ព្រះបាទស្រីសុរិយោពណ៌ - ព្រះបាទជ័យជេដ្ឋាទី២ “ព្រៃនគរបានទៅយួន” - [Cambo Page - ខេមបូ ផេក]
ព្រះបាទស្រីសុរិយោពណ៌ - ព្រះបាទជ័យជេដ្ឋាទី២ “ព្រៃនគរបានទៅយួន”
ព្រះបាទស្រីសុរិយោពណ៌ (១៦០០-១៦១៨)៖
កាលព្រះបាទពញាអានទ្រង់សុគតទៅ ព្រះរាជបុត្រព្រះសត្ថាទី១ មួយអង្គ ព្រះនាមពញាយុមបានឡើងសោយរាជ្យ (១៥៩៩-១៦០០)។ ព្រះអង្គមានព្រះវរមាតាជាលាវ។ នាម៉ឺនមន្ត្រីទាំងឡាយពុំសូវពេញចិត្តនឹងព្រះអង្គទេ។ អ្នកទាំងនោះបានសុំព្រះស៊ីសុរិយោពណ៌ដែលសៀមចាប់ទៅ កាលវាយលង្វែកបានឲ្យមកគ្រងរាជ្យវិញ។ នៅឆ្នាំ១៦០០ ព្រះចៅសៀមក៏បាន យល់ព្រមឲ្យព្រះអង្គយាងមកកាន់កម្ពុជាដោយឲ្យពលេរហ៍ហែហម ព្រះអង្គមកផង។ តែព្រះបាទពញាយុមមិនព្រមដាក់រាជ្យ ហើយក៏បានបះបោរអ្នកនៅជីក្រែង និហកំពង់ស្វាយឲ្យប្រឆាំងនឹងព្រះស្រី សុរិយោពណ៌។ នៅទីបំផុត ព្រះស្រីសុរិយោពណ៌បានវាយពួកបះបោរឲ្យខ្ចាត់ខ្ចាយអស់ និងចាប់បានព្រះបាទពញាយុមមកធ្វើគតទៀតផង។ ព្រះបាទស្រីសុរិយោពណ៌ឡើងគ្រងរាជ្យដោយយក ល្វាឯមជាព្រះរាជធានី។
ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) យួនបានព្រៃនគរ បារៀ និងបៀងហ្វា៖
នៅឆ្នាំ១៦១៨ ព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គទ្រង់ដាក់រាជ្យដើម្បីព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមជេដ្ឋានទី២។
នៅឆ្នាំ១៦២០ ព្រះបាទជយជេដ្ឋាទី២ ព្រះអង្គទ្រង់ផ្លាស់រាជធានីពីល្វាឯមទៅឧត្តុង្គ។ នៅក្នុងឆ្នាំជាមួយនោះ ព្រះរាជាប្រទេយួនដង្ហែព្រះរាជបុត្រីមួយព្រះអង្គ ប្រកបដោយរូបឆោមលោមពណ៌មកថ្វាយ ព្រះបាទជេដ្ឋាទី២ ដើម្បីធ្វើជាមហេសី។
កាលនោះ សៀមដើម្បីប្រជែងឥទ្ធិពលខ្លួនមកលើកម្ពុជា ក៏បានលើកទ័ពមកវាយខ្មែរពីរលើកក្នុងឆ្នាំ១៦២៣។ តែទ័ពសៀមទទួលបរាជ័យនៅបរិបូរណ៌ ដោយស្នាព្រះងហត្ថព្រះជេដ្ឋាទី២ និងនៅបន្ទាយមាស ដោយស្នាព្រះហស្ថព្រះឧទ័យដែលជាព្រះអនុជ។
នៅឆ្នាំដដែលនោះ ព្រះរាជាយួនបានចាត់គណៈប្រតិភូមួយ មកឧត្តុង្គដើម្បីសុំព្រះរាជាអនុញ្ញាតិឲ្យជនជាតិយួនមកតាំងលំនៅ នៅភាគខាងត្បូងនៃកម្ពុជា គឺតំបន់ព្រៃនគរ បារៀ និងបៀងហ្វា។ បន្ទាប់ពីការយល់ព្រមនៃព្រះមហាក្សត្រខ្មែរ-យួន ដោយសម្អាងថា ជាជំនួយដល់ចៅហ្វាយខេត្តខ្មែរ ក៏តាំងឧត្តមសេនីយ៍យួនម្នាក់នៅព្រៃនគរ។ លុះព្រះបាទជ័យជេដ្ឋាទី២សុគតទៅ ព្រៃនគរ បារៀ និងបៀងហ្វាក៏បានទៅយួន។
សេចក្តីសង្ខេប៖
បន្ទាប់ពីព្រះបាទពញាអាន ព្រះរជ្ជទាយាទ គឺព្រះបាទសុរិយោពណ៌។ តែដោយសារព្រះអង្គគង់នៅឯសៀម ព្រះពញាយុមក៏ឡើងគ្រងរាជ្យ។ លុះព្រះស្រីសុរិយោពណ៌បានយាងមកវិញ ព្រះបាទពញាយុមមិនព្រមចុះចូលព្រះអង្គ។ ក្នុងការបង្ក្រាប ព្រះអង្គក៏ចាប់បានព្រះអង្គយុមយកទៅធ្វើគត។ ព្រះអង្គតាំងព្រះរាជធានីនៅល្វាឯម (ខេត្តកណ្តាល)។
នៅឆ្នាំ១៦១៨ ព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គដាក់រាជ្យដើម្បីព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមជ័យជេដ្ឋាទី២ ។ ព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គបានតាំងព្រះរាជធានីនៅឧត្តុង្គ។ ព្រះអង្គមានព្រះ អគមហេសីដែលត្រូវជាព្រះរាជបុត្រីនៃព្រះចៅយួន។ នៅឆ្នាំ១៦២៣ ព្រះអង្គទ្រង់គង់នៅក្នុងកាតព្វកិច្ចដែលបង្ខំឲ្យព្រះអង្គព្រមអនុញ្ញាតឲ្យយួនតាំងលំនៅភាគខាងត្បូងនៃកម្ពុជា ព្រៃនគរ បារៀ និងបៀងហ្វា ដែលយួនយករហូតមក។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments