Breaking News

ការច្របូកច្របល់ក្នុងរឿង រាជសម្បត្តិ (ត) - ក្នុងរជ្ជកាលព្រះបាទអង្គទងទី២ - [Cambo Page - ខេមបូ ផេក]

ការច្របូកច្របល់ក្នុងរឿង រាជសម្បត្តិ (ត) 
ក្នុងរជ្ជកាលព្រះបាទអង្គទងទី២ 

ក្នុងរជ្ជកាលទី១ នៃព្រះបាទអង្គទងទី២ (១៧៤៧-១៧៤៩)៖ 

   រាជសម្បត្តិបានមកព្រះបាទអង្គទងទី២ ៖ កាលព្រះបាទធម្មរាជាទី២សុគតទៅ រាជសម្បត្តិបានមកព្រះបាទធម្មរាជាអង្គអិម ឬព្រះបាទធម្មរាជាទី៣ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះអង្គ។ សោយរាជ្យបានតែ១ឆ្នាំ ព្រះបាទធម្មរាជាអង្គអិម ត្រូវព្រះអង្គអ៊ីងស្រីសុរិយោ ហៅអង្គអ៊ីងធ្វើគត។ ព្រះអង្គអ៊ីងនេះត្រូវជាព្រះអនុជព្រះបាទធម្មរាជាអង្គអិម មានព្រះមាតាជាសៀម។ តែដោយព្រះរាជ្សានុវង្ស មិនសព្វព្រះទ័យនឹងព្រះអង្គអិម រាជសម្បត្តិក៏ត្រូវថ្វាយទៅព្រះអង្គទងទី២វិញដែលត្រូវជាព្រះអនុជព្រះបាទធម្មរាជាទី២។ 

  ចម្បាំងនឹងព្រះសត្ថាទី២ ៖ សោយរាជ្យបាន២ឆ្នាំ ព្រះបាទអង្គទងទី២ ព្រះអង្គក៏ទ្រង់ភៀសព្រះកាយទៅស្រុកសៀម ព្រោះព្រះបាទសត្ថាទី២ ដែលបានភៀសព្រះកាយទៅស្រុកយួន បានលើកទ័ពមកច្បាំងនឹងព្រះអង្គ។ នៅពេលនោះមានមន្ត្រីម្នាក់ឈ្មោះ ឳក បានធ្វើចម្បាំងតទល់នឹងព្រះបាទសត្ថាទី២ រហូតដល់បានជោគជ័យ ដោយបានធ្វើគតព្រះសត្ថាទី២ នៅក្នុងចម្បាំងនោះ។ 

  ព្រះបាទជ័យជេដ្ឋាទី៥ (ព្រះអង្គស្ងួន) (១៧៤៩-១៧៥៥) នៅឳកាសដែលព្រះបាទអង្គទងទី២គង់នៅសៀម ព្រះរាជបល្លង្កក៏ត្រូវថ្វាយទៅព្រះបាទជ័យជេដ្ឋាទី៥ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទ ធម្មរាជាអង្គអិម។ សោយរាជ្យបាន៧ឆ្នាំ ព្រះអង្គក៏សុគតទៅ។ 

ក្នុងរជ្ជកាលទី២នៃព្រះបាទអង្គទងទី២ (១៧៥៦-១៧៥៧) ៖ 

ព្រះបាទជ័យជេដ្ឋាទី៥សុគតទៅ ព្រះបាទអង្គទងទី២ ក៏យាងមកពីសៀមវិញដើម្បីគ្រងរាជ្យជាលើកទី២។ ព្រះអង្គទ្រង់លើកព្រះឧទ័យអង្គតន់ (ព្រះឧទ័យទី២) ជាព្រះមហាឧបរាជ។ 

  ចម្បាំងនឹងព្រះអង្គអ៊ីង ៖ ព្រះអង្គអ៊ីងដែលបានធ្វើគតព្រះធម្មរាជាអង្គអិមបានលើកទ័ពវាយឧត្តុង្គ។ កាលនោះព្រះបាទអង្គទងទី២ ទ្រង់ភៀសព្រះកាយទៅឯពោធិ៍សាត់ ហើយក្រោយមក ព្រះអង្គបានសុគតនៅទីនោះទៅ។ រីឯព្រះមហាឧបរាជបានភៀសព្រះអង្គទៅឯពាម (ហាទៀង) ទៅគង់នៅជាមួយព្រះសុទ័ត។ 

    ជំនួយពីព្រះសុទ័ត ៖ ព្រះសុទ័តជាជនជាតិចិន នាមដើមម៉ក់តុង ជាបុត្ររបស់ ម៉ក់ គីវ ដែលបានតាំងជាសម្តេចនៅពាម។ ដោយបានកម្លាំងពីព្រះសុទ័តនេះ ព្រះឧទ័យអង្គតន់ ក៏បានសម្រេចជោគជ័យរហូតបានធ្វើគតព្រះអង្គអិម ព្រមទាំងព្រះញាតិវង្សឯទៀតផង នៅសល់តែព្រះអង្គចន្ទ (ព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី៥) ដែលបានភៀសព្រះកាយទៅសៀមរួច។ តមកព្រះឧទ័យអង្គតន់ឡើងសោរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទឧទ័យទី២។ 

សេចក្តីសង្ខេប៖ 

   ព្រះអង្គអ៊ីងស្រីសុរិយោ ទ្រង់ធ្វើគតព្រះធម្មរាជាអង្គអិម ដែលសោយរាជ្យបន្តពីព្រះបាទធម្មរាជាទី២។ តែដោយព្រះរាជវង្សានុវង្សមិនសព្វព្រះទ័យនឹងព្រះអង្គអ៊ីងស្រីសុរិយោ រាជសម្បត្តិក៏បានមក ព្រះបាទអង្គទងទី២ ដែលត្រូវជាព្រះអនុជព្រះបាទធម្មោរាជាទី២។ ក្នុងរជ្ជកាលនេះ ព្រះសត្ថាទី២បាន លើកទ័ពមកច្បាំង។ ព្រះអង្គទងបណ្តោះព្រះកាយទៅសៀម។ តែព្រះសត្ថាទី២ ត្រូវមន្ត្រីម្នាក់ ឈ្មោះ ឳក ធ្វើគតបាន។ ពេលនោះដោយព្រះបាទអង្គទងគង់នៅឯសៀម រាជសម្បត្តិក៏ត្រូវថ្វាយមកព្រះបាទជ័យជេដ្ឋាទី៥។ 

    លុះព្រះបាទជ័យជេដ្ឋាទី៥ សុគតទៅ ព្រះបាទអង្គទីទី២ ក៏យាងមកគ្រងរាជ្យទៀតជាលើកទី២។ លុះព្រះអង្គអ៊ីងលើកទ័ពមកវាយឧត្តុង្គ ព្រះបាទអង្គទងក៏ភៀសព្រះអង្គទៅពោធិ៏សាត់ហើយសុគតទៅ ។ ចំណែកឯឧបរាជ ព្រះនាម ឧទ័យអង្គតន់ ព្រះអង្គបានពឹងឲ្យព្រះសុទ័តជួយ។ បានជោគជ័យហើយ ព្រះឧទ័យឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទឧទ័យទី២។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments