ខ្លាច ទាំង ៣យ៉ាង - [Cambo Page - ខេមបូ ផេក]
“ខ្លាច ទាំង ៣យ៉ាង”!!! កើតមកជាមនុស្ស បើជំនះមិនបានទេនោះនឹងងើបខ្លួនមិនរួចអស់មួយជីវិត!
ភាពភ័យខ្លាចគឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែមានគ្រប់ៗគ្នា គ្រាន់តែបុគ្គលខ្លះអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបាន រីឯបុគ្គលខ្លះទៀតមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន និងបណ្ដាលឱ្យសេចក្ដីភ័យខ្លាចគ្រប់គ្រងចិត្តរបស់ពួកគេរហូតដល់ពួកគេលែងហ៊ានធ្វើសកម្មភាពអ្វីមួយដែលខ្លួនចង់ធ្វើ ឬអ្វីមួយដែលជាក្ដីស្រមៃរបស់ខ្លួនក៏មាន។ ខាងក្រោមនេះគឺជាភាពភ័យខ្លាចទាំង ៣ដែលធ្វើឱ្យមនុស្សភាគច្រើនខ្លាចរអារមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ៖
១. ខ្លាចការរិះគន់៖ មនុស្សជាច្រើនតែងតែខ្វាយខ្វល់ខ្លាំងហួសហេតុអំពីគំនិតរបស់អ្នកដទៃដែលគិតចំពោះខ្លួន ជាពិសេសខ្លាចការរិះគន់ពីមនុស្សជុំវិញខ្លួនថាជាមនុស្សបែបណាមួយមិនល្អជាដើម។ ប្រសិនបើអ្នកខ្លាចការរិះគន់ នោះអ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើឱ្យទទួលបាននូវភាពជោគជ័យនោះទេ។ បើអ្នកចង់រស់ជាខ្លួនឯងអ្នកត្រូវរស់នៅដោយកុំខ្វល់ពីបាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេកព្រោះអ្នកតែម្នាក់មិនអាចរស់នៅផ្គាប់ចិត្តមនុស្សគ្រប់រូបបាននោះទេ។
២. ខ្លាចបរាជ័យ៖ បរាជ័យជាមេរៀនមួយដែលអាចឱ្យអ្នករកឃើញនូវផ្លូវមួយដើម្បីសម្រេចនូវភាព
ជោគជ័យ។ ដូច្នេះហើយអ្នកមិនចាំបាច់ត្រូវខ្លាចបរាជ័យនោះទេ អ្វីដែលសំខាន់នៅពេលដែលអ្នកបរាជ័យរឿងអ្វីមួយត្រូវព្យាយាមសិក្សាពីកំហុសឆ្គងផ្សេងៗដែលអ្នកធ្វើខុស ហើយកែប្រែវាឱ្យល្អប្រសើរឡើងៗ។ លោកដូណាល់ត្រាំធ្លាប់បាននិយាយថា “ពេលខ្លះអ្នកអាចបរាជ័យម្ដង ប៉ុន្តែអ្នកអាចរកឃើញពីវិធីដើម្បីយកឈ្នះសមរភូមិទាំងមូលក៏មាន”។
៣. ខ្លាចគេបដិសេធ៖ នៅក្នុងជីវិតរបស់យើងម្នាក់ៗ មិនអាចជួបតែរឿងសមបំណងរហូតនៅទេ ហើយក៏គ្មាននរណាម្នាក់អាចជៀសផុតពីការបដិសេធនោះដែរ។ ដូច្នេះអ្នកត្រូវតែត្រៀមចិត្តឱ្យបានល្អដើម្បីទទួលយកនូវការបដិសេធណាមួយទុកជាមុន ដើម្បីកុំឱ្យចិត្តរបស់អ្នកទទួលរងនូវការឈឺចាប់ខ្លាំងពេក។ ជាក់ស្ដែងបើយើងមើលទៅបុគ្គលឆ្នើមៗនៅទូទាំងពិភពលោក គឺសុទ្ធតែទទួលរងនូវការបដិសេធស្ទើរតែរាប់ភ្លេចទម្រាំពួកគេអាចសម្រេចនូវគោលដៅរបស់ខ្លួនបាន។
ជាសង្ខេបមកវិញ អ្នកត្រូវហ៊ានជម្នះរាល់ការភ័យខ្លាចទាំង៣ខាងលើឱ្យបាន ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដ៏លេចធ្លោ និងអាចសម្រេចនូវគោលដៅរបស់ខ្លួនបាន។ ត្រូវចាំថាគ្មាននរណាម្នាក់ល្អឥតខ្ជោះមិនធ្លាប់ទទួលនូវការរិះគន់ ការបរាជ័យ ឬការបដិសេធនោះទេ។
ប្រភព៖ (business Cambodia)
No comments