Breaking News

សង្ខេបរឿង មាយើង - [Cambo Page - ខេមបូ ផេក]

ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
ចលនា៖ អក្សរសិល្ប៍ខេមរនិយម
កាលកំណត់តែង៖​​ មិនច្បាស់លាស់
អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ

តួអង្គរួមមាន

១- មាយើង (ចៅមាណព)
២- នាយភេត្រា (នាយសំពៅ)
៣- ស្រីគ្រប់លក្ខណ៍ (ប្រពន្ធទី១របស់នាយសំពៅ និងជាប្រពន្ធទី២របស់ចៅមាណព)
៤- ស្រីខាតលក្ខណ៍ (ប្រពន្ធទី១របស់មាណព និងជាប្រពន្ធទី២របស់នាយសំពៅ)
៥- ព្រះបាទព្រហ្មទត្ត
៦- មហេសីព្រះបាទព្រហ្មទ្ត
៧- រួមជាមួយតួអង្គរំលឹកជាច្រើនទៀត

សង្ខេបរឿង៖

   កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។
   សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាង​ភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។ ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជាប្រពន្ធថ្មី​របស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ ពេលត្រឡប់មកផ្ទះ​វិញនាងក៏ចាត់ចែងឲ្យប្តីយក

ត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅ​មាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅ​មាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់​មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅ​កាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។ ពេលអ្នកដើរសំពៅរក​ទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យ​ប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់​ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។ ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ​ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់​ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់​ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់​ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែ​មាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គ​ទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំ​ឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។ លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់​ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់​សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំ​ខ្វះឡើយណា។ លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទាន​រឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃ​បានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់​សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់​ឲ្យក្ស័យ។ បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។ មា​យើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅ​រក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើង​ហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះ​ដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែល​ទេវតា​ទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះ​ស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺ​ហោង។ លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយា​ហូបបាយហើយក៏ទៅអង្គុយចាំ។ កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា ឈាម​ពស់ខ្ទាតទៅដល់ថនាព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្ត​ស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិត​ទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាច​យកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុ​ផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការ​ស្តាយក្រោយ។ និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅ​មាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹង​ទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តក៏ត្រាស់សួរ​មាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះ​អង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយា​យ៉ាងសុខសាន្ត។
     ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិន​ជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែង​តែ​ហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវ​រលាយអស់រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរ​សុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទាន​ដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅ​វិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេច​បាត់ទៅ។

ប្រធានរឿង៖ រឿងនេះនិយាយពីតម្លៃស្ត្រីនៅក្នុងគ្រួសារ។
មួលបញ្ហារឿង៖ 
- លក្ខណៈប្រពន្ធខាតលក្ខណ៍ និងប្រពន្ធគ្រប់លក្ខណ៍
- ការផ្លាស់ប្តូរជីវភាពរបស់ចៅមាណព
- ការចូលខ្លួនទៅនៅក្នុងរាជវាំងនៃចៅមាយើង (ចៅមាណព)
- ភាពរុងរឿងនៃគ្រួសារចៅមាយើង



ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
សម្លេង និងកាត់ត ៖ មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ ៖ សុំសោយ ពីគ្រុឌ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments