សង្ខេបរឿង មាលាដួងចិត្ត - [Cambo Page - ខេមបូ ផេក]
ប្រភព៖ ប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ នូ ហាច
កាលកំណត់តែង៖ ១៩៧២
ប្រភេទ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ នូ ហាច
កាលកំណត់តែង៖ ១៩៧២
រឿងនេះចែកចេញជា ១១វគ្គ
វគ្គទី១ ៖ វិទ្យាល័យគ,ស ១៩៣៩
វគ្គទី២ ៖ យល់សប្តិ៍គង់ក្លាយជាការពិតមួយដងមួយកាលដែរ
វគ្គទី៣ ៖ អរុណស្នេហា
វគ្គទី៤ ៖ ភ្នំគូលែនឋានបរមសុខ
វគ្គទី៥ ៖ ពពកខ្មៅបាំងមេឃា
វគ្គទី៦ ៖ សេចក្តីលំបាកនៃអ្នករាជការតូច
វគ្គទី៧ ៖ ស្ថានការណ៍កាន់តែអ័ព្ទអួឡើង
វគ្គទី៨ ៖ ស្រលាញ់ជាតិបង្ក្រាបស្នេហា
វគ្គទី៩ ៖ សន្តិភាពតូក្យូ
វគ្គទី១០ ៖ ជួបភក្ក្រហើយតែមានឧបសគ្គធំរារាំង
វគ្គទី១១ ៖ កង្ហាត្រដោករោទិ៍លើចុងអំពិល
តួអង្គក្នុងរឿង
១/ ទីឃាវុធ ៖ កូនកសិករនៅភូមិអូរតាគី ខេត្តបាត់ដំបង ជាបាល័ដ្ឋខេត្តពោធិ៍សាត់ ជាចៅហ្វាយស្រុក ពួក និងជាភូឈួយខេត្តបាត់ដំបង។
២/ លោកចៅហ្វាយខេត្តពោធិ៍សាត់
៣/ ប្រាមោទ្យ ៖ សភាចារបុរស មិត្តរួមការងាររបស់ទីឃាវុធ
៤/ ពូហ៊ីង-មីងក្អាត់ ៖ ម្ចាស់ផ្ទះដែលទីឃាវុធជួលនៅ
៥/ ហុង ឈី ៖ អ្នកម៉ៅការដេរខោអាវប៉ូលីស មេឈ្មួញទុច្ចរិត
៦/ វេគី ៖ មិត្តភក្តិទីឃាវុធ អ្នកស៊ើបការណ៍សម្ងាត់
៧/ ទេពកោសល្លវិចិត្រកន ៖ នាយទាហ៊ានថៃ ចារបុរសរបស់ថៃ ជាឪពុកនាងចន្ទមណី
៨/ ចន្ទមណីវិចិត្រកន៖ កូនស្រីលោកទេពកោសល្លវិចិត្រកន នារីដែលទីឃាវុធស្រលាញ់
៩/ សុវឌ្ឍន៍ ឬនាយអាំភើ ៖ មន្ត្រីសៀមមើលការខុសត្រូវ នៅសរសរស្តម្ភ
១០/ នាងចុល្លនន្ទ ៖ ប្រពន្ធរបស់អាំភើ
១១/ លោក ជូឡុង ៖ ទេសរដ្ឋមន្ត្រី តំណាងរដ្ឋាភិបាល
១២/ ស៊ុមជិត ឬសមចិត្ត ៖ មិត្តភក្តិនាងចន្ទមណីក្នុងាករងារគិលានុប្បដ្ឋាយិកា នីអារញ្ញ
១៣/ ដឺហ្សុងគ្បែរ ៖ ជាជនជាតិបារាំង
១៤/ នាយភារិន្ទ ៖ ជាមេចង្វាត់
សង្ខេបរឿង៖
ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ។
បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែលភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបានជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង និងទទួលបាននូវសេចក្តីសុខ។
ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេសមិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេបានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែលជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើងមានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និងព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹងនឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។
ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់។
ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការសោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃាវុធចង់ធ្វើការសុំទោសនាង តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។
សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុងតំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ
នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហារបស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។
ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាងប្រយោជន៍ផ្ទាល់ខ្លួន។
មូលបញ្ហារឿង៖ តាមរយៈប្រធានរឿង យើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម
ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី
បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២
ការទាមទារសិទ្ធិសេរីភាព បូរណភាពដែនដី
បញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
អំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២
.............
ដឹកនាំដោយ : សូរ្យ សែនស្រណោះ
សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ
ផលិតដោយ : PINIH PINOH
No comments