ការប្រជែងរាជសម្បត្តិ-រវាងព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ និងព្រះបាទឧទ័យ - [Cambo Page - ខេមបូ ផេក]
ការប្រជែងរាជសម្បត្តិ-រវាងព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២ និងព្រះបាទឧទ័យ
ព្រះបាទធម្មោរាជារាជសំភារ (ព្រះពញាតូ)(១៦២៩-១៦៣៤) (17) និងព្រះបាទឧទ័យ៖
កាលព្រះបាទជ័យជេដ្ឋាទី២ សុគតទៅ ព្រះពញាតូដែលជាព្រះរាជបុត្រព្រះអង្គ ទ្រង់គង់ក្នុងផ្នួស។ ព្រះឧទ័យដែលជាព្រះបិតុលា ព្រះអង្គទ្រង់កាន់កិច្ចការរដ្ឋជំនួសព្រះអង្គ។ លុះដល់ព្រះពញាតូឡើង គ្រងរាជ្យ ព្រះអង្គទុកព្រះពញាតូជាព្រះឧបរាជ។ កាលនោះព្រះរាជាគង់នៅកោះឃ្លោក (ខ្សាច់កណ្តាល) ហើយព្រះឧបរាជនៅឯឧត្តុង្គ។
នៅឆ្នាំ១៦២៩ ព្រះបាទធម្មរាជាសំភារ ព្រះអង្គបានលើកទ័ពទៅវាយសៀមដើម្បីយកភូរ៉ាតមកវិញ តែពុំបានសម្រេចដូចព្រះរាជបំណង គ្រាន់តែបានកៀរអ្នកស្រុកប្រមាណជា ១០០០០នាក់។
នៅឆ្នាំ១៦៣១ ព្រះអង្គត្រូវព្រះឧទ័យធ្វើគត ព្រោះព្រះអង្គបានលួចស្រលាញ់ព្រះជាយាព្រះឧទ័យ ព្រះនាមបុប្ផាវតី។
ព្រះបាទអង្គនន្ទទី១ (១៦៤០-១៦៤២) និងព្រះបាទរាមាធិបតីចន្ទ (ព្រះអង្គចន្ទ) (១៦៤២-១៦៥៨)៖
បន្ទាប់មក ព្រះឧទ័យដែលជាព្រះឧបរាជ បានលើកព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី២មួយព្រះអង្គទៀតឲ្យឡើងសោយរាជ្យ គឺព្រះពញានូ ដែលទ្រង់ព្រះនាមថា ព្រះបាទអង្គទងទី១ (១៦៣៤-១៦៤០)។ លុះព្រះអង្គសោយរាជ្យបាន៥ឆ្នាំ ទ្រង់ក៏សុគតទៅ ព្រះឧទ័យក៏ថ្វាយរាជ្យបល្លង្កមកឲ្យព្រះរាជបុត្របង្កើតរបស់ព្រះអង្គ ព្រះនាមព្រះបាទអង្គនន្ទទី១។
ព្រះពញាចន្ទដែលត្រូវជាព្រះរាជបុត្រព្រះជ័យជេដ្ឋាទី២ ទ្រង់អាក់អន់ព្រះទ័យក្នុងរឿងរាជសម្បត្តិនេះ។ ដោយព្រះអង្គមានព្រះជាយាជាជនជាតិចាម ហើយដោយព្រះអង្គទ្រង់កាន់សាសនាឥស្លាម ផងនោះ ព្រះអង្គក៏បះបោរពួកចាមឲ្យប្រឆាំងនឹងមហាក្សត្រ និងឲ្យធ្វើគតព្រះបាទអង្គនន្ទទី១ និងព្រះឧទ័យ។ នៅឆ្នាំ១៦៤២ ព្រះអង្គឡើងគ្រងរាជ្យ ហើយទ្រង់មានព្រះនាមថា ព្រះបាទរាមាធិបតីចន្ទ ដែលអ្នកខ្លះហៅព្រះអង្គថា ព្រះអង្គចន្ទមហាម៉ាត់អ៊ីប្រាហ៊ីម។
ព្រះបាទបទុមរាជា (ព្រះពញាសូ) (១៦៥៨-១៦៧២)៖
កាលនោះព្រះពញាសូរ និងព្រះពញាតន់ដែលជាព្រះរាជបុត្រព្រះឧទ័យ ព្រះអង្គទ្រង់បានពឹងយួនឲ្យជួយ។ នៅឆ្នាំ១៦៥៨ ទ័ពយួនចូលមកចាប់ព្រះបាទរាមាធិបតីន្ទបាន រួចដាក់ក្នុងទ្រុងដែក ហើយបានបញ្ចូនទៅក្វាងទិញ (Quang Tinh) ជិតព្រំដែនតុងកឹង។ មួយឆ្នាំក្រោយមក ព្រះអង្គក៏សុគតទៅ។
នៅឆ្នាំ១៦៥៨នោះ ព្រះពញាសូក៏ឡើងគ្រងរាជ្យ ហើយព្រះអង្គទ្រងើព្រះនាមថា ព្រះបាទបទុមរាជា។
សេចក្តីសង្ខេប៖
កាលព្រះបាទជ័យជេដ្ឋាសុគតទៅ ព្រះរាជបុត្រព្រះអង្គព្រះនាមពញាតូ ទ្រង់នៅក្នុងផ្នួស។ ព្រះឧទ័យទ្រង់កាន់កិច្ចការរដ្ឋជំនួសព្រះអង្គ។ មួយឆ្នាំក្រោយមក ទើបព្រះពញាតូទ្រង់គ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះធម្មរាជារាជសំភារ។ កាលនោះព្រះអង្គបានលើកទ័ពទៅវាយព្រះសៀម ដើម្បីយកភូរ៉ាតមកវិញ តែពុំបានសម្រេច។ នៅឆ្នាំ១៦៣១ ព្រះអង្គត្រូវព្រះឧទ័យធ្វើគត ដោយព្រះអង្គទៅយកព្រះជាយារបស់ព្រះឧទ័យធ្វើជាព្រះមហេសី។ បន្ទាប់មក ព្រះអង្គទងដែលត្រូវជាព្រះអនុជរបស់ព្រះបាទធម្មរាជារាជសំភារ ឡើងសោយរាជ្យបាន៦ឆ្នាំ ហើយព្រះអង្គក៏សុគតទៅ។ ពេលនោះ ព្រះឧទ័យថ្វាយរាជ្យមកព្រះអង្គនន្ទដែលជាព្រះរាជបុត្ររបស់ព្រះអង្គ ជាហេតុនាំឲ្យព្រះអង្គចន្ទ ព្រះអនុជរបស់ព្រះអង្គទងអាក់អន់ព្រះទ័យ។ ព្រះអង្គចន្ទ ដោយព្រះអង្គកាន់សាសនាឥស្លាម ផង ព្រះអង្គក៏បំបះបំបោរពួកចាមឲ្យធ្វើគតព្រះបាទអង្គនន្ទ និងព្រះឧទ័យ។ ព្រះអង្គចន្ទោឡើងគ្រងរាជទ្រង់ព្រះនាមថា ព្រះបាទរាមាធិបតីចន្ទ។
សោយរាជមិនយូប៉ុន្មាន ព្រះបាទពញាសូ និងពញាតន់ ដែលជាព្រះរាជបុត្រព្រះបាទឧទ័យបានទៅពឹងទ័ពយួន ហើយចាប់ព្រះបាទរាមាធិបតីចន្ទបាន។ នៅឆ្នាំ១៦៥៨ ព្រះពញាសូឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមព្រះបាទបទុមរាជា។
ពន្យល់បន្ថែម
(17) ឯកសារខ្លះថា ១៦២៩-១៦៣១
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
ពន្យល់បន្ថែម
(17) ឯកសារខ្លះថា ១៦២៩-១៦៣១
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments