សង្ខេបរឿង ខ្យងស័ង្ខ - [Cambo Page - ខេមបូ ផេក]
ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
កាលកំណត់តែង៖ ១៧២៩
អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)
តួអង្គក្នុងរឿង
១- ព្រះបាទវិមលរាជ ៖ ស្តេចសោយរាជ្យនៅសោឡសមហានគរ ជាស្វាមីរបស់ព្រះនាងចន្ទទេវី និងឆន្ទា
២- ព្រះនាងចន្ទទេវី ៖ អគ្គមហេសីនៃព្រះបាទវិមលរាជ ជាមាតារបស់ខ្យងស័ង្ខ
៣- នាងឆន្ទា ៖ មហេសីទី២ព្រះបាទវិមលរាជ ជាមាតារបស់នាងឆន្ទី
៤- ខ្យងស័ង្ខ ៖ បុត្រព្រះបាទវិមលរាជ និងព្រះនាងចន្ទទេវី
៥- ឆន្ទី ឬសុវណ្ណធីតា ៖ បុត្រព្រះបាទវិមលរាជ និងនាងឆន្ទា ជាមហេសីទី២របស់ខ្យងស័ង្ខ
៦- ព្រះបាទសាមលរាជ ៖ ស្តេចសោយរាជ្យនៅសាមលមហានគរ
៧- ព្រះនាងសាមលទេវី ៖ មហេសីព្រះបាទសាមលរាជ
៨- ព្រះនាងរចនាទេវី ៖ បុត្រីពៅរបស់ព្រះបាទសាមលរាជ និងព្រះនាងសាមលទេវី ហ់ើយជាមហេសីទី១ របស់ព្រះខ្យងស័ង្ខ
៩- យក្សពន្ធរស ៖ ជាស្តេចយក្សនៅនគរតាលវ័ន និងមាតាធម៌របស់ខ្យងស័ង្ខ
១០- ស្តេចនាគ ៖ បិតាធម៌របស់ខ្យងស័ង្ខ
១១- ព្រះសុវណ្ណកុមារ ៖ បុត្ររបស់ខ្យងស័ង្ខ និងព្រះនាងរចនាទេវី ព្រមទាំងជាស្វាមីរបស់ព្រះនាងសុវណ្ណទេវី
១២- ព្រះនាងសុវណ្ណទេវី ៖ បុត្ររបស់ខ្យងស័ង្ខនិងព្រះនាងឆន្ទី ជាមហេសីរបស់ព្រះសុវណ្ណកុមារ
១៣- យាយស្មេធា ៖ គ្រូស្នេហ៍
១៤- ដូនចាស់កម្សត់ ៖ អ្នកទទួលយកអាសារនាងចន្ទទេវី
១៥- ខុនមារ ៖ ពលសេនាយក្ស
១៦-ព្រះឥន្ទ្រ និងតួអង្គរំលឹកជាច្រើនទៀត
រឿងសង្ខេប៖
នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះអង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហាយទៅដល់ឋានព្រះឥន្ទ្រៗក៏សុំយាងព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃព្រះនាងច័ន្ទទេវី។ ចំណែកឯព្រះនាងឆន្ទាទ្រង់មិនបានតាំងសីលដូចព្រះនាងចន្ទទេវីទេ គឺនាងទៅធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសុំបុត្រ នៅពេលនោះដែរទេពធីតារក្សាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទា។ ក្រោយពេលពិធីសុំបុត្រចប់ ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតី។ ថ្ងៃមួយព្រះបាទយសវិមលរាជ្យទ្រង់យល់ថា ទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខខុសប្លែកពីសព្វមួយដង ព្រះអង្គក៏ទ្រង់សួរទៅមហេសីចន្ទទេវីអំពីការរៀបចំពិធីសុំបុត្រ។ នៅពេលនោះព្រះនាងចន្ទទេវីបានមានព្រះបន្ទូលថា ព្រះនាងយល់សុបិន្តឃើញរាហ៊ូពាំព្រះចន្ទ្រមកថ្វាយដល់ព្រះនាង ព្រះនាងក៏បានទទួលយកព្រះចន្ទ្រដោយក្តីត្រេកអរមហិមា តែរំពេចនោះព្រះចន្ទ្រដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែក្លាយទៅជាពណ៌ខ្មៅងងឹតសូន្យសុង ពេលនោះព្រះចន្ទ្រក៏បានព្រាត់ចេញពីដៃរបស់ព្រះនាង។ ព្រះនាងក៏ដូលសន្លប់ដល់ក្ស័យជន្មា។ ក្រោយមករាហ៊ូក៏បាននាំយកព្រះចន្ទ្រយកមកឲ្យនាងវិញ ហើយព្រះនាងក៏មានព្រះជន្មឡើងវិញ។ ដោយក្តីអាណិតចំពោះមហេសី ព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សប្តិរបស់ព្រះនាង។ ហោរាបាននិយាយថា ព្រះនាងចន្ទទេវីគឺមានរាជបុត្រាដែលជាទេវតាបានមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាង ហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងសោយរាជ្យជំនួសព្រះអង្គ។ ក្រោយពីលឺទំនាយបែបនេះ ជាហេតុបណ្តាលឲ្យព្រះនាងឆន្ទាផ្ទំពុំលក់ពេញមួយរាត្រី ព្រោះព្រះនាងគិតថាកូនខ្លួនអាចជាកូនស្រី ក្រែងគ្មានបានវាសនាអាចស្នងរាជ្យដូចបុត្រព្រះនាងចន្ទទេវី។ ដោយគិតសព្វគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធា ព្រះនាងឆន្ទាក៏បានឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជ ក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទា ព្រះអង្គក៏បានបណ្តេញព្រះនាងចន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គដឹងថាព្រះនាងចន្ទទេវីមានផ្ទៃពោះក៏ដោយ។ ក្រោយពីព្រះស្វាមីបានបណ្តេញចេញពីព្រះនគរ ព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិច ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅលើខ្លួនរបស់ព្រះនាង ត្រូវនាងឆន្ទារឹបអូសគ្មានសល់។ នៅពេលដែលព្រះនាងកំពុងតែធ្វើដំណើរទៅដល់ព្រៃជ្រៅ ព្រះនាងបានជួបនឹងដូនចាស់ម្នាក់ ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជាមួយ ហើយព្រះនាងតែងតែប្រកបរបរកាប់ឧសលក់។ ដោយយល់ឃើញថា រៀងរាល់ថ្ងៃព្រះមាតាតែងតែប្រកបការងារដោយលំបាក ព្រះអង្គក៏តាំងអធិដ្ឋានថា ប្រសិនបើព្រះអង្គជាតួអង្គពោធិសត្វ សូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយ។ លុះដល់ខែកំណត់នៃការប្រសូត ព្រះនាងទ្រង់ប្រសូតនូវព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោបដោយសម្បកខ្យង ដែលមានពន្លឺភ្លឺរលោង ព្រះនាងបានយកខ្យងនោះមកឱបថើប។ ដំណើរជីវិតរបស់ព្រះនាង និងបុត្របានប្រព្រឹត្តទៅរយៈពេលបីឆ្នាំ។ ថ្ងៃមួយព្រះនាងបានទៅកាប់ឧសនៅក្នុងព្រៃដូចសព្វដង តែថ្ងៃនោះព្រះនាងបានទុកដាក់អង្ករប្រហែស។ ខ្យងស័ង្ខដោយឃើញពីទុក្ខវេទនារបស់មាតាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់នឹងរៀបចំផ្ទះ។ ចំណែកឯព្រះនាងចន្ទទេវី ក្រោយពេលទៅដល់ព្រៃកាប់ឧសមួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេលចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អ។ ព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់ខ្លួន។ ព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម។ ពេលមកដល់ទ្រង់មិនឃើញ ព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់និងបុត្រ វាមិនអាចមានមនុស្សណាផ្សេងឡើយ។ នៅថ្ងៃស្អែកឡើងព្រះនាងក៏យាងធ្វើជាទៅកាប់ឧសដូចរាល់សព្វមួយដង ប៉ុន្តែព្រះនាងធ្វើជាភ្លេចគ្របទុកដាក់អង្ករឲ្យបានជិត។ ខ្យងស័ង្ខដោយគិតថាមាតាភ្លេច ហើយដោយក្តីអាណិត ក៏បានចេញពីស្រោមមករៀបចំដូចលើកមុន។ ព្រះនាងចន្ទទេវីដែលពួននៅក្រោយខ្ទមក៏ស្ទុះចេញមកឱបក្រសោបបុត្រលួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ព្រះនាងចន្ទទេវីបានយកសំបកខ្យងទៅវាយបំបែក ព្រោះព្រះនាងភ័យខ្លាចខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខាន។ ដំណឹងនេះបានលឺទៅដល់ព្រះនាងឆន្ទាដែលមានបុត្រី ដោយសេចក្តីភ័យខ្លាចការវិលត្រឡប់របស់ខ្យងស័ង្ខ និងចន្ទទេវីមកសោយរាជ្យសម្បត្តិ ព្រះនាងឆន្ទាបានប្រើឧបាយកលដោយប្រាប់ព្រះបាទយសវិមលរាជថាព្រះនាងចន្ទទេវី ជាស្រី្តដែលភិតក្បត់មានសាហាយ ហើយបង្កើតបានកូនប្រុសម្នាក់ ដែលកូនប្រុសនេះជាសាហាយរបស់ព្រះនាងចន្ទទេវី។
ក្រោយពីលឺដំណឹងនេះព្រះបាទយសវិមលរាជទ្រង់ បានបញ្ជាឲ្យគេទៅចាប់ខ្យងស័ង្ខយកមកសម្លាប់។ ពេជ្ឃឃាដចាប់ខ្យងស័ង្ខបាន គេចងដៃចងជើងខ្យងស័ង្ខដូចជាអ្នកទោស។ បន្ទាប់មកពេជ្ឃឃាដយកដាវមកកាប់ករបស់ខ្យងស័ង្ខ ប៉ុន្តែដោយអំណាចអានិសង្ស អាវុធនោះបានប្រែក្លាយទៅជាពុកផុយ បាក់ខ្ទេចខ្ទីអស់។ ពេជ្ឃឃាដក៏យកលំពែងមកចាក់រាជកុមារ លំពែងនោះទៀតសោតក៏ក្លាយជាផ្កាទៅវិញ។ ព្រះវិមលរាជ ក៏ប្រើពេជ្ឃឃាដយករាជកុមារចងដៃចងជើងបោះទំលាក់ចូលទឹក។ ព្រះនាងចន្ទទេវីឃើញបុត្របណ្តូលចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ឃឃាដសម្លាប់ដូចនោះ ទ្រង់ទួញយំឥតស្រាកស្រាន្ត។ គួរឲ្យអនិច្ចាណាស់ ព្រះពោធិសត្វកាលត្រូវពេជ្ឃឃាដចងទម្លាក់ចូលទឹកមិនស្លាប់ទៀត ព្រះវិមលរាជក៏ប្រើពេជ្ឃឃាដចងរាជកុមារ នឹងដុំថ្មធំៗទម្លាក់ចូលទឹកជម្រៅ ២០០០ព្យាមទៀត។ ពេលរាជកុមារធ្លាក់ចូលទឹក ធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាល ស្តេចនាគក៏និម្មិតផ្កាឈូកក៏ធំទ្រទទួលព្រះរាជកុមារខ្យងស័ង្ខ រួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ ហើយស្តេចនាគទ្រង់សព្វព្រះទ័យខ្លាំងណាស់។ តែខ្យងស័ង្ខមិនអាចគង់នៅជាមួយបានឡើយ ស្តេចនាគក៏និម្មិតសំពៅមាសមួយរចនាដោយគ្រឿងលម្អ មានប្រដាប់ប្រដាប្រើប្រាស់សព្វបែបយ៉ាង ដាក់រាជកុមារសំដៅនគរយក្ស ដើម្បីឲ្យនាងពន្ធរសចិញ្ចឹម។ សំពៅនោះអណ្តែតបានមួយខែកន្លះមកទើនឹងកន្លែងឥសី។ ខ្យងស័ង្ខក៏បានរៀបរាប់ពីដំណើរដើមទងប្រាប់តាបសៗក៏បានជូនពរសព្វសាធុការដល់ខ្យងស័ង្ខ និងបានយកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរតាលវ័ន។ ពួកយក្សប្រុងចាប់រាជកុមារស៊ីជាចំណី ប៉ុន្តែយក្សទាំងនោះលិចទឹកក្ស័យជន្មអស់ ១៩០០០នាក់។ ដំណឹងនេះបានលឺដល់នាងពន្ធរស នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជកុមារ។ នាងពន្ធរសសព្វព្រះទ័យនឹងខ្យងស័ង្ខណាស់។ ជំងឺមិនឃ្លានអាហាររបស់យក្សពន្ធរសក៏ស្រាប់តែជាសះស្បើយឡើងវិញ ព្រះនាងត្រេកអរណាស់ រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើង។ មុនពេលទៅរកចំណី នាងតែងផ្តាំបុត្រថាកុំឲ្យទៅលេងស្រះបោក្ខរណី រាជកុមារក៏លបលួចទៅលេង ឃើញមានស្រះមាស ស្រះប្រាក់។ ថ្ងៃក្រោយមកទៀតនាងបានផ្តាំទៅខ្យងស័ង្ខថាមិនឲ្យទៅលេងនៅប្រាសាទខាងលើ ព្រោះមានខ្មោចងោះ ដែលជាខ្មោចកាចសាហាវខ្លាំងណាស់ ប៉ុន្តែលើកនេះក្រោយពីម្តាយខ្លួនចាកចេញទៅខ្យងស័ង្ខក៏បានឡើងទៅលើប្រាសាទ រួចឃើញស្រោមងោះ និងឈើច្រត់។ ខ្យងស័ង្ខក៏ពាក់ស្រោមងោះ ព្រមទាំងជិះឈើច្រត់ហោះលេងលើអាកាស។ ការរស់នៅរបស់ខ្យងស័ង្ខប្រព្រឹត្តទៅអស់រយៈពេល១០ឆ្នាំ ដោយការរស់នៅឆ្ងាយពីម្តាយ ដោយនឹករលឹកដល់ព្រះមាតាចន្ទទេវី ខ្យងស័ង្ខក៏សម្រេចចិត្តចាកចេញពីម្តាយធម៌។ តែមុនពេលចាកចេញខ្យងស័ង្ខក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោក្ខរណី ជាតិជាមាសបន្ទាប់មកពាក់ស្រោមងោះ ហើយយកស្បែកជើងកែងពាក់ និងឡើងគង់លើឈើច្រត់ ហើយចេញពីនគរយក្សទៅ។
យក្សពន្ធរសបានយាងមកពីប្រពាតព្រៃវិញមិនបានឃើញខ្យងស័ង្ខមកទទួលខ្លួនដូចសព្វដង ក៏គិតថាប្រហែលជាខ្យងស័ង្ខរត់ចោលខ្លួនក៏ហោះចេញតាមរក។ ពេលទៅតាមទាន់ក៏បបួលលួងលោមឲ្យខ្យងស័ង្ខវិលត្រឡប់មកនគរវិញ ប៉ុន្តែខ្យងស័ង្ខមិនព្រម គឺគេប្តេជ្ញាថាទៅតាមរកមាតាចន្ទទេវី។ ដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងស័ង្ខ ព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌កំបាំងសក្តិសិទ្ធិទាំងបីដល់ខ្យងស័ង្ខ ហើយព្រះនាងបានបា្រប់ពីមន្តវិជ្ជាការហោះមហាចិន្តានូវសិល្ប៍សាស្ត្រដែលអាចហៅត្រី សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន បន្ទាប់មកព្រះនាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។ រាជកុមារក៏ប្រើខុនមារពលសេនាយក្សឲ្យលើកសពព្រះមាតាដាក់មឈូសមាស ធ្វើបុណ្យតាមប្រពៃណី បូជាព្រះភ្លើង រួចរើសព្រះធាតុដាក់ក្នុងកោដិមាសតាំងក្នុងព្រះចេតិយ ហើយក៏ក្រាបបង្គមលាបីដង។ ទ្រង់ក៏ឈរលើឈើច្រត់ ពាក់ស្រោមងោះហោះទៅលើអាកាសចេញពីនគរយក្សបាន៧ថ្ងៃដល់សាមលមហានគរ។ នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេសីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយអង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេងភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។ នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។ គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ និងព្រះនាងពៅរចនាទេវីជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។ ពេលនោះព្រះនាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់លើដៃចៅងោះ។ ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និងសើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។ ដោយខ្មាស់គេខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅដ្ឋានឲ្យអ្នកទាំងពីរនៅក្រៅនគរ។ ចំណែកខ្យងស័ង្ខជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងោះដើម្បីផ្ទំជាមួយភរិយា លុះព្រឹកឡើងទើបពាក់ស្រោមងោះដូចដើមវិញ។ ដោយទ្រាំនឹងការដៀលត្មិះពីសំណាក់មាតាបិតា និងបងៗមិនបាន ព្រះនាងពៅរចនាទេវីទ្រង់ព្រះរាជតម្រិះថា ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ ហេតុនេះនៅរាត្រីនេះពេលទ្រង់ឡើងមកផ្ទំជាមួយអញស្កប់ស្កល់ហើយ អញនឹងលួចយកស្រោមងោះនោះទៅដុតបំផ្លាញចោល។ ពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានយកស្រោមងោះទៅវាយនឹងអង្រែ រួចហើយយកទៅដុតចោល ប៉ុន្តែដោយតេជះនៃស្រោមងោះមិនបានធ្វើឲ្យស្រោមងោះវិនាសទេ នៅពេលព្រះស័ង្ខភ្ញាក់ពីដំណេកដូចសព្វមួយដងព្រះអង្គរកស្រោមងោះរបស់ព្រះអង្គ ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គនឹកស្មានមិនដល់គឺការទតឃើញពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល ចាប់ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
ចំណែកព្រះបាទសាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក ព្រះអង្គបានរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល ដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មីដែលសក្តិសមនឹងព្រះនាង។ ព្រះអង្គបានឲ្យបុត្រាសុណិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វព្រៃ បើបុត្រាណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។ បុត្រប្រសារទាំងប្រាំមូយម្នាក់ៗសុទ្ធតែមានពលសេនា លើកលែងតែចៅងោះស្វាមីពៅរចនាដែលគ្មានពលសេនាសូម្បីតែម្នាក់។ នៅពេលដឹងដំណឹងនេះភ្លាម ព្រះនាងពៅរចនាបានពានាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមី។ ដោយក្តីអាណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ ហើយហោះសំដៅទៅកណ្តាលទីព្រៃ។ ក្រោមម្លប់ជ្រៃ ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។ ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ ហើយខ្លះក៏ខូចស្អុយរលួយអស់ទៅហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងោះ ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វព្រៃ។ ដោយសារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទសាមលរាជទ្រង់ខ្ញាល់យ៉ាងខ្លាំង។ លើកទីពីរ ទ្រង់បានបញ្ជាឲ្យបុត្រប្រសារទាំងអស់ចេញទៅរកត្រីម្តង។ លើកនេះបុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមលរាជខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយរបស់ព្រះអង្គម្តងទៀត។
លុះព្រឹកស្អែកឡើង ព្រះបាទសាមលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រទាំងអស់រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿងអលង្កការផ្សេងៗ។ ក្រោយពីទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។ ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ ឬទោះជាព្រះនាងពៅរចនាទេវីយំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុកដាក់ដែរ។ ដោយមិនអាចធ្វើឲ្យស្វាមីយល់ និងធ្វើតាមបំណងរបស់ខ្លួនបាន ព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតា។ ផ្ទុយទៅវិញ ព្រះបាទសាមលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនា និងស្វាមីកាន់តែខ្លាំងឡើងៗរហូតដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។ ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ ព្រះនាងបានរៀបរាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។ ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសីទ្រង់យ៉ាងណាក៏ដោយ តែដោយកាតព្វកិច្ច និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេចទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។ ចំណែកព្រះនាងពៅរចនាទេវី ដោយមិនអាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ព្រះនាងមិនបានបរិភោគអាហារ ព្រះនាងព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់ នៅពេលភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថា "ព្រះស្វាមីអូនលាហើយ" មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
នៅពេលដែលព្រះនាងពៅរចនាទេវីសោយទីវង្គត ភាពកក្រើក និងក្តៅក្រហាយកើតមានដល់ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទតមកកាន់សាមលបុរីរួចក៏យល់អស់នូវសេចក្តី។ ព្រះឥន្ទ្ររិះរកនូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ និងធ្វើឲ្យព្រះនាងពៅរចនាមានព្រះជន្មឡើងវិញ។ ព្រះឥន្ទ្របានត្រាស់បង្គាប់ឲ្យព្រះពិស្ណុកាប្រែកាឡាជាទូតទៅសុំប្រកួតល្បែងវាយឃ្លីជាមួយព្រះបាទសាមលរាជ រីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។ ព្រះបាទសាមលរាជមានការភិតភ័យជាខ្លាំងចំពោះដំណឹងនេះ។ ព្រះបាទសាមលរាជបានគម្រាមបុត្រប្រសារទាំងឡាយថានឹងទទួលទោសស្លាប់ បើពុំបានទទួលជោគជ័យក្នុងការប្រកួត។ ថ្ងៃប្រកួតបានមកដល់។ ដោយអំណាចតេជះរបស់ព្រះឥន្ទ្រ បុត្រប្រសាររបស់ព្រះបាទសាមលរាជទាំងប្រាំមួយគ្មានម្នាក់ណាអាចយកឈ្នះព្រះឥន្ទ្រឡើយ។ ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ សេចក្តីអស់សង្ឃឹមបានចូលមកគ្របដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។ កាលនោះព្រះអគ្គមហេសីសាមលរាជក្សត្រីពុំភិតភ័យឡើយ និងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹម ហើយក៏បានរំលឹកដល់កម្លាំងពលំរបស់ចៅងោះបុត្រប្រសារពៅ និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រអង្គនេះ (ព្រះឥន្ទ្រ)។ ដោយគ្មានជម្រើស ព្រះបាទសាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះហៅបុត្រប្រសារពៅ គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនា ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។ ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួតវាយឃ្លី ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។ ព្រោះតែភាពស្មោះត្រង់របស់ព្រះនាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង ហើយនឹងភាពវឹកវរដល់ព្រះនគរផង ព្រះស័ង្ខក៏យល់ព្រមទទួលយកសំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា ដោយព្រមដោះស្រោមងោះចេញ ហើយទៅប្រកួតវាយឃ្លីនោះ។ ក្នុងរូបរាងពិបប្រាកដ ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់អាចបំផុត។ ក្នុងការប្រកួតនេះអស់បណ្តាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើន។ ជ័យជំនះធ្លាក់ទៅលើព្រះស័ង្ខ។ ក្រោយការប្រកួត ដោយសារភាពអង់អាច និងរូបសម្បត្តិដ៏ល្អល្អះរបស់ព្រះស័ង្ខធ្វើឲ្យព្រះបាទសាមលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះស័ង្ខ ទ្រង់បានប្រគល់រាជសម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ ហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែលមានកិត្តិយសលើសអស់បងៗព្រះនាង។
ថ្លែងពីព្រះបាទវិមលរាជនៅនគរសោឡស ក្នុងរាត្រីថ្ងៃមួយ ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរទៅពន្យល់សប្តិព្រះបាទយសវិមលរាជ ដៃកាន់ដំបងប៉ុនដើមត្នោត ស្រែកសន្ធប់ទៅកាន់ព្រះបាទវិមលរាជថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ជឿតាមពាក្យញុះញង់នាងឆន្ទាកំណាច។ បើស្តេចមិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ ៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។ ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
លុះព្រឹកឡើង ព្រះបាទយសវិមលរាជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួលព្រះនាងចន្ទទេវីមកកាន់ព្រះរាជនគរវិញ។ ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះនាងចន្ទទេវី ព្រះបាទយសវិមលរាជទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ដាក់ទ្រង់ និងមានគំនិតមិនល្អចំពោះព្រះនាងចន្ទទេវី ទ្រង់បានបញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់។ ព្រះបាទយសវិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរករ ព្រះនាងចន្ទទេវីក៏យល់ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ ព្រះនាងបានធ្វើការសម្តែងនូវភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមី ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាពអស្ចារ្យបានកើតឡើង ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង ព្រះកាយព្រះនាងបានប្រែជាស្រស់ស្អាតដូចស្រីសួគ៌។ ឃើញភាពអស្ចារ្យបែបនេះព្រះបាទយសវិមលរាជរឹតតែមានចិត្តអាណិត និងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើង។ ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ ព្រះបាទយសវិមលរាជ និងព្រះមហេសី បានក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់គ្រងរាជ្យ ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផង។ ដោយសារតែមានការលំបាកក្នុងការទៅជួបព្រះស័ង្ខ ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ ដោយទ្រង់បានចិតបន្លែជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។ កាលបើបានឃើញនូវព្រះស្ងោយហើយ ព្រះស័ង្ខបានប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។ ឃើញដូចនេះព្រះនាងពៅរចនាទេវីបានសោយសោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។ ស្ថានភាពនេះបានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ ហើយទ្រង់ក៏បានយាងចុះមកប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។ ក្រោយទ្រង់ដឹងព្រះកាយវិញ ព្រះនាងចន្ទទេវីបាននាំព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។ រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ ព្រះស័ង្ខត្រូវឡើងគ្រងរាជ្យបន្តពីព្រះបិតា។ ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ ព្រះបាទយសវិមលរាជបានរៀបចំឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។ ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាននូវក្តីសុខសន្តិភាព ទាំងនគរ ទាំងក្រុមគ្រួសារ។ បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រម្នាក់មួយ ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏ត្រកាល រីឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោភាប្រៀបបានស្រីសួគ៌ា។ ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ ហើយប្រគល់រាជសម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។ ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេសីរចនាទេវីជាធំលើសក្សត្រី។ សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សាទ្រង់បានសោយទិវង្គត់ ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី និងព្រះមាតារបស់ទ្រង់។ ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។ ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហាអានន្ត។ ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះសុទ្ធោទន៍។ ចន្ទទេវីយកជាតិជាព្រះនាងសិរិមហាមាយា។ រចនាទេវី យកជាតិជានាងពិម្ពា។ សុវណ្ណធីតាយកជាតិជានាងសុជាតា។ សុវណ្ណកុមារយកជាតិជារាហុលកុមារ។ នាងសុវណ្ណទេវីយកជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ យកជាតិជាព្រះសិទ្ធាថ៌ គឺព្រះសម្មាសម្ពុទ្ធ៕
ប្រធានរឿង៖ និយាយពីដំណើរជីវិត របស់ព្រះពោធិសត្វដែលបានយោនយកកំណើតជាខ្យងស័ង្ខ។
មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
- ស្នេហា និងការប្រកាន់វណ្ណៈ
- ព្រហ្មវិហាធម៌ និងកតញ្ញូ
- ការលោភលន់នឹងអំណាចបុណ្យសក្តិ
- ការសរជាតិនៃតួអង្គ៕
មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
- ស្នេហា និងការប្រកាន់វណ្ណៈ
- ព្រហ្មវិហាធម៌ និងកតញ្ញូ
- ការលោភលន់នឹងអំណាចបុណ្យសក្តិ
- ការសរជាតិនៃតួអង្គ៕
.................................
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
No comments