Breaking News

ព្រះបាទជយវរ្ម័នទី៧ ជាស្តេចសឹក (ត) - ការសងសឹករបស់ខ្មែរទៅលើពួកចាម - [Cambo Page - ខេមបូ ផេក]

ព្រះបាទជយវរ្ម័នទី៧ ជាស្តេចសឹក (ត) 

 ការសងសឹករបស់ខ្មែរទៅលើពួកចាម 

    ក្នុងឆ្នាំ១១៩០ ព្រះបាទជយវរ្ម័នទី៧ បានលើរេហ៍ពលទៅវាយលុកប្រទេសចំប៉ា ហើយវាយយកបានក្រុងវិជ័យ និងបានចាប់ស្តេចចាម បញ្ចូនជាឈ្លើយមកប្រទេសកម្ពុជា។ ព្រះអង្គបានលើកព្រះអនុជថ្លៃគ្រងរាជនៅក្រុងវិជ័យ ឯព្រះអង្គម្ចាស់ក៏យាងទៅតាំងទីក្រុងថ្មីនៅទីខាងត្បូង។
ព្រះអង្គម្ចាស់ចាម ព្រះនាមវិទ្យានន្ទន៍ ដែលជាបុត្រចិញ្ចឹមព្រះបាទជយវរ្ម័នទី៧ មានព្រះទ័យចង់ក្បត់ព្រះចៅកម្ពុជា។ ព្រះអង្គម្ចាស់នេះបានះញុះញង់ពលរដ្ឋចាមនៅក្រុងវិជ័យឲ្យបះបោរប្រឆាំងនឹងស្តេចខ្មែរ ដែលជាព្រះអនុជថ្លៃព្រះបាទជយវរ្ម័នទី៧។ ស្តេចខ្មែរអង្គនេះក៏ត្រូវបានភៀសខ្លួនចេញពីក្រុងវិជ័យ។ ព្រះអង្គម្ចាស់ចាមចង់ដោះដៃពីស្តេចខ្មែរ ក៏តាំងបង្រួបបង្រួមនគរទាំងពីឲ្យទៅជានគរតែមួយវិញ ដើម្បីកាន់កាប់តែមួយព្រះអង្គឯង។ បន្ទាប់ពីធ្វើគតស្តេចចាម ព្រះនាមជយឥន្ទ្រវរ្ម័ន ដែលបានរួចខ្លួនពីប្រទេសកម្ពុជាទៅវិញ នៅឆ្នាំ១២០៣ ស្តេចវិទ្យានន្ទន៍បានត្រូវបណ្តេញចេញពីនគរ ចំប៉ា ហើយរហូតមកដល់ឆ្នាំ១២២០ ប្រទេសចំប៉ាទុកដូចជាអាណាខេត្តមួយរបស់ប្រទេសកម្ពុជា។

អំពីការពង្រីកអាណាខេត្តតទៅ៖ 

  លុះបានជ័យជន្នះមែនទែនលើចាមហើយ ព្រះបាទជយវរ្ម័នទី៧បានពង្រីកទីដែនមកខាងលិចវិញទៀត ដោយទ្រង់បង្ក្រាបជ្រោយម៉ាឡេស៊ីមួយភាគ ហើយទន្ទ្រានផ្សាយឫទ្ធានុភាពរហូតដល់ប្រទេស ភូមា។ 

សេចក្តីសង្ខេប

ដើម្បីសងសឹកនឹងចាម នៅឆ្នាំ១១៩០ ព្រះបាទជយវរ្ម័នទី៧ បានលើកទ័ពចូលលុកលុយប្រទេសចំប៉ា ហើយវាយយកបានក្រុងវិជ័យ ព្រមទាំងបានចាប់ស្តេចចាមបញ្ចូនជាឈ្លើយមកកម្ពុជាទៀតផង។ ព្រះអង្គទ្រង់បានលើកព្រះអនុជថ្លៃមួយអង្គឲ្យគ្រងរាជ្យនៅក្រុងវិជ័យនោះ។ ឯព្រះអង្គម្ចាស់ចាម ព្រះនាម វិទ្យានន្ទន៍ ព្រះអង្គទ្រង់ចាត់ឲ្យគ្រប់គ្រងភាគខាងត្បូង។
ក្រោយមកព្រះអង្គម្ចាស់វិទ្យានន្ទន៍ មានព្រះទ័យចង់ក្បត់នឹងខ្មែរ ហើយបានញុះញង់ប្រជាជនចាមឲ្យ ប្រឆាំងនឹងស្តេចខ្មែរ។ នៅឆ្នាំ១២០៣ ព្រះអង្គម្ចាស់វិទ្យានន្ទន៍បានត្រូវបណ្តេញចេញពីចំប៉ា ហើយរហូតមកដល់ឆ្នាំ១២២០ ប្រទេសចំប៉ាត្រូវបានចាត់ទុកជាអាណាខេត្តមួយរបស់ប្រទេសកម្ពុជា។
លុះបានជោគជ័យលើពួកចាមហើយ  ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានពង្រីកផែនដីទៅខាងលិចទៀត គឺបានយកជ្រោយម៉ាឡេស៊ីមួយភាគ និងប្រទេសភូមាមួយភាគ។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments