រឿង មនុស្សឆោតបួននាក់ [Cambo Page - ខេមបូ ផេក]
កាលពីព្រេងនាយ មានបុរសឆោត ៤ នាក់ព្រមព្រៀងគ្នាដើររៀនក្ដី ។ លុះដើរបន្តិចទៅចាប់បានអណ្ដើក ៥ បុរសទាំង ៤ នាក់នោះ ក៏យកអណ្ដើកនោះមកចែកគ្នា ដល់ចែកទៅចែកមក នៅសល់អណ្ដើកមួយ ។ មនុស្សទាំងអស់នោះ មិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្ដងទៀត ចែកទៅចែកមក សល់អណ្ដើកមួយដដែល មិនដឹងគិតធ្វើដូចម្ដេច ។ បុរសទាំង ៤ នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នា ធ្វើភ្នែកឡិងឡង់ ៗ ។ ក្នុងវេលានោះ មានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹងមនុស្សទាំង ៤ នាក់នោះ ក៏ឈរមើលគេចែកអណ្ដើកគ្នា ហើយបុរសម្នាក់នោះ ឃើញឆោតដូច្នោះក៏សើច ហើយនិយាយនឹងបុរស ៤ នាក់នោះ «មើលទៅអ្នកដូចជាមិនសូវប្រសប់សោះ» ។ បុរស ៤ នាក់គ្រាន់តែឮសម្ដីប៉ុណ្ណោះក៏និយាយថា : ឱលោក ! បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច ។ បុរសម្នាក់នោះឮដូច្នោះ ក៏ដើរចូលអង្គុយជិតចាប់អណ្ដើក ៥ នោះមក ហើយរើសមើលអណ្ដើកណាដែលធំជាងគេ យកមកទ្រាប់អង្គុយ នៅសល់អណ្ដើក ៤ ចែកឲ្យបុរស ៤ នាក់នោះមួយម្នាក់ ។ បុរស ៤ នាក់ក៏សុខចិត្តរៀងខ្លួន ហើយទាំងអស់គ្នាសួរគេនោះថា «អ្នក ! មើលទៅអ្នកប្រហែលជាចេះក្ដី ?» ។ បុរសនោះឆ្លើយថា ខ្ញុំចេះ ។ បុរសទាំង ៤ នាក់ក៏តបទៅវិញថា «ឱ ! បើអ្នកចេះក្ដី សូមមេត្តាប្រាប់យើងផង» ។ បុរសម្នាក់នោះឆ្លើយថា «បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទន្ទេញតាមខ្ញុំ ។ បុរស ៤ នាក់ឆ្លើយថា «បាទ» ហើយបុរសនោះប្រាប់ឲ្យអ្នកទាំង ៤ នោះ ឲ្យទន្ទេញរៀងខ្លួនគឺ : ប្រាប់បុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាជ្រុះ ។ បុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី ៣ ថា : មានសំរាម ទើបឆ្កែវាជុះ, បុរសទី ៤ ថា : មែន ទើបគេថា ។
បុរស ៤ នាក់ ក៏ទន្ទេញពាក្យនេះ ចេះចាំគ្រប់ ៗគ្នាទៅ, ហើយបុរស ៤ នាក់នោះ នាំគ្នាទៅឆ្ងាយទៅ បានដល់ភូមិមួយ នឹងរកផ្ទះសម្បែងសំណាក់ក៏គ្មាន ។ លុះបន្តិចទៅបានប្រទះនឹងយាយចាស់មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់ គាត់ក៏ព្រមឲ្យហើយបុរសនោះ នាំគ្នាទាំង ៤ នាក់សំណាក់នៅផ្ទះយាយនោះទៅ ។ យប់នោះអ្នកទាំង ៤ ក៏នាំគ្នាទន្ទេញពាក្យក្ដី ដែលបុរសម្នាក់នោះប្រាប់ទន្ទេញមិនឈប់ឈរទាល់តែភ្លឺ ។ យាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្ដឹងមេស្រុក ! យប់មិញនោះ មានបុរស ៤ នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង ៤ នាក់ចេះតែនិយាយទន្ទេញទាល់តែភ្លឺ តែមិនដឹងពាក្យថាដូចម្ដេច ស្ដាប់មិនបានសោះ ខ្ញុំខានដេកវាល់ព្រឹក, ហេតុនេះខ្ញុំមកប្ដឹងលោក សូមលោកហៅមនុស្សទាំង ៤ នាក់នោះ មកជំនុំជម្រះឲ្យខ្ញុំ ។ មេស្រុកបានស្ដាប់ក៏ឲ្យបម្រើទៅហៅបុរសទាំង ៤ នាក់នោះមក ហើយសួរថា «ហេតុដូចម្ដេចបានជាឯងទន្ទេញអ្វីទាល់តែភ្លឺ រកតែយាយចាស់គាត់ដេកពួនមិនបាន, ចុះដែលឯងទន្ទេញនោះតើទន្ទេញពាក្យអ្វី ?» បុរសទាំង ៤ នាក់នោះឆ្លើយថា «ខ្ញុំទន្ទេញពាក្យក្ដី» ។ មេស្រុកបង្គាប់ទៅទៀតថា ចូរឯងរាល់គ្នាសូត្រពាក្យនោះ ម្ដងម្នាក់ទៅមើល ! អញនឹងស្ដាប់» ។ បុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាជ្រុះ, បុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី ៣ ថា : មានសំរាម ទើបឆ្កែវាជុះ, បុរសទី ៤ ថា : មែន ទើបគេថា ។
ស្ដាប់ពាក្យនោះហើយ «មេស្រុក ក៏កាត់សេចក្ដីថា ឯងទាំង ៤ នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ» ។ បុរសអស់នោះ ក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយនោះទៅ ។ យាយនោះគាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថ្ងៃ ។
លុះនៅនឹងយាយនោះបាន ២- ៣ ខែទៅ យាយគាត់ប្រើបុរសទាំង ៤ នាក់នោះ ឲ្យទៅកាប់ឈើធ្វើទូក ។ អ្នកទាំង ៤ នាក់ក៏នាំគ្នាចូលទៅដល់ព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់ ។ លុះចូលទៅដល់ក្នុងព្រៃជ្រៅបានប្រទះឈើធំ ១ ដើម មានប្រហោងបុរសទាំង ៤ និយាយគ្នាថា «យើងបានប្រទះឈើប្រហោងហើយ យើងត្រូវនាំគ្នាកាប់ឈើនេះ» ។ បុរសទាំង ៤ នាក់មូលមាត់គ្នាក៏កាប់រលំឈើប្រហោងនោះ លុះឈើជិតរលំបុរសទាំង ៤ នាក់ស្រែកថា «កនយើង ! ជិតរលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើង ក្រែងធ្វើទូកមិនកើត » ។ បុរសម្នាក់ក៏ស្ទុះទៅចាំទ្រ ដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញេញ ។ បុរស ៣ នាក់ឃើញដូច្នោះ ក៏នាំគ្នាសើចថា «យើអានេះ ខ្លាំងណាស់វ៉ឺ ! ឈើទំហំប៉ុណ្ណឹងកោតតែវាទ្រាំបាន ហើយវាសើចថែមទៀត » ។ បុរស៣ នាក់នាំគ្នាមើលបុរសម្នាក់ដែលស្លាប់, ដល់យូរពេកក៏ស្រែកហៅថា «យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់ » ។ លុះឃើញនៅស្ងៀម ក៏នាំគ្នាដើរចូលទៅមើល ។ កាលដឹងថា បុរសនោះស្លាប់, បុរស ៣ នាក់ភ័យណាស់ និយាយគ្នាថា «យើងនៅមិនបានទេ តែយើងខំនៅ មុខជាគេប្ដឹងថាយើងវាយសម្លាប់អានេះ, បើដូច្នេះត្រូវយើងនាំគ្នារត់» ថាហើយ ក៏ព្រមព្រៀងគ្នារត់ទៅ ។ ដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណា ក៏ស្រាប់តែវិលវល់ ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះអុំទៅត្រើយម្ខាង ។ បុរសទាំង ៣ នាក់នាំគ្នាចុះទូក, ម្នាក់នៅខាងកន្សៃបែរមុខទៅខាងកន្សៃ, ម្នាក់នៅខាងក្បាលក៏បែរមុខទៅខាងក្បាល, ម្នាក់ទៀតអង្គុយកណ្ដាលបាចទឹកទូកតែមិនបានស្រាយខ្សែចំណងទូកនោះចេញ ចេះតែនាំគ្នាអុំ ៗមួយយប់ទាល់ភ្លឺនៅតែដដែល ។ លុះភ្លឺស្រាងឡើងយាយចាស់ចុះដងទឹក ប្រទះបុរស៣នាក់ហើយស្រែកថា «យើអានេះ រត់ទៅណា ?» បុរស ៣ នាក់ក្រឡេកឃើញយាយចាស់ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញាមិនដឹងបើរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់វិញដដែលទៅ ។
ចេះរបេះក្បាច់!
ចេះរបេះក្បាច់!
No comments