អំពីព្រះរាជនយោបាយ ក្រៅប្រទេសរបស់ ព្រះបាទអង្គឌួងក្នុងការរំដោះប្រទេសខ្មែរពីសៀម និងយួន - [Cambo Page - ខេមបូ ផេក]
អំពីព្រះរាជនយោបាយ ក្រៅប្រទេសរបស់ ព្រះបាទអង្គឌួងក្នុងការរំដោះប្រទេសខ្មែរពីសៀម និងយួន
សៀម និងយួន ព្រមព្រៀងគ្នាទទួលស្គាល់ព្រះបាទអង្គឌួង ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា តែសៀមនឹងយួនមិនព្រមប្រគល់ដីទាំងប៉ុន្មានដែលខ្លួនបានកាន់ មកខ្មែរវិញនោះទេ។
សៀមយកដីខ្មែរ ៖ សៀមបានសុំព្រះអង្គឌួងសម្រេចសន្ធិសញ្ញាផ្តាច់យកខេត្តម្លូព្រៃ និងទន្លេពៅដែលសៀមយកបានកាលពីមុន។ ព្រះបាទសម្តេចព្រះអង្គឌួងទ្រង់មានព្រះតម្រាស់ថា ៖
“ខ្ញុំមិនឲ្យអ្វីទៅសៀមទាំងអស់ ប៉ុន្តែសៀមខ្លាំងពូកែ ដូច្នេះឲ្យសៀមទុកសិនទៅចុះចំពោះខេត្តណាដែលសៀមយកបានពីមុនៗនោះ។ "
នៅខេត្តណាដែលសៀមយកបាន សៀមបានប្រើមធ្យោបាយត្រជាក់ គឺបន្ថយពន្ធដារពីរាស្ត្រ ហើយយកតែកម្រៃបន្តិចបន្តួចទៅប្រទេសខ្លួន។
យួនយកដីខ្មែរ៖ យួនប្រើនយោបាយខុសពីសៀម គឺនៅគ្រប់ខេត្តទាំងប៉ុន្មានដែលវាយយកបានពីខ្មែរ ដោយយួនប្រើមធ្យោបាយខិតខំបំបាត់ ដំណែលការត្រួតត្រាចាស់របស់ខ្មែរ ឲ្យសាបសូន្យ ហើយប្រមូលយកយួនមកតាំងនៅជាជំនួសវិញ។ ខ្មែរខ្លះមិនអាចទ្រាំបានក្នុងការជិះជាន់របស់យួន ក៏បានភៀសខ្លួនមកជ្រកនៅប្រទេសកម្ពុជា (កម្ពុជាកណ្តាល)។
អំពីការទាក់ទងនឹងបារាំងសែស៖
កាលនោះ នៅប្រទេសយួនមានបារាំងសែសបានចូលមកធ្វើអន្តរាគមន៍ ក្នុងការវិវាទរវាងយួន និងពួកកាតូលិក។ លុះដំណឹងនេះបានឮមកដល់កម្ពុជាហើយ ព្រះបាទអង្គឌួងទ្រង់សម្រេចព្រះទ័យនិងចងស្ពានមានមេត្រីជាមួយបារាំងក្នុងព្រះរាជបំណងដំដោះកម្ពុជាឲ្យរួចពីកណ្តាប់ដៃសៀម និងយួន និងទាមទារខេត្តរបស់ខ្មែរមកវិញ។ នៅឆ្នាំ១៨៥៥ ព្រះអង្គបានចាត់ឲ្យបញ្ជូនព្រះរាជសារលិខិតទៅថ្វាយព្រះអធិរាជណាប៉ូឡេអុងទី៣ (S.M Napoléon III)នៃប្រទេសបារាំងដើម្បីសម្តែងព្រះមិត្តភាពរវាង ព្រះអង្គចំពោះបារាំង។ បារាំងបានបញ្ជូនលោក ដឺមុងទីញី ឲ្យមកក្រាបបង្គមគាល់ព្រះអង្គ។ ដែដោយលោក ដឺមុងទីញី មានការប្រហែសប្រាប់សៀមឲ្យដឹងមុន ការក្រាបបង្គំគាល់នោះ ក៏អាក់ខានទៅវិញ។ នៅឆ្នាំ១៨៥៦ ព្រះអង្គទ្រង់ឲ្យបញ្ជូនព្រះរាជសារលិខិត មួយច្បាប់ទៀតទៅព្រះចៅណាប៉ូលេអុងទី៣។ ក្នុងព្រះរាជសារលិខិតនោះ ព្រះអង្គទ្រង់រំលឹកពីទឹកដីខ្មែរដែល យួនយក និងសូមកុំឲ្យបារាំងទទួលដីទាំងនោះពីយួនឡើយ។
នៅឆ្នាំ១៨៥៩ គឺនៅពេលដែលយួនកំពុងបរាជ័យក្នុងការទប់ទល់នឹងបារាំង ព្រះអង្គឌួងទ្រង់ចាត់ការវាយយួនតទៅទៀត។ ព្រះអង្គបានចាត់ឲ្យ ធ្វើបន្ទាយជាច្រើននៅជិតតំបន់ មាត់ជ្រូក និងពាម ហើយទ្រង់ចាត់ឲ្យមន្ត្រីម្នាក់ឈ្មោះ កែប ឲ្យធ្វើជាមេទ័ព។ ជោគជ័យលើកដំបូងបានធ្វើឲ្យព្រះអង្គមានសេចក្តីសង្ឃឹមច្រើនណាស់។ តែដោយនៅឆ្នាំ១៨៦០ ព្រះអង្គទ្រង់សោយទិវង្គតទៅ មេទ័ពកែប ក៏ត្រលប់មកកាន់ព្រះរាជធានីឧត្តុង្គវិញ។
សេចក្តីសង្ខេប៖
សៀម និងយួនយល់ព្រមទទួលស្គាល់ព្រះបាទអង្គឌួងជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា តែសៀម និងយួនមិនព្រមប្រគល់ដីដែលខ្លួនកាន់កាប់មកខ្មែរវិញឡើយ។ សៀមបានសុំយក ខេត្តម្លូព្រៃ និងទន្កេពៅ។ ដើម្បីកាន់កាប់ទឹកដីខ្មែរ សៀមបានប្រើមធ្យោបាយត្រជាក់។ ឯយួនវិញប្រើមធ្យោបាយផ្ទុយ គឺខំបំបាត់ដំណែលការត្រួតត្រាចាស់របស់ខ្មែរឲ្យសាបសូន្យ និងប្រមូលយួណឲ្យមកនៅជាការជំនួសខេត្តណាដែលខ្មែរទ្រាំនៅមិនបានព្រោះជិះជាន់ខ្លាំងពេក។
ក្នុងព្រះរាជបំណងរំដោះប្រទេសកម្ពុជាពីសៀម និងយួន ព្រះអង្គឌួងទ្រង់បានបញ្ជូនព្រះសារលិខិតមួយច្បាប់ទៅព្រះណាប៉ូឡេអុងទី៣ ដើម្បីទាក់ទងជាមិត្តភាពជាមួយបារាំងសែស និងក្រោយមកមួយច្បាប់ទៀតដើម្បីសុំកុំឲ្យបារាំងទទួលយកដីខ្មែរដែលយួនយកបាន។ មិនមានដំណឹងពីបារាំងព្រះអង្គក៏ទ្រង់ឲ្យមេទ័ពកែប បានរៀបចំកសរតស៊ូវាយនឹងយួន ប្រកបដោយជោគជ័យនៅឆ្នាំ១៨៥៩។ មួយឆ្នាំក្រោយមក ព្រះអង្គសោយទិវង្គត ឯមេទ័ពកែបក៍ត្រលប់មកកាន់ក្រុងឧត្តុង្គវិញ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments