Breaking News

សាសនា - [Cambo Page - ខេមបូ ផេក]

សាសនា

     តាំងពីរវាងសតវត្សទី១  ជនជាតិឥណ្ឌាដែលបានចូលមកប្រទេសខ្មែរបាននាំមកនូវសាសនាធំៗពីរ គឺ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ សាសនាទាំងពីរនេះ នៅកម្ពុជាមានគេរាប់អាន កាន់រៀងដរាបមក ខុសគ្នាតែតិចឬច្រើន។ ព្រហ្មញ្ញសាសនាបានទទួលសេចក្តីរុងរឿង តាំងពីសតវត្សទី១ រហូតដល់សតវត្សទី១១។ ព្រះពុទ្ធសាសនាបានទទួលឋានៈខ្ពង់ខ្ពស់ តាំងពីសតវត្សទី១២មកទល់នឹងសព្វថ្ងៃ។

ព្រហ្មញ្ញសាសនា ៖ 

    ក្នុងព្រហ្មញ្ញសាសនា មានព្រះទេវៈច្រើន។ ព្រះទេវៈដែលសំខាន់ជាងគេគឺព្រះព្រហ្ម ព្រះសិវៈ និងព្រះវិស្ណុ។ តាមព្រហ្មញ្ញសាសនា ព្រះទេវៈទាំងអស់សុទ្ធតែមានឫទ្ធានុភាព អាចធ្វើឲ្យមនុស្សយ់ងនាមសុខ ឬបានទុក្ខបាន។
           ព្រះព្រហ្ម៖ ព្រះអង្គមានព្រះភក្ត្របួន មានព្រះហស្ថបួន។
          ព្រះសិវៈ ឬព្រះឥសូរ ៖ រូបដំណាងព្រះអង្គមានច្រើនបែប។ តែរូបជាមនុស្ស គេអាចសម្គាល់បានដោយមានព្រះនេត្រទី៣ នៅត្រង់ថ្ពាល់។ 
      ​​​ ព្រះវិស្ណុ ឬព្រះនរាយណ៍ ៖ រូបតំណាងមានច្រើនបែប។ តាមធម្មតា គេសាងឡើងជាតួមនុស្ស មានព្រះហស្ថបួន មួយកាន់កងចក្រ មួយកាន់ខ្យងស័ង្ខ មួយកាន់ដំបងមោង មួយកាន់ដែនដី។ 
        ព្រះហិហរៈ ៖ ឯហរិហរៈ គឺជារូបតំណាងនៃព្រះហរិ ឬព្រះវស្ណុ និងព្រះហរៈ ឬព្រះសិវៈរួមបញ្ចូលគ្នា។ ភាគខាងឆ្វេងគឺព្រះវិស្ណុ ឯភាគខាងស្តាំគឺព្រះសិវៈ។​ ខ្មែរយើងច្រើនគោរពព្រះហរិហរៈនៅសម័យចេនឡា។ 

ព្រះពុទ្ធសាសនា ៖ 

              ព្រះពុទ្ធសាសនាមានបែកខ្ញែកជាច្រើនពួក។ ពួកធំៗមានពីរគឺមហាយាន និងហីនយាន។ 
            ព្រះពុទ្ធសាសនាមហាយាន ៖ តាមព្រះពុទ្ធសាសនាមហាយានណគេគោរពព្រះពោធិសត្វ ដែលជាអតីតជាតិនៃព្រះពុទ្ធ។ ពោធិសត្វដែលគេគោរពគឺព្រះលោកេស្វរៈ និងព្រះអវលោកិតេស្វរៈ។ អ្នកកាន់គរពយល់ថា ព្រះពោធិសត្វមានអនុភាព អាចធ្វើឲ្យមនុស្សយើងបានសុខឬទុក្ខបាន។ រូបតំណាងព្រះពោធិសត្វស្រដៀងៗគ្នានឹងព្រះវិស្ណុ។ ព្រះពុទ្ធសាសនាតាមបែបមហាយាននេះហើយ ដែលខ្មែរយើងកាន់ច្រើនជាងគេនៅសម័យអង្គរ។ ព្រះរាជាដែលជារៀមច្បងក្នុងការកាន់សាសនានេះគឺ ព្រះបាទសុរ្យវរ្ម័នទី១ (១០០២-១០៥០)។ 
      ព្រះពុទ្ធសាសនាហីនយាន ៖ តាមព្រះពុទ្ធសាសនាហីនយាន គេគោរពព្រះពុទ្ធហើយប្រកាន់ធ្វើតាមព្រះ ពុទ្ធោវាទ។ ព្រះពុទ្ធជាបរមគ្រូចង្អុលប្រាប់ផ្លូវល្អអាក្រក់។ ព្រះអង្គមិនអាចធ្វើឲ្យមនុស្សលោក
បានសុខ ឬទុក្ខដូចសាសនាព្រាហ្មណ៍ឬមហាយានទេ។
ព្រះពុទ្ធសានាហីនយាននេះហើយ ដែលខ្មែរយើងកាន់សព្វថ្ងៃ។ ព្រះរាជាខ្មែរដែលកាន់លទ្ធិនេះមុនគេ គឺព្រះបាទឥន្ទ្រវរ្ម័នទី៣ (១២៩៥-១៣០៨)។ លទ្ធិហីនយាននេះមានការរីកចម្រើនតាំងពីសតវត្សទី១៤ រហូតមក។ 

សេចក្តីសង្ខេប 

      តាំងពីសតវត្សទី១ ជនជាតិឥណ្ឌាដែលបានចូលមកប្រទេសខ្មែរ បាននាំមកនូវសាសនាធំៗពីរ គឺ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ក្នុងព្រហ្មញ្ញសាសនាមានព្រះទេវៈច្រើន តែព្រះទេវៈដែលសំខាន់ជាងគេគឺព្រះព្រហ្ម ព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាយណ៍។ នៅសម័យចេនឡាគេច្រើនគោរពព្រះហរិហរៈ។ ព្រហ្មញ្ញសាសនានេះបានទទួលសេចក្តីរុងរឿងនៅកម្ពុជាតាំងពីសតវត្សទី១ ដល់សតវត្សទី១១។ 
ព្រះពុទ្ធសាសនាបែកចែកជានិកាយធំៗពីរគឺ មហាយាន និងហីនយាន។ តាមលទ្ធិមហាយាន គគោរពព្រះពោធិសត្វ។ គេគោរពសាសនានេះនៅសម័យអង្គរ។ តាមសាសនាហីនយាន គេគោរពព្រះពុទ្ធដែលជាព្រះបរមគ្រូ និងកាន់តាមព្រះពុទ្ធោវាទ។ ព្រះពុទ្ធសាសនានេះហើយដែលខ្មែរយើងកាន់តែសព្វថ្ងៃ។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments