ព្រះបាទយសោវរ្ម័នទី១ និងព្រះរាជាសោយរាជ្យក្រោយព្រះអង្គ - [Cambo Page - ខេមបូ ផេក]
ព្រះបាទយសោវរ្ម័នទី១ និងព្រះរាជាសោយរាជ្យក្រោយព្រះអង្គ
ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)៖
នៅឆ្នាំ៨៨៩ លុះព្រះបាទឥន្ទ្រាវរ្ម័នសុគតទៅ ព្រះរាជបុត្រព្រះអង្គព្រះនាម យសោវរ្ម័នទី១បានឡើងគ្រងរាជ្យ។។ ព្រះអង្គជាមហាក្សត្រប្រកបដោយថាមពល ចំណេះវិជ្ជា គុណធម៌ និងវិធីសាស្ត្រ។
ស្នាព្រះហស្ថ ៖ ស្នាព្រះហស្ថសំខាន់ជាងគេ គឺមូលស្ថាបនាអង្គរ។ ដោយហរិហរាល័យជារាជធានីពុំមានបែបផែនប្រកបដោយ សោភ័ណភាពគ្រប់គ្រាន់នោះ ព្រះអង្គក៏ទ្រង់សាងយសោធបុរៈ ដែលជារាជធានីថ្មីនៅភ្នំបាខែង។
ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទ លលៃ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធនៃអតិតព្រះមហាក្សត្រ ចំណែកប្រាសាទនៅភ្នំក្រោម និងនៅភ្នំបូក ដើម្បីឧទ្ធិសថ្វាយចំពោះព្រហ្មញ្ញសាសនា។ ព្រះអង្គបានបានឲ្យជីកបារាយណ៍ខាងកើត ដោយមានបណ្តោយប្រវែង ៧គីឡូម៉ែត និងទទឹង១៨០០គឺឡូម៉ែត។ ព្រះអង្គបានឲ្យគេលើកផ្កូវពីយសោធបុរៈ ទៅដល់បារាយណ៍ខាងហរិហរាល័យ។ ក្នុងរជ្ជកាលព្រះអង្គមានចម្បាំងនឹងចាម ឬជ្វា និងទទួលបានជោគជ័យ។ លុះព្រះអង្គសុគតទៅ ព្រំដែននៃកម្ពុជា ដែលព្រះអង្គបានពង្រីកដោយសន្តិភាពបានលាតសន្ធឹងពីលាវខាងត្បូងទៅទល់នឹងឈូងសមុទ្រសៀម និងពីឆ្នេរកូសាំងស៊ីន ទៅដល់ប្រទេសភូមា។ ព្រះអង្គទ្រង់សុគតនៅឆ្នាំ៩០០ បន្ទាប់ពីបានសោយរាជ្យ១១ឆ្នាំ។
ប្រាសាទភ្នំបាខែង បានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) តាមរចនាបទបាខែង ក្នុងទម្រង់ជាប្រាសាទភ្នំ ឧទ្ធិសដល់ព្រះសិវៈ។ ប្រាសាទនេះមានស្ថាបត្យកម្មរាជធានៅថ្មី ដែលព្រះបាទយសោវរ្ម័នកសាងឡើងនៅពេលព្រះអង្គប្តូររាជធានីពីរាជធានីហរិហរាល័យ។
បើតាមសៀវភៅតំបន់ទេសចរណ៍កម្ពុជា និពន្ធដោយ កែង ភួង បង្ហាញថា ភ្នំបាខែង មានកម្ពស់៦៥ម កំពូល១០៩ មាន៧ជាន់ ជាន់ក្រោម ថ្នាក់ទាំង៥ និងជាន់ខាងលើតំណាងឲ្យឋានសួគ៌៧ ជាន់របស់ព្រះឥន្ទ។ ពិសេស ប្រាង្គ ទាំង១០៨មានលក្ខណៈតម្រៀបស្មើៗគ្នា គឺ១២ប្រាង្គនៅតាមថ្នាក់ នីមួយៗទាំង៥ និង៤៤ ប្រាង្គនៅជាន់ក្រោម និង៤ប្រាង្គ និងប្រាង្គធំកណ្តាលនៅជាន់ខាងលើ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម ព័ទ្ធជុំវិញដែលមានគោបុរៈ។ សព្វថ្ងៃជាប្រាសាទមួយស្ថិត នៅលើភ្នំធម្មជាតិ ដែលគេចាត់ ទុកជាប្រាសាទភ្នំ មានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់ ហើយក៏ជាកន្លែងទាក់ទាញ ភ្ញៀវទេសចរណ៍យ៉ាងច្រើននៅពេលថ្ងៃលិច។
តាមសិលាចរិក ប្រាសាទនេះស្ថិតនៅចំកណ្តាលទីក្រុងសោធបុរៈ ដែលបញ្ជាក់ថា យសោធរគីរី ក្រោយមកគេហៅថាភ្នំកណ្តាល។ ការហៅនេះប្រហែលជាគិតទៅលើការ ប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ បច្ចុប្បន្នគេហៅថា ប្រាសាទភ្នំបាខែង។
ព្រះរាជាសោយរាជ្យក្រោយព្រះបាទយសោវរ្ម័នទី១៖
ព្រះបាទហស៌វរ្ម័នទី១ (៩០០-៩២២) ព្រះបាទជយវរ្ម័នទី៤ (៩២២-៩៤២) និងព្រះបាទឦសានវរ្ម័នទី២ (៩២២-៩២៨)៖
លុះព្រះបាទយសោវរ្ម័នទី១សុគតទៅ ព្រះរាជបុត្រព្រះអង្គគឺព្រះបាទហស៌វរ្ម័នទី១ ព្រះអង្គទ្រង់ឡើងគ្រង រាជ្យ។ មកដល់ឆ្នាំ៩២១ ព្រះបិតុលារបស់ព្រះអង្គ ទ្រង់បានប្រឆាំងនឹងព្រះអង្គ ហើយប្រកាសជា មហាក្សត្រដោយមានព្រះនាមថា ព្រះបាទហស៌វរ្ម័នទី៤ តាំងព្រះរាជធានីនៅកោះកែរ។ នៅឆ្នាំ៩២២ ព្រះបាទហស៌វរ្ម័នសុគតទៅ ព្រះអនុជរបស់ព្រះអង្គគឺព្រះបាទឦសានវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យនៅ អង្គរ។ កាលនោះកម្ពុជាបែកជាពីររហូតដល់ព្រះបាទឦសាណវរ្ម័នទី២សុគត ទើបកម្ពុជាបានរួមតែមួយ វិញដោយមានព្រះរាជាតែមួយព្រះអង្គ គឺព្រះបាទជយវរ្ម័នទី៤ នោះឯងដែលគ្រងរាជនៅកោះកែរ។
ព្រះបាទហស៌វរ្ម័នទី២ (៩៤២-៩៤៤)៖ នៅកោះកែរ ព្រះបាទជយវរ្ម័នទី៤ ព្រះអង្គបានសាងប្រាសាទដ៏ធំ សម្បើម។ លុះព្រះអង្គសុគតទៅព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វរ្ម័នទី២សោយរាជ្យបន្តមក ទៀតបាន៣ឆ្នាំ។
ព្រះបាទរាជិន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)៖ លុះព្រះបាទហស៌វរ្ម័នទី២សុគតទៅ ព្រះបាទរាជិន្ទ្រវរ្ម័នដែលត្រូវជាព្រះភាគនេយ្យនៃព្រះបាទជយវរ្ម័នទី៤ ឡើងគ្រងរាជ្យ។ ដោយព្រះអង្គបានព្រះរាជមត៌កនូវភវៈបុរៈ (ចេនឡាដីគោក)ផង ព្រះអង្គក៏បានសម្រេច ឯកភាពខ្មែរយ៉ាងពេញលេញ ហើយព្រះអង្គក៏យាងមកគង់នៅយសោធបុរៈវិញ។ នៅឆ្នាំ៩៤៥ ព្រះអង្គបានធ្វើចម្បាំងនឹងចាមដែលមកឈ្លានពានលើទឹកដីខ្មែរ។ ព្រះអង្គបានសាងប្រាសាទ មេបុណ្យ ខាងកើត ប្រាសាទប្រែរូប ប្រាសាទភិមានអាកាស និងប្រាសាទបាទជុំ។
ក្នុងរជ្ជកាលរបស់ព្រះអង្គ មានព្រាហ្មណ៍ម្នាក់ឈ្មោះ យជ្ញាវហ៌ (Yajavaiaha) បានសាងប្រាសាទបន្ទាយស្រី ក្នុងឆ្នាំ៩៦៧។
ព្រះបាទជយវរ្ម័នទី (៩៦៨-១០០១)៖ ព្រះអង្គជាព្រះរាជបុត្រព្រះបាទរាជិន្ទ្រវរ្ម័នទី២។ ព្រះអង្គបានសាង ប្រាសាទតាកែវ។
សេចក្តីសង្ខេប៖
ព្រះបាទយសោវរ្ម័នទី១ ត្រូវជាព្រះរាជបុត្រព្រះបាទឥន្ទ្រវរ្ម័ន។ ព្រះអង្គបានតាំងរាជធានីថ្មីនៅយសោធបរៈ នៅភ្នំបាខែង ប្រកបដោយន័យ និងបែបផែន។ ព្រះអង្គបានសាងប្រាសាទ លលៃ នៅហរិហរាល័យ ប្រាសាទនៅភ្នំក្រោម ប្រាសាទនៅភ្នំបូក បានឲ្យជីកបារាយណ៍ខាងកើត។
បន្ទាប់ពីរជ្ជកាលព្រះបាទយសោវរ្ម័នទី២ និងព្រះបាទហស៌វរ្ម័នទី១ តមកក្នុងរជ្ជកាលព្រះបាទឦ សាណវរ្ម័នទី២ កម្ពុជាគ្រប់គ្រងដោយព្រះរាជាពីរអង្គ គឺព្រះបាទឦសាណវរ្ម័នទី២ ដែលគង់នៅយសោ ធបុរៈ(អង្គរ) និងព្រះបាទជយវរ្ម័នទី៤ ដែលគង់នៅកោះកែរ។ លុះព្រះបាទឦសាណវរ្ម័នទី២សុគតទៅ ប្រទេសកម្ពុជាបានរួមតែមួយវិញ ក្រោមការគ្រប់គ្រងរបស់ព្រះបាទជយវរ្ម័នទី៤ដែលគង់នៅកោះកែរ នោះឯង។ តែបន្ទាប់ពីព្រះអង្គមកព្រះរាជ្ជទាយាទរបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះនាមថា ហស៌វរ្ម័នទី២ ដែលគង់នៅកោះកែរដដែល។ លុះដល់ព្រះបាទរាជិន្ទ្រវរ្ម័នទី២ ឡើងគ្រងរាជ្យ ទើបព្រះអង្គយាងមកគង់នៅយសោធបុរៈវិញ។ ព្រះបាទរាជិន្ទ្រវរ្ម័នទី២ ព្រះអង្គបានសាងប្រាសាទ មេបុណ្យ (ខាងកើត) ប្រាសាទបាទជុំ និងប្រាសាទភិមានអាកាស។ ក្នុងរជ្ជកាលព្រះអង្គ ព្រាហ្មណ៍នម្នាក់ ឈ្មោះ យជ្ញាវហ៌ បានសាងប្រាសាទបន្ទាយស្រី។ ព្រះបាទជយវរ្ម័នទី៥ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទ រាជិន្ទ្រវរ្ម័នទី២បានសាងប្រាសាទតាកែវ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments