ច្បាប់កេរកាលថ្មី [Cambo Page - ខេមបូ ផេក]
ច្បាប់កេរកាលថ្មី ជាបទព្រហ្មគីតិ និពន្ធដោយ អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក្នុងឆ្នាំ១៩២២។
ច្បាប់កេរកាលថ្មី មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
នេះបទព្រហ្មប្រាជ្ញប្រាយ | ខ្ញុំអធិប្បាយលើកល្បត់ល្បង | ប្រដៅកូនចៅផង | ចងជាច្បាប់ខុសនិងត្រូវ។ | |||
កត្ដិកខ្នើតគ្នេរគ្នាន់ | ក្នុងវស្សន្ដរដូវ | ទឹកស្រែជនលេចស្រូវ | នៅសំណល់សំណាបខ្ចី។ | |||
កិរកាលពីព្រេងព្រឹទ្ធ | ដើមគំនិតពីសេដ្ឋី | ខ្ញុំលើកកិរកាលថ្មី | តែងសេចក្ដីជាបរមត្ថ។ | |||
ក្នុងថ្ងៃពេញបរមី | ម៉ោង៨ព្រលប់ស្ងាត់ | ឆ្នាំចរចត្វាក្សត្រ | ផាត់សករាជកន្លងឆ្ងាយ។ | |||
សាសនាព្រះសមណៈ | បានពីរពាន់បួនរយបា្លយ | ហុកសិបឆ្នាំកំចាយ | ចាត់អធិប្បាយពីខុសត្រូវ។ | |||
កិរកាលដំណាលទុក | ជាទំនុកដំណែលនៅ | តំណតរៀងទៅ | តំរូវចិត្ដជនប្រុសស្រី។ | |||
កូនអើយពាក្យអាពុក | ជាទំនុកទំនើបថ្មី | អនិស្រាយរាយបាលី | អាពុកស្ដីឲ្យកូនស្ដាប់។ | |||
គួរស្ដាយកេរ្ដិ៍ម៉ែឪ | កិរិយាត្រូវឲ្យខំត្រាប់ | កិរិយាណាខុសច្បាប់ | គួរក្រឡប់ក្រឡាស់ចោល។ | |||
ម្ដាយអាពុកនិងកូន | បីដូចខ្លួននិងស្រមោល | ឃើញខុសកុំដេញដោល | កុំថ្កោលទោសអ្នកមានគុណ។ | |||
ល្ងង់ខ្លៅត្រូវតែសួរ | ពាក្យឲ្យគួរកុំឲ្យស៊ុន | យកពាក្យផ្អែមជាមុន | ទន់លំទោនឱនប្រតិបត្ដិ។ | |||
ទោះឪម៉ែស្លូតកាច | គួរតែខ្លាចដូចមហាក្សត្រ | ម្ដាយជេរពីរបីមាត់ | គួរតែស្ងាត់ស្ងៀមឲ្យឈឹង។ | |||
ប្រដៅត្រូវតែស្ដាប់ | យកតំរាប់កុំទទឹង | ម្នោះម្នះចចេសរឹង | នឹងហើយហៅកូនសេសកម្ម។ | |||
ធម៌អាថិចេះតែភ្លេច | ជេរប្រទេចចេះតែចាំ | អាពុកពត់ទៅស្ដាំ | អកុសលកម្មទាញទៅឆ្វេង។ | |||
អវជាតិបុត្រ | ខូចបំផុតតាំងពីក្មេង | ប្រព្រឹត្ដព្រើលផ្សេងៗ | បើលេងអ្វីស្ដីមិនស្ដាប់។ | |||
មិនស្ដាយជាតិកំណើត | ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ | ត្រឹមត្រូវមិនសូវស្ដាប់ | ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។ | |||
ម៉ែឪមានគុណណាស់ | មិនសំពះខ្លាចអៀនដៃ | បើអ្នកក្រៅដទៃ | វិស័យសោះសំពះបាន។ | |||
ឆ្លើយបាទចះចា៎ខ្ញុំ | រាបរម្យទមនឹងសន្ដាន | ម៉ែឪឯងក្នុងឋាន | ហ៊ានឆ្លើយអីអញអឺអើ។ | |||
អនុជាតិបុត្រ | ស្លូតបំផុតស្រណុកប្រើ | ប្រកបការប្រសើរ | ដើរតែតាមលំអានឪ។ | |||
ប្រដៅទទួលយក | ចេះលៃលកស្ដាប់ខុសត្រូវ | ស្រណុកញាក់ធ្លាក់ផ្លូវ | មិនសូវភ្លេចដំបូន្មាន។ | |||
អតិជាតិបុត្រ | ល្អបរិសុទ្ធស្ដាប់សីលទាន | នាំឪទៅនិព្វាន | ឈានទៅរកកន្លែងសុខ។ | |||
ចេះលើសគេដរាប | ជឿបុណ្យបាបប្រេតនរក | មិនល្មោភនឹងមូត្រលាមក | ភ័យនឹងភក់ភពសង្សារ។ | |||
នេះគឺដើមបាលី | បុត្រទាំងបីបែបកិរិយា | ស្រលាញ់ណាស្អប់ណា | តាមសញ្ញាចូលចិត្ដចុះ។ | |||
អវធ្លាក់ផ្លូវក្រោម | ប្រព្រឹត្ដព្រមតែខាងខុស | អតិជាតិមារយាទខ្ពស់ | អនុនោះយ៉ាងកណ្ដាល។ | |||
មតិ១០០មានមួយ | គួរតែស្ទូយដាក់លើក្បាល | អវគឺស្រើបស្រាល | ត្រអាលយកតែពីរយ៉ាង។ | |||
អតិជាតិកំណើត | គំនិតកើតពីកសាង | កុសលតំកល់ខាង | សំណាងកើតពីគំនិត ។ | |||
អនុអានាងអើយ | ខ្លួនធំហើយឲ្យចេះគិត | ចេះកាញ់ស្គាល់ឆ្ងាយជិត | ប្រព្រឹត្ដយកតែខាងត្រូវ។ | |||
រៀនរិះរកទ្រព្យធន | យកប្រពន្ធមើលធុនឪ | ធុនថើកជ្រកខុសត្រូវ | អ្នកកុំទៅខ្លាចបន្លា។ | |||
ផ្លូវវៀចកុំបោះបង់ | ផ្លូវព្រៃត្រង់កុំយាត្រា | ឈានឈរពិចារណា | ឆ្ការឲ្យស្អាតសឹមដើរទៅ។ | |||
កុំដើរភ្លើភ្លេចខ្លួន | ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ | ជ្រកម្លប់សំណាក់នៅ | កុំបោះពៅផ្ទប់គល់ឈើ។ | |||
ឆេះខ្លោចសំបកក្រោម | ស្រពោនញមស្លោកស្លឹកលើ | មានភ្នែកឲ្យចេះមើល៍ | កុំល្ងីល្ងើល្ងង់ល្ងិតពេក។ | |||
រៀនដើរឲ្យមើលផ្លូវ | ធ្វើស្រែស្រូវឲ្យមើលមេឃ | ម្លប់ធ្លកធ្លាប់ជ្រកដេក | ជាដំណេកអ្នកដំណើរ ។ | |||
ដំណែលដែលគេដាក់ | ជាដំណាក់ទំនូលផ្ញើ | ចំណាំចាំគ្រាន់បើ | ដើរក្រោយៗគ្រាន់ជ្រកទៀត។ | |||
ឈើណាទោសសត្រូវ | ដុះជិតផ្លូវនាំចង្អៀត | ជំពប់យប់អាធ្រាត្រ | ឆ្លៀតកាប់ចេញកុំទុកវា។ | |||
បន្លាគល់សង្គត់ | គន្លងផុតតែភ្នែកជា | ដើរយប់ជំពប់ពារ | ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។ | |||
គ្នាមុតកុំចាំផ្ទាន់ | ឃើញគួរជាន់កុំបណ្ដោយ | បណ្ដើរមើលខ្លាំងខ្សោយ | ឲ្យពិនិត្យពិចារណា។ | |||
ពាក្យពិតត្រង់ប្រាកដ | ត្រូវច្រើនបទច្រើនប្រការ | ប្រកបជាប្រស្នា | ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។ | |||
ផ្លូវពិតទាំងជិតឆ្ងាយ | សព្វសុសសាយមិនសេសសល់ | អ្នកណាប្រាជ្ញាដល់ | ដឹងយោបល់ច្រើនកន្លែង។ | |||
កូនអើយការកេរ្ដិ៍ឈ្មោះ | កុំចង់រស់តែម្នាក់ឯង | គិតអ្វីគិតឲ្យវែង | ក្រែងក្រក្រោយស៊យគំនិត។ | |||
កំណើតរាល់រូបកាយ | ចេញជួញឆ្ងាយស្ដាយជួញជិត | ចិញ្ចឹមជន្មជីវិត | គិតឲ្យស្រេចទើបបានស្រួល។ | |||
ធ្វើស្រែចង់បានស្រូវ | ដើមរដូវធ្វើស្រែទួល | ស្រែទាបមើលទំនួល | លើកទំនប់ឲ្យមាំមួន។ | |||
កូនអើយកេរ្ដិ៍មេបា | ចាំរក្សាមើលថែថួន | ធុញថប់ថយថោកខ្លួន | ជួនជាខ្សត់គេថាខ្សោយ។ | |||
ស្រូវខ្សោយអង្ករថ្លៃ | លក់សំចៃទុកឆ្នាំក្រោយ | អ្នកក្ររកញយៗ | ឲ្យអ្នកសុំជាងអ្នកខ្ចី។ | |||
សប្បុរសពេកថយធន | មូទូជនថយរាសី | ប្រពន្ធល្អច្រើនអាប់ប្ដី | ពាក្យអប្រិយចាញ់អាត្មា។ | |||
ឈើផ្លែចាញ់សន្លឹក | ត្រីវរវឹកទឹកមិនថ្លា | កំណាញ់ក្រៅតំរា | សោតសឹងអាប់ប្រយោជន៍យស។ | |||
នឹងឲ្យៗមើលភាព | ឲ្យអ្នកទាបជាងអ្នកខ្ពស់ | អ្នកទិញឈប់សិនចុះ | ក្នុងតែរស់មិនស្លាប់ងាយ។ | |||
កំណាញ់ហួសកំណត់ | ពាក្យអ្នកខ្សត់ខ្សបនិយាយ | ទេវតាផ្ដន្ទាទាយ | រលាយអស់រលស់ឯង ។ | |||
សទ្ធាមើលធនធាន | ជាតិអ្នកមានមិនអង្វែង | កំណាញ់ដោយកន្លែង | ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។ | |||
អ្នកក្រខ្ចីនេះកុំ | អ្នកមានសុំនេះគួរឲ្យ | អ្នកប្រាជ្ញអង្គាសញយ | អស់ក៏ដោយឲ្យទៅចុះ។ | |||
អ្នកក្របានជាហាម | ពិបាកតាមទៅឯណោះ | ទាល់ទឹកចូលច្រមុះ | ច្រើនកើតឈ្លោះពីព្រោះយល់។ | |||
អ្នកមានគេមានខ្មាស | សងរហ័សមិនអំពល់ | ជួនយើងមានរវល់ | គេស្គាល់មុខស្រណុកខ្ចី។ | |||
អ្នកក្រៗទាំងចិត្ដ | ស្រូវឆ្មារល្ឥតឲ្យមើលល្អី | វាល់ល្អកន្ដាំងបី | ទាន់ស្រូវថ្មីទារឆាប់បាន។ | |||
ជួនក្រែងឯងក្រវិញ | ទោះដូរទិញមើលប្រមាណ | ជឿបុលខ្ចីសន្ដាន | កុំហ៊ានពារកញ្ជើធំ។ | |||
ខ្លួនក្រកំចង់ធាត់ | កុំងាកមាត់អាងតែសុំ | ជឿខ្ចីល្អីក្រមុំ | ស្រូវឯងទុំស្រណុកសង។ | |||
បើជឿខ្ចីគេឲ្យ | កុំទៅញយគេឲ្យខ្នង | ឯណេះឯណោះផង | កុំច្រើដងគេមើលងាយ។ | |||
ក្រលុយកុំងុយដេក | ចូលដំណេកកុំនិយាយ | សំពត់ញាត់សំពាយ | រាយរើសរៀបញាត់សំពៀត។ | |||
រៀបដេកសំពះគុណ | កុំដេកស៊ុនឲ្យប្រុងស្នៀត | ភ្លើងឆេះយប់អាធ្រាត្រ | កណ្ដៀតទូលប្រមូលរត់។ | |||
ខ្លួនរាស្រ្ដក្រមាសប្រាក់ | ភើចកន្រ្ដាក់អាវសំពត់ | ទំរាំភ្លើងរលត់ | ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។ | |||
កូនអើយគិតឲ្យគ្រប់ | រៀងរាល់យប់កុំទំនេរ | ជាងដេកលក់ទទេ | យល់សប្ដជេរបីសាចក្រៅ។ | |||
ទំលាប់មាត់មមើ | ស្រែកថាយើៗ អៅៗ | ចោរខ្មាំងខ្មោចចិត្ដខ្មៅ | ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។ | |||
ដេកផ្អៀងជាងអង្គុយ | ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ | ពីល្ងាចដេកពុំលក់ | មាន់រងាវជក់ស៊ីម្លូស្លា។ | |||
ជាងល្ងឹតឥតអំពើ | ឥតអ្វីធ្វើសូត្រធម៌អាថិ | បើច្បាស់វិបស្សនា | ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ | |||
គងខ្នើយដេកកើយស្មុគ្រ | គ្របឲ្យសុខសូត្រអំបោះ | កុំដាក់ដោយកៀនកោះ | អស់នឹងសត្វកណ្ដៀរកោរ។ | |||
កណ្ដុរកន្លាតកាត់ | ដល់កំណាត់ខានដេរខោ | ជួនកាលមានអាចោរ | លលបលួចលីទៅបាត់។ | |||
កុំដាក់ឆ្ងាយប្រយោល | ទុកជាចោលមិនប្រយ័ត្ន | ប្រយោជន៍យប់យាមស្ងាត់ | បង្កាត់ភ្លើងបង្គោលគោ។ | |||
បង្ការក្រែងមូសខាំ | ត្រូវចំណាំខ្យល់ជំនោរ | បាយកកផ្អកម្ហូបជោរ | ឲ្យអាលោស៊ីចាំសេះ។ | |||
កំណើតឆ្កែញីឈ្មោល | ដេកចំណូលតែនិងផេះ | រៀនប្រើមើលចំណេះ | រិះចំណាំតាមកិរិយា។ | |||
ទោះប្រើកូនតូចធំ | ឬប្រើខ្ញុំឲ្យធ្វើការ | ធ្វើកលយល់ប្រាជ្ញា | អាណាហ៊ានប្រើទៅឆ្ងាយ។ | |||
អាខ្លាចប្រើតែជិត | ឥតគំនិតប្រើរៀងអាយ | ខុសម្ដងកុំជេរម្ដាយ | ពេលដល់បាយកុំនាំឈ្លោះ។ | |||
មនុស្សឃ្លានវាហ៊ានឆ្លើយ | ស៊ីរួចហើយបន្ទោសចុះ | បានឆ្អែតប៉ោងពេញពោះ | ស្ដីខុសត្រូវមិនសូវខឹង។ | |||
កូនអើយពាក្យអាពុក | ចំណាំទុកពីត្រឹមណឹង | ធ្វើប្រុសឲ្យខំប្រឹង | រៀនឲ្យដឹងស្គាល់ពុតស្រី។ | |||
មារយាទនិងមាយា | ម្យ៉ាងចិត្ដជាចេះថ្នមប្ដី | ប្ដូរស្លាប់រស់វាហី | យកពីរបីទៀតមិនបាន។ | |||
កុំលោភច្រើនៗព្រួយ | យកតែមួយសុខក្សេមក្សាន្ដ | ចិត្ដស្រីទាំងប៉ុន្មាន | ហ៊ានប្រមូលម៉ៅមិនខុស។ | |||
មិនខូចគ្រប់តែស្រី | ល្អពីរបីជឿជាក់ចុះ | ជាតិស្រីលោភលើប្រុស | នោះមិនខុសស្រីណាមួយ។ | |||
ខ្លាំងខ្សោយកុំឲ្យខ្សត់ | ទោះនឿតហត់កុំលំអួយ | ធ្វើប្រុសតែងតែព្រួយ | បើ ស្រីៗមិនជួយយើងកុំត្អូញត្អែរ។ | |||
ខ្លួនខ្លាំងកុំគិតខ្លាច | ស្រីៗកាចស្លូតដោយខែ | រដូវធ្វើស្រូវស្រែ | ចែប៉ប្រែស្ដីពីលើប្រុស។ | |||
ខែស្ទូងនិងខែច្រូត | កាចរហូតដល់ខែបុស្ស | ខែបែនបោករលស់ | រលីងអស់អំពីដី ។ | |||
ជញ្ជូនដាក់ជង្រុក | ពូជពេញទុកស្បោងពីរបី | ដំណើបបួនដប់ល្អី | ស្រីៗស្លូតហើយខែហ្នឹង។ | |||
ស្លូតផុតនៅខែមាឃ | ស្ដីធ្ងន់ពាក្យមិនសូវខឹង | បើប្រុសៗមិនដឹង | ប្រឹងតែព្រួតស្អប់ស្រីៗ។ | |||
ម្យ៉ាងទៀតមារយាទខូច | មាយាបេះក្រូចមាយាដកខ្ញី | មានប្រុសសហាយថ្មី | រឹតថ្នមប្ដីមិនឲ្យអាក់។ | |||
អីអើតែមាត់ក្រៅ | ចិត្ដមួម៉ៅគ្មានត្រជាក់ | ត្រីសាច់ល្អលួចលាក់ | ដាក់តែឆ្អឹងឲ្យឯងស៊ី។ | |||
បញ្ជោរចេះបញ្ចើ | បញ្ឆោតប្រើឯងវក់វី | វរវឹកព្រួតប្រុសពីរ | ស៊ីទាល់ងាប់គាប់សងខាង។ | |||
មួយទៀតផិតកំលោះ | ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង | លោមប្ដីលាសំណាង | ទាស់ក្អេងក្អាងទារសំបុត្រ។ | |||
បើប្ដីមិនព្រមលែង | លបជំទែងជំទយរត់ | មួយទៀតខូចបំផុត | មាត់ឲ្យប្រុសសំលាប់ប្ដី។ | |||
ម្យ៉ាងទៀតមារយាទជា | មានច្រើនគ្នាក្នុងលោកិយ | ប្រាកដពេញជាស្រី | ប្រុសពីរបីស្មាលាកម្ម។ | |||
ស្លាប់រស់មួយនឹងមួយ | មិនចង់ព្រួយយកប្រុសប្រាំ | ប្ដីស្លាប់បួនដប់ឆ្នាំ | ចាំសីលទានមិនមែនទៀត។ | |||
ធ្វើបុណ្យផ្សងសច្ចា | សុំប្រាថ្នាជួបរាល់ជាតិ | អុចធូបដេកឱបធាតុ | កណ្ដៀតថោកោរកាន់ទុក្ខ។ | |||
និយាយពីពុតប្រុស | ចូរចាំចុះជាទំនុក | ដំណតទៅមុខ | អាពុកប្រាប់ឲ្យស្រីចាំ។ | |||
ប្រពន្ធមួយមិនស្កប់ | ប្រពន្ធដប់គ្រាន់តែស្កាំ | កាចស្លូតរហូតឆ្នាំ | រាំដរាបរាល់រូបា។ | |||
កាចម្យ៉ាងខាងល្ងាចព្រឹក | រឿងបាយទឹកថ្នាំម្លូស្លា | កាចម្យ៉ាងខាងធ្វើការ | ម្យ៉ាងទៀតណារឿងប្រចណ្ឌ។ | |||
ប្រជុំជាតិចិត្ដប្រុស | ត្រូវនិងខុសជាកំណាន់ | គំនិតល្អសំខាន់ | ប្រកាន់មើលអិរិយាបថ។ | |||
ប្រចណ្ឌរាវរាលឈ្មោះ | ច្រើនកើតឈ្លោះទៅជាខ្សត់ | មួយឃើញជាក់ប្រាកដ | ប្រកៀកចាប់ធ្វើទោសបាន។ | |||
លកលៃតែខាងប្រុស | ប្រពន្ធខុសបង្អង់ខាន | ខូចម្ដងខាតប៉ុន្មាន | រាប់អានឱបក្រសោបទៀត។ | |||
មួយលកលៃទាំងពីរ | នៅរកស៊ីដោយសារញាតិ | ស្រីមាយាឥតមារយាទ | ស្មាលាជាតិមិនឲ្យជួន។ | |||
ប្រចណ្ឌទាំងបីបទ | គួរគួចកត់ទុកក្នុងខ្លួន | លក់ពីរពេញចំនួន | គួនគុំទុកយកជាច្បាប់។ | |||
ប្រចណ្ឌហើយយកទៀត | ហៅជួជាតិមារយាទអាប់ | កូនណាយកតំរាប់ | ស្លាប់នឹងស្រីៗមើលងាយ។ | |||
ទោសតិចកុំទាញផ្សំ | ឃើញមិនចំកុំនិយាយ | កុំចាប់ស្ទើររវើរវាយ | នាំឲ្យវល់អំពល់ចិត្ដ។ | |||
ពុតប្រុសនិងពុតស្រី | ចប់សេចក្ដីពីក្បត់ផិត | រៀងរើសណាសុខចិត្ដ | គិតសំគាល់រាល់រូបកាយ។ | |||
បើមានកូនក្រមុំ | គួរតែកុំបណ្ដោយឆ្ងាយ | ឲ្យមើលនាយមើលអាយ | ស្រេចនៅម្ដាយរក្សាកូន។ | |||
ប្រយ័ត្នកុំឲ្យឃ្លាត | ភ្លាត់មារយាទមិនសុទ្ធសូន្យ | កុំទុកចិត្ដបងប្អូន | ជីដូនមួយជួយរក្សា។ | |||
ក្រមុំមានម្រាក់មិត្រ | មេមួយគិតនាំកិច្ចការ | កុំជឿចិត្ដនរណា | មើលកិរិយានៃកូនឯង។ | |||
ទោះស្ទូងដកយប់ថ្ងៃ | ដើរយកដៃដាច់សង្វែង | ប្រុសខូចលួចបន្លែង | តែទាស់ភ្នែកបែកមេបា។ | |||
ច្រើនណាស់តែសែនខ្មោច | កេរ្ដិ៍អាសោចផុតអាសា | នាំកូនឡើងសាលា | គេថាឲ្យជំងឺចិត្ដ។ | |||
បើមានកូនប្រសា | មិនទាន់ការគួរឲ្យប្រិត | កុំឲ្យបំរើឆ្ឥត | អាណិតវាៗសងគុណ។ | |||
យប់ថ្ងៃចូលប្រតិបត្ដិ | គាតក្រវាត់រត់រែកពុន | អាចនឹងច្រើនជឿមុន | ស៊ុនអំពីឪពុកម្ដាយ។ | |||
រក្សាកូនប្រពន្ធ | រកទ្រព្យធនចង់ធូរចាយ | ជួញជិតកុំជួញឆ្ងាយ | ជួញរៀងអាយរក្សាគុណ។ | |||
អំពើបាបកុំរៀន | កុំអៀនប្រៀនក្នុងការបុណ្យ | លាងទោសចេញជាមុន | ទើបធ្វើបុណ្យចំរើនផល។ | |||
បើនឹងចង់គង់ទ្រព្យ | កុំទំលាប់សាងអកុសល | របិញរបុញវៀចកាចកល់ | ទេវតាផ្ដល់ផ្ដាច់ធនធាន ។ | |||
កុំឈ្នានិសអ្នកខ្សត់ | កុំបំភ្លាត់ទ្រព្យអ្នកមាន | បើខ្លួនខ្សត់អត់ឃ្លាន | រៀនតែរកតាមទៀងត្រង់។ | |||
ជួញខាងកុំឈប់ខាន | បើចង់បានកុំខ្លាចបង់ | ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ | ប្រុងថែទាំឲ្យមាំមួន។ | |||
កុំភ្លើធ្វើជាភ្លេច | ភ្លាត់បន្ដិចខ្លាចក្រែងជួន | ក្រែងចោរចូលមកពួន | លូនលបលួចយកទ្រព្យទៅ។ | |||
ប្រហែសតែងតែបាត់ | ប្រុងប្រយ័ត្នតែងតែនៅ | គិតសព្វគ្រប់ដោយផ្លូវ | សូវទ្រាំនឿយកុំទ្រាំក្រ។ | |||
នៅផ្ទះស្រះរបង | របាចងឲ្យជាប់ល្អ | ប្រើប្រាស់ខ្ញុំកំដរ | ឲ្យបរិភោគដោយខ្លួនឯង។ | |||
នឹងប្រើទៅហៅមក | កុំគំហកយកកំហែង | កុំហាឡើងហង់ឯង | ក្រែងកំហល់ទល់កំហឹង។ | |||
កុំហួសពាក្យសំដី | ការអ្វីៗឲ្យចេះថ្លឹង | កុំប្រើព្រួតលើប្រឹង | ក្រែងកើតខឹងវានាំខាត។ | |||
មនុស្សខឹងច្រើនៗខុស | មនុស្សច្រើនឈ្លោះច្រើនប្រមាថ | ការល្អច្រើនត្រូវខ្នាត | យើងចង់ស្អាតកុំខ្លាចយូរ ។ | |||
ចង់ប្រាជ្ញឲ្យខំប្រឹង | ចងក្បិនតឹងរកស៊ីធូរ | គំនិតមុនគំនូរ | រៀនមានគ្រូមានគេរាប់ ។ | |||
បំរើឪពុកម្ដាយ | អ្នកនៅឆ្ងាយគេច្រើនគាប់ | អ្នកណាបំរើខ្ជាប់ | ធ្លាប់តែខុសមិនដែលត្រូវ ។ | |||
ជាតិមនុស្សទោះខ្ពស់ទាប | មិនចោលភាពជាម៉ែឪ | ពាក្យមនុស្សវែងជាងផ្លូវ | ស្រូវច្រើនខួបខូចអង្ករ ។ | |||
របស់ទ្រព្យថោកថ្លៃ | ទុកសំចៃលៃឲ្យល្អ | អុងអាងពាងក្រឡ | ត្រដរទិញកុំឲ្យខ្វះ ។ | |||
កើតមកជាខ្លួនរាស្រ្ដ | ក្រប្រាក់មាសឲ្យមានខ្មាស | សារពើគ្រឿងប្រើប្រាស់ | ឲ្យមានចាស់ឲ្យមានថ្មី។ | |||
ពូថៅដឹងកាំបិត | ពន្លាកខ្វិតចបវែងខ្លី | ខ្សែសេះគោក្របី | ឫ្សីផ្ដៅកាច់សង្រែក។ | |||
ការងាយកុំឲ្យក្រ | អាក្រក់ល្អមានដោយឡែក | ថ្ងៃនេះរបេះបែក | ស្អែកខំរើធ្វើជាឆាប់។ | |||
ឈ្មោះការប្រើលើដី | កុំចាំស្រីតឿនប្រើប្រាប់ | ឲ្យមានគ្រប់ប្រដាប់ | ដំរាប់រាល់ឲ្យសល់ប្រើ ។ | |||
កុំខ្ជិលល្ងង់ខ្លៅពេក | ឲ្យចេះដេកឲ្យចេះដើរ | ចេះសព្វគ្រប់ប្រសើរ | កុំចង់ហើរហួសភាពខ្លួន ។ | |||
ចង់ក្ដីឲ្យរៀនច្បាប់ | រស់និងស្លាប់ឲ្យចេះក្បួន | ចេះអ្វីចេះឲ្យមួន | កុំបន្លំផ្សំនឹងគេ ។ | |||
កុំដេកចាំសំណាង | កុំក្អេងក្អាងចាំបុព្វេ | ខំរកកុំទំនេរ | រេរៀនរិះចេះឲ្យគ្រប់ ។ | |||
នឹងដើរស្វែងរកផល | មិនទាន់ដល់កុំអាលឈប់ | ឈានខ្លាំងពេកជំពប់ | បើដេកយប់ឲ្យស្គាល់យាម។ | |||
កុំដេកយូរទ្រមឹក | លក់ហួសព្រឹកខុសទំនៀម | តែភ្លឺឡើងភ្ញាក់ភ្លាម | ព្រហាមឡើងក្រោកធ្វើការ ។ | |||
ជាតិមនុស្សទោះប្រុសស្រី | រាស្រ្ដមន្រ្ដីជាធម្មតា | ពេលព្រឹកតែងអុស្សាហ៍ | ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។ | |||
ចង់ធំខំពីតូច | បើខ្លាចខូចកុំឆាប់ខឹង | ការអ្វីឲ្យចេះថ្លឹង | កុំប្រឹងជុះតាមដំរី។ | |||
កុំចង់ខ្ពស់ស្មើមេឃ | កុំឱនពេកអាប់រាសី | ទោះដើរនិយាយស្ដី | លៃតែល្មមឲ្យគួរសម។ | |||
យល់ឆ្ងាយកុំណាយគិត | ទោះយល់ជិតកុំអាលខំ | មិនជាក់មើលឲ្យចំ | ក្រែងច្រឡំសជាខ្មៅ ។ | |||
ទំលាប់ធំជាងច្បាប់ | បើរៀនត្រាប់កុំត្រាប់ខ្លៅ | ត្រាប់ប្រាជ្ញអាចប្រដៅ | ស្ដីកូនចៅស្ដីឲ្យស្មោះ។ | |||
ស្មឹងស្មឹលសិល្ប៍របៀន | ឲ្យគេរៀនកុំឲ្យអស់ | ស្រលាញ់កុំញេះញ៉ោះ | បើខឹងទាស់កុំឲ្យទាយ។ | |||
ឆ្កែព្រុះកុំព្រួយពេក | ឃើញឆ្កែដេកកុំមើលងាយ | កំណប់ដប់សំពាយ | កុំនិយាយប្រាប់សម្លាញ់។ | |||
សំលឹងមើលឲ្យសព្វ | បើនឹងស្អប់កុំអាលបាញ់ | ក្ដីឈ្នះគេចុះចាញ់ | កុំក្នាញ់តាមផ្ដន្ទាទៀត។ | |||
បើខឹងកុំរំលោភ | បើនឹងល្មោភឲ្យល្មមមាឌ | កុំមាត់ក្រែងភ្លាត់ស្នៀត | វាតហួសវង់ផុតគំនិត។ | |||
កំណើតអាក្រក់ល្អ | មាននិងក្រពីគំនិត | ពីកាលបុព្វេពិត | ងងឹតពេកមើលមិនយល់ ។ | |||
ដាំដូងឲ្យខំថែ | ចង់ស៊ីផ្លែឲ្យដុតគល់ | បើជួនសំណាងដល់ | រវល់តែស៊ីឆ្ងាញ់ពិសា។ | |||
ប្រាជ្ញប្រិតប្រៀនប្រដៅ | ចូរកូនចៅពិចារណា | រំពឹងក្នុងប្រាជ្ញា | ស្រាយបញ្ហានេះឲ្យដឹង។ | |||
ចេះច្បាប់កេរកាលថ្មី | អស់សេចក្ដីតែប៉ុណ្ណឹង | កូនប្រុសអ្នកខំប្រឹង | សំលឹងចាំតទៅមុខ ។ | |||
ពីឆ្នាំចតទៅ | ខំធ្វើស្រូវដាក់ជង្រុក | អាសូរពាក្យអាពុក | ទុកឲ្យកូនចៅគ្រប់គ្នា ។ | |||
អាពុកកាន់តែចាស់ | ស្ដាយខ្លួនណាស់ចូលជរា | ពាក្យពិតប្រាំរយឃ្លា | ជាសូរេចម្ល៉េះឯងហោង។ | |||
អ្នកប្រាជ្ញភិរម្យល្បី | លើច្បាប់ថ្មីអស់ល្បត់ល្បង | ឈ្មោះអូ ហៅ ង៉ុយផង | ចងជាច្បាប់សំរាប់ជន ។ | |||
ខ្ញុំសូមផ្សងសច្ចា | កើតជាតិណាសូមមានបុណ្យ | មូលកូនមូលប្រពន្ធ | ធនសម្បត្ដិសំបូរចាយ ។ | |||
ស្មាលាក្រលំបាក | សូមជៀសចាកចតុរាបាយ | សូមល្អពង្សរូបកាយ | កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។ | |||
ប្រាជ្ញាកុំទើសទាស់ | ចេះអាថិធម៌ឲ្យមាំមុត | សូមជាប់សីលបរិសុទ្ធ | រលត់ទុក្ខសោករោគភ័យ ។ | |||
អានិសង្សបុណ្យខ្ញុំបាន | សាងប៉ុន្មានក្នុងលោកិយ | សម្បត្ដិសួគាល័យ | កុំបីឃ្លាតរវាតវែងឆ្ងាយ ។ | |||
ពីជាតិនេះទៅមុខ | មូលអាពុកជួបមូលម្ដាយ | បងប្អូនកុំខ្ចាត់ខ្ចាយ | អធិប្បាយចែងចប់អេវំ ។ |
No comments