Breaking News

រឿង បេសកកម្មរុយទេព - [Cambo Page - ខេមបូ ផេក]

ភាគទី១ (គុណតម្លៃជីវិត)

នៅឯរាជ្យរុយនគរ មានសត្វរុយញីដ៏ស្រស់ស្អាតមួយក្បាល មានឈ្មោះថា បច្ចពិតកល្យានី ស្រីឯកអគ្គរត្នមាយា ហៅខ្វែន បានយាត្រាចាកចេញពីរុយនគរយ៉ាងប្រញាប់ប្រញាល់ ដោយនាង មិនបានប្រាប់ពីមូលហតុអ្វីនោះទេ ព្រោះទុកឲ្យឆ្ងល់។
«មិនមែនទៅស៊ីអាចម៍ណាអ្ហី?» អ្នកអានឆ្ងល់។ មិនដឹងទេ! តែឈ្មោះ ពិរោះដល់ម្លឹង ទៅស៊ីអាចម៍ ស្តាយកិត្តិនាមណាស់ «អ្នកនិពន្ឋឆ្លើយ»។
 ⁃ អញ្ចឹង នាងទៅណាវិញចុះ? (ដឹងហើយថានឹង សួរសំនួរហ្នឹង! ចង់ធ្វើអ្នកជិះខាងល្អនឹងគ្នាអត់? បើចង់ តោះទៅតាមដាននាងទាំងអស់គ្នាខឹខឹខឹ...

ការធ្វើដំណើរ ឆ្លងមកដល់ភពផែនដី នាងបានឃើញរូបភាពនៃការចំណាយពេល រស់នៅរបស់មនុស្សផ្សេងៗគ្នា ហើយនាងនឹកក្នុងចិត្តថា៖

ការពិតចុងបញ្ចប់នៃជីវិត គឺមិនមែនជាចំនួនឆ្នាំដែលយើងរស់នៅនោះទេ ប៉ុន្ដែជាគុណតម្លៃដែលយើងបានរស់នៅ។

ឆាកជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់បានឆ្លងកាត់នូវរឿងហេតុជាច្រើន ហើយប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែងរៀងៗខ្លួន ថ្ងៃនេះគេអាចសើចញញឹមសប្បាយជួបជុំជាមួយក្រុមគ្រួសារ ថ្ងៃស្អែកសង្ខាររលត់ទៅសូន្យសុងក៏មើលមិនឃើញ។ គ្រប់យ៉ាងសុទ្ធតែជារឿងដែលមិនអាចដឹងមុន។ ខណៈពេលដែលទីបញ្ចប់នៃជីវិតខិតជិតមកដល់ ទើបចាប់ផ្ដើមនឹករំលឹកថា តើក្នុងដំណើរជីវិតរបស់ខ្លួនធ្លាប់បានប្រព្រឹត្តនូវរឿងដែលមានប្រយោជន៍អ្វីខ្លះ?

គួរំលឹកផងដែរ ក្នុងគ្រាដែលនាងមកដល់ផែនដីនាងបានជួបនឹងសត្វ មនុស្សគ្រប់ប្រភេទ។ ក្នុងនោះក៏មានលោក Montesquieu (ម៉ុនតេសឃ្យូស) ដែលជា​ទស្សនៈវិទូ​នយោបាយជនជាតិបារាំង គាត់ជា​អ្នកប្រវត្តិវិទូ ជា​អ្នកនិពន្ធ​​ប្រលោមលោក ដែល​ត្រូវបាន​គេទទួល​ស្គាល់​ថា ជា​ស្ថាបនិក​មួយ​រូបខាង​សង្គមវិទ្យា និង​ជាបិតានៃ​វិទ្យាសាស្រ្ត​​នយោបាយទៀតផង។ លោកបានលើកឡើងនូវឃ្លាអប់រំដ៏ល្អនេះប្រាប់នាង ថា «ចុងបញ្ចប់នៃជីវិត គឺមិនមែនជាចំនួនឆ្នាំដែលយើងរស់នៅនោះទេ ប៉ុន្ដែជាគុណតម្លៃដែលយើងបានរស់នៅ»
Montesquieu

ក្នុងន័យនេះ បានទូន្មានដល់នាងឲ្យបានដឹងថា មិនខ្វល់ថា តើយើងរស់នៅក្នុងពិភពលោកនេះបានយូរអង្វែងប៉ុណ្ណានោះទេ។ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថា តើយើងបានផ្ដល់តម្លៃដល់ការរស់នៅរបស់ខ្លួនបានដល់កម្រិតណា? បើទោះបីជាយើងរស់បានដល់អាយុ ១០០ ឆ្នាំ ឬ២០០ឆ្នាំក៏ដោយ តែបើយើងមិនបានប្រើប្រាស់ជីវិតមួយនេះឲ្យសមទៅតាមតម្លៃ ហើយធ្វើអ្វីដែលមានប្រយោជន៍ដល់ជីវិតរបស់ខ្លួន និងសង្គមទេនោះជីវិតយើងមិនខុសពីភាវៈដែលគ្មានជីវិតនោះឡើយ។

មែនទែនទៅ មនុស្សជាច្រើនតែងគិតថា កាលដែលរស់នៅបានរយៈពេលយូរជារឿងមួយដែលគួរឲ្យរីករាយ តែផ្ទុយទៅវិញ ភាពរីករាយពិតប្រាកដនោះគឺជាកំឡុងពេលដែលយើងបានរស់នៅ ពេលវេលាដែលយើងបានធ្វើរឿងដ៏ត្រឹមត្រូវ ខិតខំប្រឹងប្រែង តស៊ូ ដើម្បីក្ដីសុបិន្ដ សម្រេចនូវបំណងប្រាថ្នាដែលយើងធ្លាប់ស្រមៃ បើទោះបីជាវាមានរយៈពេលខ្លីប៉ុន្ដែវាពិតជារឿងដ៏មានន័យ និងគួរឲ្យមោទនៈភាពណាស់។

ជារួមមក គ្មានបុគ្គលណាដែលអាចរួចផុតពីសេចក្ដីស្លាប់នោះទេ ដូច្នេះហើយខណៈពេលដែលយើងនៅមានជីវិត យើងគួរតែធ្វើរឿងទាំងឡាយណាដែលមានប្រយោជន៍ ប្រព្រឹត្តនូវអំពើល្អ បែបនេះបើទោះជាយើងមិនអាចរស់នៅបានយូរអង្វែង យ៉ាងហោចណាស់ក៏យើងបានបន្សល់ទុកនូវរឿងល្អៗ ជាច្រើនដល់ខ្លួន និងមនុស្សដែលនៅជុំវិញខ្លួនដែរ...

គិតរួចហើយនាងបោះពួយខ្លួនទំលើត្របកផ្កាមួយសន្លឹក ក្រោមពន្លឺព្រះទិនកររះភ្លឺចិញ្ចែងចិញ្ចាច។ មួយសន្ទុះក្រោយមក ស្រាប់តែ....

ភាគទី២ (មេអំបៅ)

នាងក្រលេកទៅឃើញកូនមេអំបៅតូចមួយ កំពុងប្រវេប្រវាសខ្លួនចេញពីសម្បកឌុកដឿ ខណៈហ្វូងមេអំបៅ ទាំងឡាយនាំគ្នាបញ្ចេញសម្រស់ចំរុះពណ៌ បង្អួតរាងដ៏ស្រស់ឆើតឆាយ ក្រេបរសបុប្ផាជាតិយ៉ាងរីករាយ។ ធីតារុយនៃយើងសម្លឹងផ្អៀងផ្អងរួចវិភាគក្នុងចិត្តថា៖

ដើម្បីក្លាយជាមេអំបៅមួយដ៏ស្រស់ស្អាតបាន ពិតជាមិនងាយស្រួលនោះទេ ត្រូវទទួលរងនូវការឈឺចាប់ និងការផ្លាស់ប្តូរច្រើនណាស់។

ពីដំបូងឡើយវាគឺជាសត្វដង្កូវមួយក្បាលដែលមានរូបរាងគួរឲ្យខ្ពើមរអើម គួរឲ្យខ្លាចបន្ទាប់មកវាក៏ប្រែក្លាយខ្លួនទៅជាឌុកដឿ រួចក៏ប្រែក្លាយខ្លួនទៅជាសត្វមេអំបៅ។ រាល់ដំណាក់កាលនៃលូតលាស់នីមួយៗរបស់មេអំបៅ គឺវាពិតជាមិនងាយស្រួលនោះទេ វាត្រូវការរយះពេលនៃការប្រឹងប្រែង តស៊ូ អត់ធ្មត់ និងការឈឺចាប់បំផុតទើបអាចក្លាយជាមេអំបៅដ៏ស្រស់ស្អាតមួយក្បាលបាន។
ចំពោះយើងវិញក៏មិនខុសគ្នាប៉ុន្មានដែរ ប្រសិនបើយើងមានបំណងប្រាថ្នាចង់ក្លាយជាបុគ្គលដែលអស្ចារ្យ ពូកែ ឬស្អាតនោះ គឺត្រូវទាមទារនូវការអត់ធ្មត់ និងការតស៊ូព្យាយាមជំនះនូវរាល់បញ្ហាឬឧបសគ្គលំបាកៗទាំងនោះយ៉ាងអត់ធ្មត់បំផុត។ យើងត្រូវតែហាត់ពត់លត់ដំខ្លួនឯងឲ្យក្លាយជាបុគ្គលពូកែ និងរឹងមាំជាមុនសិន ទើបយើងអាចយកឈ្នះនូវឧបសគ្គទាំងអស់បាន។ បន្ទាប់ពីនោះ យើងនឹងអាចក្លាយទៅជាជនអស្ចារ្យម្នាក់ដូចបំណងប្រាថ្នារបស់យើងជាក់ជាមិនខាន។

អារម្មណ៍រុយធីតា ដក់ជាប់នឹងវិវដ្តជីវិតនេះស្រាប់តែផ្ទះមេឃ ប្រែមកជាអួរអាប់ ផ្គររន្ទះក្តួងក្តាំង ជ្រែកផ្ទៃមេឃា កំញើញសតនិករនៅនាផែនដី។ អាសូអំបៅតូច ដ៏កម្សត់ទើបផុតពីសំបក មិនអាចហើយទៅណាឆ្ងាយ។ ឃើញដូចនេះធីតារុយយើង បញ្ចេញវេទមន្តទាញស្លឹកឈើមកគ្របបាំង រាជនីតូចអោយផុតពីគ្រាប់ទឹកភ្លៀង។ មិនយូរប៉ុន្មានភ្លៀងក៏ស្ងប់ស្ងាត់។ តែវាហាក់ដូចជាយប់ជ្រៅណាស់ទៅហើយ ក្រៅពីសម្លេងកង្កែបហ៊ីងស្រែកប្រណាំងគ្នាទ្រហឹង សម្លេងមួយបានបន្លឺឡើង.....

ភាគ៣ (Covid-19)

សម្លេងចចកលូគួរអោយព្រឺព្រួចបែបនេះ ជាហេតុនាំអោយ នាងរុយកញ្ញា ដឹងច្បាស់ថាតំបន់នេះ ពោរពេញទៅដោយវិញ្ញាណអាក្រក់ ខ្មោច ព្រាយបិសាច។ នាងគ្រវាសភ្នែកចោលទៅ កូនមេអំបៅដ៏តូចល្អិត មុខគួរអាសូរ ទើបនាងសម្រេចចិត្ត ផ្ទេរកម្លាំងធាតុទេពរបស់នាងទៅ កូនអំបៅកម្សត់នេះអោយក្លាយជាទេពធីតា ពាន់ឆ្នាំដូចនាងដែរ ក្រែងពួកទាំងនោះមានបំណងមកយាយីជីវិតនាង នាងអាចជួយខ្លួនឯងបាន។ ចាប់ពីពេលនោះមកនាងទេពទាំងពីរ ហោះហើរ ទៅទីជិតឆ្ងាយ កាយកៀក ប្រលែង មិនដែលខ្វល់ពីអ្វីឡើយ។ ដើម្បីរស់ជាទេពធីតាដូចនេះបាន ពួកគេត្រូវមានដំណមមួយគឺ មិនអាចមានស្នេហានឹងមនុស្សលោកបានទេ ពុំដូចនោះរូបកាយនាងនឹងក្លាយជាគម្រង់ស្អុយរលួយ និងស្លាប់ដូចភាវៈទូទៅនៅលើផែនដីអញ្ចឹង។


ចាំទេសម្លេងចចកលូ? ដូចអ្វីដែលនាងរុយ ស្មានមែនទីនេះមាន វិញ្ញាណមិនល្អ បង្កររោគអុកឡុក មនុស្សលោកហើយ។ អ្នកភូមិភ័យស្លន់ បន់ព្រះទេវតា អោយជួយរក្សា សុវត្ថិភាពប្រុសស្រី ត្បិតអីមនុស្សជាតិ ជួបគ្រោះចង្រៃ ដោយវីរុសថ្មី ឈ្មោះកូរូណា។ វាមកវាលុក ធ្វើទុក្ខមនុស្សាអោយក្ស័យជន្មា គ្រាំគ្រាដង្ហើម ដង្ហក់ទងសួត ស្ងួតករជាដើម អាការៈចាប់ផ្តើម ដូចរោគផ្តាស់សាយ។


ឃើញដូចនេះអំបៅតូចកញ្ញាក្រលាខ្លួនជាស្រីស្អាត សម្ភស្សល្អលើសបវរឯកចក្សវាល។ ដើមទ្រូងមូលខ្លំ សមគូថ ងខ្ទីត ផោមនាងមួយទ្រីត ឈ្នះមាសត្រូវ។ 

នាងបានចូលទៅពន្យល់ពីរបៀបការពារខ្លួនពីរោគចង្រៃនេះដល់អ្នកស្រុក ដោយប្រភាពចំនេះទាំងនោះនាងបានមកពី គេហទំព័ររបស់អង្គការសុខភាពពិភពលោក ដែលមានអត្ថន័យដូចតទៅ៖


តើអ្វីទៅជាវីរុសកូរ៉ូណា “ ប្រភេទថ្មី “ ?

វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។


ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា "វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-nCoV"។​

វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។

តើវីរុស COVID-19 រីករាលដាលយ៉ាងដូចម្តេច?

វីរុសនេះត្រូវបានចម្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។​

តើវីរុសកូរ៉ូណាមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុស COVID-19។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ដូចគ្នានេះដែរ មានថ្នាំបង្ការសម្រាប់ការពារជំងឺផ្តាសាយ ដូច្នេះអ្នកត្រូវចងចាំថាអ្នក និងកូនៗត្រូវទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់។


តើខ្ញុំអាចជៀសវាងហានិភ័យនៃការឆ្លងវីរុសនេះបានយ៉ាងដូចម្តេច?

នេះគឺជាវិធីបង្ការទាំងបួនដែលអ្នក និងគ្រួសារអាចអនុវត្ត ដើម្បីជៀសវាងការឆ្លង៖
លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ
ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។ 


តើខ្ញុំគួរពាក់ម៉ាស់ពេទ្យឬទេ?
ម៉ាស់ពេទ្យត្រូវបានណែនាំឱ្យប្រើប្រាស់ ប្រសិនបើអ្នកមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ឬកណ្តាស់) ដើម្បីការពារអ្នកដទៃ។ ប្រសិនបើអ្នកគ្មានរោគសញ្ញាអ្វីទេ នោះអ្នកមិនចាំបាច់ពាក់ម៉ាស់ឡើយ។

ប្រសិនបើពាក់ម៉ាស់ អ្នកត្រូវប្រើប្រាស់ និងបោះចោលវាឱ្យបានត្រឹមត្រូវ ដើម្បីធានានូវប្រសិទ្ធភាពរបស់វា និងជៀសវាងការកើនឡើងហានិភ័យនៃការចម្លងវីរុស។

ការប្រើប្រាស់ម៉ាស់តែមួយមុខគត់នៅមិនគ្រប់គ្រាន់ឡើយដើម្បីបញ្ឈប់ការចម្លង ប៉ុន្តែអ្នកត្រូវអនុវត្តរួមផ្សំជាមួយនឹងការលាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ពេលកណ្តាស់ និងក្អក ហើយជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងអ្នកមានរោគសញ្ញាដូចជា ផ្តាសាយ (ក្អក កណ្តាស់ និងគ្រុនក្តៅ) ។

តើវីរុស COVID-19 ប៉ះពាល់លើកុមារដែរឬទេ?

នេះគឺជាវីរុសថ្មីមួយ ហើយយើងមិនទាន់ដឹងច្បាស់ថាវាប៉ះពាល់ដល់កុមារ ឬស្ត្រីមានផ្ទៃពោះយ៉ាងដូចម្តេចនោះទេ។ យើងដឹងថាវាអាចឆ្លងទៅមនុស្សគ្រប់វ័យ ប៉ុន្តែរហូតមកដល់ពេលនេះ មានករណីតិចតួចណាស់ដែលបានរាយការណ៍អំពីការឆ្លងវីរុស COVID-19 ទៅលើកុមារ។ វីរុសនេះកម្របង្កគ្រោះថ្នាក់ដល់ជីវិតណាស់ ដែលមកទល់ពេលនេះ ភាគច្រើននៃការស្លាប់គឺកើតឡើងតែចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយរួចទៅហើយប៉ុណ្ណោះ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើកូនរបស់ខ្ញុំមានរោគសញ្ញានៃវីរុស COVID-19 ?
សូមសុំយោបល់ពីពេទ្យ ប៉ុន្តែត្រូវចងចាំថានៅពេលនេះគឺជារដូវកាលនៃជំងឺផ្តាសាយនៅតំបន់អឌ្ឍគោលខាងជើង ហើយរោគសញ្ញានៃវីរុស COVID-19 ដូចជាក្អក ឬគ្រុនក្តៅអាចស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ ឬផ្តាសាយធម្មតា ដែលច្រើនតែកើតមានជាញឹកញាប់។

សូមបន្តធ្វើតាមការអនុវត្តន៍ល្អៗនៃការលាងសម្អាតដៃ​ និងអនាម័យផ្លូវដង្ហើមដូចជាលាងដៃឱ្យបានទៀងទាត់ និងនាំកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ ដូចដ្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុស និងបាក់តេរីដែលបង្កជំងឺផ្សេងៗ។

ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជាជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែង សាធារណៈ ( ដូចជាកន្លែងធ្វើការ សាលារៀន មធ្យោបាយធ្វើដំណើរសាធារណៈ) ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ។

តើខ្ញុំគួរធ្វើអ្វីប្រសិនបើមានសមាជិកគ្រួសារមានរោគសញ្ញាទាំងនេះ?
អ្នកគួរស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានមានអាការៈដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។ សូមទូរស័ព្ទប្រាប់ជាមុនដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់តំបន់ដែលត្រូវបានគេរាយការអំពីការឆ្លងវីរុស COVID-19 ឬប្រសិនបើអ្នកបានប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលបានធ្វើដំណើរមកពីតំបន់មួយក្នុងចំណោមតំបន់ទាំងនេះ ហើយមានរោគសញ្ញាផ្លូវដង្ហើម។


តើខ្ញុំគួរយកកូនចេញពីសាលារៀនដែរឬទេ?
ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាល និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។ បើមិនដូច្នោះទេ សូមឱ្យកូនរបស់អ្នកសម្រាកនៅផ្ទះខណៈពេលពួកគេមានរោគសញ្ញាទាក់ទងនឹងជំងឺផ្លូវដង្ហើមផ្សេងៗដូចជារោគសញ្ញានៃជំងឺផ្តាសាយធម្មតា ហើយត្រូវជៀសវាងធ្វើដំណើរទៅកាន់ទីកន្លែងសាធារណៈដើម្បីការពារកុំឲ្យឆ្លងទៅអ្នកដទៃ។

ប្រសិនបើកូនរបស់អ្នកគ្មានរោគសញ្ញាដូចជាគ្រុនក្តៅ ឬក្អកនោះទេ វាជាការប្រសើរបំផុតក្នុងការបន្តឱ្យកូនៗទៅសាលារៀន លើកលែងតែមានការណែនាំអំពីសុខភាពសាធារណៈ ឬសេចក្តីប្រកាសព្រមានអំពីហានិភ័យ ឬការផ្តល់យោបល់ផ្លូវការផ្សេងៗដែលប៉ះពាល់ដល់សាលារៀនរបស់កូនៗអ្នក។

ជំនួសឱ្យការមិនឱ្យកូនៗទៅសាលារៀន សូមបង្រៀនពួកគេនូវការអនុវត្តល្អខាងអនាម័យដៃ និងផ្លូវដង្ហើមនៅសាលារៀន និងកន្លែងផ្សេងទៀត ដូចជាលាងដៃឱ្យបានញឹកញាប់ (សូមមើលនៅខាងក្រោម) ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់ជូតមាត់ ហើយបន្ទាប់មកបោះចោលក្រដាស់ជូតមាត់ទៅក្នុងធុងសំរាម បិទជិត កុំប៉ះភ្នែក មាត់ ឬច្រមុះ ប្រសិនបើពួកគេមិនបានលាងដៃឱ្យបានត្រឹមត្រូវនោះទេ។

តើវិធីណាដែលល្អបំផុតក្នុងការលាងដៃឱ្យបានត្រឹមត្រូវ?


ជំហានទី ១: ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម
ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។
ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង
លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់ និងបន្ទាប់ពីទៅបន្ទប់ទឹក។

ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នកត្រូវតែលាងដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់។

តើស្ត្រីមានផ្ទៃពោះអាចចម្លងវីរុសកូរ៉ូណាទៅកូនក្នុងផ្ទៃដែរឬទេ?

នៅពេលនេះ មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកំណត់ថាវីរុសនេះត្រូវបានចម្លងពីម្តាយទៅកូនក្នុងកំឡុងពេលមានផ្ទៃពោះ ឬមានផលប៉ះពាល់ជាសក្តានុពលដែលអាចកើតមានចំពោះទារកនោះទេ។ បញ្ហានេះកំពុងត្រូវបានស្រាវជ្រាវនៅពេលបច្ចុប្បន្ន។ ស្ត្រីមានផ្ទៃពោះគួរតែបន្តអនុវត្តតាមវិធីបង្ការសមស្របដើម្បីការពារខ្លួនពីការប៉ះពាល់នឹងវីរុស ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលាប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។

តើម្តាយអាចបំបៅដោះកូនបានដែរឬទេ ប្រសិនបើគាត់បានឆ្លងវីរុសនេះ?

ម្តាយទាំងអស់ដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យ ហើយដែលកើតមានរោគសញ្ញាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម គួរតែស្វែងរកការព្យាបាល ឱ្យបានឆាប់រហ័ស និងធ្វើតាមការណែនាំពីអ្នក ផ្តល់សេវាថែទាំសុខភាព។

ដោយគិតពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងការមិនសូវចម្លងវីរុសផ្លូវដង្ហើមផ្សេងៗដោយសារទឹកដោះម្តាយ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។

ចំពោះម្តាយដែលមានរោគសញ្ញាហើយ តែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ការពាក់ម៉ាសនៅពេលស្ថិតនៅក្បែរកូន (រួមទាំងពេលបំបៅដោះកូន) លាងដៃមុន និងក្រោយពេលប៉ះពាល់កូន (រាប់បញ្ចូលទាំងការបំបៅដោះ) និងការសម្អាត/ការសម្លាប់វីរុសលើផ្ទៃដែលកខ្វក់ ដែលវិធីបង្ការនេះគួរតែត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកណាម្នាក់ដែលត្រូវបានបញ្ជាក់ឬសង្ស័យថាមានឆ្លងវីរុស COVID-19 ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមទាំងចំពោះកុមារផងដែរ។

ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរ គាត់គួរតែត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវ និង/ឬ ស្លាបព្រាស្អាតវិញ ខណៈពេលដែលត្រូវតែបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល ។

សម្រស់ល្អឯកនាង កៀងចិត្តកម្លោះ អោយអណ្តែតអណ្តូង ឈរភ្លឹកភាន់ភាំង គាំងទ្រូងរួមរិត គ្រាន់ផោមអោយហិតចិត្តជ្រួលកន្លង។ ទ្រីតមួយទ្រីតពីរ ឆវីមិនថ្វី ទ្រីតលើកទី៣ ថ្លៃអើយសៅហ្មង អោយកន្តាស់ឆែត ឡើងឆ្អែតតែម្តង ខ្លះប្លោះរបងមិនហ៊ាននៅក្បែរ។ 

កម្មណាស់! ទង្វើរបស់នាយកម្លោះ ដ៏ស្រស់សង្ហារម្នាក់នេះ បានធ្វើអោយកញ្ញាតូចយើងខឹងណាស់ ក៏ដាល់មួយដៃចំកណ្តាលមុខ ផ្លោងចំងាយជិតបីគីឡូម៉ែត។ នេះហើយជាដើមចម នាំអោយអ្នកទាំងពីរក្លាយជាសត្រូវ ស៊ីសាច់ហុតឈាមរហូតដល់មួយនោះ...

ភាគ៤ (អ្នកខ្លាំង)

ដោយសារតែការគុំគួន អំនួត ចង់បង្ហាញថាខ្លាំងរៀងខ្លួន នៅ ក្រោមខ្យល់ព្យុះ កន្ត្រាក់លាយឡំនឹងផ្គរន្ទះ អ្នកទាំងពីរប្រយុទ្ធគ្នាយ៉ាងតឹងតែងបំផុត។ ស្នូរ សិល្ប៍វេទមន្ត ប្រេវប្រាវសាហាវជាងគ្រាប់ កាំភ្លើង។ សភាពការណ៍កាន់តែធ្ងន់ធ្ងរគ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ អស់រយៈពេលជិតកន្លះខែ ពួកគេវាយប្រហារមិនព្រមសម្រាកមួយវិនាទីណាសោះ។ បើបណ្តោយអោយនៅតែបែបនេះ កុំថាឡើយអ្នកទាំងពីរ សូម្បីព្រះធរណីក៏បែក ខ្ទេចដែរទំនងនោះ។ ស្រួលមិនស្រួលរលាយផែនដី គ្មានភពសម្រាប់រស់ផងក៏មិនដឹង។ មិនមើលនឹងភ្នែក អូនខ្វែនរុយទេព បញ្ចេញមហិទ្ធិរឹទ្ធ បញ្ឈប់សកម្មភាពរបស់ពួកគេភ្លាម រួចរលាស់នូវវាចាទូន្មានថា៖


អ្នកដែលខ្លាំងមិនអាចកើតឡើងដោយគ្មានការភ័យខ្លាចនោះទេ…ហើយភាពខ្លាំងមិនដែលកើតឡើងដោយគ្មានការប្រឈមឡើយ។

អ្នកខ្លាំងពេលដួលរលំ…ពួកគេមិននៅស្ងៀមទេ។

អ្នកខ្លាំងពេលបរាជ័យ…ពួកគេមិនបែកបាក់គ្នាទេ ពួកគេព្យាយាមរួបរួមគ្នាធ្វើឲ្យកាន់តែខ្លាំង។
អ្នកខ្លាំងមិនអស្ចារ្យទេ…តែអ្នកខ្លាំងមិនងាយចុះចាញ់ឡើយ។
អ្នកសខ្លាំងមិនព្យាយាមគេចពីបញ្ហាទេ តែពួកគេព្យាយាមប្រឈមនឹងបញ្ហាហើយពួកគេនឹងកាន់តែរឹងមាំ។

Hellen Keller ធ្លាប់បាននិយាយថា៖ “ចរិតមិនអាចត្រូវបានកែ ឬអភិវឌ្ឍក្នុងភាពងាយស្រួល និងភាពស្ងប់ស្ងាត់នោះទេ។ គឺ តាមរយៈបទពិសោធន៍នៃការសាកល្បង និងទុក្ខវេទនាទៅវិញទេ ទើបអាចពង្រឹងចក្ខុវិស័យ បំផុសមហិច្ឆតា និងទទួលបានជោគជ័យបាន”។
Hellen Keller

អ្វីក៏ដោយដែលគេបានឆ្លងកាត់ …គេជឿថាវានឹងនាំពួកគេឈានទៅរកគោលដៅ។ ក្រលេកមើលទៅអតីតកាល ហើយគិតអំពីរបៀបដែលវាធ្វើឱ្យគេកាន់តែរឹងមាំ ឆ្លាត និងកាន់តែប្រសើរជាងនេះ។ ប្រើការឈឺចាប់ពីអតីតកាលរបស់ពួកគេដើម្បីបង្កើតអនាគតល្អប្រសើរសម្រាប់ខ្លួនពួកគេផ្ទាល់។

មនុស្សលោកតែងនិយាយថា៖“ ខ្ញុំមិនដែលបានជួបអ្នកខ្លាំងណា ដែលឆ្លងកាត់តែភាពងាយស្រួលនោះទេ”។ អ្នកខ្លាំង គឺខ្លាំងដោយសារអតីតកាលរបស់ពួកគេពោពេញដោយភាពលំបាក និងពិសោធន៍។ តាមរយៈឋាននរកមានគុណសម្បត្តិមកពីស្ថានសួគ៌។ ពួកគេបានឆ្លងកាត់ភាពងងឹតហើយបានរកឃើញពន្លឺ។ នៅពេលដែលអ្វីៗហាក់ដូចជាមិនអាចទៅរួច …គេបែជាសម្លឹងអ្វីដែលអាចទៅរួចជាជំនួសវិញ ហើយគេនៅតែបន្តធ្វើវា។

សូមចាំថាអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក គឺមានហេតុផល និងគោលបំណង ហើយរាល់គ្រប់ឧបសគ្គនឹងបង្កប់នូវដំណោះស្រាយ។ ការតស៊ូនេះ…អ្នកនឹងកាន់តែខ្លាំង អ្នកនឹងកាន់តែឆ្លាត អ្នកនឹងកាន់តែល្អប្រសើរ។

ពិតណាស់ដើម្បីក្លាយជាអ្នកខ្លាំងអ្នកត្រូវតែជួបបញ្ហា។ ដើម្បីក្លាយជាអ្នកខ្លាំងអ្នកត្រូវតែទទួលបទពិសោធន៍ជោគជ័យនិងបរាជ័យ … ហើយពេលដ៏បរាជ័យបំផុតនឹងធ្វើអោយអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់។ មិនមែនការច្បាំងគ្នាយកស្លាប់យករស់ដូចពួកឯងនោះទេ។

និយាយចប់ នាងរុយក្រមុំងាកមុខចេញ ទទះស្លាបហើរចេញទៅ បន្សល់នូវគូរបដិបក្សឈរ សម្លឹងមុខគ្នាដោយគំនុំ។ ទោះយ៉ាងណាពួកគេគិតយល់ហើយ ទើបទម្លាក់អាវុធរៀងខ្លួន រួចបែរខ្នងចាកចេញតាមផ្លូវរៀងខ្លួន។ អាវ...... "សម្លេងស្រែកដោយភាពស្លោរស្លន់របស់ក្រមុំអំបៅឆ្នាស់ ".. ស្អីនឹង? នាយកម្លោះសួរ?...
ភាគ៥ (ស្នេហា)

សម្លេងស្រែកអំបាញ់មិញបានធ្វើអោយអ្នកកម្លោះយើង ឆ្ងល់រួចក៏ងាកទៅឃើញនាងមេអំបៅកំពុងរអិលហៀបតែនឹងដួល។ ទើបនាយកម្លោះស្ទុះសម្រាលខ្លួនស្ទុយទៅរក ហើរដូចសម្លី ទៅត្រកងបីក្នុងកាយវិការដៃក្រសោបចង្កេះ ប្រទះកែវនេត្រា។ អ្នកទាំងពីរសម្លឹងរកគ្នាស្ទើមិនដាក់ភ្នែក ប្រកបដោយទឹកដមនៃមន្តកាមទេព។ អីយ៉ា ! តិចផែនដីក្រឡាប់ចាក់ទៅ។ ផាំងៗ... (សម្លេងគ្រាប់ផ្ទុះ អ្នកទាំងសម្រាលខ្លួនស្ទុះចេញពីកន្លែងកើតហេតុ។ ស្អីហ្នឹង? កម្លោះសង្ហារសួរបញ្ជាក់ម្តងទៀត។ ពេលពិនិត្យច្បាស់ទៅព្រះអើយ នាងមេអំបៅដើរជាន់ពងជីងចក់សោះ។ ស្មានតែគ្រាប់ផ្លោង?

តែអ្នកទាំងពីមិនព្រមលែងគ្នាសោះ កម្លោះតូចត្រកងនាងក្រមុំស្រស់ជាប់ហ្មង។ ស្នូរបេះដូងអង្រួនរកគ្នា មិនស្រួសទេពីរនាក់នេះ។ ថ្ពាល់ក្រហមព្រឿងៗ ដោយការអៀនប្រៀនរបៀបទរុណវ័យ។ នាងក្រមុំ ច្រាស់កម្លោះរូបស្រស់ចេញរួចក៏ហើរបាត់ទៅ បន្សល់អោយកម្លោះយើងនៅតែឯង។ 


អារម្មណ៍នាយកម្លោះចាប់ផ្តើមស្រមើស្រម៉ៃលាយភាពឯកា។​ ទើបគេស្វែងយល់ និងពង្រឹងខ្លួនឯងថា កើតមកក៏តែឯង ស្លាប់ទៅវិញក៏តែឯង ដូចនេះភាពឯកាជាផ្នែកមួយនៃជីវិត។ ជីវិតគូរគ្រាន់តែជាការបំពេញឲ្យគ្នាតែប៉ុណ្ណោះ។ រំលឹកខ្លួនឯងមិនទាន់ចប់ផង នាយកម្លោះយើងឃើញហ្វូងដំរីមួយហ្វូង បណ្តើរគ្នា មានមេមានបាមានកូនមានចៅ ព្រោងព្រាតដែលជាហេតុធ្វើអោយកម្លោះយើងមិនទុក្ខសោក នឹងជីវិតអត់គូរមិនបាន។

ផ្ទៃមុខស្រពាប់ស្រពោន ហាក់មិនមានកម្លាំងអ្វីក្នុងខ្លួន នាយកម្លោះអភ័ព្វស្នេហ៍ដើរទៅធ្លាក់ជ្រោះយ៉ាងជ្រៅ។ ហេតុតែគូរគេខណៈនោះ នាងមេអំបៅហើរត្រឹបលំអងបុប្ផា ប្រទះឃើញហេតុការណ៍ក៏ស្ទុះ ជ្រមុជទឹកស្រង់កម្លោះយើង។ ម្តងនេះមិនធម្មតាទេ នាងយកបបូរមាត់ទៅបញ្ចូលខ្យល់ប្រុសស្អាតទៀតផង។ វីវរហើយ... ភ្នក់ភ្លើងស្នេហាចាប់ផ្តើមមានផ្សែងហើយ..

ដូចដែលបានប្រាប់ចឹងនាងមេអំបៅទេពមិនអាចមានស្នេហាជាមួយមនុស្សលោកទេ។ តែដោយ សារ ចិត្តជ្រួលទៅហើយដកចិត្តនឹងរសស្នេហ៍មនុស្សលោកមិនបានទើបនាងសម្រេចចិត្តយកការស្លាប់ មកប្តូរយកស្នេហាស្មោះរបស់នាង ទោះមានរយៈពេលដ៏ខ្លីក៏ដោយ។


ទោះនាងកញ្ញារុយទេពប្រឹងពន្យល់ហេតុផលយ៉ាងណាក៏នាងមិនស្តាប់ឡើយ។ នៅចុងក្រោយបំផុត នាងមានតែដំបូន្មានខ្លះថា ៈ ការបង្កើតស្នេហាងាយស្រួលទេ។ ការដែលពិបាកគឺរក្សាវាអោយរលូនទៅមុខ។ ចំនុចខ្លះដែលយើងត្រូវចាំនោះគឺ ជីវិតគូរអាចទៅមុខបានទាល់តែមានមួយព្រមនៅលើ មួយទៀតព្រមនៅក្រោម។ អ្នកនៅលើក៏មិនចេះតែប្រើអំណាចអាងខ្លួនឯងអុកបានមិនគិតអ្នកក្រោមនោះទេ។ ចំណែកអ្នកក្រោម ក៏មិនចេះតែនៅស្ងៀម ចាំតែគេចាក់នោះដែរ។ ទាំងពីរនាក់ត្រូវប្រឹងរួមគ្នា។ ជាការពិតណាស់ មនុស្សត្រូវមានសិទ្ធិស្មើគ្នា តែតួនាទីត្រូវគោរពរៀងខ្លួន។ តែនៅក្នុងនោះស្ត្រីត្រូវរងទុក្ខជាងគេ បន្តិចហើយដោយនាងត្រូវពពោះបង្កើតកូន ដែលជាការងារមួយដែលនាងត្រូវរ៉ាប់រង។ ដូចនេះបើដាក់ចិត្តធ្វើជាប្រពន្ធត្រូវធន់នឹងចំនុចនឹង។ យ៉ាងណាប្តីល្អ ក៏គួរដឹងហើយថាធើម៉េចអោយជីវិតគូរស្រួលទាំងអស់គ្នា។

កុំវិភាគអត្ថនេះទៅរឿងលើគ្រែ វិភាគមកជីវិតប្រចាំថ្ងៃវិញ។ វាគឺពិតជាអញ្ចឹងមែន។ បើម្នាក់ៗដណ្តើមគ្នាធ្វើធំក្នុងគ្រួសារអ្នកណាជាមេ។ ស្អីក៏ត្រូវមានមេដើម្បីដឹកនាំដែរ មើលទៅម្រាមដៃយើងមើល គឺមានមេដៃដើម្បីបង្ក្រប់នូវម្រាមអោយបានពេញលិញ។ វាមិនខុសទេដែលវាត្រូវមានសិទ្ធស្មើគ្នាក្នុងនាមជាម្រាម តែម្រាមទាំងនោះក៏វាមានតួនាទី មុខងាររៀងៗខ្លួនដែរ។


នេះមានន័យថាជីវិតគូរគឺជារបំពេញអោយគ្នា។

និយាយដល់ត្រឹមនេះនាងរុយកញ្ញាបញ្ចប់ដោយឃ្លាថាមួយទៀតថា ៈ បងមានតែប៉ុណ្ណឹងទេ តទៅត្រូវមើលលើពួកឯងហើយថា ត្រូវរក្សាស្នេហានេះបានដោយរបៀបណា សម្រាប់ក៏ដល់វេលាទៅតាំងសិល្ប៍នៅ ឋានរបស់រុយវិញដែរ។ ចូររក្សាខ្លួន និងចំពេញក្តីស្រម៉ៃរបស់ពួកឯងចុះ។ តែប៉ុណ្ណេះនាងរុយក៏សូន្យរូបបាត់ទៅ ដោយមិនដឹងថាស្នេហាអ្នកទាំងពីរទៅជាយ៉ាងណានោះទេនៅលើផែនដី? 

និពន្ធដោយ ៖ មហិច្ឆតា ក្អែកខ្មៅ 

No comments