Breaking News

រឿង ក្អែក​មួយ​ជា​ក្អែក​ដប់ [Cambo Page - ខេមបូ ផេក]

ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៣៨ - ៤២

កាលពីព្រេងនាយ មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ មានផ្លែប៉ុនចង្កើះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា អ្នកអើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្ងោរក៏បាន ចំហុយក៏បាន ឆ្ងាញ់របស់ខ្ញុំណាស់ ។

អាខិលឆ្លើយថា ទាស់តែលក់ដាវខ្ញុំមិនដាច់ គ្មានលុយទិញ បើដូរជាដាវនេះព្រមដូរឬទេ ? អាខូច ឃើញដាវនោះវែងក៏ឆ្លើយថា « ដូរក៏ដូរ » ។ អាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះ មុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការសឹមហូតកាប់តែម្ដង អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើល ៗស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្ដាយរបស់ខ្ញុំណាស់ បើកុំតែខែនេះក្រម្ហូបពេក កុំអីខ្ញុំមិនដូរទេ » ។ អាខូចក៏ប្រគល់ពាងអាចម៍ឲ្យទៅអាខិល ហើយហាមថា «ផ្អកខ្ញុំហ្នឹងក៏ដែរ ដល់ពេលស៊ីសឹមបើកយកមកចំហុយ កុំអាលបើកមើល ក្រែងវាស្អុយរុយបែងក្រែងវាធុំខ្មោះ ស៊ីមិនទាន់អស់ វាទៅជាខានឆ្ងាញ់ នឹកឃើញជីដូនជីតា បានតែខ្វារស៊ីទៅ » ។

អាទាំងពីរ បែកគ្នាទៅដល់ផ្ទះរាល់ខ្លួន ហើយតឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អក ។ ប្រពន្ធថា «បានផ្អកពីណា ? អាខិលថា «ដូរដាវគេ ៗថាផ្អកចាវគេឆ្ងាញ់ពិសាណាស់ » ។ ប្រពន្ធក៏អរពេញចិត្តនឹកថា «ប្ដីចេះធ្វើកាំបិតដូរផ្អក » ស្ទុះភ្លែតទៅលាងចានដួសបាយ ហើយកាន់កាំបិតយ៉ាងគំរឹល កកិលទៅជិតពាងផ្អក យកកាំបិតគាស់អាចម៍ល័ក្ដនោះបើកឡើង ហើយលូកខ្វារបាន ១ ក្ដាប់ដាក់ផ្លាប់ទៅក្នុងចាន សល់នៅដៃប៉ុន្មានក៏លិទ្ធផ្លប់ភ្លក់មើល ងើបមុខឡើងថា «យី ! ផ្អកចាវអីក៏ស្អុយដូចអាចម៍ គ្មានឆ្អឹងនិងសាច់កខ្វិកកខ្វក់ ម៉ដ្ឋផង់យ៉ាងហ្នឹង តើផ្អកត្រីអី?» ប្ដីថា «ក្រែងត្រីពោ » ។ ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរ ២០ វ៉ក ដឹងជាក់ជាអាចម៍ មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។
និយាយអំពីអាខូច ត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៍មួយពាងដូរបានដាវមួយដែរ» ទទួលខឹងនឹងឆ្កែវានោមច្រាសស្លឹកគ្រៃ កន្ទ្រាក់ដាវលោតទៅដល់ដី បម្រុងនឹងកាប់ឆ្កែសម្លាប់ ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះកំប៉ិច គេចឡើងលើផ្ទះបង្ហាញប្រពន្ធមើល ហើយសើចទាំង ២ នាក់ សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញាអានោះស្មើនឹងអញ ៗ ទៅបបួលវាធ្វើសំឡាញ់គ្រាន់រកស៊ីពីរនាក់ នឹងបានមាសប្រាក់ដោយងាយ» ។ លុះទៅប្រទះនឹងអាខិល ដើរមកពីនាយសើចពព្រាយ និយាយសួរថា « ឯងទៅណា ! » ។ អាខិលឆ្លើយថា «អញមកសុំឯងធ្វើសំឡាញ់» អាទីមួយក៏ថា «អញសុំឯងធ្វើក្លើដែរ » ហើយក៏សុខចិត្តដើរពីរនាក់ ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ ជរា ឈឺស្លាប់ គេដាក់ក្នុងក្ដារមឈូសបម្រុងបូជាថ្ងៃស្អែក ។ ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរ ស៊ើបសួរអ្នកដើរខាងក្រៅថា «អ្នកណាស្លាប់ បានជាគេយំ !» ។ គេប្រាប់ថា « មហាសេដ្ឋីស្លាប់» ។ អាទាំងពីរនាក់គិតគ្នាថា ឯងត្រូវក្លែងសំបុត្រមួយច្បាប់ទៅប្រាប់ថា សំបុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេកក្នុងមឈូស អំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯង » ។ ហើយយក៏បន្លំដេកដូចគំនិត ។ អ្នកនៅជិតមិនបានឃើញ មិនបានដឹង ត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្ម កូនចៅតូចធំរវល់តែយំសោក ។ អាខូចដើរទៅរកក្រដាសបានធ្វើសំបុត្រក្លែង កាន់ដើរទៅ សម្ដែងសូត្រឲ្យគេស្ដាប់ «សំបុត្រអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកម្សត់តាំងពីតូចជាកូនធម៌ ឥឡូវអាពុកជរាហើយ កូនអើយ ! ចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ » ។ កូនចៅប្រុសស្រី គេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋី ។ អាខូចឆ្លើយថា «ខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះ បើលោកស្ដី នុះខ្ញុំត្រង់ពិត បើលោកស្ងៀមនុះខ្ញុំក្លែងបញ្ឆោតទេ» ។ កូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុក ។ អាខិលឆ្លើយថា «អើ» !។ កូនសួរថា «ឪពុកបានឲ្យសំបុត្រទៅកូនធម៌ មកយករបស់មែនឬ » ។ អាខិលថា អើ ! កូនអញឈ្មោះខូច វាមកហើយឬ ! » ។ កូនឆ្លើយថា «ទានប្រោស ! មកហើយ ។ អាខិលថា អើ ! មើលយករទេះមួយធំ ក្របីមួយនឹមទឹមរទេះនោះ ហើយយកមាស ប្រាក់ កែវ កង សំពត់ អាវ វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មាន ឲ្យវាយកទៅចុះ » ។ កូនចៅស្រីប្រុស ចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងខ្មោចសេដ្ឋី ស្លាប់ហើយចេះស្ដី ហៅពេញជាអស្ចារ្យ ឥឡូវនឹងបើកក្ដារមើលឲ្យច្បាស់ ចាស់ៗហាមប្រាមថា មើលមុខខ្មោចមិនបាន ខ្លាចដេកយប់ទៅមមើមមាយ ម៉្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់ សំពត់ អាវ សំលៀកបំពាក់ និងកន្ទេល ពូក ខ្នើយ ហើយថែម តុ ថាស ចានល្អ ៗ អំបិលប្រហុក ៤ ក្រឡអង្ករ ៥ ការុង ដាក់ផ្លុងទៅឲ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំ ជជែក យំ ទឹកភ្នែកឲ្យដឹងខឹងដោយបញ្ជោះ ទាំងស្រីទាំងប្រុស ហើយក៏ដឹកក្របីមួយនឹម ទឹមរទេះប្រគល់ឲ្យអាខូចទៅ ។ អានេះត្រេកអរឡើងបររទេះចេញទៅ អ្នកទាំងអស់ដែលនៅចេះតែជ្រួល មិនស្រួលព្រោះត្បិតខឹងនិងស្ដាយ ។ អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា «យើងបានទ្រព្យរបស់តែទាស់ឃ្លានបាយ បើឈប់ដណ្ដាំបាយ នៅរៀងអាយ ក្រែងមិនស្ងាត់ខ្លាចចោរតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេះ, បើដូច្នេះឯងឈប់ចាំអញ ៗ ទៅសុំបាយគេស៊ីខ្លះ យកខ្លះមកឲ្យឯង » ។

អាមួយព្រមហើយ អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយ ឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯង ។ អាមួយដែលនៅចាំរទេះ ក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់ នឹងយកទ្រព្យតែម្នាក់ឯងដែរ ។ វេលានោះអាមួយទៅសុំបាយគេស៊ី ៗ រួចហើយសុំមួយចានផ្ញើសំឡាញ់ គេមិនកំណាញ់ ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង ។ អានោះក៏លាគេដើរចេញមក ហើយយកថ្នាំប្រឡាក់បាយ មកដល់ខាងអាយ ក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរប្រញាប់ចាប់បាយស៊ី ទើបនឹងស្កាំអាសិរពិសថ្នាំ ក៏ពុលស្លាប់បន្ទាប់គ្នា ។ ឯក្របីនោះ ក៏អូសរទេះចូលព្រៃ រតែករតោកទៅជ្រកក្នុងទឹកត្រពាំង ប្រឆាំងដាច់ខ្សែទាម ដេកត្រាំទឹកទៅ ។ ដល់វេលាព្រឹកមានបុរសម្នាក់ ដើរទៅឃើញទ្រព្យរបស់ទាំងអស់ នៅក្នុងព្រៃនឹកម្ដងភ័យ នឹកម្ដងអរថា ឯងអ្នកក្រ មិនដែលប្រទះទ្រព្យច្រើនណាស់ ដូច្នេះបើលៃលកយកទៅជារបស់ខ្លួន ក្រែងពុំបានសុខ ក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃ ចងក្របីជាប់ ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៍មារយាទប្រពន្ធដោយគិតថា «បើប្រពន្ធមារយាទល្អ នឹងយកទ្រព្យនោះទៅជារបស់ខ្លួន បើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដី ជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួន» ។ គិតហើយដើរដល់ផ្ទះ ក៏កុហកប្រាប់ប្រពន្ធថា អញជុះអាចម៍មិញ មានសត្វក្អែកមួយហើរចេញអំពីក្ដិត តែឯងអាណិតបិតមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវាបែកការអាក្រក់ណាស់ កើតមានជំនុំជម្រះ សួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹងនឹងអាង ក្រែងគេយកអញទៅឆ្កាង ឬយកទៅដាក់គុក ប្រពន្ធមិនលាក់ទុក ក៏ដើរទៅប្រាប់គេថា « មានក្អែកហើរចេញពីក្ដិតប្ដីអញ តែឯងកុំមាត់ » ។ មេមួយទៀតមិនអត់ទៅ ប្រាប់គេថែមទៀត ក្អែក ៥ ប្រាប់លើសមួយៗតគ្នា ដរាបដល់ក្អែកដប់ ។ រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រ ៗ ទ្រង់ចាត់ប្រើរាជអាមាត្យ ឲ្យស្រាវជ្រាវរកដល់បុរសនោះ ៗ ក៏ថ្វាយបង្គំគាល់ ស្ដេចទ្រង់ឆ្ងល់ ត្រាស់សួរថា « មែនឬមិនមែន» ។ បុរសក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំ កុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើន ។ បុរសនោះរៀបរាប់ក្រាបទូលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹមរទេះយកទ្រព្យមកថ្វាយស្ដេច ៗ ទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាល ពាក់កណ្ដាលដាក់ឃ្លាំង ។


ធ្វើផ្ទះ កុំដាក់ជណ្ដើរ
លោះខ្ញុំប្រើ កុំឲ្យបាយស៊ី
1- កម្ពុជសុរិយា លេខ ១០- ១១ – ១២ ឆ្នាំ១៩៣៥ ទំព័រ១១៩ មិនឃើញមានឈ្មោះ អ្នករៀបរៀង ទេ ។

No comments