Breaking News

សៀម និងយួនរំលោភលើខ្មែរ - ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី២ - [Cambo Page - ខេមបូ ផេក]

សៀម និងយួនរំលោភលើខ្មែរ  

ក្នុងរជ្ជកាលព្រះបាទអង្គចន្ទទី២ 


មុនរជ្ជកាលព្រះបាទអង្គចន្ទទី២ សម្តេចចៅហ្វាប៉ុក៖ 


  ព្រះបាទអង្គអេង ព្រះអង្គមានព្រះរាជបុត្រប្រាំព្រះអង្គគឺ ព្រះអង្គចន្ទ ព្រះអង្គអិម ព្រះអង្គស្ងួន ព្រះអង្គភិម និងព្រះអង្គឌួង។ កាលព្រះអង្គអេងសុគតទៅ ព្រះរាជបុត្រច្បងព្រះអង្គ ព្រះនាមអង្គចន្ទទី២ ព្រះជន្មបាន៦ ព្រះវស្សា។ តាមប្រពៃណីខ្មែរ ព្រះអង្គអាចគ្រប់គ្រងរាជ្យបាន។ តែដោយមានបង្កាប់ពីសៀម ព្រះរាជបល្លង្កក៏ត្រូវទំនេរអស់កាល១០ឆ្នាំ (១៧៩៦-១៨០៦)។ ក្នុងខណៈនោះសម្តេចចៅហ្វាប៉ុក ដែលជាអ្នកកាន់កាប់ព្រះរាជរដ្ឋាភិបាល បានទៅជាឧបរកណ៍មួយរបស់សៀម។ នៅឆ្នាំ១៨០០ គឺកាលដែលពួកតាយសឹងវាយព្រះបាទយ៉ាឡុង ព្រះបាទយ៉ាឡុងបាន ទៅពឹងសៀម។ សៀមបានបង្កាប់មកចៅហ្វាប៉ុក។ សម្តេចចៅហ្វាប៉ុកបានចាត់កងទ័ពខ្មែរឲ្យទៅជួយព្រះបាទយ៉ាឡុង។ 


រជ្ជកាលព្រះបាទអង្គចន្ទទី២ (១៨០៦-១៨៣៤)៖ 


     ក្រោមអំណាចសៀម និងយួន៖ លុះព្រះអង្គបាន១៦ព្រះវស្សា ព្រះអង្គចន្ទទី២ យាងទៅបាងកកដើម្បីទទួលព្រះរាជភិសេកពីព្រះចៅសៀម ទើបយាងមកឧត្តុង្តវិញ។ ព្រះបាទយ៉ាឡុង ព្រះរាជាយួន មានសេចក្តីច្រណែនក៏ចាត់កងទ័ពឲ្យមកបង្ខំព្រះបាទអង្គចន្ទទី២ ឲ្យចំណុះយួន។ កាលនោះកម្ពុជានៅក្រោមអំណាចសៀមផងយួនផង។ 

    សៀមធ្វើអ្វីៗតាមទំនើងចិត្ត៖ នៅឆ្នាំ១៨១០ ព្រះចៅសៀមសុគត។ ព្រះអង្គចន្ទ ទ្រង់បានចាត់ព្រះអនុជពីរអង្គ គឺព្រះអង្គស្ងួន និងព្រះអង្គអិម ឲ្យទៅថ្វាយបង្គំព្រះសព និងព្រះចៅសៀមដែលទើប​សោយរាជ្យថ្មី។ កាលនោះ ព្រះចៅសៀមបានតាំងព្រះអង្គស្ងួនជាព្រះជ័យជេដ្ឋាមហាឧបយោរាជ និងព្រះអង្គអិមជាព្រះស្រីជ័យជេដ្ឋាមហាឧបរាយោរាជ ដោយឥតមានប្រឹក្សា និងព្រះរាជាខ្មែរឡើយ ហើយព្រះចៅសៀមបញ្ជាឲ្យកេណ្ឌរាស្ត្រខ្មែរយកទៅរក្សាក្រុងបាងកក។ 


    ព្រះរាជាប្រតិកម្មនៃព្រះបាទអង្គចន្ទទី២ ៖ ដោយព្រះអង្គចន្ទទី២ ព្រះអង្គមិនសព្វព្រះទ័យនឹងរឿងកេណ្ឌនោះ ព្រះអង្គបានឲ្យចាប់ឧកញ្ញ៉ាក្រឡាហោមមឿង និង ឧញ្ញាចក្រីបែន ដែលបានធ្វើកំណែន ឲ្យសៀមមកម្លាប់។ ឃើញដូច្នោះ ព្រះអង្គស្ងួន ក៏ភៀសព្រះអង្គចេញពីឧត្តុង្គ។ 

  សៀមវាយខ្មែរ៖ នៅឆ្នាំ១៨១១ សៀមលើកទ័ពមកវាយឧត្តុង្គជាមួយនឹងព្រះអង្គស្ងួន។ ដោយការតយុទ្ធមិនបាន ព្រះរាជាក៏ទ្រង់ថយទៅព្រៃនគរ។ នៅឆ្នាំ១៨១៣ ព្រះអធិរាជយ៉ាឡុង បានឲ្យទ័ព ព្រះអង្គចន្ទ មកគ្រងរាជវិញ។ ចំណែកឯព្រះអង្គស្ងួនយាងត្រឡប់ទៅស្រុកសៀមវិញ ហើយសុគតទៅ។ 

 សៀម និងយួនយកទឹកដីខ្មែរ៖ នៅឆ្នាំ១៨១៣ ចៅហ្វាយខេត្តកំពង់ស្វាយឈ្មោះម៉េងចូលដៃនឹងសៀម។ សៀមចូលមកវាយម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែងដោយសម្អាងថា ខ្មែរនៅតំបន់នោះចង់រស់ នៅជាមួយសៀម។ នៅពេលនោះយួនក៏ដណ្តើមដែរ។ ព្រះចៅអធិរាជយួនបានបើកឲ្យរាជការកូសាំងស៊ីន ប្រើអំណាចមកលើខ្មែរទាំងមូល និងកេណ្ឌរាស្ត្រខ្មែរឲ្យជីកព្រែកពីមាត់ជ្រូក (ចូដុក) ទៅពាម (ហាទៀង) ហើយយកដីខ្មែរទាំងប៉ុន្មានដែលនៅខាងត្បូងព្រែកនោះ។ 


   សៀមវាយខ្មែរម្តងទៀត៖ នៅឆ្នាំ១៨២៩ (19) ចៅហ្វាយខេត្តពោធិ៍សាត់ឈ្មោះ កា បានកេណ្ឌរាស្ត្រខ្មែរឲ្យសៀម ហើយទៅហៅសៀមឲ្យមកវាយខ្មែរ។ ទ័ពសៀមមកលុកលុយខេត្តពៅធិ៍សាត់ និងកំពង់ឆ្នាំង។ ព្រះបាទអង្គចន្ទថយទៅគង់នៅកូសាំងស៊ីនទៀត។ តែទ័ពសៀមក៏ត្រូវកងទ័ពចក្រីឡុង និងទ័ពយួនវាយឲ្យថយទៅវិញ។ នៅឆ្ណាំ១៨៣៤ យួនហែព្រះអង្គចន្ទមកកាន់ឧត្តុង្គវិញ ហើយព្រះអង្គសុគតនៅឆ្នាំនោះដែរ។ 

សេចក្តីសង្ខេប៖ 


   មុនព្រះបាទអង្គចន្ទឡើងគ្រងរាជ្យ កិច្ចាការរដ្ឋនៅលើបន្ទុកសម្តេចចៅហ្វាប៉ុក។ តែក្នុងដំណែងនេះ សម្តេចចៅហ្វាប៉ុក គ្រាន់តែជាឧបរណ៍របស់សៀមប៉ុណ្ណោះ។ ក្នុងរជ្ជកាលព្រះអង្គ សៀម និងយួន បានរំលោភយ៉ាងខ្លាំងមកលើខ្មែរ។ សៀមឲ្យព្រះអង្គចន្ទយាងទៅទទួលរាជាភិសេកនៅឯបាកក។ ស្តេចយួនបង្ខំព្រះអង្គឲ្យចំណុះយួន។ 

   នៅឆ្នាំ១៨១១ លុះព្រះរាជាមិនបណ្តោយឲ្យក្រឡាហោមមឿង និងចក្រីបែន កេណ្ឌរាស្ត្រខ្មែរឲ្យសៀម សៀមលើកទ័ពមកវាយខ្មែរ។ 

   នៅឆ្នាំ១៨១៣ ដោយមានចៅហ្វាយខេត្តកំពង់ស្វាយឈ្មោះម៉េង ក្បត់ព្រះរាជាខ្មែរ សៀមបានយកម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង ដោយគ្រាន់តែសម្អាងថា ខ្មែរនៅស្រុកនោះចង់រស់នៅជាមួយសៀម។ ក្នុងពេលនោះដែរ យួនបានយកដីភាគខាងត្បូងនៃព្រែកជីក ពីចូដុក ទៅហាទៀង។ 

   នៅឆ្នាំ១៨៣២ សៀមលើកទ័ពមកវាយខ្មែរទៀត ដោយមានចៅហ្វាយខេត្តពោធិ៍សាត់ ឈ្មោះកា ក្បត់ចូលដៃជាមួយ។ នៅពេលនោះព្រះអង្គចន្ទយាងទៅឯស្រុកកូសាំងស៊ីន តែទ័ពសៀមត្រូវថយទៅវិញ ដោយត្រូវទ័ពចក្រីឡុង និងទ័ពយួនវាយ។


ពន្យល់បន្ថែម ៖​
19 = Monarchic Cambodgienne គឺឆ្នាំ១៨៣២

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments