Breaking News

ប្រទេសចេនឡា - [Cambo Page - ខេមបូ ផេក]

ប្រទេចេនឡា 

(ការធ្វើសញ្ជ័យយកហ៊្វូណន)

ព្រះរាជាណាចក្រចេនឡា 

       ពាក្យថា ចេនឡា និងហ៊្វូណន សុទ្ធតែជាពាក្យចិន។ ប្រទេសចេនឡា ឬកម្ពុជាគឺស្ថិតនៅត្រង់ផ្នែកខាងត្បូងនៃប្រទេសឡាវ ជាប្រទេសចំណុះប្រទេសហ៊្វូណន។ ព្រះរាជាដែលសោយរាជ្យក្នុងប្រទេសនេះ សុទ្ធសឹងជាក្សត្រដែលតព្រះរាជវង្សពីតាបសមួយព្រះអង្គព្រះមានកម្ពុ និងទេពអប្សរមេរា។ 

ប្រទេសចេនឡាធ្វើសញ្ជ័យ(៣)យកហ៊្វូណន៖

    នៅពេលដែលហ៊្វូណនមានការបែកបាក់គ្នាក្នុងការគ្រប់គ្រងរាជ្យ ប្រទេសចេនឡាឆ្លៀតឳកាសនោះចាប់ផ្តើមបះបោរប្រឆាំងនឹងហ៊្វូណន។

  ព្រះបាទភវវរ្ម័នទី១ (៥៥០-៦០០) ៖ ក្នុងភាគទី២នៃសតវត្សទី៦ កាលព្រះអង្គទ្រង់គ្រងរាជ្យ ព្រះអង្គបានចាប់ផ្តើមធ្វើសញ្ជ័យយកហ៊្វូណនជាមួយនឹងព្រះអនុជព្រះអង្គព្រះនាម ចិត្រាសេនា។ ក្នុងរជ្ជកាលនោះ ប្រទេសចេនឡាបានលាតសន្ធឹងមកខាងត្បូង គឺចូលដល់ទំនាបទន្លេមេគង្គ។ 

   ព្រះបាទចិត្រាមហិន្ទ្រវរ្ម័នទី១ (៦០០-៦១៥)៖ លុះព្រះបាទភវវរ្ម័នសុគតទៅ ដោយព្រះអង្គគ្មានព្រះរាជ្ជទាយាទផងនោះ ព្រះអនុជរបស់ព្រះអង្គក៏បានឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទចិត្រាមហិន្ទ្រវរ្ម័ន។ ព្រះបាទចិត្រាមហិន្ទ្រវរ្ម័ន ព្រះអង្គទ្រង់បន្តស្នាព្រះហស្ថពីព្រះបាទភវវរ្ម័នទៀត។ ព្រះអង្គបានយកភូមិភាគក្រចេះ និងមង្គលបូរី ហើយដើម្បីជាការធានារ៉ាប់រង នៃព្រំដែនខាងកើត ព្រះអង្គបានចងសម្ព័ន្ធមិត្តជាមួយចំប៉ា។ លុះព្រះអង្គសុគតទៅ ប្រទេសចេនឡាមានជំហររឹងប៉ឹងមែបទែន។ 

   ព្រះបានឦសានណវរ្ម័ន (៦១៥-៦៣៥)៖ ព្រះអង្គជាព្រះរាជបុត្រនៃព្រះបាទចិត្រាមហិន្ទ្រវរ្ម័ន។ ព្រះអង្គបានបង្ហើយការធ្វើសញ្ជ័យយកប្រទេសហ៊្វូណន ដោយយកបាននូវភូមិភាគនៃខេត្តកណ្តាល ព្រៃវែង តាកែវ ចន្ទបូរ។ ព្រះអង្គបានចងស្ពានមានមេត្រីជាមួយចិន និងចំប៉ា។ 

  ព្រះបាទភវវរ្ម័នទី២ (៦៣៩-៦៥៥) ៖ កាលព្រះបាទឦសាណវរ្ម័នសុគតទៅ ការវឹកវរដណ្តើមរាជក៏កើតមានឡើង ដោយសារព្រះអង្គគ្មានព្រះរាជបុត្រ។​ តែនៅទីបំផុតមានស្តេចមួយអង្គព្រះនាម ភវវរ្ម័នទី២បានឡើងគ្រងរាជ្យ ហើយព្រះអង្គបានបង្ក្រាបឲ្យមានការរៀបរយឡើងវិញ។ 

  ព្រះបាទជយវរ្ម័នទី១ (៦៥៥-៦១៨) ៖ ព្រះអង្គជាព្រះរាជបុត្រព្រះបាទភវវរ្ម័នទី២។ ព្រះអង្គបានតាំងរាជធានីនៅអង្គរបូរី (ខេត្តតាកែវ)។ ព្រះអង្គបានរក្សាការទូតដែលមានតាំងពីព្រះរាជាមុនៗមក។ ព្រះអង្គទ្រង់កាន់ព្រហ្មញ្ញសាសនា គោរពព្រះហរិហរៈ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសចេនឡាមានសេចក្តីរុងរឿង ក្សេមក្សាន្តរហូត។ ព្រះអង្គសុគតនៅឆ្នាំ ៦១៨ ដោយអត់មានព្រះរាជ្ជទាយាទទេ។ 

សេចក្តីសង្ខេប 

     ប្រទេសចេនឡា ឬកម្ពុជាស្ថិននៅភាគខាងត្បូងនៃប្រទេសឡាវសព្វថ្ងៃ។ ប្រទេសនេះជាប្រទេសចំណុះប្រទេសហ៊្វូណន។ ព្រះរាជាទាំងឡាយដែលសោយរាជ្យក្នុងប្រទេសនេះ ជាក្សត្រដែលជាប់ព្រះញាតិវង្សនឹងតាបសមួយព្រះអង្គព្រះនាមកម្ពុ។

   នៅពេលដែលប្រទេសហ៊្វូណនមានការបែកបាក់គ្នា ប្រទេសចេនឡាបានចាប់ផ្តើមធ្វើសញ្ជ័យយកប្រទេសហ៊្វូណន។ ព្រះរាជាដែលធ្វើសញ្ជ័យនេះគឺ ព្រះបាទភវវរ្ម័នទី១ ព្រះបាទចិត្រាមហិន្ទ្រវរ្ម័ន និងព្រះបាទឦសាណវរ្ម័នទី១ គឺតាំងពីភាគទី២ នៃសតវត្សទី៦ រហូតដល់ខាងដើមសតវត្សទី៧។ ព្រះបាទភវវរ្ម័នទី២ ព្រះអង្គបានបង្ក្រាបការបះបោរ និងធ្វៀឲ្យមានរបៀបរៀបរយឡើងវិញ។ តមកទៀត ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី១ ប្រទេសចេនឡាមានសេចក្តីក្សេមក្សាន្តរុងរឿងច្រើន។



ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
F Click here to our YouTube page:  https://www.youtube.com/channel/UCaht6lb7TnNEj3am8YBsjfA

F Click here to our Facebook page : https://www.facebook.com/PINIH-PINOH-103966184608131
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ PINIH PINOH

No comments