Breaking News

ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចសឹក - [Cambo Page - ខេមបូ ផេក]

ព្រះបាទជ័យវរ្ម័នទី៧  ជាស្តេចសឹក

  ក្នុងរជ្ជកាលព្រះបាទជ៧វរ្ម័នទី៧ ចម្បាំងកើតមានឡើងជាញឹកញាប់ជាមួយនឹងប្រទេសចំប៉ា។ ដោយសារតែភាពវៀងវៃរបស់ព្រះអង្គក្នុងផ្លូវយុទ្ធសាស្ត្រ ព្រះបាទជយវរ្ម័នទី៧ទ្រង់បានទទួលជ័យជម្នះ ជាស្ថាពរលើប្រទេសចំប៉ា ហើយបានបង្ក្រាបការបះបោរដែលកើតមានក្នុងព្រះនគរទៀតផង។

អំពីព្រឹត្តិការណ៍មុនច្បាំងនឹងចាម៖

  ក្នុងរយៈពេលដែលព្រះអង្គគង់នៅប្រទេសចំប៉ា ក្នុងប្រទេសកម្ពុជាព្រះវរបិតាទ្រង់សោយទិវង្គត។ ពេលនោះមានស្តេចមួយព្រះអង្គ ព្រះនាមយសោវរ្ម័នទី២បានឡើងសោយរាជ្យសម្បត្តិបន្ត។ ក្នុងរជ្ជកាលស្តេចថ្មីនេះមានការប៉ះបោរពីរលើកគឺ ការបះបោរទីមួយ បណ្តាលមកពីអ្នកខ្លាំងពូកែម្នាក់តាំងខ្លួនជារាហ៊ូ មានគំនិតក្បត់ព្រះចៅយសោវរ្ម័នទី២ ដើម្បីដណ្តើមយករាជបល្លង្ក។ ការប្រយុទ្ធរៀបតែនឹងចាញ់ដៃរាហ៊ូទៅហើយ ស្រាប់តែព្រះរាជកុមារដែលជាព្រះរាជបុត្រនៃព្រះបាទជយវរ្ម័នទី៧ សម្លាប់រាហ៊ូបាន ហើយបានជួយការពារព្រះចៅយសោវរ្ម័នទី២ ឲ្យរួចផុតពីសេចក្តីអន្តរាយ។ 
ការបះបោរទី២ បណ្តាលមកពីរមានមន្ត្រីក្បត់ម្នាក់ដណ្តើមព្រះរាជបល្លង្ក ហើយតាំងខ្លួនជាស្តេច ព្រះនាមថា ព្រះបាទត្រីភូវនាទិត្យក្នុងឆ្នាំ១១៦៥។

ការវិលត្រលប់នៃព្រះបាទជយវរ្ម័នទី៧ ៖

 ដំណឹងក្បត់ព្រះរាជបល្លង្កនេះបាបឮលុះសាយទៅដល់ប្រទេសចំប៉ា។ ព្រះបាទជយវរ្ម័នទី៧ទ្រង់យាង ត្រលប់មកជាប្រញាប់ដើម្បីជួយរំដោះទុក្ខព្រះបាទយសោវរ្ម័នទី២។ ប៉ុន្តែព្រះអង្គមិនបានសម្រេចព្រះរាជបំណងឡើយ ព្រោះព្រះបាទត្រីភូវនាទិត្យបានធ្វើគតព្រះបាទយសោវរ្ម័នទី២រួចទៅហើយ។ ក្នុងពេលនោះព្រះបាទជយវរ្ម័នទី៧ ទ្រង់នៅស្ងៀមដោយមិនបញ្ចេញព្រះសកម្មភាពប្រឆាំងនឹងព្រះបាទត្រីភូវនាទិត្យទេ។ ព្រះអង្គរងចាំឳកាសល្អដលម្បីនឹងកម្ចាត់ខ្មាំងសត្រូវចាកចេញពីព្រះរាជបល្លង្ក។

 លុះដល់ឆ្នាំ១១៧៧ នៅពេលដែលចាមចូលលុកលុយកម្ពុជា ហើយបានធ្វើគតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ទើបព្រះអង្គទ្រង់ចាប់ផ្តើមធ្វើសកម្មភាពនយោបាយដើម្បីស្រោចស្រង់ប្រទេសជាតិឡើងវិញ។

សេចក្តីសង្ខេប

  ចម្បាំងរវាងខ្មែរ និងចាមបានរលត់ជាស្ថាពរដោយស្នារព្រះហស្ថរបស់ព្រះបាទជយវរ្ម័នទី៧។ មុននឹងព្រះអង្គឡើងគ្រងរាជ្យ គឺក្នុងខណៈដែលព្រះអង្គគង់នៅឯចំប៉ានៅឡើយ ក្នុងប្រទេសកម្ពុជាយើង មានការបះបោរពីរលើក។ លើកទី១ គឺការបះបោររបស់ជនម្នាក់ដែលតាំងខ្លួនជារាហ៊ូ ហើយចង់ដណ្តើមព្រះរាជបល្លង្កពីព្រះបាទយសោវរ្ម័នទី២។ តែរាហ៊ូនោះត្រូវព្រះរាជបុត្រព្រះបាទជយវរ្ម័នទី៧ សម្លាប់បាន។ ការបះបោរទី២ គឺបណ្តាលមកពីមន្ត្រីម្នាក់ដែលដណ្តើមព្រះរាជបល្លង្កពីព្រះបាទយសោវរ្ម័នទី២ ហើយតាំងខ្លយធ្វើជាស្តេចដោយមានព្រះនាមថា ត្រីភូវនាទិត្យវរ្ម័ន។
  លុះបានជ្រាបដំណឹងទីពីរនេះ ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានយាងត្រលប់មកកម្ពុជាវិញ។ ព្រះអង្គរងចាំឳកាសដើម្បីកម្ចាត់សត្រូវចាកចេញពីព្រះរាជបល្លង្ករហូតដល់ពេលដែលចាមចូលមកលុកលុយប្រទេសកម្ពុជាយើង។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments