សង្ខេបរឿង គូលីកំណែន - [Cambo Page - ខេមបូ ផេក]
ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
ចលនា៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែលត្រូវបរទេសត្រួតត្រា។
អ្នកនិពន្ធ៖ អ៊ឹម ថុក
កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។
តួអង្គក្នុងរឿង គូលីកំណែន
ក/ តួអង្គប្រជារាស្ត្រ
១ តាង៉េត - យាយម៉ុក ៖ ឪពុកម្តាយរបស់លឹម ជាកសិករនៅភូមិដើមអំពិល។
២ ពូស្វាយ-មីងពត ៖ ឪពុកម្តាយនាងហេង ជាកសិករនៅភូមិដើមអំពិល។
៣ លឹម ៖ គូដណ្តឹងនាងហេង ជាយុវជនធ្លាប់បួសរៀនជាមួយលោកគ្រូម៉ក់នៅវត្តត្រពាំង ធ្លាប់ទទួល ការអប់រំពីឧបាសក់យឺម ជាអ្នកផ្សព្វផ្សាយ នូវលទ្ធិប្រជាធិបតេយ្យដល់ជួរប្រជាជន និងជាអ្នកប្រឆាំងនូវទស្សនៈ ដែលជឿលើផលកម្ម
៤ នាង ហេង ៖ គូដណ្តឹងលឹម ដែលមេឃុំផាន់ចង់យកនាងទៅផ្គាប់ផ្គុនចៅហ្វាយនាយ។
៥ ពួកគូលី ៖ អន្ទិតផន តាមុយ តាឡេង អន្ទិតអ៊ិន នាយអ៊ូច តាស៊ឹម ពូប៉ុយ ពូភូច...
ខ/ តួអង្គជាបញ្ញាវ័ន្តតស៊ូ
១ ឧបាសកយឹម ៖ ពីដើមឈ្មោះ រឿង ជាទាហ៊ានជើងក្រហមជំនាន់បារាំង ជាឧបាសក់ខើចជើង នៅវត្តព្រះត្រពាំង ជាជនជឿនលឿន ជាមេដឹកនាំចលនាតស៊ូ។
២ លោកគ្រូម៉ក់ ៖ គ្រូរបស់លឹម ជាព្រះសង្ឃដែលមានការភ្ញាក់រលឹកខ្ពស់ ហើយមានទំនាក់ទំនងល្អជាមួយជនជឿនលឿន
៣ នូដូង ៖ បងរបស់លឹម ជាមន្ត្រីនៅក្នុងជួររដ្ឋអំណាច ដែលមានគំនិតប្រឆាំងនឹងបារាំង ត្រូវបារាំង ចាប់ដាក់គុក ក្រោយមកលោកបានរត់ចេញ េពីគុកទៅរស់នៅស្វាយដូនកែវបង្កើតជាក្រុមចលនា តស៊ូប្រឆាំងនឹងពួកអាណានិគម។
៤ ម៉ឹង ៖ ប្អូនរបស់នូដូង ក្រោយពេលបញ្ចប់ការសិក្សានៅវិទ្យាល័យម៉ឹងចូលធ្វើការនៅព្រៃវែង ចូលរួម ក្នុងចលនាតស៊ូខ្មែរឥស្សរៈចូលរួមធ្វើការប្រយុទ្ធរហូតពិការដៃម្ខាង ជាអ្នកបន្តការតស៊ូប្រឆាំងនឹង ចក្រពត្តិអាមេរិក។
៥ អ្នកគ្រូគូរស់ ៖ សង្សាររបស់ម៉ឹង
៦ អ្នកគ្រូពេជ្រណារី ៖ បងជីដូនមួយអ្នកគ្រូគូរស់
គ/ តួអង្គដែលជាវណ្ណៈជិះជាន់
១ មេឃុំផាន់ ៖ មេឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមេឃុំថ្មីជំនួសតាកឹម ជាមេឃុំដែលចូលចិត្តផ្គាប់ផ្គុនចៅហ្វាយ ដើម្បីបុណ្យសក្តិ និងកិត្តិយសផ្ទាល់ខ្លួន។
២ តាកឹម ៖ មេឃុំដកដំណែង
៣ ចៅហ្វាយស្រុក ៖ ជាចៅហ្វាយស្រុកកណ្តាលស្ទឹង ជាមនុស្សពាលាស្រីញី។
៤ លោកសក្តិ២ជប៉ុន ៖ ជាអ្នកត្រួតត្រាក្នុងការរដ្ឋានព្រលានយន្តហោះ ជាអ្នកសរសើរលោកបាល័ដ្ឋ ដែលជាអ្នកកេណ្ឌគូលី សន្យាឲ្យប្រលង់ដៃសរសេរជាអក្សរជប៉ុន បើកច្បាប់ចេញចូលមើលយន្តហោះ ឡើងចុះ។
៥ ថីដោយ និងប៉ូលីស ៖ ជាមន្ត្រីខាងផ្នែកនគរបាល ជាអ្នកហែហមចៅហ្វាយនាយ
៦ អុងប៉ាងថាវ - ហ៊ាឡាំ ៖ ជនជាតិចិនរកស៊ីតាមជនបទ មានលក់បញ្ចាំចងការ ជានាយទុនទុច្ចរិត កេងប្រវ័ញ្ច។
៧ អាចារ្យគឹម-អាចារ្យឆេង ៖ ជាអ្នកកាន់សាសនាចេះធម៌អាថ៌ តែរកស៊ីធ្វើជាបរិវារឲ្យនាយទុន។
៨ យាយចាន់ ៖ ហៅថាកញ្ចាស់ចាន់ នៅភូមិដើមអំពិល ជាមេអណ្តើក ជាមេដឹកញីបន្សុីឈ្មោល។
៩ នាងខ្វែន ៖ ជានារីរងគ្រោះដោយការបោកប្រាស់របស់ពួករាជការ ខូចខ្លួនក្លាយទៅជាស្រីខ្វះសីលធម៌។
សង្ខេបរឿង៖
ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ និងចេះផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ី រកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ មេឃុំផាន់បានច្រើនទាំងប្រាក់ និងសគុណ។ ក្នុងរយៈពេលធ្វើការ៥ឆ្នាំ មេឃុំផាន់ទទួលបានមេដាយដល់ទៅពីរ។
លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះពោធិចិនតុង ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធសាសនា គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។ ការយល់ដឹងការងាររាក់ជ្រៅក្នុងសង្គម លឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយណែនាំ។
ពេលទៅកំណែននៅពោធិចិនតុង មេឃុំផាន់ និងលោកចៅហ្វាយស្រុកមានឧបាយកលអាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។ ការនេះមិនបានសម្រេច មេឃុំផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។ យល់ហេតុការណ៍មិនស្រួល ពូស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែត យាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនាគតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញ រង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
ជាគ្រោះកាច ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន ពិសេសត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយគ្រាប់បែកនោះទៅ។
ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។ ពេលនោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏រឹមអូសដីស្រែ ផ្ទះសំបែង ដើម្បីកាត់សងបំណុលខ្មោចឪពុក។
ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។ លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុកទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅខេត្តព្រៃវែង។ ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។ អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះអ្នកគ្រូគូរស់។ ម៉ឹង និងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើមគ្នាដោយស្មោះ។ ក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជាមួយគ្នា។ យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់ រួចក៏ចេញទៅតាមបង។
ឆ្នាំ១៩៥៤ សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូ ហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។
ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។ អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជានិច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់ ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយគ្នាទៀតផង។
ប្រធានរឿង៖ រឿងគូលីកំណែន និយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្រោមរបបអាណានិគមបារាំង ជប៉ុន និងការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។
មូលបញ្ហា៖ ក្នុងរឿងនេះមានបញ្ហាសំខាន់ពីរគឺ បញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តខ្មែរជាប់កំណែនជប៉ុន និងបញ្ហាសកម្មភាពតស៊ូរបស់ប្រជារាស្រ្តខ្មែរមានគំនិតជឿនលឿន "ខ្មែរឥស្សរៈ" ប្រឆាំងនឹងពួកអាណានិគម។
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
No comments