Breaking News

បណ្ដាំក្រមង៉ុយ [Cambo Page - ខេមបូ ផេក]

 បណ្ដាំក្រមង៉ុយ ជាបទព្រហ្មគីតិ និពន្ធឡើងក្នុងរវាងឆ្នាំ១៩៣៥ ដោយកវីក្រមង៉ុយ​ ។

បណ្ដាំក្រមង៉ុយ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖

នេះបទព្រហ្មប្រាជ្ញប្រែ               ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មាតីគួរគប្បីឲ្យឧស្សាហ៍។
កុំខ្ជិលកុំល្ងង់ពេកខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថិប្រាជ្ញាផ្សំនឹងគំនិត ។
កំណើតកើតជាមនុស្សមើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិតគិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់មិនផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាង
មានរូបគ្មានអ្វីអាងសាងបាបថោកកើតមកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាបកាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅកាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួសទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៌អាថិកូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូតពូជភរភូតមិនផុតផៅ ។
ឪពុកម្តាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រេដៅឲ្យកូនចៅបានចេះដឹង។
ឪពុកគ្មានតំរិះឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹងឪពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹកជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អលោមអង្វរឲ្យកូនខំ។
កូនកាចបំពេញទុក្ខម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសមមេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឪពុកម្តាយក្សត់ខ្សោយកុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិលឥតមន្ទិលរឿងធម៌អាថិ
គួរកូនចៅសិក្សារៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តាមានថេរាមានថេរី
ភិក្ខុភិក្ខុនីធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរចេះភ្លើៗធ្វើឲ្យភ្លាត់
ព្រះអង្គទ្រង់សន្មតសិក្ខាបទដល់ឥឡូវ ។
ទំលាប់ទំនៀមខ្មែរខំធ្វើស្រែចង់បានស្រូវ
អ្នករៀនច្បាប់ខុសត្រូវទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំងចេះតតាំងពីដូនតា
ចេះលេខចេះអក្ខរាសរសេរចារទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាសនាំពីចាស់គំនិតខ្លី
ល្ងង់ដប់ចេះពីរបីចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរមុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់គេសូត្រប្រាប់ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែតល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹងពឹងរកគេសរសេរឲ្យ។
មនុស្សក្រហេតុពីខ្ជិលមិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយញឹងខាងឲ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់ជួញលិចលង់មិនលៃលក
ទិញថ្លៃទៅលក់ថោកចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិតដេកដើរគិតកើតរវល់
ប្រាជ្ញាជាឫគល់កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះបើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិតមិនចេះគិតចង់ដឹងអ្វី
រូបប្រុសរិកដូចស្រីនឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាចល្ងង់កោងកាចអាងចាក់កាប់
ឆាប់ខឹងមិនដឹងច្បាប់កាលណាស្លាប់គេត្រេកអរ។
អ្នកចេះតំរិះដល់អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្ឥតចិត្តជាល្អសួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាចអ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះអ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះសព្វសុសប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹងប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូចខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេមិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុសការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែងតែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិតមើលឃើញជិតៗរៀងអាយ
ភ្នែកធ្មេចមើលឃើញឆ្ងាយសព្វសុសសាយមិនសេសសល់។
រៀនរកស៊ីលក់ទិញខាតចំណេញគិតឲ្យដល់
ឲ្យដឹងការកិច្ចកលទើបកើតផលប្រយោជន៏ខ្លួន។
ឲ្យរៀនលេខនព្ធន្តបូកហាគុណឲ្យមាំមួន
ដីសនិងក្តារឆ្នួនក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនខានធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីងភ្នែកជញ្ជីងគេចុចល្ឥត
អ្នកល្អថ្លឹងប្រឹងប្រឹតព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់ស្រូវកន្ទក់កន្តាំងតៅ
របស់ទោះឆ្អិនឆៅសំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោកដូរថ្លៃថោកអាក្រក់ល្អ
អស់ស្រូវទៅជាក្រអង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់ចិននៅផ្ទះដេកចំខែង
ផ្ទះចិនពីរបីល្វែងមានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិតស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវកេរ្តិ៍ម៉ែឪចិនអូសអស់ ។
ចិនមកពីស្រុកនាយមានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះគ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំងផ្សំកំលាំងនិងប្រាជ្ញា
អំរែកជិះលើស្មាមានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខផ្ទាល់ផ្ទេរទុកដាក់ដោយធុន
ចិនរែកមិនដែលពុនស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយរាប់កាក់លុយប្រមូលទុក
ឪទិនស្រាពីមុខទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅកន្តាំងតៅធ្វើជាស្រែ
គ្មានត្បាល់គ្មានអង្រែអង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាសស្រេកស្រាណាស់ផឹកជឿសិន
គំនិតគិតមិនឆ្អិនផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រាបែកប្រាជ្ញាច្រើនកន្លែង
អ្នកម្យ៉ាងបែកខាងល្បែងមិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់មារយាទអាក្រក់មិនបានល្អ
ផឹកចោលការរបរផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់ប្រាប់សំលាញ់ពួកម៉ាកមិត្ត
គូកនទោះឆ្ងាយជិតរឹតប្រមូលលុយឲ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់ធុំឆាខ្លាញ់បក់ឆួលក្លិន
ឃើញបាយសម្លឆ្អិនផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោកមារយាទទាបថោករិកសៀធី
ចិនប្រើសែងរែកលីស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិតនឹកក្នុងចិត្តមិននិយាយ
មារយាទខ្មែរច្រើនរាយមាយរលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ទាបថោកដល់ប្រពន្ធកូន
អាប់យសទាំងបងប្អូនដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងសមានទ័លក្រខ្សត់ខ្លះដែរ
ស៊ីផឹកស្និទ្ធតាមសែតមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំកាប់ដីដាំដោយកៀនកោះ
ដំឡូងត្រាវចេកម្នាស់ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹកកែងកោងរិកអួតអម្បូរ
ខ្វះលុយអង្គុយថ្ងូរកើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំគួរតែដាំឲ្យគ្រប់មុខ
ដីកេរម្តាយឪពុកមិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃផ្តិតមេដៃផ្តាច់ជាកេរ
មិនវាស់លេងទទេរេរិះយកពន្ធរាល់ឆ្នាំ ។
ដូងស្វាយអំពៅចេកកុំខ្ជិលពេកដេកប្រចាំ
ម្លូស្លាម្រេចខ្ទឹមថ្នាំត្រូវតែដាំកុំឲ្យខ្វះ។
ទេសឯកសំពត់សដីវាលល្អដាំកប្បាស
កុំខ្ជិលតាមចាស់ៗមនុស្សនឿយណាស់មិនដែលក្រ។
បន្លែដាំគ្រប់មុខយកគ្រាប់ទុកដាំបន្ត
ចាក់ដីជាតិល្អៗបង្ការស្លពេលល្ងាចព្រឹក។
ម្លូស្លាថ្នាំខ្ទឹមម្រេចលូតលាស់លេចពីស្រោចទឹក
បានផលផ្លែរឺស្លឹកកុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុកខ្មែរគ្រប់ស្រុកទិញដូរយួន
អំបិលធូបក្រមួនពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់ស៊ីឲ្យដល់ខួបខែវិញ
ឲ្យបរិបូរពោរពេញខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុងច្រកពេញអុងអាងខាងលិច
កុំទិញក្តោបខ្ចប់វេចអស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបីវាល់នឹងល្អីទូលកណ្តៀត
ខ្លួនក្រត្រដរេឆ្លៀតមារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រីគួរគប្បីប្រុងគំនិត
ចិញ្ចឹមជន្មជីវិតគិតឲ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការសូត្រធម៌អាថិទាំងប្រុសស្រី
ឲ្យត្រឹមត្រូវបាលីដូចស្រដីខាងដើមស្រាប់ ។
រាល់រូបទាំងប្រុសស្រីកាលចេះស្តីព្រោះចេះស្តាប់
ម៉ែឪតំរូវប្រាប់កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាងសីលទានមិនបំពានខុសពុទ្ធដិកា
កូនកាត់តាមមេបាមិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្មស្អប់សីលប្រាំដូចសត្រូវ
កូនកាត់តាមម៉ែឪអាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផលធ្លាក់ទៅដល់អបាយបួន
កងកម្មចាំគំគួនគេចវេះពួនមិនកំបាំង ។
ព្រះអង្គមានពុទ្ធដីកាប្រៀបឧមាជាទីតាំង
ដូចគេមានកំលាំងសំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់រឺនឹងចង់បរគេចវេះ
កង់វិលមិនរបេះជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំចូលរូងភ្នំរូងគុហា
យកថ្មផ្ទាំងរាំងទ្វារកម្មវេរាតោងតាមបាន ។
កងសីលមានអង្គប្រាំវេរាកម្មដិតដោយដាន
នរកប្រេតតិរច្ឆានខានឃាត់ខាំងរាំងមគ្គផល ។
គួរខំសាងសីលទានយកនិពា្វនជាត្រើយថ្នល់
យូរឆាប់គង់តែដល់កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិតមើលគំនិតចិត្តដូនតា
ប្រព្រឹត្តខុសសាសនាគេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវចុះក្នុងផ្លូវកន្លងច្បាប់
ចាស់ស្តីគប្បីស្តាប់ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។
គោរពគុណទាំងបីសូត្របាលីតាមចំណាំ
រក្សាអង្គសីលប្រាំកម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយកន្លងបា្លយជាងពីរពាន់
សព្វថ្ងៃលៃគ្នេគ្នាន់មិនទាន់គ្រប់ជាងប្រាំរយ។
ឥឡូវចិតប្រាំបីនៅម្ភៃមួយខាងក្រោយ
កូនចៅកុំបណ្តោយឲ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ដំណាលថាកណ្តាលព្រះសាសនា
ទំនាយក្បួនតំរាថានឹងរៀវហើយរីកវិញ ។
ហេតុនេះអស់កូនចៅទោះល្ងង់ខ្លៅយ៉ាងណាមិញ
ខំអុស្សាហ៏ទន្ទេញបំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះរៀនតំរិះកុំរាយមាយ
កូនណាមិនស្វាធ្យាយមិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់ជួបប្រាំពាន់ទៅខាងមុខ
ទំនាយរាយទំនុកថាឪពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្បគុំសម្លាប់គ្នាបងប្អូន
មិនដឹងតាដឹងដូនសូន្យសីលទានមិនមានសល់។
គួរគិតកុំសាងកម្មកាន់សីលប្រាំចាំដំកល់
ខំសាងមគ្គសាងផលនឹងបានដល់ឋានសាន្តសុខ។
នឹងរួចពីកាប់ចាក់មិនបានធ្លាក់ទៅនរក
ព្រះសិរអារ្យត្រាស់ខាងមុខរាសាយទុក្ខសោករាល់ថ្ងៃ។
នេះហៅច្បាប់បណ្តាំថាពាក្យប្រាំៗមួយផ្ទូន
បទព្រហ្មគ្រប់ឃ្លាបួនជួនចែងចប់ម្ល៉េះហើយហោង។

No comments