Breaking News

សិល្បៈមានប៉ុន្មានប្រភេទ? - [Cambo Page - ខេមបូ ផេក]

ជាការពិតសិល្បៈមានច្រើនប្រភេទ ដូចជាសិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន កុន ចម្លាក់ គំនូរ សំណង់ សូន្យរូប។ល។ ដែលដូនតាបានបន្សល់ទុកឲ្យ។ ជាក់ស្តែងពាក្យថា «សិល្បៈ» មានន័យទូលំទូលាយ និងច្រើនប្រភេទនិងច្រើនទម្រង់ ដែល «ភាពយន្ត» ក៏ត្រូវបានចាត់ទុកជាទម្រង់ «សិល្បៈទី៧» នៃសិល្បៈរបស់ខ្មែរ។

ដូចនេះតើសិល្បៈមានប៉ុន្មានប្រភេទ?

១៖ សិល្បៈទី១ (សិល្បៈស្ថាបត្យកម្ម)៖ សិល្បៈប្រភេទនេះ មានតាំងយូរលង់ណាស់មកហើយ គឺសំដៅលើស្ថាបត្យកម្ម និងសំណង់ ការសាងសង់ មានដូចជាការសាងសង់ប្រាងប្រាសាទ សំណង់ផ្ទះ អគារ និងសំណងទំនើប នាបបច្ចុប្បន្ន។

២៖ សិល្បៈទី២ (សិល្បៈចម្លាក់)៖ សិល្បៈប្រភេទនេះ ក៏មានប្រវត្តិយូរមកហើយ ដូចទៅនឹងសិល្បៈស្ថាបត្យកម្មដែរ គឺសំដៅលើការសូន្យរូប ស្មិតជាងទង ចម្លាក់ពីឈើ លោហៈធាតុ ដី ដើម្បីមកកែច្នៃជារូបភាពនិងចម្លាក់ផ្សេងៗ។ ហើយត្រូវបានយកទៅបំពាក់លើសំណង់ ជាបន្ទាប់។



៣៖ សិល្បៈទី៣ (សិល្បៈគំនូរ)៖ គឺសំដៅលើការគូសវាស ផាត់ពណ៌ ដើម្បីឲ្យចេញជារូបភាពផ្សេងទៅលើវត្ថុផ្សេងៗ ដូចជាក្រដាស់ ក្រណាត់ ឈើ ថ្ម លោហៈធាតុ។ សិល្បៈគំនូរខ្មែរមានកំណើតតាំងពីបុរាណ ដែលមានដំណាលគ្នា និងស្ថាបត្យកម្ម សំណង់ ចម្លាក់។ ហើយក៏មានការអភិវឌ្ឍតាមសម័យកាលតៗមក ដល់បច្ចុប្បន្ន រហូតមានគំនូរស្រ៊ីឌី (3D) ជាដើម។


៤៖ សិល្បៈទី៤ (សិល្បៈតន្រ្តី)៖ សិល្បៈប្រភេទនេះសំដៅទៅដល់សិល្បៈដែលស្ដែងចេញពីឧបករណ៍ ផ្គុំចូលគ្នាដើម្បីបន្លឺជាសំឡេងពីរោះជាទី ចាប់ចិត្តគួរជាទីចាប់អារម្មណ៍ អាចធ្វើឲ្យអ្នកដែលបានស្តាប់រំភើប ឬកើតទុក្ខតាមរយៈសូរសំឡេងនេះ។ សិល្បៈតន្រ្តីខ្មែរក៏មានកំណើត រាប់ពាន់ឆ្នាំមកដែរហើយ ហើយមានការវិវឌ្ឍពីតន្ត្រីបុរាណមកតន្រ្តីសម័យ។

៥៖ សិល្បៈទី៥ (សិល្បៈរបាំ)៖ ជាសិល្បៈសំដៅលើការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត ដែលមានលក្ខណៈទន់ភ្លន់ តាមចង្វាក់ភ្លេង។ សិល្បៈរបាំ គឺជាការសម្តែង ដោយមនុស្សតិច ឬ ច្រើននាក់ទៅតាមទម្រង់នៃរបាំនោះ ដែលធ្វើឲ្យអ្នកទស្សនា ជក់ចិត្តក្នុងការទស្សនា។


៦៖ សិល្បៈទី៦ (សិល្បៈអក្សរសិល្ប៍)៖ សិល្បៈប្រភេទនេះ សំដៅទៅលើការតែងនិពន្ធឲ្យចេញជាសាច់រឿង ដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឲ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ សប្បាយ ខឹង ស្អប់ ទៅតាមសាច់រឿងដែលតាមគំនិតអ្នកនិពន្ធ ហើយក៏អាចស្តែងចេញជារឿងពិត ដែលឆ្លុះបញ្ជាំងពីតថភាពសង្គមរស់នៅផងដែរ។

ខាងលើនេះជាសិល្បៈទាំង៦ ដែលមានដើមកំណើតជាយូរលង់ ដែលដូនតាបានបន្សល់ប្រវត្តសាស្រ្តស្នាដៃជាច្រើន ហើយបានវិវត្តន៍ទៅជាសិល្បៈទំនើបផងដែរ រហូតដល់សតវត្សរ៍ថ្មីៗនេះ។

ដោយឡែក «ភាពយន្ត» ត្រូវបានចាត់ទុកជា «សិល្បៈទី៧»

ភាពយន្តជារូបភាព «កុន» ដែលស្ដែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំង ធ្វើឲ្យអ្នកមើលមានអារម្មណ៍រំភើប ញាប់ញ័រ សប្បាយ ឬកើតទុក្ខ។ ចំពោះខ្មែរយើងសិល្បៈប្រភេទនេះ មានយូរយារណាស់មកហើយ ដែលគេស្គាល់តាមរយៈល្ខោនស្បែក។


រូបភាពឆ្លុះបញ្ចាំងនេះបានវិវត្តន៍ក្លាយទៅជា «ភាពយន្ត» ដែលចាត់ទុកថាជាសិល្បៈប្រភេទថ្មី កើតឡើងក្នុងសតវត្សរ៍ទី១៩ និងបន្តបន្ទាប់មកបានក្លាយជាសិល្បៈពេញនិយមនៅសតវត្សរ៍ទី២០ និងទី២១។ ការវិវត្តន៍នេះរឹតតែរីកចម្រើនទាំងបច្ចេកទេស និងគុណភាព។ ហើយសិល្បៈប្រភេទនេះ ជាការបញ្ចូលគ្នារវាង «សិល្បៈទាំង៦ខាងលើ» ។

សរុបមកហេតុអ្វីបានជា «ភាពយន្ត» ជាសិល្បៈទី៧? គឺជាសិល្បៈកើតឡើងក្រោយគេ ហើយជាសិល្បៈដែលបូកបញ្ចូលគ្នា រវាងសិល្បៈ ទាំង៦ខាងលើ បានក្លាយជាទស្សនីយភាព រូបភាពដ៏រស់រវើក ក្លាយជាសិល្បៈមួយប្រភេទថ្មីទៀតនោះគឺ «ភាពយន្ត»៕



អរគុណសម្រាប់ចូលមកទស្សនា!

No comments