Breaking News

ព្រះបាទអង្គចន្ទទី១-ព្រះបាទបរមិន្ទរាជា-ចម្បាំងនឹងសៀម-ចម្បាំងនឹងលាវ - [Cambo Page - ខេមបូ ផេក]

ព្រះបាទអង្គចន្ទទី១-ព្រះបាទបរមិន្ទរាជា

ចម្បាំងនឹងសៀម-ចម្បាំងនឹងលាវ 


ព្រះចៅពញាចន្ទរាជា ឬព្រះបាឬអង្គចន្ទទី១ (១៥០៥-១៥៥៦)៖ 


  ព្រះអង្គចន្ទរាជាយាងមកកាន់កម្ពុជាវិញ៖ តាំងពីចាញ់កលស្តេចកន ព្រះអង្គទ្រង់គង់នៅឯស្រុកសៀម។ លុះព្រះអង្គបានជ្រាបថា ស្តេចកនបានធ្វើគតព្រះបាទសុគន្ធបទ ព្រះអង្គទ្រង់សុំព្រះរាជានុញ្ញាតិពីស្តេចសៀម ដើម្បីត្រលប់មកកាន់មាតុប្រទេសវិញ តែព្រះចៅសៀមពុំព្រម។ ព្រះអង្គចន្ទរាជាទ្រង់ប្រើឧបាយដោយផ្សាយថា នៅកម្ពុជាមានដំរីស។ ហេតុតែចង់បានដំរីនោះ ព្រះចៅសៀមក៏ចាត់ព្រះអង្គចន្ទរាជាឲ្យមករកទាក់។ 

លុះយាងមកដល់កម្ពុជា ព្រះអង្គទ្រង់បានចាប់ផ្តើមច្បាំងនឹងស្តេចកន រហូតដល់សម្លាប់ស្តេចកនបាននៅសំរោង (ព្រៃនគរ) ទើបព្រះអង្គឡើងគ្រងរាជ្យ ហើយតាំងរាជធានីនៅលង្វែក។ 

   ចម្បាំងនឹងសៀម៖ មូលហេតុនៃចម្បាំងនេះគឺ ស្តេចសៀមទាមទារឲ្យព្រះបាទអង្គចន្ទថ្វាយដំរីស។ សៀមចាប់ផ្តើមរាតត្បាតតំបន់អង្គរ។ តែទ័ពសៀមត្រូវទ័ពព្រះបាទអង្គចន្ទវាយឲ្យបរាជ័យទៅវិញ នៅសៀមរាប។ 

បន្ទាប់មកទៀត ព្រះចៅសៀមឲ្យព្រះចៅពញាអុងដែលសៀមឃាំងទុកមកច្បាំងដណ្តើមរាជ្យដោយមានទ័ពសៀមជាកម្លាំង។ 

ដំបូងភ្លាម នៅឆ្នាំ១៥៣២ សៀមយកបានលង្វែក។ តែដោយសៀមចង់យកប្រទេសទាំងមូល សៀមក៏បញ្ជូនទ័ពតាមជើងគោកផង និងជើងទឹកផង។ តែទាំងជើងទឹក និងជើងគោក ទ័ពសៀមត្រូវបរាជ័យទៅវិញ​ ហើយព្រះអង្គពញាអុង ក៏សុគតក្នុងចម្បាំងនោះទៅ។ 

   ស្នាព្រះហស្ថ ៖ ក្រៅពីចម្បាំងនឹងសៀម ព្រះអង្គបានពង្រីកសេដ្ឋកិច្ចដោយធ្វើឲ្យអាជីវកម្មយករ៉ែដែក ពង្រីកដីសម្រាប់ដំណាំ។ ព្រះអង្គបានសាងវត្តអារាមជាច្រើន។ ព្រះអង្គបានសាងសន្តិភាពក្នុង ប្រទេស និងក្រៅប្រទេស។ 

ព្រះបាទបរមិន្ទរាជា ឬបរមរាជា (១៥៥៥-១៥៦៧)៖ 


    លុះព្រះបាទអង្គចន្ទសុគតទៅ ព្រះរាជបុត្ររបស់ព្រះអង្គឡើងគ្រងរាជ ហើយទ្រង់ព្រះនាមថា ព្រះបាទបរមិន្ទរាជា។ ក្នុងរជ្ជកាលព្រះអង្គមានចម្បាំងពីរ គឺចម្បាំងនឹងសៀម ហើយនឹងលាវ។ 

  ចម្បាំងនឹងសៀម៖ នៅឆ្នាំ១៥៥៧ សៀមជាប់ដៃច្បាំងនឹងភូមា។ ឆ្លៀតឳកាសនោះ ព្រះបាទបរមិន្ទរាជា ព្រះអង្គទ្រង់លើកទ័ពទៅវាយសៀម យកបានខេត្តចន្ទបូរ (ចាន់ប៊ុន) និងនគររាជ (ភូរ៉ាត)។ នៅឆ្នាំ១៥៦២ សៀមលើកទ័ពមកវាយកម្ចាត់ខ្មែរនៅខេត្តខាងលិច មានខេត្តចន្ទបូរីជាដើម។ តែការសងសឹករបស់ព្រះបាទបរមិន្ទរាជា បានធ្វើឲ្យសៀមសុំធ្វើសន្ធិសញ្ញារាជមេត្រីនៅឆ្នាំ១៥៦៧។ 

   ចម្បាំងនឹងលាវ៖ មូលហេតុនៃចម្បាំង គឺស្តេចសាវបានយកដំរីមកប្រជល់ភ្នាល់ ប្រសិនបើដំរីអង្គណាចាញ់ ស្តេចអង្គនោះត្រូវនៅជាស្តេចចំណុះ។ លុះដំរីលាវចាញ់ ស្តេចលាវមិនព្រមចុះចាញ់ ហើយក៏លើកទ័ពមកវាយខ្មែរ។ តែព្រះបាទបរមិន្ធរាជា ព្រះអង្គបានកម្ចាត់ទ័ពលាវដែលចូលមកដល់ភ្នំសន្ទុកឲ្យខ្ចាត់ខ្ចាយទៅវិញនៅឆ្នាំ១៥៦១។ នៅឆ្នាំ១៥៦៦ លាវបាននាំទ័ពមកតាមទន្លេ មកដល់រការកោង។ ម្តងនេះទ័ពលាវក៏ត្រូវបរាជ័យដូចមុនទៀត។ 

សេចក្តីសង្ខេប៖ 


  លុះស្តេចកនធ្វើគតព្រះបាទសុគន្ធបទហើយ ក៏ព្រះចៅសៀមមិនព្រមអនុញាតិឲ្យព្រះអង្គចន្ទរាជាត្រលប់មកស្រុកខ្មែរវិញដែរ។ ដូច្នេះហើយទើបបានព្រះអង្គប្រើល្បិចកលដោយឲ្យគេផ្សាយថា នៅកម្ពុជាមានដំរីស។ ហេតុតែស្តេចសៀមចង់បានដំរី ស្តេចសៀមក៏ចាត់ឲ្យព្រះអង្គទៅរកទាក់។ 

  មកដល់មាតុប្រទេស ដំបូងបង្អស់ ព្រះអង្គទ្រង់ច្បាំងនឹងស្តេចកន ដែលព្រះអង្គសម្លាប់បាននៅឆ្នាំ១៥០៥។ បន្ទាប់មកព្រះអង្គត្រូវច្បាំងនឹងសៀមដែលចូលលុកលុយដោយសម្អាងលេសថា ព្រះអង្គមិនព្រមថ្វាយដំរីស តែទ័ពសៀមត្រូវបរាជ័យទៅវិញ។ ព្រះអង្គពញាអុងដែលជាមេទ័ពខាងសៀមក៏សុគតនៅក្នុងចម្បាំងនោះដែរ។ 

  លុះព្រះអង្គសុគតនៅឆ្នាំ១៥៥៥ ព្រះរាជបុត្ររបស់ព្រះអង្គនាមបរមិន្ធរាជាគ្រងរាជ្យ។ នៅឆ្នាំនោះ ឆ្លៀតឳកាសដែលសៀមកំពុងជាប់ដៃច្បាំងនឹងភូមា ព្រះបាទបរមិន្ធតាជា ព្រះងង្គលើកទ័ពទៅវាយ សៀមចូលដល់ក្រុងអយុធ្យា ហើយយកបានចន្ទបូរ និងភូរ៉ាត។ 

  ក្រោយមកទៀត សាវបានលើកទ័ពចូលមកកម្ពុជាយើងពីរលើក តែត្រូវបររាជ័យទៅវិញ។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments