សង្ខេបរឿង ឃុនឆាង ឃុនផែន [Cambo Page - ខេមបូ ផេក]
នេះនឹងនិយាយពីកុមារម្នាក់ឈ្មោះ កែវ ជាកូនប្រុសតែម្នាក់របស់មេទ័ពឃុនក្រៃ និងភរិយាឈ្មោះថោងប្រាក់ស៊ី។ មេទ័ពឃុនក្រៃជាមនុស្សស្មោះត្រង់នឹងក្លាហាន គេចេះយុទ្ធគុន និងមន្តអាគមជាច្រើន។ នៅពេលដែលកែវចម្រើនវ័យបាន១០ឆ្នាំ ឃុនក្រៃក៏ចាប់ផ្តើមបង្រៀនយុទ្ធគុន និងមន្តអាគមផ្សេងៗដល់កូន។ កែវជាកុមារឆ្លាតវាងវ័យ រៀនអ្វីក៏ឆាប់ចេះ មិនយូរប៉ុន្មានកែវបានរៀនចេះអស់ នូវអ្វីដែលឪពុកបានបង្រៀន។ យប់មួយឪពុកសាកល្បងកូន ឪពុកបានឲ្យកូនសូត្រមន្តអាគមហៅខ្មៅច ហើយបណ្តេញខ្មោចនោះចេញ។ កែវក៏សូត្រមន្តអាគមហៅខ្មោច នៅពេលដែលខ្មោចបង្ហាញខ្លួនអើតមកតាមបង្អួច ឥតភិតភ័យអ្វីបន្តិចសោះ គេសូត្រមន្តអាគមបណ្តេញខ្មោចនោះទៅវិញបានសម្រេច។ ភាពក្លាហានរបស់កែវបានធ្វើឲ្យឪពុកត្រេកអរយ៉ាងខ្លាំង។
នេះនឹងនិយាយពីកុមារម្នាក់ទៀតឈ្មោះ ឆាង ដែលមានវ័យស្របាលនឹងកែវដែរ ហើយជាមិត្តសម្លាញ់របស់កែវ។ ឆាងជាកូនអ្នកមានទ្រព្យស្តុកស្តម្ភនៅក្នុងស្រុក ឪពុករបស់ឆាងធ្វើជាមេកងដំរីនៅក្នុងវាំង។ ឆាង និងក្មេងបម្រើពីរនាក់ទៀត គឺម្នាក់ឈ្មោះ ហូន និងម្នាក់ទៀតឈ្មោះ ផាន់ តែងតែមករត់លេងជា មួយគ្នា។
ក្រៅពីនេះពួកគេនៅមានមិត្តពីរនាក់ទៀត គឺនាងផឹម និងនាងសាយថោង។ នាងផឹមជាកូនស្រីតែម្នាក់ របស់នាងស៊ីប្រាក់ចាន់ ដែលជាភិយាឈ្មួញម្នាក់តែងតែដើររកស៊ីនៅស្រុកក្រៅមិនសូវនៅផ្ទះ។ នាងស៊ីប្រាក់ចាន់ បានទៅរើសកុមារីម្នាក់ដែលមានវ័យស្របាលនឹងកូននាងមកចិញ្ចឹមដើម្បីបនានៅជាមួយគ្នា។ ជារៀងរាល់ថ្ងៃពួកក្មេងតែងមករត់លេងមានដូចជា គប់វង់ យោលទោង និងលក់នំជាដើម។ នាងផឹមចូលចិត្តលេងជាមួយកែវ តែស្អប់ឆាង។ ប៉ុន្តែឆាងវិញសែនស្រលាញ់នាងផឹមណាស់ ទោះបីនាងផឹមដេញឬជេរយ៉ាងណា ក៏ឆាងគេធ្វើមុខក្រាស់សុំលេងជាមួយផឹមជានិច្ច។ ថ្ងៃមួយឆាងយកស្លឹកដូងធ្វើកណ្តូប កែវក៏ធ្វើដូចគ្នាហើយយកទៅឲ្យផឹម។ នាងផឹមទទួលយករបស់កែវ មិនទទួលរបស់ឆាងទេ។ រឿងនេះបានធ្វើឲ្យឆាងគុំគួនកែចរហូត ព្រោះគេគិតថាកែវកាត់កែវកាត់មុខគេ។
និយាយពីក្នុងរាជវាំង ព្រះរាជាទទួលបានដំណឹងថា មានក្របីមួយហ្វូងធំ បានចូលមកដល់ផែនដីរបស់ទ្រង់ ស្តេចក៏ប្រើឲ្យពួកមន្ត្រីតាមដានហ្វូងក្របីនោះ។ ព្រឹកមួយពេលឡើងរោងជំនំុ មន្ត្រីម្នាក់ដែលជាមេកងដំរីបានទូលស្តេចថា បានឃើញហ្វូងក្របីនោះនៅវាលធំ។ ព្រះរាជាសប្បាយព្រះទ័យណាស់ ទ្រង់ត្រាស់ឲ្យហ្លួងរិទ្ធីរង្គទៅហៅឃុនក្រៃចូលគាល់ជាបន្ទាន់។ នៅពេលឃុនក្រៃចូលមកដល់ ព្រះរាជាបញ្ជាឲ្យឃុនក្រៃរៀបចំកងទ័ពថ្មើរជើង ព្រឹកស្អែកចេញទៅកេណ្ឌក្របីថ្វាយព្រះអង្គ។ នៅយប់នោះ ឃុនក្រៃបានទស្សន៍ទាយមើលជោគជតារាសីរបស់ខ្លួនឃើញថា ផ្កាយជីវិតរបស់ខ្លួនត្រូវរលត់។ ការចេញទីកេណ្ឌក្របីលើកនេះគាត់នឹងមានគ្រោះធំ។ ឃុនក្រៃពិបាកចិត្តយ៉ាងខ្លាំង គាត់ទៅអើតមើលប្រពន្ធកូនដែលកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ ក្នុងចិត្តគិតថា ពីថ្ងៃនេះទៅ គាត់លែងបានឃើញប្រពន្ធកូនទៀតហើយ។ លុះព្រឹកឡើង ក្រុមមន្ត្រីបានដង្ហែព្រះរាជា ទៅបោះពន្លាជ័យនៅវាលធំនោះ។ ពេលនោះព្រះរាជាបានបញ្ជាឲ្យមេទ័ពកំហែងយាមនៅច្រកខាងលិច ឃុនក្រៃយាមនៅច្រកខាងកើត ធ្វើយ៉ាងណាកេណ្ឌក្របីនោះឲ្យអស់។ ទទួលបញ្ជាស្តេចហើយ មេទ័ពទាំងពីរក៏នាំទ័ពទៅកេណ្ឌក្របី។ ក្នុងគ្រានោះមានក្របីមួយបានបែកហ្វូង ហើយរត់ទៅរកពន្លាជ័យរបស់ស្តេច។ ពេលនោះពួកនាម៉ឺនមន្ត្រី ភិតភ័យ ប្រញាប់ នាំព្រះរាជារត់។ ឃុនក្រៃឃើញសភាពការមិនស្រួលក៏ប្រញាប់បំបោលសេះទៅសម្លាប់ក្របីដើម្បីការពារព្រះរាជា។ ព្រះរាជាក៏រួចផុតគ្រោះថ្នាក់ដោយសារឃុនក្រៃជួយទាន់។
ក្រោយហេតុការណ៍នោះ ព្រះរាជាទ្រង់ខ្ញាល់យ៉ាងខ្លាំង ទ្រង់បានស្តីបន្ទោសឲ្យឃុនក្រៃថា ប្រឆាំងព្រះរាជបញ្ជា ព្រោះបានសម្លាប់ក្របី ហើយឲ្យបញ្ជាឲ្យមេទ័ពកំហែងយកឃុនក្រៃទៅប្រហារជីវិត។ ឃុនក្រៃមិននិយាយអ្វីមួយម៉ាត់ សុចចិត្តឲ្យគេនាំទៅប្រហារជីវិត តែមុននឹងស្លាប់ឃុនក្រៃ បានប្រគល់វត្ថុស័ក្តិសិទ្ធិ ឲ្យមេទ័ពកំហែងយកទៅឲ្យកូនប្រុសរបស់គាត់ ហើយផ្តាំឲ្យជួយមើលថែប្រពន្ធកូនកូនផង។ នៅយប់នោះក្រោយពីឃុនក្រៃស្លាប់ មេទ័ពកំហែងបានទៅនាំនាងថោងប្រាក់ស៊ី និងកែវរត់ភៀសខ្លួន។ នាងថោងប្រាក់ស៊ី បាននាំកូនទៅផ្ញើនឹង ព្រះចៅអិការមួយអង្គ ដែលមានការរាប់អានជាមួយឃុនក្រៃ។ លោកទទួលដោយរីករាយ ហើយសន្យាថានឹងបង្រៀនមន្តអាគមដែលលោកចេះឲ្យកែវទាំងអស់។ តាំងពីថ្ងៃនោះមក កែវក៏បានបួនជានេននៅវត្តនោះ។
១០ឆ្នាំកន្លងផុតទៅ! នេនកែវបានក្លាយជាភិក្ខុកម្លោះរូបសង្ហារម្នាក់។ នេនបានរៀនចេះអស់នូវមន្តអាគមផ្សេងៗ ដូចជាមន្តអាគមហៅទឹកភ្លៀង អាគមជបទ័ព និងមន្តអាគមកាប់មិនមុតដុតមិនឆេះជាដើម។ និយាយពីនាងផឹម បាងបានក្លាយជានារីស្រស់ប្រិមប្រិយម្នាក់ជាទីប្រាថ្នានៃបុរសៗក្នុងភូមិ ជាពិសេស គឺនាយឆាងដែលពេលនេះបានក្លាយជាព្រះមហាតលិករបស់ព្រះរាជា មានងារជាឃុនឆាង។ ឃុនឆាងស្រលាញ់នាងផឹមណាស់ គេតែងស្រម៉ៃចង់បាននាងផឹមធ្វើជាភរិយា។ ចំណែកនាងផឹកកាន់តែស្អប់នាយឆាងខ្លាំងណាស់ដែរ។ ជារៀងរាល់ព្រឹក នាងផឹម និងនាយសាយថោងតែងក្រោកពីព្រលឹម មកដាក់បាត្រ។ ព្រឹកមួយនេនកែវបាននិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់នាងផឹម ធ្វើឲ្យនាងផឹម និងនាងសាយថោងមានការភាំងស្មារតី ព្រោះនេនអង្គនេះ នាងទាំងពីរហាក់ដូចជាធ្លាប់ស្គាល់។ លុះក្រោយមកទើបនាងដឹងថាភិក្ខុអង្គនេះគឺជាកែវ។
យប់មួយអ្នកស្រុកបានធ្វើបុណ្យហើយនិមន្តនេនកែវមកសូត្រមន្ត និងទេសនាព្រមទាំងស្មូត។ គ្រានោះនាងផឹម ម្តាយនាង និងនាងសាយថោងក៏បានទៅស្តាប់លោកទេសនាដែរ។ ចំណែកឃុនឆាងដឹងដូចនេះ ក៏នាំបាវបម្រើទៅចូលរួមនឹងគេដែរ ព្រោះចង់ឃើញមុខនាងផឹម។ ពេលនោះនាងផឹមសែនខ្នាញ់នឹងឃុនឆាងយ៉ាងខ្លាំង។ នៅពេលនេនកែវស្មូតចប់ នាងផឹមបានដោះកន្សែងពានាមកដាក់ប្រគេនលោក។ ឃុនឆាងឃើញដូច្នោះ ក៏ប្រញាប់ដោះកន្សែងពានារបស់ខ្លួនដាក់លើកន្សែងនាងផឹមហើយនិយាយឮៗថា « ផ្សងជួបអូនផឹមគ្រប់ជាតិ»។ សម្តីនេះធ្វើឲ្យអ្នកស្រុកនៅទីនោះ ស្រែកបន្ទោសឲ្យឃុនឆាងគ្រប់ៗគ្នា ជាពិសេសនាងផឹម ទើបនាងរត់ចេញពីរោងបុណ្យព្រោះខ្មាស់អ្នកស្រុក។ ព្រឹកមួយពួកអ្នកស្រុកនាំគ្នាលេងទាត់សី គ្រានោះឃុនឆាងដើរទៅដល់ក៏សុំលេងជាមួយនឹងគេដែរ។ ឯអ្នកទាត់សីពេលឃើញឃុនឆាងក៏បបូលសាកមើល។ គ្រានោះក្រមុំៗក្នុងភូមិ បាននាំគ្នាមកឈរមើលឃុនឆាងទាត់សី ព្រោះល្បីថាឃុនឆាងពូកែទាត់សី ធ្លាប់ដក់សីថ្វាយព្រះរាជាទត។ គ្រានោះដែរ ឃុនឆាងកំពុងទាត់សី នាងសាយថោងក៏ដើរមកមើលហើយស្របពេលនោះ នេនកែវក៏និមន្តមកមើលដែរ។ ពួកអ្នកទាត់សីឃើញនេនកែវក៏នាំគ្នាថ្វាយបង្គំ រួចឃុនឆាងក៏ស្នើសុំឲ្យនេនកែវលេងជាមួយ។ គ្រានោះនាងផឹមក៏ដើរមកដល់។ នេនកែវឃើញនាងផឹម ក៏សូត្រមន្តអាគមធ្វើឲ្យឃុនឆាងរអិលដួលអុក គូថខ្មាស់គេ។ យប់នោះនេនកែវបានថ្វាយបង្គំព្រះចៅអធិការសុំសឹកលាចាកសិក្ខាបទលោកក៏យល់ព្រម។ ក្រោយពីសឹកហើយកែវបានទៅស្វែងរកមិត្តម្នាក់ឈ្មោះកង ដែលធ្លាប់រៀនជាមួយគ្នា ហើយបបួលគ្នាបើកលសាលាគុន។ ដំណឹងនេះបានលេចឮទៅដល់សាយថោង នាងបានស្កាត់មកជួបកែវ ហើយបានទៅលេងផ្ទអនាងផឹម ជាមួយម្តាយនាង។ តាំងពីពេលនោះមកកែវតែងតែណាត់ជួបនាងផឹម ជារៀងរាល់យប់ ហើយទំនាក់ទំនងស្នេហាក៏កើតមានឡើង។ ក្រោយមកនាងស៊ីប្រាក់ចាន់ មានការសង្ស័យក៏លែងឲ្យផឹមចេញពីផ្ទះ។ យប់មួយកែវទៅចាំនាងផឹមនៅឯចំការដែលជាកន្លែងណាត់មិនឃើញ កែវក៏ទៅរកដល់ផ្ទះហើយបានជួបនាងសាយថោង។ កែវបានអង្វរនាងសាយថោងឲ្យជូនទៅជួបនាងផឹមដល់បន្ទប់ពេលនោះនាងផឹម និងម្តាយនាងកំពុងដេកលក់។ កែវចូលទៅក្នុងបន្ទប់នាងផឹមហើយក៏បានរួមមេត្រីជាមួយនាងនៅក្នុងយប់នោះ។ លុះពេលទៀបភ្លឺ កែវដើរចេញពីបន្ទប់នាងផឹមឆ្លងកាត់បន្ទប់នាងសាយថោង ឃើញបន្ទប់បើកទ្វារចំហ គេក៏ចូលទៅក្នុងបន្ទប់នាងសាយថោង សូត្រមន្តអាគមដាក់ស្នេហ៍នាង ហើយក៏រួមមេត្រីជាមួយនាងសាយថោងបានសម្រេច។
និយាយពីឃុនឆាងគេបានទៅអង្វរ ម្តាយឲ្យទៅស្តីដណ្តឹងនាងផឹម។ នៅពេលដែលជំនូនឃុនឆាងទៅដល់នាងផឹមបដិសេធ។ ថ្ងៃដដែលនោះដែរ កែវក៏បាននាំម្តាយទៅស្តីដណ្តឹងនាងផឹមដែរ។ នាងផឹមឆ្លើយ យល់ព្រមភ្លាម រឿងនេះធ្វើឲ្យឃុនឆាងឈឺចិត្តយ៉ាងខ្លាំង ប៉ុន្តែគេមិនបោះបង់គំណិតចង់បាននាងផឹមឡើយ។ ពិធីរៀបការរបស់កែវ និងផឹមបានចាប់ផ្តើមក្រោមការទួញសោក របស់ឃុនឆាង។
នៅក្នុងព្រះរាជវាំងមន្ត្រីបានទូលស្តេចថា ពួកបះបោរបានប្រមូលកងទ័ពចង់ក្បត់ដណ្តើមរាជ្យ។ ព្រះរាជាខ្ញាល់ជាខ្លាំង ចេញបញ្ជាឲ្យជ្រើសរើសមេទ័ពខ្លាំងពូកែទៅបង្ក្រាប។ ពេលនោះឃុនឆាងក៏លើកឈ្មោះកែវដែលជាកូនមេទ័ពឃុនក្រៃ ហើយសរសើរថាពូកែ។ ព្រះរាជាក៏ចេញព្រះរាជបញ្ជាឲ្យហៅកែវមកចូលគាល់ហើយកែវបានបញ្ចេញថ្វីដៃថ្វាយស្តេចទត។ កែវបានសូត្រមន្តអាគម ហើយប្រើឲ្យទាហានយកដាវមុតមកកាប់ ប៉ុន្តែកាប់មិនមុត។ ព្រះរាជាសព្វព្រះទ័យណាស់ ទ្រង់តែងតាំងកែវជាមេទ័ព ឃុនផែន ហើយបញ្ជាឲ្យដឹកនាំទ័ពទៅបង្ក្រាបសត្រូវ។ នៅក្នុងថ្ងៃនេះ ឃុនផែនបានយកដើមពោធិ៍ទៅដាំនៅខាងក្រោយផ្ទះ ជាមួយនាងផឹម។ ហើយនិយាយប្រាប់ប្រពន្ធថា បើដើមពោធិ៍នៅរស់ បងនឹងត្រលប់មកវិញ បើដើមពោធិ៍នេះងាប់ ជីវិតបងក៏អស់ដែរ។ ពេលនោះនាងសាយថោងលបមើលឃើញ នាងលួចយំតែម្នាក់ឯងក្បែរដើមឈើ។ ជាមួយគ្នានោះដែរឃុនផែនក៏បានមើលឃើញ នាងសាយថោងយំ គេមានការពិបាកចិត្តយ៉ាងខ្លាំង។ យប់នោះនៅពេលនាងផឹមដេកលក់ ឃុនផែនបានលួចទៅរួមមេត្រីជាមួយនាងសាយថោង។ នាងផឹមក្រោកឡើងមិនឃើញប្តី ក៏ដើររកក្នុងផ្ទះ ទើបឮឃុនផែនជជែកជាមួយនាងសាយថោង នាងក៏ដឹងថាប្តីមានទំនាក់ទំនងស្នហាជាមួយនាង សាយថោង។ ប៉ុន្តែនាងសុខចិត្តនៅស្ងៀម។ ព្រឹកឡើងឃុនផែនបានដឹហនាំទ័ពទៅច្បាំង ហើយគេបានរៀបចំ ហើយគេបានរៀបចំយុទ្ធសាស្ត្រដើម្បីបង្ក្រាបសត្រូវ ប៉ុន្តែមេដឹកនាំចាស់ៗ ឃើញឃុនផែននៅក្មេង ក៏មិនស្តាប់ឃុនបញ្ជាឃុនផែន។ ទីបំផុតទ័ពឃុនផែនច្បាំងចាញ់ក៏បាក់ទ័ពរត់ខ្ចាត់ខ្ខាយអស់។ ឃុនផែនត្រូវសត្រូវដេញតាម គេបំបោលសេះរត់គេច រហូតធ្លាក់ពីលើខ្នងសេះ រមៀលទៅដល់ជើងភ្នំសន្លប់បាត់ស្មារតី។
នេះនឹងនិយាយពីនាងប៊ូគ្រីដែលជាកូនស្រីមេចោរម្នាក់ក្នុងតំបន់នោះ។ នាងចេញមកបរបាញ់សត្វ ស្រាប់តែប្រទះឃើញឃុនផែនដេកស្តូកស្តឹង។ នាងក៏ធ្វើសញ្ញាហៅឪពុក និងបក្សពួករបស់នាងមកមើល ឃុនផែនក៏ដឹងខ្លួន។ ឪពុកនាងប៊ូគ្រីបានសាកសួរឃុនផែន។ ឃុនផែនឆ្លើយថា « គេជាទាហានរត់ចោលជួរ ព្រោះខឹងស្តេច។ » មេចោររីករាយណាស់ ព្រោះគេក៏ជាមនុស្សដែលស្អប់ស្តេចដែរ។ ហើយមេចោរយល់ព្រមឲ្យឃុនផែនរស់នៅជាមួយ។
និយាយពីឃុនឆាងក្រោយពេលទទួលដំណឹងថា ឃុនផែនបាក់ទ័ព គេត្រេកអរណាស់ ព្រោះនេះជាល្បិចរបស់គេ ដែលទូលថ្វាយស្តេចឲ្យឃុនផែន ចេញទៅច្បាំងឲ្យឃុនផែនស្លាប់ គេនឹងបាននាងផឹមជាប្រពន្ធ។ ឃុនឆាងដើរផ្សព្វផ្សាយថា ឃុនផែនស្លាប់ហើយ ជាមួយគ្នានេះដែរ គេបានដាំទឹកក្តៅស្រោច ដើមពោធិ៍ដែលឃុនផែនដាំជាមួយនាងផឹម មុនពេលចេញទៅច្បាំងឲ្យងាប់ ដ់ម្បីឲ្យនាងផឹមជឿជាក់ថាប្តីរបស់នាងស្លាប់។
[កំពុងធ្វើបច្ចុប្បន្នភាព]
No comments