Breaking News

ព្រះបាទត្រសក់ផ្អែម និងព្រះរាជបុត្រ - [Cambo Page - ខេមបូ ផេក]

ព្រះបាទត្រសក់ផ្អែម និងព្រះរាជបុត្រ 

(ចម្បាំងនឹងសៀម)

   មកដល់ពាក់កណ្តាលសតវត្សទី១៤ និងក្នុងសតវត្សបន្ទាប់ៗគ្នាមកទៀត ប្រវត្តិសាស្ត្រខ្មែរយើង ខ្វះការជាក់លាក់ច្រើន។ មានឯកសារខ្លះខ្វែងគ្នា។ មានឯកសារខ្លះរំលង។ មានខ្លះផ្តល់ដំណឹងជាបែបរឿងទេពនិទាន។ 

ព្រះបាទត្រសក់ផ្អែម និងព្រះរាជបុត្រ៖

  ដើមឡយ ព្រះបាទត្រសក់ផ្អែមជានាយចម្ការត្រសក់ផ្អែម ដែលចេញដាំត្រសក់បានផ្លែផ្អែម ហើយបានធ្វើគតព្រះមហាក្សត្រដោយការច្រឡំក្នុងវេលាយប់មួយ។ បន្ទាប់មក នាយត្រសក់ផ្អែមត្រូវមន្ត្រីអ្នកមុខអ្នកការក្នុងព្រះមរមរាជវាំងជ្រើសរើសឲ្យឡើងសោយរាជ្យ (១៣៣៦-១៣៤០)។

    អំណឹះតពីព្រះបាទត្រសក់ផ្អែមមក ព្រះរាជបុត្ររបស់ព្រះអង្គពីរអង្គដែលបានគ្រងរាជ្យជាបន្តបន្ទាប់គ្នា គឺព្រះបាទនិព្វានបាទ (១៣៤០-១៣៤៦) និងព្រះបាទសិទ្ធានរាជា (១៣៤៦)។ លុះព្រះបាទ សិទ្ធានរាជាសុគតទៅ ព្រះរាជបុត្រព្រះអង្គទ្រង់ឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទលំពង្សរាជា (១៣៤៧-១៣៥៣)។

ក្នុងរជ្ជកាលព្រះបាទលំពង្សរាជា-សៀមលើកទ័ពមកវាយអង្គរ៖

  សៀម ឬថៃ ដំបូងនៅខាងយូ-ណាន (ប្រទេសចិន) ។ កាលពីសតវត្សទី៨ ពួកនេះបានបង្កើតព្រះរាជាណាចក្រមួយដែលមានឈ្មោះថា ណាន់-ចៅ។ តមក សៀមបានមកនៅលើដីខ្មែរភាគខាងជើង ហើយតាំងរាជធានីនៅសុខោទ័យ។ 
      នៅឆ្នាំ១៣៥០ ព្រះចៅសៀមព្រះនាមរាមាធិបតីបានផ្លាស់ព្រះរាជធានីពីសុខោទ័យ មកអយុធ្យា ក្នុងបំណងវាយយកខ្មែរ។ នៅឆ្នាំ១៣៥១ ព្រះចៅសៀមបានលើកទ័ពចូលមកវាយអង្គរ។ តែព្រះបាទលំពង្ស ព្រះអង្គបានដេញកម្ចាត់សៀមឲ្យថយទៅវិញុ។ បន្ទាប់មក សៀមបានលើកកងទ័ពបន្ថែមមកទៀត ហើយព័ទ្ធអង្គរបាន។ ក្នុងពេលនោះទទួលព្រះអង្គប្រឈួន ហើយសុគតទៅ។ ព្រះស្រីសុរិយោទ័យ ដែលត្រូវជាព្រះអនុ និងជាព្រះឧបរាជព្រះអង្គបានតស៊ូនឹងទ័ពសៀមប្រមាណមួយឆ្នាំ។ តែដល់ចុងបង្អស់ គឈនៅឆ្នាំ១៣៥២ ព្រះអង្គក៏សុគតក្នុងការប្រយុទ្ធទៅទៀត។ សៀមយកបានអង្គរ សៀមបានប្រមូលយកវត្ថុមានតម្លៃ និងចាប់ខ្មែរធ្វើជាឈ្លើយជាច្រើន។

ព្រះបាទស្រីសុរិយោវង្សទី១ (១៣៥៧-១៣៦៣) ទ្រង់កម្ចាត់សៀមចេញពីអង្គរ៖

យកអង្គរបាន ទ័ពសៀមនៅកាន់កាប់អង្គរទៀត។ នៅឆ្នាំ១៣៥៧ ព្រះស្រីសុរិយោវង្សដែលត្រូវជាព្រះភាគិនេយ្យនៃព្រះបាទលំពង្ស និងព្រះស្រីសុរិយោទ័យ ដែលបានភៀសខ្លួនព្រះអង្គទៅលាវ ហើយព្រះអង្គបានបង្កទ័ពដើម្បីកម្ចាត់សៀមចេញពីអង្គរ។ ព្រះអង្គបានដេញសៀមរហូតហួសភូរ៉ាត និងប្រាជិន។

ព្រះបាទបរមរាមា (១៣៦៦-១៣៧៣)៖

លុះព្រះបាទស្រីសុរិយោវង្សសុគតទៅ ព្រះរាជបុត្រព្រះបាទលំពង្សមួយព្រះអង្គបានឡើងគ្រងរាជ ហើយព្រះអង្គព្រះនាមថា ព្រះបាទបរមរាមា។ ក្នុងរជ្ជកាលព្រះអង្គ កម្ពុជាមានសុខសន្តិភាព។ ជាមួយនឹងសៀម ព្រះអង្គគ្មានរឿងរ៉ាវអ្វីទេ។ ជាមយយនឹថចិនព្រះអង្គមានការទាក់ទងយ៉ាងល្អប្រសើរ។

សេចក្តីសង្ខេប

មកដល់សតវត្សទី១៤ មានព្រះរាជាមួយព្រះអង្គ ព្រះនាមព្រះបាទត្រសក់ផ្អែមបានឡើងគ្រងរាជ្យ។ ព្រះអង្គមានព្រះរាជបុត្រពីរអង្គដែលបានគ្រងរាជ្យបន្តបន្ទាប់គ្នា គឺព្រះបាទនិព្វានបាទ និងព្រះបាទសិទ្ធានរាជា។ លុះព្រះបាទសិទ្ធានរាជាសុគតទៅ ព្រះរាជបុត្រព្រះអង្គព្រះនាមលំពង្សរាជាឡើងគ្រងរាជ្យមកទៀត (១៣៤៧-១៣៥៣)។
    នៅឆ្នាំ១៣៥២ សៀមបានលើកទ័ពមកវាយអង្គរ។ សៀមព័ទ្ធអង្គរជាប់ជិនមួយឆ្នាំ។ នៅពេលនោះ ព្រះបាទលំពង្សប្រឈួន ហើយសុគតទៅ។ ព្រះស្រីសុរិយោទ័យ ព្រះអនុជរបស់ព្រះអង្គបានសស៊ូប្រឈមមុខតទល់នឹងសៀម ហើយព្រះអង្គបានសុគតក្នុងការប្រយុទ្ធនៅពេលដែលសៀមវាយយកអង្គរបាន។ នៅពេលនោះ សៀមបានប្រមូលព្រះរាជទ្រព្យ និងចាប់ខ្មែរបញ្ជូនទៅប្រទេសសៀមជាច្រើន។
    លុះដល់ឆ្នាំ១៣៥៧ ព្រះស្រីសុរិយោវង្សទី១ (១៣៥៧-១៣៦៣) ព្រះអង្គបានភៀសខ្លួនទៅស្រុកលាវ បានបង្កទ័ពដើម្បីកម្ចាត់សៀម ឲ្យចេញពីអង្គរវិញ ដេញរហូតដល់ភូរ៉ាត និងប្រាជិន។ ពីនោះមក កម្ពុជាបានសុខសាន្ត។ លុះព្រះបាទស្រីសុរិយោវង្សសុគតទៅ ព្រះបាទបរមរាមា (១៣៦៦-១៣៧៣) បានឡើងគ្រងរាជ្យបន្តមកទៀត។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

    

No comments