ព្រះបាទសត្ថាទី១ - សៀមវាយបន្ទាយលង្វែកបាន - [Cambo Page - ខេមបូ ផេក]
ព្រះបាទសត្ថាទី១
សៀមវាយបន្ទាយលង្វែកបាន
រជ្ជកាលព្រះបាទសត្ថាទី១ (១៥៦៧-១៥៧៤)៖
ព្រះបាទសត្ថាទី១ ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះបាទព្រះបាទបរមិន្ធរាជាឬព្រះបរមរាជា ហើយបានឡើងគ្រងរាជ្យនៅពេលដែលព្រះវិបិតារបស់ព្រះអង្គសុគតទៅ។ ក្នុងរជ្ជកាលព្រះអង្គ ខាងនយោបាយមានការឆ្គាំឆ្គងធំៗពីរ៖ មួយគឺការជួយសៀមក្នុងការវាយយកភូមា។ ពីរគឺការដែលព្រះអង្គដាក់រាជ្យដើម្បីព្រះរាជបុត្រដែលមានព្រះជន្មតិចពេក។
ព្រះបាទសត្ថាទី១ ជួយសៀមដើម្បីវាយភូមា៖ កាលនោះប្រទេសសៀមត្រូវពួកភូមាចូលរាតត្បាត ហើយសៀមក៏មកសុំខ្មែរឲ្យជួយ។ ព្រះបាទសត្ថាទី១ ព្រះអង្គបានចាត
ព្រះស្រីសុរិយោពណ៌ដែលមានព្រះរាជនាទីជាព្រះឧបរាជ និងជាព្រះអនុជរបស់ព្រះអង្គឲ្យលើកទ័ពទៅជួយសៀម។ ច្បាំងបានជោគជ័យលើភូមាហើយមិនត្រឹមតែមិនអរគុណនឹងជំនួយខ្មែរទេ ស្តេចសៀមបែជាហ៊ានប្រមាថមើលងាយព្រះឧបរាជ ព្រះស្រីសុរិយោពណ៌ ទុកដូចជាស្តេចចំណុះទៀតផង។
ដូច្នេះហើយទើបដល់ក្រោយមក មិនយូប៉ុន្មាន សៀមត្រូវភូមាវាយម្តងទៀត ខ្មែរក៏បានឆ្លៀឳកាសនោះលើកទ័ពទៅវាយសៀមក្នុងខេត្តខ្លះ។
ព្រះបាទសត្ថាទី ទ្រង់ដាក់រាជ្យដើម្បីព្រះរាជបុត្រព្រះអង្គ៖ នៅឆ្នាំ១៥៧៥ (១៣) ព្រះបាទសត្ថាទី១ ព្រះអង្គដាក់រាជ្យដើម្បីព្រះរាជបុត្រព្រះអង្គដែលឡើងគ្រងរាជ្យ ទ្រង់ព្រះនាមថា ព្រះបាទជ័យជេដ្ឋាទី១ ឬព្រះជ័យចេស្តា (១៥៧៤-១៥៨៣) ដែលមានព្រះជន្មតែ១០ព្រះវស្សា។ ការដាក់រាជ្យរបស់ព្រះអង្គនេះបានបង្កើតមានការមិនពេញចិត្តជាច្រើនក្នុងចំណោមនាម៉ីនមុខមន្ត្រី។
សៀមវាយយកបន្ទាយលង្វែកបាននៅឆ្នាំ១៥៩៣៖
នៅឆ្នាំ១៥៧៦ រដ្ឋាភិបាលសៀមចូលមកយកខេត្តភូរ៉ាត និងចន្ទបូរទៅកាន់កាប់។ នៅឆ្នាំ១៥៨១ ស្តេចសៀម ព្រះចៅនរេសួនបានបញ្ជូនទ័ពយ៉ាងសម្បើមមកវាយខ្មែរ ដោយមានទ័ពចំនួន១៥០០០០នាក់ ដំរី៨០០ សេះ១៨៥០។ ទ័ពសៀមចូលដល់ខេត្តបាត់ដំបង ពោធិ៍សាត់ អង្គរ រលាប្អៀរ និងបរិបូណ៌ (កំពង់ឆ្នាំង)។ តែកាលនោះ ព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះជ័យជេដ្ឋាធិរាជ ព្រះអង្គបានវាយកម្ចាត់សៀមឲ្យថយទៅវិញបាន។
នៅឆ្នាំ១៥៩៣ (១៤) សៀមបានលើកទ័ពមកម្តងទៀត វាយខាងកំពង់ស្វាយ ខាងទន្លេសាប ហើយទីបំផុតយកលង្វែកបាន។
នៅពេលនោះ ព្រះសត្ថា និងព្រះបាទជ័យជេដ្ឋាទី១ ស្តេចទ្រង់ភៀសព្រះអង្គយាងទៅខេត្តស្ទឹងត្រែង ហើយសុគតនៅទីនោះទៅ។ ព្រះបាទស្រីសុរិយោពណ៌ ដែលជាព្រះឧបរាជ និងជាព្រះញាតិវង្ស ឯទៀតត្រូវសៀមនាំទៅប្រទេសសៀម។ មនុស្សប្រមាណ៩០០០០នាក់ ក៏ត្រូវសៀមបានចាបើយកធ្វើជាឈ្លើយ។ ឯក្បួនខ្នាត និងឯកសារផ្សេងៗច្រើនទៀតក៏ត្រូវសៀមប្រមូលទៅអស់ដែរ។
ព្រះបាទរាមាជើងេព្រៃ(១៥៩៤-១៥៩៦) ទ្រង់កម្ចាត់សៀមពីលង្វែក៖
នៅពេលនោះមានក្សត្រមួយព្រះអង្គព្រះនាមរាមាជើងព្រៃ បានកេពណ្ឌទ័ពទៅវាយសៀមនៅលង្វែកយ៉ាងអង់អាចក្រៃលែង។ ព្រះអង្គបានសម្លាប់មេទ័ពសៀមនៅលង្វែកយ៉ាងអង់អាចក្រៃលែង។ ព្រះអង្គបានសម្លាប់មេទ័ពសៀម និងបំផ្លាញឲ្យវិនាសអស់ពលប្រមាណ២០០០០នាក់។ បន្ទាប់ពីបានជោគជ័យ ព្រះអង្គឡើងគ្រងរាជ្យ ហើយទៅគង់នៅស្រីសន្ធរ។
សេចក្តីសង្ខេប៖
ព្រះបាទសត្ថា (១៥៨៦-១៥០៥) ត្រូវជាព្រះរាជបុត្រព្រះបាទបរមិន្ធរាជា ឬបរមរាជា។ ក្នុងរជ្ជកាលព្រះអង្គខាងនយោបាយមានការឆ្គាំឆ្គងធំៗពីរ។ មួយគឺព្រះអង្គបានជួយសៀមដើម្បីវាយភូមា។ ពីរគឺព្រះអង្គបានដាក់រាជ្យដើម្បីព្រះរាជបុត្រដែលមានព្រះជន្មទើបតែ១០ព្រះវស្សា។
នៅឆ្នាំ១៥៨១ និងឆ្នាំ១៥៩៣ សៀមបានលើកទ័ពយ៉ាងសម្បើមដើម្បីវាយខ្មែរ។ លើកទី១ ទ័ពសៀមបរាជ័យទៅវិញ ដោយត្រូវព្រះបាទជ័យជេដ្ឋាវាយតប។ លើកទី២ សៀមចូលចូលយកលង្វែកបាន។ គ្រានោះ ព្រះសត្ថា និងព្រះបាទជ័យជេដ្ឋា ស្តេចទ្រង់ភៀសព្រះអង្គទៅខាងស្ទឹងត្រែង ហើយសុគតនៅទីនោះទៅ។ ព្រះស្រីសុរិយោពណ៌ដែលជាព្រះឧបរាជ ព្រះទាំងព្រះញាតិវង្ស ត្រូវសៀមនាំទៅប្រទេសខ្លួន។ មនុស្សប្រមាណជាង៩០០០០នាក់ត្រូវសៀមចាប់ជាឈ្លើយ។ ក្បួនខ្នាត និងឯកសារផ្សេងៗត្រូវបានសៀមប្រមូលយកអស់។
ពេលនោះមានក្សត្រមួយព្រះនាមរាមាជើងព្រៃបានកេណ្ឌទ័ពយ៉ាងសម្ងាត់ទៅវាយសៀមឲ្យខ្ចាត់ខ្ចាយពីលង្វែក។ បន្ទាប់មកនៅឆ្នាំ១៥៩៤ ព្រះអង្គឡើងគ្រងរាជ្យហើយគង់នៅស្រីសន្ធរ។
សេចក្តីបន្ថែម
(១៣) អ្នកស្រី ហ្សីតូ ថានៅឆ្នាំ១៥៨៤
(១៤) ឯកសារខ្លះថា នៅឆ្នាំ១៥៨៣
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments