ព្រះបាទកោណ្ឌញ្ញទី២ - [Cambo Page - ខេមបូ ផេក]
ព្រះបាទកោណ្ឌញ្ញទី២
(អាចរ្យធម៌នៅសម័យហ៊្វូណន)
ព្រឹត្តិការណ៍ព្រះបាទកោណ្ឌញ្ញទី២៖
ក្នុងសតវត្សទី៤ មានព្រឹត្តិការណ៍ខ្លះពុំបានកត់ត្រា ខ្លះក៏សាំញ៉ាំពេក។ ឯព្រឹត្តិការណ៍នៃព្រះបាទកោណ្ឌញ្ញទី២កើតឡើងនៅចុងសតវត្សទី៤។ តាមរឿងនិទានថា មានព្រាហ្មណ៍ម្នាក់ឈ្មោះកោណ្ឌញ្ញ បានឮសម្លេងអាទិទេពប្រាប់មកឲ្យសោយរាជ្យនៅប្រទេសហ៊្វូណន។ គ្រាន់តែព្រាហ្មណ៍នោះមកដល់ អ្នកស្រុកនាំគ្នាទៅទទួលហើយលើកជាស្តេចដែលទ្រង់មានព្រះនាមថា ព្រះបាទកោណ្ឌញ្ញទី២។
ដោយព្រះអង្គគោរពព្រះសិវៈ លទ្ធិសិវៈក៏បានលូតលាស់យ៉ាងខ្លាំង តែព្រះពុទ្ធសាសនាមហាយានក៏ចេះតែមានល្បឿនដែរ។
ព្រះរាជាដែលសោយរាជ្យក្រោយព្រះបាទកោណ្ឌញ្ញទី២៖
ក្នុងចំណោមមហាក្សត្រដែលសោយរាជ្យក្រោយព្រះអង្គ ព្រះបាទកោណ្ឌញ្ញជយវរ្ម័ន (៤៨០-៥១៤) ជាមហាក្សត្រមានឫទ្ឋានុភាពជាងគេ។ ព្រះអង្គបានបន្តការចងស្ពានមានមេត្រីជាមួយនឹងប្រទេសចិន។
បន្ទាប់ពីរជ្ជកាលព្រះបាទកោណ្ឌញ្ញជយវរ្ម័នមក មានការដណ្តើមរាជសម្បត្តិ។ គឺដំណើរបែកបាក់គ្នានេះហើយដែលជាឳកាសធ្វើឲ្យប្រទេសចេនឡា ជាប្រទេសចំណុះហ៊ានក្រោកឡើងទល់នឹងប្រទេស ហ៊្វូណន។
អារ្យធម៌នៅសម័យហ៊្វូណន៖
ខាងទំនៀមទម្លាប់៖ ចាប់តាំងពីសតវត្សទី៣មក អ្នកស្រុកទាំងឡាយបានចេះស្លៀកសំពត់ទាំងអស់គ្នា។ ដើម្បីរកយុត្តិធម៌ គេពឹងផ្អែកទៅលើទេវឫទ្ធិ ដោយមានការស្បថ និងការអធិដ្ឋានជាដើម។ កាលណាមានមនុស្សស្លាប់ គេយកសាកសពទៅចោលក្នុងទឹក ឬកប់ ឬបូជា ឬក៏ដាក់ចោលឲ្យសត្វស៊ី។
ខាងសាសនា ៖ ព្រះរាជវង្សានុវង្ស និងនាម៉ឺនមុខមន្ត្រី ច្រើនកាន់ព្រហ្មញ្ញសាសនា ដែលមានព្រះវិស្ណុ និងព្រះសិវៈជាដើម។ ឯរាស្ត្រប្រជាកាន់ព្រះពុទ្ធសាសនាតាមលិទ្ធិមហាយាន។
សង្គមមនុស្ស៖ តាមរបៀបឥណ្ឌា សង្គមមនុស្សគេចែកជាបួនវណ្ណៈ។ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈខត្តយៈ វណ្ណៈវេស្សៈ និងវណ្ណសូទ្រៈ។ តែដោយឥទ្ធិពលនៃព្រះពុទ្ធសាសនាដែលមិនទទួលស្គាល់រឿង វណ្ណៈ ការចែកវណ្ណៈនៅសម័យនោះក៏ពុំសូវតឹងរ៉ឹងពេកដែរ។
ខាងសេដ្ឋកិច្ច៖ កសិកម្មមានការលូតលាស់ច្រើន។ ដីសណ្តរនៃទន្លេមេគង្គបានត្រូវបង្ហួតដើម្បីដាំដំណាំ។ ផលិតខាងសិប្បកម្មដូចជាសំពត់ គ្រឿងកែវ មាស ប្រាក បាននាំទៅបរទេស មានប្រទេសចិន ជាដើម។ ប្រទេសហ៊្វូណនធ្វើជំនួញជាមួយនឹងចិន ឥណ្ឌា ចំប៉ា និងជ្វា។
របបគ្រប់គ្រង៖ ព្រះរាជាមានសេវកាមាត្យជាបរិពារ។ ឯមន្ត្រីជាន់ខ្ពស់ទាំងឡាយ ជាអ្នកកាន់រាជរដ្ឋាភិបាល។ ម៉្យាងទៀតព្រះរាជានៃហ៊្វូណនមានប្រទេសចំណុះច្រើនដែលព្រះអង្គគ្រប់គ្រងតាមរបបសក្តិភូមិ។ របបនេះពុំមានជំហររឹងថិតថេរទេ។ តែកាលណាព្រះរាជាហ៊្វូណនពុំមានឫទ្ធានុភាពបរិបូណ៌ ស្រុកចំណុះទាំងឡាយរមែងបះបោរឡើង។
សេចក្តីសង្ខេប
នៅចុងសតវត្សទី៤ មានព្រាហ្មណ៍មួយរូបទៀតឈ្មោះកោណ្ឌញ្ញដែរ បានមកសោយរាជ្យនៅប្រទេសហ៊្វូណន ហើយទ្រង់ព្រះនាមថា ព្រះបាទកោណ្ឌញ្ញទី២។ ព្រះរាជាដែលសោយរាជ្យក្រោយព្រះអង្គ ហើយមានឫទ្ធានុភាពជាងគេនោះគឺព្រះបាទកោណ្ឌញ្ញជយវរ្ម័ន។
នៅសម័យហ៊្វូណន អ្នកស្រុកចេះស្លៀកសពត់តាំងពីសតវត្សី៣។ ដើម្បីរកយុត្តិធម៌ គឺពឹងផ្អែកលើការស្បថ និងអធិដ្ឋានដល់ទេវតា។ កាលណាមានមនុស្សស្លាប់ គេយកសាកសពទៅចោលក្នុងទឹក កប់ បូជា ឫដាក់ឲ្យសត្វស៊ី។ ខាងសាសនាមានព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា។ សង្គមមនុស្សគេចែកចេញជាបួនវណ្ណៈ គឺវណ្ណៈព្រាហ្មណ៍ ខត្តយៈ វេស្សៈ និងសូទ្រៈ។ ខាងសេដ្ឋកិច្ច កសិកម្ម និងជំនួញមានការលូតលាស់ច្រើន។ របបគ្រប់គ្រងគឺរបបសក្តិភូមិ។ កាលណាព្រះរាជាហ៊្វូណនពុំសូវមានឫទ្ធានុភាព ស្តេចចំណុះ ទាំងឡាំយរបែងបះបោរ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
No comments