ព្រះបាទជយវរ្ម័នទី៧-ជាស្តេចសាងប្រាសាទ - [Cambo Page - ខេមបូ ផេក]
ព្រះបាទជយវរ្ម័នទី៧
(ជាស្តេចសាងប្រាសាទ)
ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជយវរ្ម័នទី៧ បានសាងប្រាសាទជាច្រ់នទុកជាដំណែលរហូតមកដល់សព្វថ្ងៃនេះ។
ប្រាង្គប្រាសាទដែលព្រះអង្គបានសាង៖
នគរធំព្រមទាងកំផែង៖ កាលចាមចូលលុកលុយប្រទេសយើង ចាមបានធ្វើឲ្យក្រុងយសោធបុរៈខ្ទេចខ្ទាំអស់ជាច្រើន។ មិនគ្រាន់តែជួសជុលប្រាសាទទាំងនោះឡើងវិញទេ ព្រះអង្គថែមទាំងសាងក្រុងមួយថ្មីទៀតគឺអង្គរធំ។ ដើម្បីជាគ្រឿងការពារ ព្រះអង្គបានសាងកំផែងថ្មីព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គីឡូម៉ែត។ នៅក្នុងកំផែងនោះ ព្រះអង្គបានសាងប្រាសាទបាយ័នដែលជាទីតាំងនៃក្រុង និងជាទីគោរពបូជាដល់ ព្រះពុទ្ធសាសនា។
ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយឆ្មារ៖
ព្រះអង្គទ្រង់សាងប្រាសាទព្រះខ័នសម្រាប់ជាទីរំឭកដល់ព្រះវិញ្ញាណក្ខន្ធនៃព្រះវរបិតា។ ប្រាសាទតាព្រហ្ម សម្រាប់តម្កល់ព្រះបរមរូបនៃព្រះវរមាតា និងព្រះរូបសម្តេចគ្រូ។ ព្រះអង្គទ្រង់សាងប្រាសាទបន្ទាយឆ្មារ (ក្នុងខេត្តបាត់ដំបង) ដើម្បីថ្វាយដល់ព្រះរាជបុត្រព្រះអង្គព្រះនាមគ្រិន្ទកុមារ ដែលមានគុណក្នុងចម្បាំងនឹងចាម។
ប្រាសាទដទៃ៖ ក្រៅពីប្រាសាទខាងលើនេះ នៅតាមបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី
ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទតានៃ។ នៅក្នុងខេត្តកំពង់ចាម ព្រះអង្គសាងប្រាសាទនគរ។ នៅបាទីក្នុងខេត្តតាកែវ ព្រះអង្គបានសាងប្រសាទតាព្រហ្ម។
ព្រះរាជទ្រព្យតម្កល់សម្រាប់ប្រាសាទ៖ សម្រាប់ប្រាសាទនានាមានវត្ថុមានតម្លៃជាច្រើន ដូចជា ចានមាស ចានប្រាក់ ពេជ្រ កែវមុក្តា ត្បូងយ៉ាងល្អ ផ្តិលមាស រនាំងពីស្រុកចិន ក្លស់។ល។
បុគ្គលិកជាអ្នករាជការក្នុងប្រាសាទ៖ ប្រាសាទនោះមានភូមិចំណុះចំនួនជាច្រើន និងមានអ្នករក្សាប្រាសាទជាច្រើននាក់។ ក្នុងចំនួនមនុស្ស ១២៦៤០នាក់ដែលនៅក្នុងកំពែង មានអធិការ៨នាក់ មានមេគណៈ មានអ្នកគាល់បម្រើ មានស្រីរបាំ។
សេចក្តីសង្ខេប
ព្រះបាទជយវរ្ម័នទី៧ ព្រះអង្គបានសាងប្រាសាទច្រើនណាស់។ ព្រះអង្គបានសាងប្រាសាទអង្គរធំ ដែលមានតួប្រាសាទបាយ័នជាទីតាំងក្រុង និងកំផែងប្រវែង១២គីឡូម៉ែត្រសម្រាប់ជាគ្រឿងការពារ។ ព្រះអង្គបានសាងប្រាសាទ ព្រះខ័នសម្រាប់ជាទីរំឭកដល់វិញ្ញាក្ខន្ធព្រះវរបិតាព្រះអង្គ ប្រាសាទតាព្រហ្ម សម្រាប់តម្កល់ព្រះបរមរូបនៃព្រះមាតារបស់ព្រះអង្គ និងសម្តេចព្រះគ្រូ។ ប្រាសាទបន្ទាយឆ្មារសម្រាប់ថ្វាយដល់ព្រះរាជបុត្រ ព្រះនាម គ្រិន្ទកុមារ។ ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទតានៃ ប្រាសាទនគរ (នៅកំពង់ចាម) ប្រាសាតាព្រហ្ម (នៅតាកែវ)។
សម្រាប់ប្រាសាទទាំងឡាយមានវត្ថុមានតម្លៃ ជាច្រើនដូចជា មាស ប្រាក់ ពេជ្រ ជាដើម ហើយអ្នកថែរក្សាប្រាសាទទាំងនោះទៀតសោត ក៏មានចំនួនច្រើនក្រៃលែងដែរ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments