Breaking News

ព្រះបាទឧទ័យទី២ - ព្រះបាទអង្គនន្ទ - ព្រះបាទអង្គអេង - [Cambo Page - ខេមបូ ផេក]


ព្រះបាទឧទ័យទី២ - ព្រះបាទអង្គនន្ទ - ព្រះបាទអង្គអេង 

ព្រះបាទឧទ័យទី២ (១៧៥៨-១៧៧៥)៖ 

    ព្រះឧទ័យអង្គតន់ បន្ទាប់ពីបានធ្វើឃាតព្រះអង្គអ៊ីង និងឡើងគ្រងរាជ្យហើយ ទ្រង់ព្រះនាមថា ព្រះបាទឧទ័យទី២ ឬព្រះនារាយណ៍រាជាធិរាជរាមាធិបតី។ 

   ស្រុកឃ្លាំង និងព្រះត្រពាំងបានទៅយួន៖ ដើម្បីរកសេចក្តីសុខជាមួយយួនព្រះបាទឧទ័យទី២ ព្រះអង្គបានយល់ព្រមឲ្យយួនតាំងនៅស្រុកឃ្លាំង និងព្រះត្រពាំង (ត្រាវិញ)។ តែយួនរំលោភលើថែមទៀត នៅខេត្តផ្សារដែក (សាដិច) កោះតែង (គូឡៅយ៉ាង) និងមាត់ជ្រូក (ចូដុក)។ 

   ចម្បាំងនឹងព្រះអង្គនន្ទ៖ នៅឆ្នាំ១៧៦៩ ដោយព្រះបាទឧទ័យព្រះអង្គមិនព្រមនាំសួយទៅថ្វាយស្តេចសៀម ស្តេចសៀមបានបញ្ចេះព្រះអង្គនន្ទ ដែលជាព្រះរាជបុត្ររបស់ព្រះបាទឧទ័យទី២។ ចម្បាំងបានឡើងជាច្រើនលើកច្រើនគ្រា។ ឯខាងព្រះបាទឧទ័យមានជំនួយពីយួនជាកម្លាំង។ តែនៅទីបំផុត នៅឆ្នាំ១៧៧៧ ព្រះបាទឧទ័យទី២ ទ្រង់យល់ព្រមថ្វាយរាជ្យទៅព្រះអង្គនន្ទ ដើម្បីចៀសវាងចម្បាំង ដែលនាំឲ្យរាស្ត្រវេទនាកាន់តែខ្លាំង។ 

ព្រះបាទអង្គនន្ទទី២ (១៧៧៥-១៧៧៩)៖ 

   ព្រះអង្គនន្ទឡើងគ្រងរាជ្យហើយទ្រង់ព្រះនាមថា ព្រះអង្គនន្ទទី២ ឬព្រះអង្គនន្ទរាមា។ 

   ចម្បាំងនឹងយួន៖ កាលនោះ ប្រទេសតួនត្រូវពួកតាយសឹងបះបោរវាយ។ ក្នុងពេលនោះយួនបានសុំឲ្យខ្មែរជួយ។ ព្រះអង្គនន្ទទី២ ព្រះអង្គបានប្រកែកមិនយល់ព្រមជួយ។ បន្ទាប់មក យួនលើកទ័ពមក​វាយខ្មែររហូតដល់ភ្នំពេញ តែយួនត្រូវបរាជ័យថយទៅវិញ។ 

   មន្ត្រីក្បត់៖ នៅឆ្នាំ១៧៧៩ មាននាម៉ឺន៣នាក់ ឈ្មោះ វិបុលសួ មូ និងបែន ចូលដៃនឹងយួន ហើយបានធ្វើគតព្រះមហាក្សត្រ និងព្រះរាជបុត្រព្រះអង្គ៤អង្គទៀត។ បន្ទាប់មក មូ បានប្រកាសខ្លួនជា សម្តេចហៅហ្វាហើយលើករាជ្យថ្វាយទៅព្រះរាជបុត្រព្រះឧទ័យទី២ ព្រះនាមអង្គអេង។ 

ព្រះបាទអង្គអេង (១៧៧៩-១៧៩៧)៖ 


កាលនោះ ព្រះបាទអង្គអេងទើបនឹងមានព្រះជន្ម៦វស្សា។ សម្តេចព្រះចៅ ហ្វា មូ បានឡើងជារាជានុសិទ្ធ វិបុលសួជាក្រឡាហោម និងបែនជាយោមរាជ។ 

   យោមរាជបែន៖ ដោយទាស់នឹងសម្តេចមូ យោមរាជបែនរត់ទៅសៀម។ ក្រោយមកនៅឆ្នាំ១៧៨២ យោរាជបែន និងក្រឡាហោមសួ បានផ្សំគំនិតគ្នាសម្លាប់សម្តេចមូ។ លុះសម្លាប់សម្តេចមូបានហើយ យោមរាជបែនបាន សម្លាប់ក្រឡាហោមសួទៀត។ កាលនោះ ឧកញ៉ាអរជូន ជាស្តេចត្រាញ់នៅត្បូងឃ្មុំ លើកទ័ពមកចាប់យោមរាជបែន។ ដោយការតទល់មិនឈ្នះ យោមរាជបែនបានរត់ទៅសៀម ទៀត ដោយនាំទាំងព្រះរាជកុមារព្រះអង្គអេងទៅជាមួយផង។ 

   សៀមយកដីបាត់សំបង និងសៀមរាប៖ សៀមឍាំងព្រះអង្គអេង រហូតដល់ឆ្នាំ១៧៩៤ ទើបបើកឲ្យព្រះអង្គយាងមកកម្ពុជាវិញ។ ឯយោមរាជបែន សៀមតាំងជាចៅហ្វាយខេត្តបាត់ដំបង និងសៀមរាប ដែលសៀមយកធ្វើជារបស់ខ្លួននោះ។ 

ព្រះអង្គអេងសុគតក្នុងព្រះជន្មបាន២៥ព្រះវស្សា។ ព្រះរាជបុត្រព្រះអង្គ ព្រះនាមព្រះអង្គចន្ទសោយរាជ្យតពីព្រះអង្គមក។ 

សេចក្តីសង្ខេប៖ 

  ដើម្បីរក្សាសេចក្តីសុខជាមួយយួន ព្រះបាទឧទ័យទី២ ព្រះអង្គបានយល់ព្រមឲ្យយួនតាំងនៅស្រុកឃ្លាំង និងព្រះត្រពាំង។ តែយួនរំលោភយកបានថែមទៀត គឺខេត្តផ្សារដែក កោះកែង និងមាត់ជ្រូក។ ព្រះបាទឧទ័យដោយព្រះអង្គពុំព្រមចុះញ៉មនឹងសៀម សៀមបានលើកទ័ពមកឈ្លានពានជាច្រើនលើក ដោយបញ្ចេះឲ្យព្រះអង្គនន្ទមកដណ្តើមរាជ្យ។ នៅទីបំផុតព្រះបាទ ឧទ័យបានព្រមថ្វាយរាជ្យទៅ ព្រះអង្គនន្ទ។ 

   ក្នុងរាជ្យនៃព្រះអង្គនន្ទ យួនបានលើកទ័ពមកវាយខ្មែរ ព្រោះព្រះអង្គពុំព្រមជួយយួនក្នុងចម្បាំងនឹងពួកតាសឹង។ ព្រះអង្គបានសុគតដោយមានមន្ត្រី៣នាក់ឈ្មោះ សួ មូ និងបែន ក្បត់ចូលយួន ហើយធ្វើគតព្រះអង្គ។ បន្ទាប់មកបានលើករាជ្យថ្វាយព្រះអង្គអេង ហើយពួកក្បត់ទាំងបីនាក់បានឈ្លោះគ្នា ដោយបែនបានសម្លាប់ មូ និងសួបានហើយមិនហ៊ាននៅស្រុក ក៏នាំព្រះអង្គអេងរត់ទៅ ស្រុកសៀម។ សៀមឃាំងព្រះអង្គអេងនៅឯសៀម១២ឆ្នាំ។ សៀមយកបាត់ដំបង សៀមរាប ហើយដាក់បែនឲ្យត្រួតត្រាជាស្តេចក្រាញ់។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ PINIH PINOH





No comments