Breaking News

ជម្ងឺតួឯក និងការព្យាបាល - [Cambo Page - ខេមបូ ផេក]

ជំងឺ​ឈ្លក់​វង្វេង​នឹង​​ខ្លួន​ឯង (Narcissistic Personality Disorder) គឺ​ជា​ជំងឺ​​ផ្លូវ​ចិត្ត​ដែល​ចាប់​អារម្មណ៍​តែ​អ្វី​ៗ​របស់​ខ្លួន​ឯង មិន​ព្រម​ទទួល​យក​ហេតុផល​ និង​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ ចូលចិត្ត​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ ​មាន​ក្ដី​សុខ​នៅ​ពេល​ឃើញ​អ្នក​ដទៃ​ចាប់​អារម្មណ៍​ចំពោះ​ខ្លួន រហូត​ដល់​លែង​យល់​ពី​អារម្មណ៍​អ្នក​ដទៃ និង​បដិសេធ​ពាក្យ​សម្ដី និង​ហេតុផល​អ្នក​ដទៃ។ 

មូលហេតុ​​នាំ​ឲ្យ​កើត​មាន​ជំងឺ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង 

១. ត្រូវ​ចិញ្ចឹម​​មក​​ដោយ​អាណាព្យាបាល​​តាម​ចិត្ត​គ្រប់​យ៉ាង ធ្វើ​ខុស​ក៏​មិន​​ដែល​ត្រូវ​ស្ដី​បន្ទោស ចង់​បាន​អ្វី​បាន​ហ្នឹង​រហូត មាន​មនុស្ស​ចាប់​អារម្មណ៍​ជានិច្ច។

២. មិន​ដែល​ចាញ់ ឬ​មាន​មនុស្ស​ព្រម​ឲ្យ​ឈ្នះ​មក​រហូត។

៣. ត្រូវ​បាន​ចិញ្ចឹម​​យ៉ាង​តឹងរ៉ឹង​ខ្លាំង​ពេក។

៤. ​ម្យ៉ាង​ទៀត​ក៏​អាច​ដោយ​សារ​ធំឡើង​ក្នុង​​គ្រួសារ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ មិន​មើល​ថែ ទើប​​ចូល​ចិត្ត​ឲ្យ​មាន​​អ្នក​ចូល​មក​ចាប់​អារម្មណ៍ និង​សរសើរ។

៥. ទទួល​រង​ការ​ធ្វើ​បាប​តាំង​ពី​ក្មេង ខ្វះ​មិត្តភ័ក្ដិ និង​ខ្វះ​អ្នក​យល់​ចិត្ត។ 

៦. ត្រូវ​គេ​ធ្វើ​បាប​ផ្លូវ​ចិត្ត​ខ្លាំង​តាំង​ពី​ក្មេង ត្រូវ​បង្ខាំង​​មិន​ឲ្យ​ចូល​សង្គម រហូត​ខ្លួន​ត្រូវ​បង្កើត​ទឹក​ចិត្ត​ស្រឡាញ់ និង​ការពារ​ខ្លួន​ឯង​ជាមុន ដើម្បី​ជំនួស​ឲ្យ​ការ​ខ្វះ​ខាត​​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ។ 

៧. ជា​មនុស្ស​មាន​​សម្រស់​ស្អាត ឬ​ពូកែ មាន​សមត្ថភាព ហើយ​គិត​ថា​គ្មាន​អ្នក​ណា​ស្អាត​ដល់​ខ្លួន ឬ​ពូកែ​ដល់​ខ្លួន។ 

រោគ​សញ្ញា​ទាំង ១៧​នៃ​មនុស្ស​មាន​ជំងឺ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង៖ 

១. ចូលចិត្ត​គិត​តែ​រឿង​របស់​ខ្លួន​ឯង ថែម​ទាំង​ចូល​ចិត្ត​លើក​ពី​គុណសម្បត្តិ​ខ្លួន​ឯង​ញឹក​ញាប់ 

២. ចូលចិត្ត​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ 

៣. គិត​ថា​ខ្លួន​ឯង​ជា​បុគ្គល VIP ឬ​មនុស្ស​សំខាន់​ជាង​គេ​លើលោក 

៤. ចូលចិត្ត​គិត​​​ហួស​ពី​ការ​ពិត គិត​ថា​ខ្លួន​ឯង​ពូកែ​សព្វសារពើ និង​ត្រូវ​តែ​ទទួល​បាន​អ្វី​ល្អ​ៗ 

៥. អារម្មណ៍​ឆាប់​ប្រែប្រួល និង​មិន​ងាយ​ត្រូវ​ចិត្ត​ជាមួយ​អ្វី​មួយ​ឡើយ 

៦. មិន​ខ្វល់​ពី​អ្នក​ណា មិន​ចាប់​អារម្មណ៍​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន 

៧. ត្រូវ​ការ​ឈ្នះ​គ្រប់យ៉ាង​លើ​លោក​នេះ ដោយ​មិន​ខ្វល់​ថា​អ្វី​ត្រូវ​អ្វី​ខុស គិត​ថា​ខ្លួន​ឯង​ធំ​ខ្ពស់​ស្មើ​មេឃ ធ្វើ​អ្វី​ក៏​បាន។ 

៨. គិត​ថា​ខ្លួន​​ឯង​មាន​តែ​មនុស្ស​ច្រណែន ឬ​មាន​អារម្មណ៍​ច្រណែន​អ្នក​ជុំវិញ​ខ្លួន​ញឹក​ញាប់ 

៩. ត្រូវ​ការ​អំណាច ត្រូវ​ការ​ការ​សរសើរ និង​ចង់​ក្លាយ​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដទៃ​ជានិច្ច 

១០. តាម​តែ​ចិត្ត​ខ្លួន​ឯង រហូត​មិន​ខ្វល់​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​​នោះ​គឺ​ជា​ការ​យក​ប្រៀប ឬ​បំផ្លាញ​អ្នក​ដទៃ​ឬ​ក៏​អត់ 

១១. ឧស្សាហ៍​បញ្ចេញ​អាកប្បកិរិយា​ច្រឡើសបើស ហិង្សា អួត​អាង​ពី​អ្វី​ដែល​ខ្លួន​មាន ឬ​និយាយ​ឲ្យ​ខ្លី​​គឺ​ជា​មនុស្ស​ក្អេងក្អាង 

១២. រាប់​អាន​អ្នក​ណា​មិន​បាន​យូរ និង​ពិបាក​នៅ​ជាមួយ​អ្នក​ដទៃ 

១៣. ឆាប់​ខឹង ឆាប់​ច្រឡោត​ដោយ​គ្មាន​មូលហេតុ 

១៤. ទ្រាំ​មិន​បាន​នៅ​ពេល​ត្រូវ​អ្នក​ដទៃ​រិះគន់ 

១៥. មិន​ព្រម​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង និង​តែង​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ 

១៦. មាន​អារម្មណ៍​ថា​ខ្លួន​ខ្ពស់​ជាង​គេ​ជាង​ឯង និង​អាច​កម្ចាត់​អ្នក​ណា​ចេញ​ពី​មុខ​ពី​មាត់​ក៏​បាន 

១៧. ចូលចិត្ត​ធ្វើ​ជា​អ្នក​ទទួល​ ដោយ​មិន​​គិត​ផ្ដល់​អ្វី​ឲ្យ​អ្នក​ដទៃ។ 

វិធី​ព្យាបាល​ជំងឺ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង 

ដោយ​សារ​នេះ​ជា​​ជំងឺ​​ផ្លូវ​ចិត្ត ដូច្នេះ​អ្នក​ជំងឺ​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង​ជាមុន​សិន​ថា​ខ្លួន​មាន​ភាព​មិន​ប្រក្រតី​ យល់​ព្រម​បើក​ចិត្ត និង​ទទួល​ការ​ប្រឹក្សា​ពី​គ្រូ​ពេទ្យ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​អ្នក​ដែល​មាន​អាការ​ឈ្លក់​វង្វេង​ខ្លួន​ឯង​នឹង​មាន​ជំងឺ​ឈ្លក់​វង្វេង​ខ្លួន​​ឯង​គ្រប់​គ្នា​នោះ​ទេ គឺ​ត្រូវ​ឲ្យ​គ្រូ​ពេទ្យ​ជា​អ្នក​វិនិច្ឆ័យ​​សិន​ថា​តើ​មនុស្ស​ម្នាក់​នោះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដល់​​ថ្នាក់​ចាត់​ទុក​ថា​មាន​ជំងឺ​ផ្លូវ​ចិត្ត​ឬ​ក៏​អត់។ 
ដូច្នេះ បើ​ប្រទះ​ថា​ខ្លួន​ឯង​ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​​ការ​ប្រឈម​នឹង​ជំងឺ​នេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ផ្លូវ​ចិត្ត​ឲ្យ​បាន​លឿន​បំផុត មុន​នឹង​រឿង​រ៉ាវ​អាក្រក់​ៗ​កើត​ឡើង ៕ 
ប្រភព ៖ (kanhasabay)
....................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments