Breaking News

ការរៀបចំប្រទេស ក្នុងរាជ្យព្រះបាទអង្គឌួង - [Cambo Page - ខេមបូ ផេក]

ការរៀបចំប្រទេស ក្នុងរាជ្យព្រះបាទអង្គឌួង 


 
ព្រះបាទអង្គឌួងជាម្ចាស់ផែនដីឈ្លាសវៃ ហើយប្រកបដោយទសពិធរាជធម៌ខ្លាំងណាស់។ ព្រះអង្គបានរៀបចំរបៀបគ្រប់គ្រងប្រទេសឲ្យមានដំណើរល្អ និងទំនុកបម្រុងការរៀនសូត្ររបស់ក្មេងៗខ្មែរឲ្យបានលូត លាស់យ៉ាងល្អប្រពៃ។ 

ការទំនុកបម្រុងវត្តអារាម និងព្រះពុទ្ធសាសនា៖ 


  ព្រះអង្គបានសាងវត្ត វិហារ ជាច្រើននៅឧត្តុង្គ តាំងអាចារ្យឲ្យប្រដៅអំពីបរិយត្តិធម៌ (21) និងបង្រៀនព្រះត្រៃបិកដ។ ទ្រង់ឲ្យសាងសាលាទានសម្រាប់ធ្វើដល់សង្ឃទាន និងធ្វើទានដល់បណ្តាជនក្រីក្របាក កម្សត់ឃ្លាន។ 

ការរៀបចំរបៀបគ្រប់គ្រងប្រទេស៖ 


  ព្រះអង្គមានព្រះបញ្ជាឲ្យអ្នកចេះដឹងជ្រៅជ្រះ ផ្ទៀងច្បាប់ កែច្បាប់តាក់តែងច្បាប់ប្រើក្នុងប្រទេសតម្រូវតាមសម័យ។ ឲ្យជ្រើសតាំងជានាម៉ីនមន្ត្រីតែអ្នកមានចំណេះវិជ្ជាជ្រៅជ្រះពិតប្រាកដ។ ទ្រង់ព្រះរាជបញ្ញាតិ ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ដល់នាម៉ឺន ណាជក់អាភៀន និងនាម៉ឺនទុច្ចរិតទទួលសំណូក មិនឲ្យយកពន្ធដារពីរាស្ត្រ និងមិនឲ្យយកការប្រាក់ធ្ងន់ទេ។ ព្រះអង្គបានត្រាស់បង្កាប់ឲ្យធ្វើពុម្ភបោះប្រាក់ជារាងសំប៉ែត មានត្រាប្រាសាទម្ខាង និងសត្វរាជហង្សម្ខាង។ ទ្រង់បានសាងផ្លូវមួយពីឧត្តុង្គទៅកំពត យកំពតជាកំពង់ផែសមុទ្រ ហើយសាងសំពៅមួយសម្រាប់ផ្ទុកទំនិញទៅសិង្ហបុរី។ 

ការទំនុកបម្រុងការរៀនសូត្រ៖ 


  ទ្រង់បានព្រះរាជបញ្ជាឲ្យក្មេងចូលរៀនបានច្រើននៅតាមវត្តអារាម ហើយបានចំណាយព្រះរាជទ្រព្យ ចាត់កូនខ្មែរទៅរៀនភាសាបារាំងសែស នៅឯសិង្ហបុរីសម្រាប់ប្រើការក្នុងកិច្ចការរាជការ។ 

សេចក្តីសង្ខេប៖ 


  ព្រះអង្គឌួងជាម្ចាស់ផែនដីដ៏ឈ្លាសវៃ និងប្រកបដោយទសពិធរាជធម៌ណាស់។ ព្រះអង្គបានរៀបចំរបៀបគ្រប់គ្រងប្រទេសឲ្យមាសនដំណើរការល្អ និងទំនុកបម្រុងក្មេងៗខ្មែរឲ្យរៀនសូត្របានលូតលាស់យ៉ាងល្អ។ 

  ព្រះអង្គបានសាងវត្ត វិហារ ជាច្រើននៅឧត្តុង្គ និងសាងសង់ទានសាល និងធ្វើទានដល់ប្រជារាស្ត្រក្រីក្រលំបាកអត់ឃ្លាន។ ព្រះអង្គបានបញ្ជាឲ្យអ្នកចេះដឹងជ្រៅជ្រះ ផ្ទៀងច្បាប់ តាក់តែងច្បាប់ និងធ្វើច្បាប់។ ទ្រង់ឲ្យធ្វ់ទណ្ឌកម្មដល់នាម៉ឺនជក់អាភៀន និងទទួលសំណូក មិនឲ្យយកពន្ធដាររាស្ត្រ និងមិនឲ្យយកការប្រាក់ធ្ងន់ទៀតផង។ ទ្រង់បញ្ជាឲ្យបោះប្រាក់សម្រាប់ចាយ ឲ្យសាងផ្លូវពីឧត្តុង្គទៅកំពត យកកំពតជាកំពង់ សមុទ្រ ចំណាយព្រះរាជទ្រព្យដើម្បីបញ្ជូនកូនខ្មែរទៅរៀនភាសាបារាំងឯសិង្ហបុរី សម្រាប់ប្រើការក្នុងកិច្ចការរាជការ។ 

ពន្យល់ពាក្យ 


(21) បរិយត្តិធម៌។ មុននឹងយល់បរិយត្តិធម៌ សូមមិត្តអ្នកអានទាំងឡាយស្គាល់នូវពាក្យ “បរិយត្តិ” ដែលមានន័យថា ការហាត់រៀន ការរៀនសូត្រ រៀនព្រះត្រៃបិដកជាដើម។ ឯពាក្យថា “បរិយត្តិធម៌” គឺធម៌សម្រាប់សូត្រ ឬធម៌សម្រាប់ការសិក្សារៀនសូត្រ ឬក៏មេរៀនសម្រាប់សិក្សារៀនសូត្រ ។ល។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments