Breaking News

ព្រះបាទជយវរ្ម័នទី៧ ជាស្តេចសឹក (ត) - អំពីការចូលលុកលុយរបស់ចាមក្នុងប្រទេសកម្ពុជា - [Cambo Page - ខេមបូ ផេក]

ព្រះបាទជយវរ្ម័នទី៧ ជាស្តេចសឹក (ត)

 អំពីការចូលលុកលុយរបស់ចាមក្នុងប្រទេសកម្ពុជា

     មានស្តេចមួយព្រះអង្គព្រះនាម ឥន្ទ្រវរ្ម័ន បានចងស្ពានមានមេត្រីនឹងប្រទេសអណ្ណាម ហើយបានលើកទ័ពតាមជើងគោកដើម្បីឆ្ពោះមកច្បាំងនឹងប្រទេសកម្ពុជា។ ក្នុងខណៈនោះ កងទ័ពខ្មែរមានឫទ្ធានុភាពខ្លាំងខ្លាណាស់ ទ័ពចាមក៏ដកថយវិលត្រលប់ទៅវិញ។
ក្នុងឆ្នាំ១១៧៧ ស្តេចចាមបានលើកទ័ពជើងទឹកមកតាមទូកសំពៅចូលមកតាមទន្លេមេគង្គ កាត់ឆ្ពោះតម្រង់េហូតដល់ទន្លេសាប។ ម្តងនេះទ័ពចាមចូលលុកលុយមហានគរបាន ហើយធ្វើគតស្តេចត្រីភូវនាទិត្យបានក្នុងគ្រានោះទៅ។ ប្រទេសកម្ពុជាក៏ស្ថិតនៅក្រោមការត្រួតត្រាជិះជាន់របស់ចាម។

      ការរំដោះមាតុប្រទេសឲ្យរួចផុតពីការជិះជាន់របស់ចាម៖

ព្រះបាទជយវរ្ម័នទី៧ បានប្រមូលខេមរជនអ្នកស្នេហាជាតិជាច្រើននាក់ដើម្បីបង្កកងទ័ព ប្រយុទ្ធតទល់នឹងសត្រូវចាម។ ការប្រយុទ្ធនេះបានប្រព្រឹត្តទៅអស់រយៈពេល៤ឆ្នាំ ទើបប្រទេសបានសេចក្តីសុខក្សេមក្សាន្តឡើងវិញ។ ហើយព្រះបាទជយវរ្ម័នទី៧ក៏តាំងរៀបពិធីរាជាពិសេក ដោយដាក់ព្រះនាមថា ព្រះបាទជយវរ្ម័នទី៧ ក្នុងឆ្នាំ១១៨១។

       ការបង្ក្រាបអំពើក្បត់នៅមល្យាង (ខាងត្បូងខេត្តបាត់ដំបង)៖
    មានមនុស្សមួយក្រុម ច្រើនជាអ្នកខូចកាចនៅស្រុកមល្យាង បានធ្វើទុក្ខប្រជាពលរដ្ឋខ្មែរ ហើយចង់ប្រឆាំងនឹងព្រះចៅកម្ពុជាទៀតផង។ ព្រះបាទជយវរ្ម័នទី៧ បានចាត់ព្រះអង្គម្ចាស់ចាមមួយព្រះអង្គ ព្រះនាមវិទ្យានន្ទន៍ ដែលជាបុត្រចិញ្ចឹមព្រះអង្គឲ្យទៅបង្ក្រាបអំពើបះបោរនោះ។ ព្រះអង្គម្ចាស់ចាមបានវាយឈ្នះពួកបះបោរ រួចប្រទេសកម្ពុជាបានស្ថិតក្នុងសេចក្តីសុខឡើងវិញ។

សេចក្តីសង្ខេប៖

     ស្តេចចាមព្រះនាម ជយឥន្ទ្រវរ្ម័ន បានលើកទ័ពមកច្បាំងនឹងកម្ពុជាយើង។ កាលនោះកាលកងទ័ពខ្មែរមានឫទ្ធានុភាពជាងទ័ពចាម ចាមក៏បានដកថយទៅវិញ។ 
នៅឆ្នាំ១១៧ ចាមបានលើកទ័ពមកកាត់តាមទន្លេមេគង្គចូលទៅទន្លេសាប ហើយចូលលុកលុយ មហានគរ ព្រមទាំងបានធ្វើគតស្តេចត្រីភូវនាទិត្យវរ្ម័នទៀតផង។  គ្រានោះហើយដែលព្រះបាទជយវរ្ម័នទី៧ បានបង្កទ័ពប្រយុទ្ធតទល់កម្ចាត់ពួកចាមឲ្យខ្ចាត់ទៅវិញអស់រយៈពេល៤ឆ្នាំ ទើបព្រះអង្គឡើងគ្រងរាជ្យក្នុងឆ្នាំ១១៨១។ 

   ក្នុងរាជ្យព្រះអង្គមានការបះបោរមួយនៅមល្យាង (ខាងត្បូងខេត្តបាត់ដំបង៌។ កាលនោះព្រះបាទជយវរ្ម័នទី៧ ទ្រង់បានចាត់ព្រះអង្គម្ចាស់ចាមមួយព្រះអង្គដែលត្រូវជាបុត្រចិញ្ចឹមរបស់ព្រះអង្គ ព្រះនាម វិទ្យានន្ទន៍ ឲ្យទៅបង្ក្រាបការបះបោរ។ ពួកនេះបានបាក់បបខ្លបខ្លាចស្ងប់ស្ងាត់ទៅវិញអស់ទៅ។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]



No comments