ព្រះរាជាដែលសោយរាជ្យក្រោយព្រះបាទជយវរ្ម័នទី៧ - [Cambo Page - ខេមបូ ផេក]
ព្រះរាជាដែលសោយរាជ្យក្រោយព្រះបាទជយវរ្ម័នទី៧
ព្រះបាទឥន្ទ្រវវ្ម័នទី២ (១២០១-១២៤៣)៖
ព្រះអង្គជាព្រះរាជបុត្រនៃព្រះបាទជយវរ្ម័នទី៧។ ព្រះអង្គទ្រង់កាន់ព្រះពុទ្ធសាសនា (មហាយាន)។ នៅឆ្នាំ១២២០ ព្រះអង្គបានបោះបង់ ប្រទេសចំប៉ាឲ្យទៅចាមវិញ។
ព្រះបាទជយវរ្ម័នទី៨ (១២៤៣-១២៩៥) ៖
ក្នុងរជ្ជកាលរបស់ព្រះអង្គមានព្រឹត្តិការណ៍សំខាន់ៗដូចតទៅនេះ៖
ជាមួយនឹងម៉ុងហ្គោល (MONGOL)៖ ជនជាតិម៉ុងហ្គោល បន្ទាប់ពីបានធ្វើសញ្ជ័យយកប្រទេសចិន មានបំណងនឹងចូលរាតត្បាតប្រទេសចំប៉ា និងកម្ពុជា។ ពួកម៉ុងហ្គោលយកចំបា៉បានភាគខាងត្បូង និងភាគកណ្តាល។ ព្រះបាទជយវរ្ម័នទី៨ ដោយព្រះអង្គទ្រង់បារម្ភក្រែងមានការបុករុករាលដាលដល់ កម្ពុជា ព្រះអង្គក៏ចាត់ឲ្យបញ្ជូនសួយសារអាករ ទៅឲ្យពួកទាំងនោះ។
ជាមួយនឹងសៀម ៖ សៀម ឬថៃ ដំបូងនៅយូណាន (ក្នុងប្រទេសចិន) កាលពីសតវត្សទី៨ ពួកនេះបានបង្កើតជាព្រះរាជាណាចក្រមួយ មានឈ្មោះថា ណាន់-ចៅ។ ក្រោយមកទៀត សៀមក៏បានមកជ្រកនៅក្នុងទឺកដីខ្មែរភាគខាងជើង ហើយមកទល់នឹងសតវត្សទី១៣ សៀមក៏បានដោះខ្លួនរួចពីក្រោមអំណាចខ្មែរ ហើយតាំងព្រះរាជាណាចក្រមួយឯករាជ្យដោយយក្រុងសុខោទ័យជាព្រះរាជធានី។
ប្រតិកម្មនៃពួកព្រាហ្មណ៍ ៖ ដោយព្រះបាទជយវរ្ម័នទី៨ ព្រះអង្គទ្រង់កាន់លទ្ធិព្រះសិវៈ ពួកព្រាហ្មណ៍ដែល ច្រណែននឹងការរីកចម្រើននៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលមុនៗ ក៏បង្កប្រតិកម្ម បំផ្លាញព្រះពុទ្ធរូប ឬវត្ថុដែលរចនាឡើងតាមលទ្ធិពុទ្ធនិយម។
ព្រះបាទឥន្ទ្រាវរ្ម័នទី៣ ឬព្រះបាទស្រិន្ទ្រវរ្ម័ន (១២៩៥-១៣០៨)៖
ទ្រង់កាន់ព្រះពុទ្ធសាសនា (តាមលទ្ធិថេរវាទ) ។ តែព្រះអង្គទ្រង់ទំនុកបម្រុងពួកព្រាហ្មណ៍ដូចជាពួកកាន់ ព្រះពុទ្ធសាសនាដែរ។ ក្នុងរជ្ជកាលព្រះអង្គ ប្រទេសបានសេចក្តីសុខសាន្ត។
ព្រះបាទឥន្ទ្រជយវរ្ម័ន ឬព្រះបាទស្រិន្ទ្រវរ្ម័ន (១៣០៨-១៣២៧)៖
ព្រះអង្គជាព្រះមហាក្សត្រកាន់ និងគោរពព្រះសិវៈ។ ក្នុងរជ្ជកាលព្រះអង្គ ពួកព្រាហ្មណ៍បានប្រព្រឹត្តិអំពើ រំលោភច្រើនទៅលើពុទ្ធសាសនិកជន មានការធ្វើទុកបុកម្នេញ និងការបំផ្លាញព្រះពុទ្ធរូប។ ពួកសៀមដោយសំអាងថា ជាអ្នកការពារព្រះពុទ្ធសាសនា បានចូលមករុករានប្រទេសជាច្រើនលើករហូតដល់ចំប៉ា។
ព្រះបាទជយវរ្ម័នទី៩ (១៣២៧-១៣៣៦)៖
ព្រះអង្គជាព្រះមហាក្សត្រកាន់ និងគោរពព្រះសិវៈដែរ។ ក្នុងរជ្ជកាលព្រះអង្គ ប្រទេសកម្ពុជាមានការទាក់ទងខាងផ្លូវទូតជាមួយចិន និងយួន។
សេចក្តីសង្ខេប
ព្រះបាទឥន្ទ្រវរ្ម័នទី២ ព្រះអង្គជារាជបុត្រព្រះបាទជយវរ្ម័នទី៧។ ព្រះអង្គបាននោះបង់ចំប៉ាឲ្យទៅចាមវិញនៅឆ្នាំ១២២០។ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៨ សៀមដែលធ្លាប់នៅក្រោមអំណាចខ្មែរ បានរើខ្លួនរួចជាប្រទេសឯករាជ្យ។ នៅក្នុងប្រទេស អ្នកកាន់សាសនាព្រាហ្មណ៍បានបង្កប្រតិកម្មប្រឆាំង នឹងព្រះពុទ្ធសាសនា។ មកដល់រជ្ជកាលរបស់ព្រះបាទឥន្ទ្រជយវរ្ម័ន អ្នកកាន់សាសនាព្រាហ្មណ៍បានធ្វើទុក្ខបុកម្នេញលើអ្នកកាន់ព្រះពុទ្ធសាសនាទៀត។ នៅពេលនោះ ពួកសៀមដោយសម្អាងខ្លួនជាអ្នកការពារព្រះពុទ្ធសាសនាក៏បានចូលមករុករានប្រទេសខ្មែរជាច្រើនលើកច្រើនសាររហូតចូលដល់ចំប៉ា។ នៅក្នុងរជ្ជកាលព្រះជយវរ្ម័នទី៩ ប្រទេសយើងមានការទាក់ទងខាងផ្លូវទូតជាមួយចិន និងយួន។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments