៅ ញញួរ ពន្លាក ប្រដាប់រូស។ គេយកឆ្អឹងធ្វើផ្លែព្រួញ ផ្លែច្បូក ផ្លែសន្ទូច ឬផ្លែកណ្តៀវ។ គេយកដីឥដ្ឋធ្វើក្អមឆ្នាំងប្រកបដោយក្បូរក្បាច់យ៉ាងល្អ។ ចំណែកវត្ថុធ្វើពីលង្ហិន និងដែកពុំសូវសម្បូរទេ។ គេធ្វើកីត្បាញសម្រាប់ត្បាញសំពត់អំបោះ។ ចំណែកឯលំនៅវិញ គេសង់ផ្ទះពីឈើខ្ពស់ពីដី។ ដើម្បីចិញ្ចឹមជីវិត គេដាំស្រូវនៅក្បែរផ្ទះ គេចិញ្ចឹមសត្វ ដូចជា ជ្រូក គោ ក្របី គេធ្វើការប្រមាញ់ និងនេសាទត្រី។ អ្នកស្រុកជឿលើខ្មោច និងអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសាកសពទៅកប់។
ការទាក់ទងនឹងបទេស ៖ មកក្នុងអំឡុងសតវត្សទី១ នៃគ្រិស្តរាជ ខ្មែរយើងបានទទួលឥទ្ធិពល ឥណ្ឌា យ៉ាងខ្លាំង ដោយធ្លាប់មានការទាក់ទងនឹងឥណ្ឌានេះជាយូរអង្វែងណាស់មកហើយ។
ភាគច្រើននៃជនជាតិឥណ្ឌាទាំងនោះបានចាកចេញពីប្រទេសខ្លួនមកកាន់បរទេស ច្រើនមានគោលបំណងខាង សេដ្ឋកិច្ច។ ក្រោយពីបានចេញរកមាសនៅអាស៊ីភាគកណ្តាល និងអឺរ៉ុបភាគខាងត្បូងមក ជនទាំងនោះបានចូលមក ជ្រោយឥណ្ឌូចិនដោយបាននាំទាំងអារ្យធម៌ខ្លួនមកជាមួយផង។ នៅពេលនោះហើយដែលប្រទេសខ្មែរបានចាប់ផ្តើម ចូលក្នុងប្រវត្តិកាល។
សេចក្តីសង្ខេប
សម័យបុរេប្រវត្តិគឺ សម័យដ៏យូរលង់ណាស់មកហើយដែលប្រវត្តិសាស្ត្រពុំអាចកត់ត្រាបាន។ សម័យបុរេប្រវត្តិនៃកម្ពុជាយើងបានបាប់ផ្តើមតាំងពីយុគថ្មរំលីងមកទល់នឹងសតវត្សទី១ នៃគ្រិស្តសករាជ។
ក្នុងចំណោមជនជាតិទាំងឡាយដែលនៅជ្រោយឥណ្ឌូចិនសព្វថ្ងៃ ជនជាតិខ្មែរយើងជាជនជាតិដែលបានតាំងស្ថិតនៅមុនគេបង្អស់។
ក្នុងសម័យនោះ ខ្មែរយើងបានចេះធ្វើឧបករណ៍ផ្សេងៗ ដោយថ្ម ឆ្អឹង ដីឥដ្ឋ លោហធាតុ សង់ផ្ទះពីឈើ ត្បាញសំពត់ ដាំស្រូវ ចិញ្ចឹម ជ្រូក គោ ក្របី ធ្វើការប្រមាញ់ និងនេសាទ។
អ្នកស្រុកជឿលើខ្មោច និងអ្នកតា។ កាលណាមាននុស្សស្លាប់ គេកប់សាកសពក្នុងដី។ តាំងពីសម័យដ៏យូរលង់នោះ ខ្មែរយើងក៏ធ្លាប់មានទំនាក់ទំនងនឹងជនជាតិឥណ្ឌាដែរ។
អ្នកស្រុកជឿលើខ្មោច និងអ្នកតា។ កាលណាមាននុស្សស្លាប់ គេកប់សាកសពក្នុងដី។ តាំងពីសម័យដ៏យូរលង់នោះ ខ្មែរយើងក៏ធ្លាប់មានទំនាក់ទំនងនឹងជនជាតិឥណ្ឌាដែរ។
..............................
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។

...............................................
No comments