Breaking News

ប្រទេសចេនឡាបែកជាពីរ - [Cambo Page - ខេមបូ ផេក]

ប្រទេសចេនឡាបែកជាពីរ 

(ការរាតត្បាតនៃប្រទេសជ្វា) 


មូលហេតុដែលនាំឲ្យប្រទេសចេនឡាបែកបាក់ជាពីរ៖ 

    នៅឆ្នាំ៦១៨ កាលព្រះបាទជយវរ្ម័នទី១ សុគតទៅ ព្រះអង្គពុំមានរជ្ជទាយាទនោះទេ។ ព្រះមហេសីរបស់ព្រះអង្គ ព្រះនាមជ័យទេវីទ្រង់គ្រប់គ្រងរាជ្យជំនួសព្រះអង្គ។ តែដោយសារប្រទេសចេនឡាធំ ពេក ទើបនៅឆ្នាំ៧១០-៧១៥ ក៏កើតមានភាពវឹកវរឡើងក្នុងព្រះនគរ។ បន្ទាប់មកចេនឡាបានបាក់បែកជាពីរដែលហៅថា "ចេនឡាដីគោក" និង"ចេនឡាទឹកលិច"។ 

    ចេនឡាដីគោក៖ ប្រទេសចេនឡាដីគោកនៅខាងជើងស្ថិតនៅត្រង់ភូមិភាគចេនឡាពីដើម គឺត្រង់ចេនឡាកណ្តាល និងភាគខាងត្បូងនៃប្រទេសលាវ។ ចេនឡាដីគោកនេះជារដ្ឋមួយឯករាជ្យដាច់ដោយ ឡែកពីចេនឡាទឹកលិចដោយមាន ភវៈបុរៈ (តំបន់បាសាក់) ជារាជធានី។ ព្រះរាជាប្រទេសនេះធ្លាប់មានការទាក់ទងខាងផ្លូវទូតជាមួយនឹងបរទេសចិន។ 

    ចេនឡាទឹកលិច៖ ប្រទេសចេនឡាទឹកលិច នៅខាងត្បូងស្ថិតនៅត្រង់ភូមិភាគប្រទេសហ៊្វូណនពីដើម​ គឺត្រង់ទំនាបទន្លេមេគង្គ ចាប់ពីល្បាក់ខោន ចុះទៅទល់នឹងសមុទ្រ។ តមិនយូរប៉ុន្មាន ប្រទេសនេះក៏បានបែងចែកជារដ្ឋតូចៗតាមរបៀបសក្តិភូមិ។ នៅចុងសតវត្សទី៨ ប្រទេសចេនឡាទឹកលិចចែកជានគរតូចៗហើយថែមទាំងមានការប្រកួត្រជែងគ្នាផង។ ក្នុងចំណោមរដ្ឋតូចៗទាំងឡាយ គូរកត់សម្គាល់រដ្ឋមួយដែលមានសម្ភៈបុរៈ (សំបូរ-ក្រចេះ) ជារាជធានីហើយ និងស្តេចមួយព្រះអង្គព្រះនាម ពុស្ករក្ស (PUSHKARAKSHA) ដែលបានតាំងព្រះអង្គជាព្រះរាជាប្រទេសកម្ពុជា នៅសម្ភៈបុរៈ។ 

ការរាតត្បាតពីប្រទេសជ្វា៖ 

   ការបែកខ្ញែកគ្នាបានធ្វើឲ្យប្រទេសចេនឡា ធ្លាក់ចុះខ្សោយ។ ជាគ្រោះអាក្រក់មួយបន្ថែមទៀត ប្រទេសនេះបានពើបប្រទះនឹងការរាតត្បាតពីប្រទេសជ្វានៅចុងសតវត្សទី៨។ ក្នុងសម័យនោះ ពួកជ្វាទាំងនោះបានប្លន់ប្រទេសចំប៉ា ចូលមកប្រទេសចេនឡាទឹកលិច និងឡើងតាមទន្លេមេគង្គ រហូតដល់សុម្ភៈបុរៈ។ ពួកទ័ពជ្វាបានចូលវាយលុក និងដុតទីក្រុង និងបានធ្វើគតព្រះរាជាទៀតផង។ តាំងពីពេលនោះមក ប្រទេសចេនឡាទឹកលិច បានធ្លាក់ជាស្រុកចំណុះនៃប្រទេសជ្វារហូតមកទល់នឹងសតវត្សទី៩។ 

អារ្យធម៌នៃប្រទេសចេនឡាក្នុងសម័យបែកបាក់៖ 
    ថ្វីត្បិតតែមានការបែកបាក់ តែការរីកចម្រើនខាងវប្បធម៌នានារមែងមានជាដរាប។ ខាងសាសនានាសម័យនោះ មានការលូតលាស់ច្រើនខាងការប្រតិបត្តិព្រះហរិហរៈ។ ព្រះហរិហរៈជាតួទេវៈ ដែលបូករួមទាំងព្រះហរិគឺព្រះវិស្ណុ និងព្រះហរៈ គឺព្រះសិវៈ។ ព្រះគារវវត្ថុសាងឡើងជារូប តែមួយ តែភាគខាងឆ្វេងតំណាងព្រះវិស្ណុ និងភាគខាងស្តាំតំណាងព្រះសិវៈ។ 

    គួរកត់សម្គាល់ថា ក្នុងសម័យនោះមានទេវរូបនៅប្រាសាទអណ្តែត និងកោះក្រៀងដែលសាងឡើងប្រកបដោយវិចិត្រសិល្បៈគួរឲ្យស្ញើច ព្រោះទេវរូបនោះមានភាពដូចមនុស្សសុទ្ធសាធ។ 

សេចក្តីសង្ខេប 


      ក្រោយពីឆ្នាំ ៦១៨ លុះព្រះបាទជយវរ្ម័នទី១សុគតទៅ ព្រះមហេសីព្រះអង្គព្រះនាម ជ័យទេវី បានគ្រប់គ្រងរាជ្យដោយផ្ទាល់ព្រះអង្គ។ តែដោយប្រទេសចេនឡាធំពេកចំពោះព្រះអង្គ ទើបប្រទេសនេះបែកចែកជាពីរ ហៅថា ចេនឡាដីគោក និងចេនឡាទឹកលិច។ ប្រទេសចេនឡាដីគោក ស្ថិតនៅត្រង់ចេនឡាពីដើម។ ឯចេនឡាទឹកលិចស្ថិតនៅត្រង់ហ៊្វូណនពីដើម។ 

      មកដល់ចុងសតវត្សទី៨ ចេនឡាទឹកលិចបានបែងចែកជាប្រទេសតូចៗប្រាំទៅទៀត។ ការបាក់បែកនេះធ្វើឲ្យប្រទេសនេះចុះខ្សោយខ្លាំង។ ទទួលក្នុងឳកាលសនោះមានពួកជ្វាចូលមករាតត្បាតក្នុង ឥណ្ឌូចិន និងបានប្លន់ប្រទេសចេនឡាទឹកលិច ដុតក្រុងសម្ភៈបុរៈ និងធ្វើគតព្រះរាជាផង។ តាំងពីពេលនោះមកទល់នឹងសតវត្សទី៩ ប្រទេសនេះក៏ធ្លាក់ចុះជាប្រទេសចំណុះឲ្យប្រទេសជ្វា។


        ក្នុងសម័យចេនឡាមានការរីកចម្រើននូវការគោរពព្រះហរិហរៈ។ 

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
F Click here to our YouTube page:  https://www.youtube.com/channel/UCaht6lb7TnNEj3am8YBsjfA

F Click here to our Facebook page : https://www.facebook.com/PINIH-PINOH-103966184608131
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ PINIH PINOH

No comments