Breaking News

ច្បាប់ល្បើកថ្មី [Cambo Page - ខេមបូ ផេក]

 ច្បាប់ល្បើកថ្មីជា​បទ​កាកគតិ​ត្រូវបាននិពន្ធដោយកវីក្រមង៉ុយ​នៅឆ្នាំ​១៩២២ ។

ច្បាប់ល្បើកថ្មីមានខ្លឹមសារទាំងស្រុងដូចតទៅ៖


អ្នកព្រះភិរម្យភាសាអ៊ូខ្ញុំបង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាមុនគុណគាប់មហាធ្ងន់
មាតាបិតា ។
ឧបជ្ឈាយ៍ជាធំកាលចាប់ដៃខ្ញុំឲ្យធម៌កេសា
អនុសាវនព្រះកម្មវាចាគុណតួអក្ខរា
ទាំងសាមសិបបី ។
ខែចែត្រឆ្នាំចចត្វាស័កកកគិតកាព្យថ្មី
លើកច្បាប់ប្រដៅកូនចៅប្រុសស្រីតូចក្ដីធំក្ដី
ចូរស្ដាប់គ្រប់គ្នា ។
ដ្បិតមនុស្សឥឡូវយកខុសជាត្រូវយកឆ្កួតធ្វើជា
អំពើអាក្រក់ឡិកឡក់លីលាព្រហើនពានពារ
អាងមាសអាងប្រាក់ ។
៥-អាងព្រើលអាងប្រាជ្ញអាងកោងអាងកាចអាងកាប់អាងចាក់
អាងជើងអាងដៃអាងវាយអាងធាក់អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក ។
អាងសុទ្ធតែខុសកូនអើយចាំចុះអាងនោះមិនល្អ
អ្នកគិតឲ្យល្អិតដ្បិតស្រុកលោកក្រប្រមាណតំណ
តទៀតទៅមុខ ។
សាសនានៅឆ្ងាយលែងបានសប្បាយមានតែកើតទុក្ខ
កើតទាន់លោកីយ៍ឮតែទំនុកដំណែលអាពុក
ចូរចាំគ្រប់គ្នា ។
អ្នកជឿពាក្យចាស់ជឿចាំឲ្យណាស់កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជាមនុស្សចោរប៉ោបៀ
កុំយកខ្លួនបៀត ។
ឃើញឫកគេល្អទោះបីមានក្រយកគេជាញាតិ
គួររាប់អ្នកក្រៅផៅអ្នកឯទៀតរាប់រើសមារយាទ
សុចរិតត្រឹមត្រូវ ។
១០-រៀនបទរៀនបាទកុំកោងហួសខ្នាតកុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែកុំប្រែហួសឪឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ ។
បន្ទន់អាត្មាខ្លាចមេខ្លាចបាខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រប្រយ័ត្នស្ដេចទាយពាក្យពិតទំនាយ
រលាយកេរ្ដិ៍ឈ្មោះ ។
ពាក្យស្ដេចពាក្យគ្រូមានប្រៃមានជូរកម្រពីរោះ
ជួនទាយឲ្យទាបជួនទាយឲ្យខ្ពស់ទាយឲ្យសក្ដិយស
ទាញចុះកុំខឹង ។
បំរើមើលភេទចំណាំព្រះនេត្រហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃព្រើលលោកមើលសំលឹងសំលក់ឲ្យប្រឹង
ខំប្រិតសូត្ររៀន ។
បំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមាន
បើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀន
កុំអៀនកុំខ្មាស ។
១៥-ពុតលោកថាធំជ្រងោប៉ុនភ្នំឯងមើលមិនច្បាស់
បំរើលោកណាលោកហ្នឹងជាម្ចាស់លោកស្អប់អ្វីណាស់
ប្រាសចោលឲ្យឆ្ងាយ ។
កុំឈមឈរជិតកុំយកធ្វើមិត្រភ្លាត់ខ្លួនអន្ដរាយ
បើប្រពន្ធកូនបងប្អូនចៅហ្វាយអាពុកឬម្ដាយ
ឱនកាយប្រតិបត្ដិ ។
អ្នកកុំមើលងាយឃើញគេរីករាយព្រួយខ្លួនប្រយ័ត្ន
ត្រកូលញាតិផៅកូនចៅមហាក្សត្រស្មើថ្លើមប្រមាត់
ប្រមាថមិនបាន ។
ទោះអ្នកដទៃអ្នកព្រៀងអ្នកព្រៃដែលលោករាប់អាន
កុំថាតែមនុស្សទោះសត្វតិរិច្ឆានឯងស្អប់ប៉ុន្មាន
កុំហ៊ានប្រមាថ ។
របស់រឺទ្រព្យដែលជាសំអប់កុំបាច់សំអាត
ទ្រព្យណាស្រលាញ់អស់អញឱហាតចូរចៅសង្វាត
ជួយថែរក្សា ។
២០-កុំជិះកុំជាន់ស្មៅផ្ទីអាចម៍មាន់ពាក្យចាស់ឧបមា
បុរាណហៅផ្ទីពីរបីប្រការកុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង ។
សាច់សាលោហិតកុំផ្ដួលផ្ដេកផ្ដិតផ្ដួចទោសកើតប្ដឹង
អាពុកផ្ដែផ្ដាំចូរចាំចេះថ្លឹងសាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ ។
សាច់សួតក្នុងខ្លួនទុកស្មើបងប្អួនប្រពន្ធកូនចៅ
សរសៃនិងស្បែកចែកជាញាតិផៅខ្ញុំស្រីខាងក្រៅ
ជាស្មៅអាចម៍មាន់ ។
ស្រីខ្ញុំកំដរបើឃើញរូបល្អកុំលលូកលាន់
កុំលួចលបលេងក្រែងម្ចាស់គេទាន់កុំភប់កុំភាន់
អាប់អន់អាត្មា ។
បើអ្នកមានយសមានសក្ដិខ្ពង់ខ្ពស់គាប់នឹងរាជការ
ធ្វើធំធ្វើថីមន្រ្ដីមានត្រាព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ៍ ។
២៥ - ចេះច្បាប់បារាំងកុំភ្លេចសច្ចំកតញ្ញូខន្ដី
កុំឆ្មើងហួសមាឌភ្លេចញាតិប្រុសស្រីជំនុំកាត់ក្ដី
យកឧបេក្ខា ។
កុំកាន់សីហលោកុំកាន់លោភោទោសោមោហោ
កុំជក់អាភៀនកុំឃ្លានផឹកស្រាកុំស្អប់ត្រង់ណា
សច្ចាយកត្រង់ ។
លួងលោមពិសោធកុំឆបញ្ឆោតបញ្ចូលឲ្យបង់
ឲ្យបែកឲ្យបាក់ពាក្យសត្យពាក្យសង្ឃកូនអើយផ្ចិតផ្ចង់
តំរង់ស្មារតី ។
កុំភ្លើនឃើញប្រាក់កុំភ្លើភ្លាត់សក្ដិធ្លាក់ទៅអវចី
កាន់ធម៌ទសពិធរឹតឡើងរាសីគាប់ពីលោកិយ៍
ដល់បរលោកនាយ ។
អ្នកក្ដីជាភ្លើងកុំកាត់ជាន់ជើងអ្នកម្ខាងមើលងាយ
ចៅក្រមជាទឹករលឹករំលាយកុំជេរកុំវាយ
បង្ខំនាំខុស ។
៣០ - ចោរលួចចោរប្លន់រឺចោរស្ម័គ្រស្មន់តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះបញ្ឆេះខាងណោះលួងលោមបញ្ចុះ
បញ្ចូលចិត្ដក្ដី ។
កុំដុតឲ្យក្ដៅបើឃើញអ្នកខ្លៅប្រាជ្ញាគ្នាខ្លី
កុំឃើញប្រាក់ប្រុសបន្ដុះខាងស្រីបើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់ ។
កុំដៀលអ្នកស្រែត្រកូលឯងខ្មែរកុំប្រែក្រលាស់
ក្រលេកឃើញគុណទន់ខ្លួនសំពះកុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ ។
អ្នកកុំភ្លេចគុណគ្រូលេខនព្វន្ដគ្រូសូត្រអក្សរ
កុំចាប់ដៃទាញគំនាប់ងក់កកុំជជែកត
ស្មើមិត្ដសំលាញ់ ។
រាស្រ្ដរត់ចូលជ្រកសាកសួរទៅមកកុំអើឯងអញ
ពាក្យពុំពិរោះគេកើតមួរក្មាញ់គេដៀលផ្ចាលផ្ចាញ់
អន្ដរាយកេរ្ដិ៍ឈ្មោះ ។
កុំឆ្មើងអាងបុណ្យស្រដីឲ្យទន់ពោលពាក្យពិរោះ
ខ្លួនអ្នកនឹងថ្កើងនឹងឡើងសក្ដិយសកុំឆ្លៀតនាំឈ្លាះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូចបើឃើញគ្នាខូចគួរគិតប្រមុំ
ទោសគ្នាតិចតួចផ្ដួចឡើងជាធំផ្សែងពួតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួនចេះសាសន៍ចិនយួនកុំចោលខ្មែរយើង
កុំធ្វើក្រអើតកុំពើតកុំពើងកុំពាក់ស្បែកជើង
ចូលវត្ដលោកសង្ឃ ។
ដោះមួកដាក់ឆ័ត្រឱនកាយប្រតិបត្ដិលំអុតឱនអង្គ
កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់កាន់ច្បាប់ស្រុកហ្វ្រង់
កុំបង់សាសនា ។
កុំចង់ថ្កើងពេកកុំលើកដំណេកហួសមេហួសបា
តែងខ្លួនឲ្យល្មមមើលពូជពង្សាសង្ខេបនិដ្ឋិតា
រឿងផ្គប់បុណ្យសក្ដិ ។
៤០ - បើទៅជារាស្រ្ដប្រាជ្ញាវៃឈ្លាសគូសវាសឆ្លកឆ្លាក់
ឲ្យឆ្លៀតរែកពុនបើធ្ងន់សឹមដាក់ខំរកមាសប្រាក់
ឲ្យគ្រាន់ទាន់ចាយ ។
រាជ្យបារាំងសែសកូនកុំប្រហែសកុំថ្នមរូបកាយ
ដើរគិតដេកគិតជួញជិតជួញឆ្ងាយបើចង់សប្បាយ
ស្រេចនៅមានទ្រព្យ ។
រាជ្យហ្លូងពីមុនរកស៊ីរែកពុនមានក្រតាមភ័ព្វ
រាជ្យលោកឥឡូវត្រូវខំឲ្យញាប់តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ ។
តាំងពីឆ្នាំចចាំជាដំណទំនិញឡើងថ្លៃ
ចងក្បិនឲ្យតឹងប្រឹងកុំសំចៃសញ្ជឹងយប់ថ្ងៃ
កុំឲ្យក្រខ្សត់ ។
បើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើល្ងីល្ងើឥតបទបើចេះប្រាកដ
ប្រាក់រត់តាមហៅ ។
៤៥ - កុំថ្នមកំលាំងកាប់ជីកចូកចាំងកុំថារងាក្ដៅ
រៀនអ្វីឲ្យឆ្អិនកុំឲ្យខ្លោចឆៅកុំដេកតែខ្លៅ
ក្រក្រៅសណ្ដាប់ ។
បើល្ងង់ឲ្យចេះរករៀនតំរិះរិះរកតំរាប់
ឥន្រ្ទីឆ្វេងស្ដាំកុំចាំគេប្រាប់រៀនស្ដីរៀនស្ដាប់
រៀនមើលឲ្យស្ដែង ។
កើតមកជាមនុស្សទាំងស្រីទាំងប្រុសមិនដែលចេះឯង
បើក្រឲ្យមានវិញ្ញាណចេះក្រែងគិតគ្រប់កន្លែង
កុំដេកតែក្រ ។
កុំប្លន់កុំលួចកុំខ្ជិលកុំខូចកុហកឆូវឆ
បោកប្រាសយកប្រាក់ច្រវាក់ជាប់កកាន់មារយាទល្អ
សុចរិតត្រឹមត្រូវ ។
កូនអើយរកស៊ីកកាយធរណីធ្វើស្រែយកស្រូវ
កុំតាមអ្នកណាបាតាមតែឪលើកភ្លឺជិតផ្លូវ
កុំស្រាស់បន្លា ។
៥០ - គេដើរយប់ថ្ងៃមុតជើងមុតដៃដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវហើយជេរផ្ដាសាកូនម្ដាយអាណា
ស្រាស់ដើរមិនរួច ។
កុំយកគល់ឈើទៅដាក់ពីលើទោះធំទោះតូច
ជំពប់ជើងគេគេថាឯងខូចជេរដៀលដល់ពូជ
ប្រដូចមេបា ។
លើកភ្លឺឲ្យធំបង្ហាប់ឲ្យមាំគាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាននឹងមិនផលាកើតសាធុការ
អាយុយឺនវែង ។
កូនអើយធរណីបើតាមគម្ពីរដែលលោកសំដែង
កុំចង់បានធំក្រមុំឆ្វេលឆ្វែងកុំលើកដីឯង
លបដាក់ស្រែគេ ។
អំពើអាក្រក់មួយចំរៀកសក់ធ្លាក់ទៅនិរយេ
បច្ចុប្បន្នលោកិយ៍កើតក្ដីវាយជេរមិនដែលសុខទេ
ព្រោះដីមួយហត្ថ ។
៥៥ - កុំជួញចង់ទាស់ខូចខាតរបស់អស់ទ្រព្យសម្បត្ដិ
ចង់គង់ប្រយោជន៍ឲ្យចេះប្រយ័ត្នពាក្យឪមួយមាត់
ឲ្យគិតមួយម៉ោង ។
សំអាតផ្ចិតផ្ចង់លើកភ្លឺឲ្យត្រង់កុំលើកឲ្យកោង
អ្នកកុំប្រហែសក្រែងមានប្រហោងលើកមើលទំនង
ទំនាបទឹកហូរ ។
ចំនួនទឹកស្ទឹងទឹកព្រែកទឹកបឹងទឹកវាលទឹកអូរ
អ្នកលើលិចស្រូវត្រូវបើកបង្ហូរអ្នកក្រោមកុំថ្ងូរ
បន្ធូរហួសទៅ ។
រាំងរឹងថ្ងៃយប់កុំឲ្យបាក់ជ្រៅឆាប់លើកឆាប់ទប់
កត្ដឹកចេញខ្យល់តំកល់ទឹកនៅបើចង់បានស្រូវ
ស្រេចនៅត្រឹមថែ ។
កុំយកគ្រាប់ត្នោតទៅដាំទៅដោតពីលើភ្លឺស្រែ
ចិត្ដគិតប្រមាណចង់បានផ្កាផ្លែដាំដុះដង្ហែ
បង្ហិនខ្លួនឯង ។
៦០ - ដល់ត្នោតឡើងគល់ឡើងកើតនាំខ្វល់ធាងលូតឡើងវែង
ភ្ជួររាស់ជាប់នឹមក្របីជាប់ស្នែងទទើសទទែង
ភ្ជួរឆ្វេងមិនត្រូវ ។
ដល់ត្នោតវាធំមានស្លឹកវាទុំវាជ្រុះក្នុងស្រូវ
ស្រែឆ្ងាយពីផ្ទះឃ្លាតណាស់ពីផ្លូវទម្រាំតែទៅ
រលួយស្រូវអស់ ។
កូនអើយកុំឆោតបើចង់បានត្នោតដាំដោយកៀនកោះ
ដីទួលចំការឯណាចន្លោះដាំជារបស់
ជាយជួររបង ។
របៀបចំការថែទាំរក្សាយូរៗស្រាស់ម្ដង
ស្រាស់ឲ្យត្រូវជួរមើលគួរសមផងកុំបើកមុជឆ្លង
ទៅស្រាស់ខាងក្រៅ ។
មិនគាប់ប្រសើររបងវាដើរអ្នកម្ខាងវាក្ដៅ
កើតក្ដីកើតក្ដាំអស់ខោអស់អាវខឹងអស់ញាតិផៅ
ពីព្រោះចំការ ។
៦៥ - មួយទៀតរបងជិតផ្លូវអ្នកផងគេទៅណាៗ
ធ្វើឲ្យទូលាយកុំរាយបន្លាកាប់ឆ្កេះទាត់ឆ្ការ
ឲ្យឆ្ងាយពីផ្លូវ ។
កុំធ្វើចង្អៀតក្រែងយប់អាធ្រាត្រខ្លះមកខ្លះទៅ
ចៀសគ្នាមិនរួចបើកបរកាត់ស្រូវជេរម្ដាយតាមផ្លូវ
រហូតដល់ផ្ទះ ។
កូនអើយអ្នកចាំអ្នកកុំចងកម្មមានពៀរច្រើនណាស់
ជាតិក្រោយខ្វក់ខ្វិនកខ្វេះកខ្វាសសូវចោលដីខ្លះ
មិនខាតប៉ុន្មាន ។
កុំខ្លាចតែក្រធ្វើឫកមិនល្អច្រើនកើតរឱស្ថាន
រអែករអោកបាត់ញាតិសន្ដានឥតគេរាប់អាន
មានតែគេស្អប់ ។
កាន់ឫកឲ្យខ្ពស់ឲ្យខ្ពើមពាក្យឈ្លោះទើបបានជាគាប់
យកឆោតដាក់ខ្លួនច្រើនមានគេរាប់បើខ្លួនឥតទ្រព្យ
កុំធ្លាប់ហ៊ានខ្ចី ។
៧០ - គ្រប់ការសារពើចង្អេរកញ្ជើកន្ដាំងតៅល្អី
រនាស់រទេះគោសេះក្របីបើបានជាខ្ចី
ខ្ចីប្រាក់គេទិញ ។
យកមករកស៊ីខែមួយខែពីរសងប្រាក់គេវិញ
របស់បានយើងជាជើងជួញចេញឯទ្រព្យនោះមិញ
ពេញជាទ្រព្យឯង ។
កុំខ្ចីគេប្រើតែមួយដំណើរមិនយូរអង្វែង
ជួនជាបាក់បែកជជែកទាស់ទែងសងគេមិនលែង
ចាស់ផ្លាស់ជាថ្មី ។
កើតមកជាប្រុសគិតឲ្យសព្វសុសកុំឲ្យសល់អ្វី
បួសរៀនធម៌អាថិសាស្រ្ដាបាលីបរលោកលោកិយ
កុំបីចន្លោះ ។
សឹកមករកស៊ីកកាយធរណីធ្វើជាគ្រហស្ថ
កុហកជឿបុលបំណុលរុំកោះច្រើនគេដាក់ខ្នោះ
អស់ស្រែចំការ ។
៧៥ - ធ្វើរាស្រ្ដរកស៊ីចិញ្ចឹមគោញីថែទាំព្យាបាល
ក្រហេតុពីខ្ជិលមានត្បិតឧស្សាហ៍អ្នកមានប្រាជ្ញា
មិនស្មើគំនិត ។
កំណើតសំណាងសំណូមសូមសាងកកើតពីគិត
ពីកាលជាតិមុនបុណ្យព្រេងអតិតកើតរូបគំនិត
ទើបកើតសំណាង ។
ឯមនុស្សសំណល់ល្ងង់ល្ងើងឿងឆ្ងល់ទាស់ទែងក្អេងក្អាង
ដប់ឆ្នាំនេះហើយប្រកាន់ម្យ៉ាងៗខ្លះអួតសំណាង
ខ្លះអាងគំនិត ។
កូនចៅប្រុសស្រីរកប្រពន្ធប្ដីឲ្យរកស្រុកជិត
បើរកស្រុកឆ្ងាយឲ្យម្ដាយពិនិត្យឲ្យត្រឹមត្រូវពិត
ពូជពង្សាវតារ ។
កូនអើយអ្នកចាំកុំជឿខែឆ្នាំកុំជឿតំរា
ពាក្យក្បួនទាំងឡាយកើតពីមនុស្សចារពីដូនពីតា
ចារតាមសំគាល់ ។
៨០ - អ្នកជឿតែពូជអំបូរធ្លាប់ខូចវាខូចរាងរាល់
ពូជមានវាមានពូជទាល់វាទល់កុសលអកុសល
យើងមើលមិនជាក់ ។
ប្រពន្ធនិងប្ដីអាយុវែងខ្លីយើងមើលមិនច្បាស់
កុំយកពូជល្បែងពូជភ្លេងអារក្ខបើម្ង៉ៃបង់ប្រាក់
រកអាយុវែង ។
អំបូរពង្សពូជត្រកូលធ្លាប់ខូចវាខូចមិនលែង
ពូជចោរស្រីៗយកប្ដីចិត្ដឯងមិនគិតកោតក្រែង
ខ្លាចចិត្ដមេបា ។
កូនចៅស្រីៗបើនឹងយកប្ដីឲ្យមើលកិរិយា
មួយភ្លេងអារក្ខមួយអ្នកបាណាមួយអ្នកផឹកស្រា
មួយអ្នកចង់ស្រី ។
មួយអ្នកក្រមាច់លេងផោមលេងអាច់ច្រើនអាយុខ្លី
ប្រកាច់ដាច់លក្ខណ៍ជាន់អារក្ខព្រៃមួយគឺមន្រ្ដី
ធ្វើក្រមជំទប់ ។
៨៥ - ជំទយតែដើរមេស្រុកគេប្រើទាំងថ្ងៃទាំងយប់
មានមួកខ្វះឆ័ត្រកំរមានគ្រប់មួយទៀតកុំភប់
ជួញប្រាំប្រការ ។
ប្រាកដជាខុសលក់សត្វទាំងរស់មិនចេះអនិច្ចា
សព្វសត្វអ្វីៗបក្សីបក្សាព្រាត់មេព្រាត់បា
ទេវតាលោកលក់ ។
លោកិយនេះខ្សត់យម្ភបាលគេកត់នៅស្ថានរក
មួយហួយអាប៉ោងប៉ោបៀគ្រប់មុខកូនអើយចាំទុក
ក្រគ្រប់ប្រាំបី ។
ឯអ្នកទាំងអស់រកស៊ីម៉េះម៉ស់ច្រើនជាងស្រីៗ
ប្រាជ្ញានោះវែងគំនិតនោះខ្លីប្រពន្ធជេរស្ដី
អាងឈ្លោះបំពាន ។
នេះពូជអ្នកក្ររស់ទាំងត្រដរទាំងអត់ទាំងឃ្លាន
ធ្វើគុណនឹងគេរកគេសងគ្មានហេតុនេះកុំរៀន
ទាំងប្រាំបីផ្លូវ ។
៩០ - យ៉ាងអ្នកនេសាទមិនដែលសង្វាតធ្វើស្រែបានស្រូវ
ប្រព្រឹត្ដសាងកម្មប្រចាំរដូវវង្វេងខុសត្រូវ
ព្យាយាមសម្លាប់ ។
អន្ទាក់ជង់កុកអង្រុតឈ្នាងឈ្នក់គ្រប់គ្រឿងប្រដាប់
ថ្លុកបៀត្រពាំងទប់បាំងបាចចាប់ចោលស្រូវកណ្ដាប់
កណ្ដុរកាត់អស់ ។
កំពប់ខ្ចាត់ខ្ចាយខូចខាតអន្ដរាយមិនស្ដាយស្រណោះ
យប់រវល់ប្របក់ចង់បានត្រីរ៉ស់ខែភ្លឺរវល់ឆ្លុះ
ដើរដេញសំពោច ។
វក់តែសប្បាយដើរដេញទន្សាយដើរចងសន្ទូច
អំពើអស់នោះច្រើនខ្វះស្រូវពូជធ្វើបានតិចតួច
អាងជឿគេស៊ី ។
កូនអើយបំណុលចងការជឿបុលមួយឡើងជាពីរ
អ្នកភ្លេងអារក្ខច្រើនទឹមគោញីធ្វើស្រែមួយពីរ
ធ្វើសោះតែខាន ។
៩៥ - ថ្ងៃដេកក្រភ្ញាក់យប់លៀងអារក្ខឈឺឆ្អាលសន្ដាន
គេស្ដីគេពឹងនឹងឈប់មិនបានគេរករាប់អាន
កាលមានធុរៈ ។
ផ្លុំប៉ីកូតទ្រស្រែកច្រៀងវាយស្គរមិនបានលុយកាក់
ឯងពឹងគេវិញគេគ្មានជំពាក់ពឹងបានម្នាក់ៗ
ដោយសារឲ្យថ្លៃ ។
ឡើងត្នោតភ្ជួរស្រែកំរទាន់គេដ្បិតដេកដល់ថ្ងៃ
ច្រូតកាត់ចង់ឆាប់ជួលគេពេញថ្លៃចំណេះចង្រៃ
នាំខាតធ្វើការ ។
ឯខ្មោចអារក្ខស្លាប់ដប់រស់ម្នាក់ថ្វាយចេកថ្វាយស្រា
សំពះនឹកគុណខ្មោចប្រេតដូនតាមិនដែលអ្នកណា
នឹកគុណអ្នកភ្លេង ។
ឯអ្នកប្រមឹកប្រមូលកនផឹកធ្វើភឿននឹងក្មេង
សំដីច្រើនតឹងស្រវឹងវង្វេងចំហរអួតក្អេង
មិនចេះក្រខ្សត់ ។
១០០ - អួតទាំងបំពានផឹកម្ង៉ៃលុយមានផឹកម្ង៉ៃលុយអត់
ឯងចេះតែកិនចិនគិតតែកត់ផឹកដល់កំណត់
យកស្រែបញ្ចាំ ។
សល់ថ្នាលមួយពីរវាយគោស្ងោរស៊ីមិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់អត់បាយរាប់ឆ្នាំអស់ស្រែបញ្ចាំ
បញ្ចាំកូនទៀត ។
កំណើតផឹកស្រាផឹកផុតមេត្ដាផឹកជ្រុលហួសមាឌ
អ្នកមួយផឹកស្ទើរល្ងីល្ងើចេះឆ្លៀតម្យ៉ាងផឹកផុតមារយាទ
ច្រើននៅខ្ញុំចិន ។
រែកទឹកពុះឧសវាទុញវាតុះចាក់កែវផឹកសិន
ស៊ូរែកខំអត់សំពត់ខើចក្បិនទម្រាំបាយឆ្អិន
ចិនដួសហៅស៊ី ។
ឆ្ងាញ់តែម្នាក់ឯងឆ្អែតហើយខំស្វែងខំលើកខំលី
ដងទឹកស្រោចគ្រប់ស្រោចខ្ទឹមម្ទេសជីខ្ញុំចិនម្ង៉ៃពីរ
វិលទៅរវាំងផ្ទះ ។
១០៥ - ឯអ្នកចង់ស្រីប្រពន្ធពីរបីថាឯងអ្នកណាស់
គន់ឯសំពត់តែមួយបន្លាស់ពាក់អាវបំណាស់
កំរមានថ្មី ។
ផ្ទះលេចវាលល្វឹងជញ្ជាំងចងហ៊ឹងស្លាធ័របាយសី
ខួចប្រេងក្រមួនម្លូស្លាបារីកំលោះពីរបី
ចោមរោមរៀនស្នែហ៍ ។
រៀនស្នាលរៀនស្និទ្ធកើតក្ដីពីក្ដិតព្រួយចិត្ដម៉ែឪ
កូនអើយប្រពន្ធអាងមន្ដពូកែត្រូវគុករាប់ខែ
អស់ស្រែត្រពាំង ។
ធម្មតាប្រពន្ធបានដោយសីលមន្ដដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែកបានវែកខ្វះឆ្នាំងបានល្អីកន្ដាំង
នៅខ្លះចង្អេរ ។
បាននេះខ្វះនោះក្រហេតុពីព្រោះអាពុកម្ដាយជេរ
បើចូលជំនុំមិនរម្យដូចគេអង្គុយវេះវេរ
មិនហ៊ានហាលមុខ ។
១១០ - នេះពុតអ្នកក្រចាំជាតំណតជាទំនុក
ប្រយ័ត្នដំនៀលគេដៀលអាពុកកូនអើយចាំទុក
ចាំតកូនចៅ ។
រក្សាពូជពង្សបើខ្លួនល្ងឹតល្ងង់ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញកុំខ្លាចអ្នកខ្លៅបើមនុស្សឆោតឆៅ
កូនឯងកុំភប់ ។
កុំភ័យខ្លាចអត់មើលឲ្យប្រាកដគួរយកគួរឈប់
គួរឈានគួរឈោងតោងមើលឲ្យគ្រប់កុំចេះតែងប់
មិនស្ដាប់ឪម៉ែ ។
រកប្ដីប្រពន្ធឲ្យគិតឲ្យគន់ឲ្យមើលថួនថែ
ត្រកូលក្រខ្សត់ប្រាកដតាមខ្សែបីដូចឈើផ្លែ
មិនដែលចេះក្លាយ ។
ជូរផ្អែមធំតូចដើមក្រូចផ្លែក្រូចដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់មិនអត់សាហាយពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន ។
១១៥ - រើសពូជមិនខុសពូជសាំងនិងប្រុសទាំងអស់បងប្អួន
ពូជសែនមេបាពីតាដល់ដូនពូជល្អសុទ្ធសូន្យ
ពីដូនដល់ចៅ ។
រករូបមិនក្រអាក្រក់ហើយសមារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាសប្រដូចតាមផៅចាស់ចង់ប្រដៅ
មិនសូវខុសខាន ។
ពាក្យចាស់លោកថាធ្វើស្រែចំការស្ដាប់មហាសង្រ្កាន្ដ
ធ្វើម្ដងខុសខាតធ្វើម្ដងទៀតបានធ្វើតាមប្រមាណ
ប្រមើលទឹកភ្លៀង ។
រកប្ដីប្រពន្ធឲ្យគយឲ្យគន់រើសរករូបរាង
ពូជថ្លៃល្មមយកពូជថោកល្មមវាងរូបល្អឫកល្អៀង
នាងកុំប្រសព្វ ។
ជាតិស្រីនិងប្រុសបើបានជាខុសខុសទាល់ថ្ងៃងាប់
បើបានរូបល្អកំរមានភ័ព្វមានខុសមានគាប់
ដូចស្រែចំការ ។
១២០ - មួយទៀតអ្នកចាំអាពុកចំណាំទុកជាតំរា
កុំយកតំរាប់កុំស្ដាប់អាចារ្យបើនឹងរៀបការ
កុំការប្រធួន ។
ប្រជែងវេលាឮស្គរឆ្លើយគ្នាប្រទប់ប្រទួន
ស្រុកជិតភូមិផងរបងដោយខ្លួនអាចារ្យអាងក្បួន
ថាសុខសប្បាយ ។
កូនអើយអ្នកចាំយូរណាស់៤ឆ្នាំព្រាត់ប្រាស់អន្ដរាយ
ច្រើនស្លាប់បីនាក់រស់ម្នាក់មេម៉ាយកូនឃើញតែម្ដាយ
មិនឃើញអាពុក ។
មានកាលស្លាប់ស្រីស្លាប់ចោលកូនខ្ចីប្ដីនៅរងទុក្ខ
យកប្រពន្ធទៀតកំរពេញមុខកូននិងអាពុក
បែកគ្នាខ្ចាត់ខ្ចាយ ។
កូនចៅស្រីៗបើនឹងយកប្ដីកុំយកពោះម៉ាយ
សូវនៅម្នាក់ឯងបន្លែងនឹងម្ដាយអាណិតរូបកាយ
ស្ដាយខ្លួនក្រមុំ ។
១២៥ - ហៅប្រុសអភ័ព្វប្រពន្ធដើមស្លាប់មានកូនតូចធំ
យកឯងជាចុងបំរុងតែយំច្រើនឈ្លោះជំនុំ
ព្រួយចិត្ដម៉ែឪ ។
ហៅប្រុសចិត្ដពីរពិបាករកស៊ីរញាំរញ៉ូវ
ឯងនឿយស្ទើរស្លាប់ផ្គាប់ចិត្ដមិនត្រូវបីបួនរដូវ
ខ្លួនឯងស្លាប់ទៀត ។
ចង្រៃខាងប្រុសកូនអើយចាំចុះកុំយកខ្លួនបៀត
ស្រីណាខំយកស្រីនោះបង់មារយាទប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជាបី ។
យកទៀតជាបួនគ្រោះដល់ស្លាប់ខ្លួនមេម៉ាយខាងស្រី
ប្រាកដមិនខុសប្រុសក្នុងលោកិយស៊ូនៅអត់ប្ដី
ស្លាប់រស់រូបមួយ ។
បើខ្លួនកំព្រារំពឹងមីងមារកស៊ីមិនព្រួយ
កាន់មារយាទល្អមិនក្រគេជួយបងប្អូនកូនក្មួយ
រត់ចូលឲ្យប្រើ ។
១៣០ - ពោះម៉ាយមានបីកុំយកធ្វើប្ដីមិនគាប់ប្រសើរ
អាមួយស្រីលែងស្រីគេគ្រាន់បើពោះម៉ាយក្លាយដើរ
អាងលែងប្រពន្ធ ។
ពោះម៉ាយទាំងអស់កុំយកឲ្យសោះហៅប្រុសទូរជន
ទូរជាតិអប្រិយស្រីកើតទុក្ខធ្ងន់ហៅមួយជំនាន់
ចំណាំមិនខុស ។
កំលោះចាស់យូរចាស់ទុំគេប្ដូរល្មមព្រមយកចុះ
រកស៊ីមានបានសុខសាន្ដឥតឈ្លោះចំរើនរូបរស់
អាយុយឺនយូរ ។
កុំយកប្ដីប្អូនថោករាសីខ្លួនរកស៊ីមិនធូរ
គេហៅឯងធំសមហៅគេពូច្រើនខ្ជិលមូទូ
ម៉េះម៉ស់នឹងល្បែង ។
វាច្រើនមើលងាយហៅស្ដីនិយាយហៅហងហៅឯង
ខ្លួនយើងជាស្រីស្រដីឥតក្រែងយល់គេប្អូនឯង
ឯងមើលងាយជេរ ។
១៣៥ - ពាក្យចាស់លោកចងប្ដីទុកស្មើបងប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃចង្រៃរាល់ខែរកស៊ីធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ ។
គួរយកប្ដីបងពាក្យចាស់លោកចងទុកប្ដីស្មើឪ
ខ្លួនឯងប្រមាថប្រតិបត្ដិឲ្យត្រូវរាសីគង់នៅ
ទេព្រិក្សរក្សា ។
ប្រពន្ធនិងប្ដីធំស្រេចនឹងស្រីគត់គង់ភរិយា
ឈ្លោះហើយច្រើនខ្សត់ស្រីអត់លក្ខិណាប្ដីខ្ជិលឧស្សាហ៍
ព្រោះឫកប្រពន្ធ ។
ជាតិស្រីមានលក្ខណ៍ទេវតាពុំនាក់កបកើតទ្រព្យធន
ប្រទេចជេរវាយចង្រៃទូរជនជួរជាតិលើសលន់
លើសលុបលើប្រុស ។
ហៅកាឡកិណីវាយកូនជេរស្ដីមិនដឹងត្រូវខុស
បើមានភ្ញៀវមករឹតរករឿងឈ្លោះអសោចសាយសុស
រង្គោះធនធាន ។
១៤០ - រកស្រីមារយាទខ្ពស់ចេះខ្ពើមពាក្យឈ្លោះចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាចចេះខ្លាចចេះហ៊ានចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា ។
កូនចៅស្រីប្រុសចំណាំទុកចុះទុកជាតំរា
គួរយកតំរាប់គួរស្ដាប់ពុទ្ធដិកាព្រះអង្គទេសនា
គាថាបួនបទ ។
រៀនត្រាប់អ្នកប្រាជ្ញបើចង់ឈ្នះកាចយកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹងឲ្យប្រឹងខំអត់វាជេរវាហត់
វាស្បថលែងខឹង ។
ចង់ឈ្នះអសុរោះស្ដីលេងឡេះឡោះកុំធ្វើជាដឹង
យើងស្ដីត្រង់ណាឲ្យចំត្រង់ហ្នឹងឃើញឫកយើងរឹង
ខ្លាចយើងខាងក្រោយ ។
ចង់ឈ្នះកំណាញ់ក្រដេក្រដាញ់សុំអ្វីមិនឲ្យ
បើបានចំណីហុចវាញយៗតិចដោយច្រើនដោយ
ក្នុងតែវាដឹង ។
១៤៥ - នេះមន្ដព្រះពុទ្ធប្រាជ្ញាឲ្យមុតឲ្យគិតថ្លែងថ្លឹង
កុំកាចខុសខ្នាតកើតខាតដ្បិតខឹងកូនអើយខំប្រឹង
កាន់ច្បាប់ទាំងបួន ។
កុំជួញរវល់កុំតបតទល់កើតទាស់គុំគួន
កូនណាកាន់បានកូននោះសុខខ្លួនទោសទាស់លែងជួន
លែងជួបមួយជាតិ ។
បើមនុស្សរែកទូលមកនៅចំណូលញ៉េះញ៉ាស់ធ្វើញាតិ
ឲ្យមើលលៃលកកុំយកខ្លួនបៀតវាទូលទៅទៀត
អសារឥតការ ។
ចំណីចំណុកបើឲ្យស៊ីចុកឲ្យដោយមេត្ដា
កុំឲ្យជឿខ្ចីក្រែងខុសសន្យាកើតទាស់កាលណា
រើរែករត់បាត់ ។
មនុស្សគ្មានកន្លែងខុសពីមារយាទឯងមិនប្រុងប្រយ័ត្ន
តាមទាន់តឹងទារវាខឹងក្ដៅក្ដាត់គុំគួនដោយស្ងាត់
បំភ្លាត់ឯងបាន ។
១៥០ - ហេតុនេះគួរគិតគួរកូនពិនិត្យច្បាស់សុំរាប់អាន
គួរឲ្យសុំឲ្យគួរខានឲ្យខានត្បិតពាក្យបុរាណ
មានពីរចំណែក ។
ចងទុកជាក្បួនចិត្ដល្អក្រខ្លួននេះពាក្យមួយប៉ែក
មួយទៀតចិត្ដល្អមិនក្រយូរពេកឆ្នាំនេះឆ្នាំ(ស្អែក?)
ក្នុងតែនឹងមាន ។
ចិត្ដល្អក្រខ្លួនចាំទុកជាក្បួនជាក្បាលនិទាន
ឃើញអ្នកទុរគតកំសត់អត់ឃ្លានមិនស្គាល់ពោះវៀន
ហ៊ានឲ្យជឿខ្ចី ។
ទៅទារមិនឲ្យតឹងតឿនញយៗខឹងប្ដឹងកើតក្ដី
ខាតទាំងទ្រព្យចាស់អស់ទាំងទ្រព្យថ្មីស្គមគោក្របី
រវល់ក្ដីខាន់ថែ ។
ចិត្ដល្អមួយទៀតមេត្រីជាញាតិសំដីខ្ចីស្រែ
បានស្រូវស៊ីស្កប់ត្រលប់កាច់កែរំលងឆ្នាំខែ
ដកហូតមិនបាន ។
១៥៥ - ឯងប្ដឹងវា តក្ដីទាល់តែក្រអស់ឆ្នាំងអស់ចាន
របស់ក៏ខាតរបរក៏ខានដឹងអស់ប៉ុន្មាន
ទម្រាំចាញ់ឈ្នះ ។
ទ្រព្យធនអ្វីៗចងការជឿខ្ចីមើលមុខឲ្យច្បាស់
កុំចោលច្បាប់ខ្មែរកុំភ្លេចច្បាប់ព្រះតាមតែប្រទះ
ប្រទាញសងខាង ។
ចាំចិត្ដកណ្ដាលបើនឹងឈឺឆ្អាលសប្បុរសមើលយ៉ាង
រៀនស្លូតរៀនប្រាជ្ញកាចកុំក្អេងក្អាងក្រែងគ្រោះសំណាង
ខ្មោចខាងវាស្អប់ ។
ល្អមិនក្រយូរស្វែងរៀនរកគ្រូស៊ូកុំស្ដាយទ្រព្យ
គ្រូវាយកុំខឹងឲ្យប្រឹងខំផ្គាប់ចេះមន្ដសាយសព្វ
ត្រលប់ជាមាន ។
ធម្មតាអ្នកចេះអ្នកស្វែងចំណេះចេះដ្បិតខំរៀន
ឆ្លាក់គូរក្បូរក្បាច់សាច់សិល្ប៍របៀនអ្នកខ្សត់អត់ឃ្លាន
ព្រោះចិត្ដអាក្រក់ ។
១៦០ - ខូចខិលល្ងង់ខ្លៅគ្រូជេរប្រដៅខឹងលបសំលក់
របេញរបុញភូតភរកុហកស៊ូប្លន់លួចឆក់
មិនខំធ្វើស្រែ ។
អ្នកប្លន់អ្នកលួចឆក់បានតិចតួចបានគ្រាន់បើដែរ
ដល់គេឃើញមុខត្រូវគុកច្រើនខែអាក្រក់ដល់ម៉ែ
ខូចកេរ្ដិ៍ដល់ឪ ។
ចង់ខ្ពស់បានទាបចចើងចង់លាភរែងបាត់ធនទៅ
ពាក្យពីបូរាណលោកអានតំរូវឫកមនុស្សឥឡូវ
ត្រូវតាមតំរាយ ។
អ្នកលួចអ្នកប្លន់ចង់បានប្រពន្ធចេញជួញស្រុកឆ្ងាយ
ទិញងារមេស្រុកសូកធ្វើចៅហ្វាយចង់ថ្កើងសប្បាយ
ចាយប្រាក់រាជការ ។
ឆបាំងបំបាត់លួចបានដោយស្ងាត់អាងមានប្រាជ្ញា
ក្រលេកថ្នាំងដៃកាលៃបោះត្រាទាស់ភ្នែកទេវតា
រក្សាផែនដី ។
១៦៥ - មួយទៀតទូរជនធ្វើបាបបានបុណ្យគឺបុណ្យមន្រ្ដី
ទោសទៅចងចាប់កាប់ឥតប្រណីបានបុណ្យមន្រ្ដី
ព្រោះបុណ្យធ្វើបាប ។
អំពើទាំងអស់កុំសាងឲ្យសោះចៀសវាងដរាប
កាន់សីលព្រះពុទ្ធឱនលុតឱនក្រាបបើក្រដុនដាប
មានទេវតាជួយ ។
កូនអើយទេវតាស្ថិតសព្វព្រឹក្សារងោករងួយ
មនុស្សទ្រូស្ដឫ្យាឯណានិមួយទេវតាពុំជួយ
ចំណាំស្គាល់មុន ។
មិនដែលកំបាំងរាជការបារាំងគេចាប់ដាក់គុក
ដល់ខ្លួនស្លាប់ទៅនៅរងសោយទុក្ខសោយទោសនរក
ទាំងពីរកន្លែង ។
នរកបារាំងមានខ្សោយមានខ្លាំងមានខ្លីមានវែង
នរកយម្ភបាលគេផ្ចាលឥតក្រែងព្រះអង្គសំដែង
ថាលានកោដិឆ្នាំ ។
១៧០ - ហេតុនេះគួរវាងគួរចាលគួររាងគួរចងគួរចាំ
គួរកុំធ្វើបាបដរាបខ្លាចកម្មគួរកាន់សីលប្រាំ
បណ្ដាំសាសនា ។
ហៃកូនចៅអើយក្រលាប់អស់ហើយមិនដូចដូនតា
ភ្លៀងជនខែប្រាំងរាំងខែវស្សាឆ្នាំវករកា
ត្រីស័កនេះឯង ។
រនោចផល្គុនរកាពីមុនឯកស័កជាក់ស្ដែង
ក្នុងខ្នើតផល្គុនជនគ្រប់កន្លែងទាំងគេទាំងឯង
ធ្វើស្រែមិនបានផល ។
ឆ្នាំរោងឆស័កវិសាខភ្លៀងធ្លាក់ពីររោចសំគាល់
យប់ថ្ងៃអាទិត្យងងឹតព្យុះខ្យល់ភ្លៀងជន់ពេញថ្នល់
ពេញវាលតូចធំ ។
ពេញអូរពេញជ្រោះដើមឈើទាបខ្ពស់រលុះរលំ
ឫ្សីស្រុកយើងរលើងទាំងគុម្ពទើបគ្រាប់វាផ្ដុំ
ផ្ដួចដុះជាថ្មី ។
១៧៥ - ឆ្នាំចកុរជូតរាំងរីងរហូតគ្រប់ឆ្នំាទាំងបី
កើតទាំងជំងឺស្លាប់មនុស្សប្រុសស្រីខាលថោះអស់ភ័យ
ធ្វើស្រែស្រូវបាន ។
ភ្លៀងឆ្នាំម្សាញ់រលីងក្បាលក្រាញ់ត្រូវតាមបុរាណ
កត្ដឹកជន់វាលរាលសព្វស្មសានអ្នកស្ទឹងប៉ុន្មាន
រលួយស្រូវអស់ ។
ដាច់ថ្នល់ខានដើររាជការគេប្រើទាំងចាស់កំលោះ
មមែរងកម្មបញ្ចាំកេរ្ដិ៍កោះគ្មានអ្វីស៊ីសោះ
ដាច់ពោះក្សិណក្ស័យ ។
ខែចែត្រឆ្នាំវកស្រលះពពកកើតមានសម័យ
ជាហេតុអស្ចារ្យសុរិយាល្ងាចថ្ងៃឧត្បាតង្រៃ
ឃើញសត្វអ្វីហោះ ។
ពីជើងទៅត្បូងចាស់ក្មេងមើលច្រូងបានឃើញទាំងអស់
មើលមិនស្គាល់ជាក់ធ្លាក់ចំចន្លោះបាត់ឈឹងសូន្យសោះ
មិនដឹងទៅណា ។
១៨០ - កាលមុននោះមកខែបុស្សឆ្នាំវកលែងមានប្រាជ្ញា
មានតែមេស្រុកវាស់បែងក្រឡាដីមួយហិតា
ត្រូវសែសឹបថាំង ។
រង្វាន់មេស្រុកត្រូវហូតមួយទុកដប់ជូនបារាំង
ទៅដល់ប៊ុយរ៉ូបង្ហូរដាក់ឃ្លាំងពូជពីរកន្ដាំង
ក៏ជាប់ពន្ធដែរ ។
គ្មានធូរគ្មានតឹងកូនអើយខំប្រឹងជាតិឯងជាខ្មែរ
ក្មេងប្រុសជំទង់នៅក្នុងឪម៉ែរាជការប្រិតប្រែ
ថាឲ្យបង់ប្រាក់ ។
កូនចៅប្រុសស្រីកើតមកលើដីខំរកលុយកាក់
បានហើយប្រឹងខំផ្សំគ្នាទុកដាក់គ្រាន់ទិញស្លៀកពាក់
បង់ថ្លៃរាជការ ។
ភទ្របទឆ្នាំចចាប់គោខ្មៅសដុតដែកបោះត្រា
ដល់កុរជូតឆ្លូវតំរូវយ៉ាងណានឹងកើតអស្ចារ្យ
រហូតរាល់ឆ្នាំ ។
១៨៥ - នគរថ្កើងប្លែកសប្បាយតែភ្នែកក្នុងចិត្ដរងកម្ម
កូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំកប្បាសសូត្រថ្នាំ
ត្រីម៉ាំលែងថោក ។
ដូងស្លាអំពៅអំបិលស្ករស្រូវមានទៅមានមក
មានចុះមានឡើងរាស្រ្ដយើងល្មមយកល្មមរេលៃលក
គួរយកគួរខាន ។
កប្បាសនិងថ្នាំគួរដាស់ដីដាំធ្វើដៃឯងបាន
កុំអាងខ្ជិលពេកកុំដេកឈប់ខានកុំចោលបុរាណ
ម៉ែឪដូនតា ។
ដីកេរគរគោកកុំអាងខ្ជិលជោកទៅឈ្ងោកចិនផ្សារ
កូនចៅស្រីៗខំរៀនធ្វើការបើគ្មានប្រាជ្ញា
មានមាត់ចេះស្ដី ។
ឲ្យសួរចាស់ៗរៀនបោះកប្បាសថ្ពេចមូរសំលី
រៀនកូតរៀនការត្រសារពាត់រវៃហូលគោមគាតក្ដី
កុំបីចន្លោះ ។
១៩០ - រៀនថ្កររៀនត្បាញឲ្យចាស់បង្ហាញបង្ហាត់ទាំងអស់
សំពត់បែបងាយលាយសូត្រអំបោះកុំទិញគេសោះ
ឈ្មោះការជាស្រី ។
ទិញដូរតែលាក់អញ្ជុលចេសចាក់ព្រហូតជាបី
ធ្មេញឈើឈ្នាន់ផ្សំក្ដារមូរក្ដារកីត្រល់ខ្នារឫ្សី
មុខប្ដីជាប្រុស ។
តាំងពីឆ្នាំចការអ្វីក្រៗខំរៀនទៅចុះ
ទាន់មានចាស់នៅស្គាល់ត្រូវស្គាល់ខុសចាស់ស្លាប់រលស់
គ្មានមនុស្សចេះដឹង ។
រកស៊ីឲ្យញឹកដេកយប់រលឹករឹតក្បិនឲ្យតឹង
បើភ្ញាក់កាលណាកាន់ការកាលនឹងកូនអើយខំប្រឹង
ទាំងប្រុសទាំងស្រី ។
រមៀតស្លឹកគ្រៃជីរម្ទេសខ្ទឹមខ្ញីមានដីដាំចុះ
ដាំដើមអ្វីៗចំណីគ្រប់ឈ្មោះគ្រឿងស៊ីឆ្អែតពោះ
ជុះចោលទទេ ។
១៩៥ - ជុះទិសខាងជើងជុះដាក់ដីយើងកុំជុះដីគេ
កុំជុះដាក់ផ្លូវត្រូវមាត់ក្មេងជេរដីសល់ទំនេរ
ល្មមមាត់ជុះទៅ ។
សក់មួយជាដប់ជ្រៀតសិតឲ្យសព្វកុំឲ្យសល់នៅ
បើប្រាជ្ញារាក់ចាក់ចិត្ដឲ្យជ្រៅដាំចេកអំពៅ
ដូរស្រូវអង្ករ ។
កើតមកជាមនុស្សមួយព្រួយចង់រស់មួយព្រួយចង់ល្អ
ពីនេះជាធំវានាំឲ្យក្រចាំជាតំណ
តជាទំនុក ។
មនុស្សមារយាទមិនប៉ិនកូននៅខ្ញុំចិនព្រោះម្ដាយឪពុក
ធ្វើស្រែមិនត្រូវគ្មានស្រូវជង្រុកកូនអើយចាំទុក
នេះមុខមេក្រ ។
មេ១ជាធំកំលោះក្រមុំស្លៀកពាក់ចង់ល្អ
បើបានបែបខ្មៅថានៅបែបសទើបគ្រាន់អន់ក្រ
ត្រដរចង់ថ្កើង ។
២០០ - ក្រលាប់នគររឹងរឹតកើតចោរច្រើនឡើងច្រើនឡើង
ពាលរឹងក្រអើតចើតម៉ើតចើតម៉ើងក្រដាស់យ៉ាងស្ដើង
ចាយរហែកនៅដៃ ។
ប្រាក់ចាយអស់ទៅព្រោះមនុស្សឥឡូវឧត្បាតចង្រៃ
ជាតិខ្មែរប្រែភេទក្រលែតក្រលៃក្រលាស់សាសន៍សៃយ
សព្វសត្វនានា ។
ជាតិខ្មែរប្រែខុសស្រីក្លែងធ្វើប្រុសប្រុសក្លែងធ្វើជ្វា
យកប្ដីប្រពន្ធមិនស្គាល់មីងមាបុណ្យទានការងារ
កាប់គ្នាឥតក្រែង ។
ល្ងង់ឫកធ្វើចេះគោចងត្រដោកសេះប្រុសៗដុះស្នែង
ស្រីពាក់អាវខ្លីប្រុសពាក់អាវវែងសារុងហៀរកែង
ធ្វើឯងអ្នកគ្រាន់ ។
កាន់ចិត្ដសីហលោសេះទឹមនឹងគោចាក់ហ៊ោលាន់ៗ
រកស៊ីមួយថ្ងៃចង់បានមួយពាន់បរគោជល់មាន់
ចាក់កាប់ជាប់គុក ។
២០៥ - រីល្បែងបៀប៉ោច្រើនទៅជាចោរប្រកាសហាមទុក
ចូរកូនប្រយ័ត្នប្រយោជន៍ទៅមុខចាំជាទំនុក
ដំណកូនចៅ ។
អ្នកកុំប្រហែសរាជការនិរទេសកំចាត់ចេញទៅ
រាជការអាណិតខំប្រិតប្រដៅកុំលោភល្ងង់ខ្លៅ
ថោកផៅត្រកូល ។
ប្រយ័ត្នក្រែងក្រផ្លូវច្បាប់ល្អៗអ្នកខំប្រមូល
ផ្លូវវៀចអាក្រក់អ្នកកុំដើរចូលហៅផ្លូវមិនស្រួល
លង់ផុតគំនិត ។
ដើរផ្លូវកណ្ដាលស្រលាញ់ស្និតស្នាលឈឺឆ្អាលដោយពិត
មគ្គផលសីលទានឈានចូលឲ្យជិតយកធម៌ជាមិត្រ
មិនឥតអំពើ ។
មនុស្សម្នាក់ច្រើនឆោតច្រើនគ្មានគេកោតឈឺគ្មានគេមើល
ស្លាប់ឥតគេព្រួយគេជួយទាំងស្ទើរមិនដែលឡើងលើ
ច្រមុះចុះក្រោម ។
២១០ - កូនចៅស្រីៗក្រមុំសាវខ្ចីរៀនឆោតឲ្យល្មម
ប្រុសស្មើម៉ែឪឆូវឆប្រលោមមើលរូបមើលឆោម
កុំព្រមដោយងាយ ។
កុំក្និចក្នក់ក្នាញ់បើចិត្ដស្រលាញ់កុំចេញនិយាយ
បើស្អប់កុំប្ដឹងបើខឹងកុំធ្លាយកុំរោះកុំរាយ
កុំងាយធ្វើស្និទ្ធ ។
កុំដើរប្រាប់គេកុំអាងអួតជេរក្រែងប្រុសឈឺចិត្ដ
នៅឲ្យតែនឹងកុំរវល់ធ្វើស្និទ្ធប្រុសនឹងអាណិត
គិតចូលដណ្ដឹង ។
បើម៉ែឪឲ្យមើលមុខមើលក្រោយអាក្រក់ខ្មៅឆ្អឹង
ប្រកែកដោយស្ងាត់កុំខ្លាចម្ដាយខឹងកើតកូនមកតឹង
ពិបាកចាយណាស់ ។
កុំឃ្លានចំណីកុំខ្លាចអត់ប្ដីកុំភ័យខ្លាចចាស់
មើលមុខឯងផងកុំរើសឥតខ្មាសខ្លួនល្អស្រលះ
មិនខ្វះគេស្ដី ។
២១៥ - បើបានជាខូចទាន់ផើមនៅតូចខែពីរខែបី
រវៀសឆ្លើយប្រញាប់ប្រាប់គ្នាស្រីៗកុំលាក់ធ្វើអី
ក្នុងតែគេដឹង ។
កុំមាយាបេះក្រូចមារយាទចេះតែខូចមាត់ចេះតែខឹង
គេថាត្រង់ណាជេរគេត្រង់ហ្នឹងជេរហើយខំប្រឹង
យកថ្មសង្កត់ ។
រំលាយរំលូតអាក្រក់តែគូទអួតល្អតែមាត់
មានគេឃើញច្បាស់ម្នះរឹងហ៊ានស្បថទោសនេះនឹងភ្លាត់
ធ្លាក់ទៅអវចី ។
ចោរកាចល្ងង់ខ្លៅប្រាជ្ញប្រាមប្រដៅហៅបារាជិកស្រី
មេបាគេកាច់ស្លាប់ពីរស្លាប់បីរំលូតកូនខ្ចី
ស្មើរំលាយព្រះ ។
មានកាលមានក្ស័យខ្វិនជើងខ្វិនដៃកខ្វេះកខ្វាស
ខ្វាក់ភ្នែកអន្ធការអនិច្ចារូបណាស់អាក្រក់កេរ្ដិ៍ខ្មាស
តកូនតចៅ ។
២២០ - អសោចសុសសាយសុសសព្វដល់ម្ដាយដល់ពូជពង្សផៅ
ស្លាប់ទៅរងទុក្ខនរកឋានក្រៅគេស្រុះទឹកក្ដៅ
ស្លាប់ទៅរស់ទៀត ។
ស៊ីខ្ទះឈាមឯងព្រះអង្គសំដែងថាម៉ឺនសែនជាតិ
ឡើងមកជាប្រេតហេតុកម្មមិនឃ្លាតអត់ឃ្លាតគ្មានញាតិ
ហែកកូនឯងស៊ី ។
ព្រះពុទ្ធលែងប្រោសធម៌លែងសន្ដោសសោយទុក្ខវក់វី
ហេតុចិត្ដឫ្យាមិច្ឆាទិដ្ឋីកើតជាជ្រូកញី
គេគ្រៀវគេចាក់ ។
អសង្ខេយ្យឆ្នាំហេតុផលសេសកម្មកើតជាមនុស្សខ្វាក់
មនុស្សខ្វិនទ្រែមទ្រមជាគមជាគាក់ខ្ទើយឆ្កួតអបលក្ខណ៍
ជាអ្នកឥតប្ដី ។
បើម្ដាយជួយព្រួតជួយនាំរំលូតរំលាយកូនខ្ចី
នរកប្រេតព្រមគ្នាមិនឃើញរស្មីត្បិតចិត្ដតិរ្ថិយ
ទាំងម្ដាយទាំងកូន ។
២២៥ - ហេតុនេះគួរខ្លាចធម្មតាចោរកាចមិនដែលស្ងាត់សូន្យ
អសោចកេរ្ដិ៍ឈ្មោះទាំងអស់បងប្អូនមេបាតាដូន
កាត់កាលលែងរាប់ ។
គួរប្រុងអិរិយាកើតទាន់សាសនាហៅមហាមានភ័ព្វ
ទាំងស្រីទាំងប្រុសកុំបីឲ្យធ្លាប់គួរខំរៀនផ្គាប់
បរលោកលោកិយ ។
ឯខុសនឹងគាប់បើនឹងរៀបរាប់រាល់រូបប្រុសស្រី
គាប់ខុសនៅចិត្ដខុសគាប់នៅស្ដីគំរប់ជាបី
ខុសត្រូវនៅកាយ ។
កូនប្រុងប្រព្រឹត្ដការកេរ្ដិ៍ឲ្យជិតគំនិតឲ្យឆ្ងាយ
កើតមកជាខ្មែរកុំប្រែក្លែងក្លាយធម្មតាសប្បាយ
វាតែងឲ្យទុក្ខ ។
ឲ្យទោសឲ្យទែងទាស់តែម្នាក់ឯងដល់ម្ដាយឪពុក
រីឯរឿងទោសមានតែពីរមុខមួយនៅនរក
មួយនាលោកិយ ។
២៣០ - លោភោទោសោកើតពីមោហោរាល់រូបប្រុសស្រី
គួរកាន់មេត្ដាកតញ្ញូខន្ដីនេះជាបាលី
ទៅកាន់បរលោក ។
ពាក្យពិតប្រដៅឲ្យអស់កូនចៅប្រព្រឹត្ដរៀនយក
កូនណាមិនរៀនកូននឹងមារយាទថោកនឹងធ្លាក់ជ្រុលជ្រក
ក្នុងចតុបារាយ ។
ធំស្រេចនៅស្លូតសុខខ្លួនរហូតដរាបវែងឆ្ងាយ
ខន្ដីអំណត់សង្កត់ក្នុងកាយជាតិជនទាំងឡាយ
កំរកាន់បាន ។
ចេះហើយមិនដឹងចិត្ដនៅម្នះរឹងប្រឹងរកកម្មដ្ឋាន
រកធម៌មិនយល់ខ្ជិលខ្វល់ឈប់ខានបន្ទោសបុរាណ
ថាគ្មាននិស្ស័យ ។
រីបាបនិងបុណ្យមានចិត្ដជាមុនមាត់ជាបច្ច័យ
នាំចុះនាំឡើងពីជើងពីដៃសន្សំសព្វថ្ងៃ
ឈ្មោះហៅសំណាង ។
២៣៥ - កើតក្នុងលោកិយរាល់រូបប្រុសស្រីមានចិត្ដមានអាង
កុសលអកុសលប្រទាញសងខាងរូបនៅតេងតាង
តែងតាមទៅមក ។
មគ្គផលសីលទានបើល្ងង់ឲ្យរៀនបើគ្មានឲ្យរក
យល់ល្អសាងស្អាតសង្វាតជ្រៀតជ្រកជ្រើសរើសរៀនរក
រក្សារូបកាយ ។
នេះជាហៅច្បាប់ជាទីសណ្ដាប់សណ្ដានទាំងឡាយ
កូនចៅប្រុសស្រីកុំបីនឿយណាយសង្ខេបបរិយាយ
និដ្ឋិតំចែងចប់ ។
អ្នកព្រះភិរម្យអាចារ្យង៉ុយខ្ញុំបង្គំម្រាមដប់
លើសលស់ឆ្គាំឆ្គងរំលងពុំគាប់ពុំគួរសមសព្វ
សុសសាយសេចក្ដី ។
កាយកម្មវចីកម្មឈ្មោះច្បាប់បណ្ដាំកូនចៅប្រុសស្រី
ជាបរមត្ថក្រៅមិនហៅបាលីបរលោកលោកិយ
ទាំងពីរកន្លែង ។
២៤០ - បើលោកឯណាចេះចាំធម៌អាថិប្រាកដជាក់ស្ដែង
ឃើញខុសត្រង់ណាកុំថាជាល្បែងដ្បិតពាក្យខ្ញុំតែង
ឲ្យក្មេងវាភ័យ ។
មិនមែនភរភូតកុំថាខ្ញុំអួតប្រាជ្ញាខ្ញុំវៃ
ឃើញមនុស្សវង្វេងខ្ញុំតែងច្បាប់ថ្មីអស់អាថិសេចក្ដី
អេវំចប់ហោង ។

No comments