Breaking News

ប្រាង្គប្រាសាទ - [Cambo Page - ខេមបូ ផេក]

ប្រាង្គប្រាសាទ

ប្រាង្គប្រាសាទទាំងឡាយជាបេតិកភណ្ឌរបស់ខ្មែរ៖

   កម្ពុជាយើងជាប្រទេសសម្បូរដោយប្រាង្គប្រាសាទ ដែលបេតិកភណ្ឌដ៏មានតម្លៃដ៏លើសលប់។ ភាពសម្បើម និងភាពល្អនៃប្រាសាទទាំងឡាយ បានទទួលនូវការកោតសរសើរស្ញប់ស្ញែងពីមហាជនលើ ពិភពលោក។ ទំហំ និងសិល្បៈដ៏អស្ចារ្យនៃការស្ថាវនានោះបាននាំឲ្យជនជាតិអ៊ឺរ៉ុបខ្លះ ស្ទើរតែមិនជឿថាជាសមត្ថភាពខ្មែរទឪតផង។

សម័យកាលនៃអង្គរ៖

      តាំងពីសម័យហ៊្វូណនរហូតដល់បច្ចុប្បន្ន ការស្ថាបនារមែងមានជាហូរហែមក។ តែការស្ថាបនាដែលមានច្រើនជាងគេ និងស្ថាបនាឡើងពីថ្មផងនោះគឺស្ថាបនាក្នុងសម័យអង្គរ។ ព្រះរាជាខ្មែរគង់នៅ អង្គរមុនគេបង្អស់ គឺព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០) ហើយក្រោយគេបង្អស់គឺព្រះបាទពញាយ៉ាត (១៤២១-១៤៦២)។ ព្រះបាទពញាយ៉ាតព្រះអង្គបានចាកចេញពីអង្គរនៅឆ្នាំ១៤៣៣។ តែបើកាលណាគេនិយាយពីសម័យអង្គរ គេនឹកតែពីរជ្ជកាលព្រះបាទជយវរ្ម័នទី២ ដល់រជ្ជកាលព្រះបាទជយវរ្ម័នទី៧ (១១៨១-១២០១) គឺពីសតវត្សទី៩ ដល់សតវត្សទី២១ ព្រោះនៅចន្លោះពេលនោះ ប្រាសាទថ្មបានស្ថាបនា ឡើងយ៉ាងច្រើន ហាក់ផុសពីដីដែលគួរហៅឲ្យច្បាស់ថា សម័យសាងប្រាសាទ។ 

ភូមដ្ឋាននៃមូលស្ថាបនា៖

បើនិយាយពីភូមដ្ឋាននៃមូលស្ថាបនាវិញក៏ដូច្នោះដែរ គឺគេច្រើននឹកដល់ទៅតំបន់អង្គរក្នុងខេត្តសៀមរាប ព្រោះនៅទីនោះមានប្រាសាទអង្គរវត្តដែលល្អដាច់គេ ហើយមានប្រាសាទដទៃជាច្រើនទៀតផង។ តែតាមការពិតទៅប្រាសាទខ្មែរមានពាសពេញតែកម្ពុជា និងក្រៅកម្ពុជាសព្វថ្ងៃនេះ។ ប្រាសាទទាំងអស់មានចំនួនជាង៨០០កំពូល។

មូលហេតុនៃការស្ថាបនា៖

    នៅសម័យបុរាណ ជំនឿក្នុងសាសនាមានការមុតមាំណាស់ ឥទ្ធិពលនៃសាសនានេះហើយដែលបាននាំឲ្យព្រះរាជាខ្មែរ កសាងនូវប្រាង្គប្រាសាទសន្ធឹកសន្ធាប់ហើយល្អៗយ៉ាងនេះ។ តែបើនិយាយឲ្យជាក់លាក់ទៅទៀត ការស្ថាបនាទាំងឡាយក៏មានគោលដៅផ្សេងៗពីគ្នាដែរ។ ប្រាសាទខ្លះសម្រាប់ជាគោលនៃនគរហោថា ភ្នំ ដូចជាប្រាសាទនៅភ្នំបាខែង ប្រាសាទបាពួន ប្រាសាទបាយ័ន។ ប្រាសាទខ្លះសម្រាប់ជាទីនមស្ការដល់សាសនា ដូចជាប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ព្រមទាំងប្រាសាទ ភ្នំទាំងឡាយ។ ប្រាសាទខ្លះទៀតសម្រាប់ជាទីរំឭកដល់វិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទមេបុណ្យ។ 

ព្រះរាជាដែលបានសាងប្រាសាទថ្ម៖

  ក្នុងសម័យអង្គរ ព្រះរាជាខ្មែរទាំងឡាយច្រើនជាព្រះរាជាស្ថាបនិកប្រាសាទថ្ម។ តែព្រះរាជាដែលមានព្រះនាមល្បីជាងគេ ក្នុងការស្ថាបនានោះ គឺព្រះបាទយសោវរ្ម័នទី១ ព្រះបាទសុរ្យវរ្ម័នទី២ ព្រះបាទជយវរ្ម័នទី៧។ ព្រះបាទយសោវរ្ម័នទី១ ព្រះអង្គបានចាប់ផ្តើមមូលស្ថាបនានៅ អង្គរ ដែលឲ្យឈ្មោះថា យសោធបុរៈ។ ព្រះបាទសុរ្យវរ្ម័នទី២ ព្រះអង្គបានសាងអង្គរវត្តដ៏ល្អក្រៃលែង។ ព្រះបាទជយវរ្ម័នទី៧ ព្រះអង្គបានសាងប្រាសាទជាច្រើនមានប្រាសាទបាយ័នជាដើម។ 

សេចក្តីសង្ខេប៖

      ប្រាង្គប្រាសាទទាំងឡាយ ជាស្នាដៃនៃបុព្វបុរសរបស់យើង។ សម័យអង្គរ គឺសម័យចាប់ពីរជ្ជកាលព្រះបាទជយវរ្ម័នទី២ មកទល់នឹងរជ្ជកាលៅពញាយ៉ាត។ ប្រាសាទទាំងឡាំយមានសឹងតែគ្រប់ទីកន្លែងក្នុង ប្រទេសកម្ពុជា តែមានច្រើនជាងគេនៅខេត្តសៀមរាប។ ប្រាសាទខ្លះសាងឡើងដើម្បីជាគោលដៃនៃ ព្រះនគរ ខ្លះជាទីសម្រាប់ធ្វើនមស្ការចំពោះសាសនា និងជាទីរំឭកដល់វិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ។ ព្រះរាជាដែលមានព្រះនាមល្បី គឺព្រះបាទយសោវរ្ម័នទី១ ព្រះបាទសុរ្យវរ្ម័នទី២ ព្រះបាទជយវរ្ម័នទី៧។ ព្រះបាទយសោវរ្ម័នទី១ ព្រះអង្គបានផ្តើមមូលស្ថាបនានៅ អង្គរ។ ព្រះបាទសុរ្យវរ្ម័នទី២ ព្រះអង្គបានសាងប្រាសាទអង្គរដែលល្អក្រៃលែង។ ព្រះបាទជយវរ្ម័នទី៧ ព្រះអង្គបានសាងប្រាសាទជាច្រើន មានប្រាសាទបាយ័នជាដើម។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments