Breaking News

ចម្បាំងគ្នាឯងនៅចុងសតវត្សទី១១ - [Cambo Page - ខេមបូ ផេក]

ចម្បាំងគ្នាឯងនៅចុងសតវត្សទី១១

(ព្រះបាទសុរ្យវរ្ម័នទី២)

ព្រះបាទន្រិបទិន្ទ្រវរ្ម័ន (១០៨០-១១១៣) និងព្រះបាទជយវរ្ម័នទី៦ (១០៨០-១១០៧)៖

 
 នៅឆ្នាំ១០៨០ គឺនៅពេលដែលអភិជនមួយរូបនៅមហិធរបុរៈបានប្រកាស់ខ្លួនជាព្រះមហាក្សត្រនៃកម្ពុជាដែរ ក្នុងព្រះនាមព្រះបាទជយវរ្ម័នទី៦ ពេលនោះព្រះបាទហស៌វរ្ម័នទី៣ ស្រាប់តែបាត់ព្រះអង្គទៅ ហើយព្រះរាជបល្លង្កក៏បានមកព្រះបាទន្រិបទិន្ទ្រវរ្ម័នដែលសោយរាជ្យគង់នៅអង្គរ។ 

 ព្រះបាទជយវរ្ម័នទី៦ ព្រះអង្គលើកទ័ពមកច្បាំងនឹងព្រះបាទន្រិបទិន្ទ្រវរ្ម័ន។ រហូតដល់ព្រះអង្គទ្រង់ទិវង្គតទៅនៅឆ្នាំ១១០៧ ព្រះបាទជយវរ្ម័នទី៦ ព្រះអង្គយកបានតែភូមិនភាគខាងជើង និងខាងកើត។ ក្នុងតំបន់ដទៃទៀតមានតំបន់អង្គរជាដើម ប្រជារាស្ត្រនៅរក្សាស្វាមីភក្តិចំពោះព្រះបាទ ន្រិបទិន្ទ្រវរ្ម័ន។

ស្នាព្រះហស្ថព្រះបាទជយវរ្ម័នទី៦ ៖ ព្រះអង្គបានសាងប្រាសាទបឹងមាលា ប្រាសាទនៅព្រះវិហារ នៅភីម៉ាយ និងនៅវត្តភូ។ 

ព្រះបាទន្រិបទិន្ទ្រវរ្ម័ន និងព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៧-១១១២) ព្រះបាទសុរ្យវរ្ម័នទី២ (១១១៣-១១៥០)៖

  លុះព្រះបាទជយវរ្ម័នទី៦ ទ្រង់ចូលទិវង្គតទៅនៅឆ្នាំ១១០៧ ព្រះជេដ្ឋារបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ បន្តមកទៀត ហើយទ្រង់ព្រះនាមថា ព្រះធរណិន្ទ្រវរ្ម័នទី១។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ព្រះអង្គត្រូវជាគូរប្រជែងរាជ្យនឹងព្រះបាទន្រិបទិន្ទ្រវរ្ម័នផង និងព្រះរាជនត្ថាព្រះអង្គផងដែលជាអនាគតព្រះបាទ សុរ្យវរ្ម័នទី២ផង។
 ចម្បាំងរវាងព្រះបាទសុរ្យវរ្ម័នទី២ និងព្រះបាទធរណិន្ទ្រវរ្ម័នខ្លាំងក្លាណាស់។ នៅទីបំផុត គឺនៅឆ្នាំ១១១៣ ព្រះបាទសុរ្យវរ្ម័នទី២ ទ្រង់បានធ្វើគតព្រះបាទធរណិន្ទ្រវរ្ម័នទី១បាន ហើយទ្រង់បានឡើងគ្រងរាជ្យបន្តមក។ បន្ទាប់មកព្រះអង្គមកច្បាំងនឹងព្រះបាទន្រិបទិន្ទ្រវរ្ម័ន ហើយទ្រង់បានធ្វើគតស្តេចអង្គនេះ។ នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ តាំងពីពេលនោះមក​កម្ពុជាបានឯកភាពឡើងវិញ។ 

ស្នាព្រះហស្ថព្រះបាទសុរ្យវរ្ម័នទី២ ៖

 
 ចម្បាំងនឹងប្រទេសជិខាង៖ ព្រះអង្គជាស្តេចសឹកមួយអង្គយ៉ាងឆ្នើម។ ព្រះអង្គទ្រង់ធ្វើសង្គ្រាមជាមួយនឹងចាម ជាមួយនឹងយួន ជាមួយនឹងសៀម ហើយជាមួយនឹងមន។ ដល់ព្រះអង្គសោយទិវង្គតទៅ ព្រះរាជាណាចក្រខាងជើងទល់នឹងចិន ខាងត្បូងទល់នឹងសមុទ្រ ខាងលិចទល់នឹងភូមា ខាងកើតទល់នឹងចំប៉ា។
  ការស្ថាបនា ៖ ព្រះអង្គទ្រង់កាន់លទ្ធិវិស្ណុ។ ព្រះអង្គបានសាងអង្គរវត្តសម្រាប់ជាទីគោរពបូជាព្រះវិស្ណុផង និងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុព្រះអង្គផង។ ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទនៅភ្នំជីសូរ ភ្នំសណ្តាក ព្រះវិហារវត្តភូ បឹងមាលា ប្រាសាទព្រះខ័ន (ខាងកំពង់ស្វាយ)។
 ចំនុចសម្គាល់៖ ព្រះបាទន្រិទិន្ទ្រវរ្ម័ន ជាព្រះមហាក្សត្តសោយរាជក្រោយគេបង្អស់ក្នុង សន្តតិវង្សព្រះបាទសុរ្យវរ្ម័នទី១។ ព្រះបាទជយវរ្ម័នទី៦ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ព្រះបាទសុរ្យវរ្ម័នទី២ និងព្រះរាជាតៗ មកទៀត ជាក្សត្រក្នុងសន្តតិវង្សថ្មីៗទៀត គឺសន្តតិវង្សនៃមហិធរបុរៈ។

សេចក្តីសង្ខេប​៖

 
នៅឆ្នាំ១០៨០ ប្រទេសកម្ពុជាចែកជាពីរ។ នៅអង្គរមានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមហស៌វរ្ម័នទី៣។ នៅឯមហិធបុរៈ (ភូមិភាគខាងជើងនៃកម្ពុជា) មានព្រះមហាក្សត្រមួយអង្គទៀត ព្រះនាមព្រះបាទជយវរ្ម័នទី៦។ ព្រះរាជាទាំងពីរព្រះអង្គចេះតែច្បាំងនឹងគ្នា។ លុះព្រះបាទហស៌វរ្ម័នទី៣ បាត់ព្រះអង្គទៅ ព្រះបាទន្រិបទិន្ទ្រវរ្ម័នក៏សោយរាជ្យបន្តនៅអង្គរ។ នៅឆ្នាំ១១០៧ ព្រះបាទជយវរ្ម័នទី៦ ទ្រង់ចូលទិវង្គត។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ បានសោយរាជ្យបន្តមកទៀតនៅមហិធរបុរៈ។ ព្របាទធរណិន្ទ្រវរ្ម័នទី១ ព្រះអង្គត្រូវទប់ទល់នឹងព្រះបាទន្ទ្របទិន្ទ្រវរ្ម័នហើយនឹងព្រះរាជនត្តាព្រះអង្គ (ព្រះបាទសុរ្យវរ្ម័នទី២)។ នៅទីបំផុតព្រះរាជនត្តាព្រះបាទធរណិន្ទ្រវរ្ម័នទី១ បានធ្វើគតព្រះអង្គ ព្រមទាំងព្រះបាទន្រិបទិន្ទ្រវរ្ម័ន ហើយទ្រង់ឡើងគ្រងរាជ្យក្នុងព្រះនាមព្រះបាទសុរ្យវរ្ម័នទី២។ ព្រះបាទសុរ្យវរ្ម័នទី២ ព្រះអង្គបានធ្វើឲ្យប្រទេសកម្ពុជារួបរួមតែមួយវិញ។ ព្រះអង្គជាស្តេចសឹងមួយព្រះអង្គដ៏ឆ្នើម។ 
ព្រះអង្គបានធ្វើសង្គ្រាមនឹងចាម យួន សៀម និងមន។ នៅចុងរជ្ជកាលព្រះអង្គ កម្ពុជាមានព្រំប្រទល់នឹង ចំប៉ា ចិន ភូមា និងសមុទ្រចិន។ ព្រះអង្គបានសាងអង្គរវត្ត និងប្រាសាទឯទៀតជាច្រើន។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]



No comments