Breaking News

ការច្របូកច្របល់ក្នុងរឿងរាជសម្បត្តិ -ព្រះបាទធម្មរាជាទី២ និងព្រះបាទអង្គអិម- ព្រះបាទសត្ថាទី២ និងព្រះបាទធម្មរាជាទី២ - [Cambo Page - ខេមបូ ផេក]

ការច្របូកច្របល់ក្នុងរឿងរាជសម្បត្តិ -ព្រះបាទធម្មរាជាទី២ និងព្រះបាទអង្គអិម- ព្រះបាទសត្ថាទី២ និងព្រះបាទធម្មរាជាទី២ 

ព្រះបាទធម្មរាជាទី២ (រជ្ជកាលទី២) (១៧០៦-១៧១០) និងព្រះបាទអង្គអិប (រជ្ជកាលទី២) (១៧១០-១៧២២)៖ 

  ព្រះអង្គអិមទ្រង់យករាជ្យ៖ ព្រះអង្គអិមដែលបានសោយរាជ្យម្តងកាលព្រះបាទជេដ្ឋាទី៤ ទ្រង់ដាក់រាជ្យលើកទី២ ឥលូវព្រះអង្គជាគូប្រជែងក្នុងរឿងរាជ្យសម្បត្តិជាមួយនឹងព្រះបាទធម្មរាជាទី២ ដែលជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី៤។ 

ឆ្លៀតឳកាស ពេលដែលមានលាវនៅភូមិបារាយណ៍ជុំ នាំគ្នាបះបោរ ព្រះអង្គអិមបានតាំងព្រះអង្គជាមេដឹកនាំនៃពួកលាវទាំងនោះ ហើយដោយមានជំនួយពីពួកយួនថែមទៀតនោះ ព្រះអង្គអិមទ្រង់លើក ទ័ពទៅវាយក្រុងឧត្តុង្គ។ តែនៅពេលនោះ ព្រះបាទធម្មរាជាទី២ ព្រមទាំងព្រះអនុរាជព្រះនាមតន់ និងព្រះរាជបុត្រមួយអង្គទៀត បានភៀសព្រះអង្គទៅប្រទេសសៀម។ នៅពេលនោះ ព្រះអង្គអិមក៏ឡើងគ្រងរាជ្យជាលើកទី២។ 

  សៀមក្នុងរឿងរាជសម្បត្តិខ្មែរ៖ ដើម្បីគាំំទ្រព្រះធម្មារាជាទី២ នៅឆ្នាំ១៧២២ សៀមបានលើកទ័ពមកវាយខ្មែរ តាមជើងគោកផង និងជើងទឹកផង។​ នៅខាងពាម (ហាទៀង) ខ្មែរបានពន្លិចសំពៅសៀម យ៉ាងច្រើន។ តែខាងជើងគោក ទ័ពសៀមបានចូលដល់ក្រុងឧត្តុង្គ។ ដើម្បីរក្សាព្រះរាជសម្បត្តិទៅទៀត ព្រះរាជាសុខព្រះទ័យទទួលឋានៈព្រះអង្គជាព្រះសមន្តរាជ (ជាស្តេចចំណុះ) របស់ប្រទេសសៀម។ 

នៅឆ្នាំដដែលនោះ ព្រះបាទអង្គអិមទ្រង់ដាក់រាជ្យដើម្បីព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមអង្គជ័យ (ព្រះសត្ថាទី២)។ 

ព្រះបាទសត្ថាទី២ (ព្រះអង្គជ័យ) (១៧២២-១៧២៩) (១៧២០-១៧៣៦) និងព្រះបាទធម្មរាជាទី២ (រជ្ជកាលទី៣) (១៧៣៦-១៧៤៧)៖ 

  រជ្ជកាលព្រះបាទសត្ថាទី២ ៖ នៅឆ្នាំ១៧២២ ព្រះអង្គជ័យឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទសត្ថាទី២។ នៅឆ្នាំ១៧២៩ ព្រះអង្គអិមទ្រង់យកព្រះរាជសម្បត្តិទៅវិញ។ បានតែ៧ខែ ព្រះបាទអង្គអិម ត្រូវដាក់រាជ្យទៅវិញដើម្បីព្រះអង្គជ័យ (ព្រះសត្ថាទី២) ព្រោះមានរាស្ត្រប្រជាពុំសូវពេញចិត្តនោះទេ។ 

  ខេត្តលង់ហោ (ទិញឡុង) និងមេសរ (មីថរ) បានទៅយួន៖ នៅឆ្នាំ១៧៣១ មានលាវម្នាក់ប្រសូត (ស្វាយរៀង) បះបោរដើម្បីកាប់សម្លាប់យួន។ យួនយករឿងនោះធ្វើជាលេស ក៏លើកទ៏ពមកវាយខ្មែរ នៅឆ្នាំ១៧៣២។ ព្រះបាទសត្ថាទី២ ព្រះអង្គបានតយុទ្ធយ៉ាងអង់អាច។ ទ័ពយួនបរាជ័យថយទៅវិញ ទៅជាប់នៅលង់ហោ និងមេសរ ដែលយួនយករហូតមក។ 

   ព្រះបាទធម្មរាជាទី២ ឡើងគ្រងរាជ្យ៖ នៅឆ្នាំ១៧៣៦ (18) ដោយព្រះអង្គមានសេចក្តីសង្ស័យចំពោះព្រះមហេសី និងព្រះញាតិវង្សខ្លះ ព្រះបាទសត្ថាទី២ ព្រះអង្គក៏បានប្រុងនឹងចាប់ក្សត្រទាំង នោះធ្វើគត។ លុះបានជ្រាបដំណឹងនេះ ព្រះមហេសី និងក្សត្រទាំងឡាយនោះ ក៏រត់ទៅរកព្រះបាទអធ្មរាជាទី២នៅស្រុកសៀម។ លុះព្រះបាទធម្មរាជាទី២ និងសៀមលើកទ័ពមកព្រះបាទសត្ថាទី២ ព្រះអង្គក៏ភៀសព្រះអង្គទៅប្រទេសយួន។ នៅពេលនោះ ព្រះបាទធម្មរាជាទី២ ក៏ឡើងគ្រងរាជ្យលើកទី៣។ 

   យួនយកខេត្តស្រុកត្រាំង៖ ក្នុងរជ្ជកាលទី៣នេះ ព្រះបាទធម្មរាជាទី២ ព្រះអអ្គបានខិតខំទប់ទល់នឹងយួនដើម្បីការពារបូរណភាពផែនដីណាស់។ នៅឆ្នាំ១៧៤៣ យួនបានចូលមកយាយីដល់ខេត្តស្រុក ត្រាំង (សុខត្រាំង) តែខ្មែរបានវាយឲ្យថយទៅវិញ។ តែ៥ឆ្នាំក្រោយមក យួនក៏យកខេត្តនោះបាន ហើយចូលដល់ក្រុងឧត្តុង្គ។ ព្រះរាជាទ្រង់ថយទៅពោធិ៍សាត់។ ព្រះអង្គសុគតនៅឆ្នាំ១៧៤៧។ 

សេចក្តីសង្ខេប៖ 

  ព្រះអង្គអិមឆ្លៀតឳកាសដែលមានពួកលាវបះបោរ ព្រះអង្គក៏តាំងព្រះអង្គជាមេដឹកនាំហើយមកឡោមព័ទ្ធវាយក្រុងឧត្តុង្គ។ ពេលនោះព្រះបាទធម្មរាជាទី២ ព្រះអង្គភៀសព្រះកាយទៅខាងសៀម។ នៅឆ្នាំ១៧២២ ដើម្បីគាំំទ្រព្រះបាទធម្មរាជាទី២ សៀមបានលើកទ័ពចូលមកដល់ឧត្តុង្គ។ ដើម្បីរក្សារាជសម្បត្តិ ព្រះបាទអង្គអិម ទ្រង់ត្រូវទទួលជាសមន្តរាជនៃប្រទេសសៀម។ នៅឆ្នាំនោះដែរ ព្រះអង្គទ្រង់ដាក់រាជ្យដើម្បីព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមព្រះបាទសត្ថាទី២។ 

  នៅឆ្នាំ១៧៣១ ដោយមានលាវម្នាក់បំបះបំបោរនាំំអ្នកស្រុកឲ្យកាប់សម្លាប់យួន យួនបានយករឿងនេះជាលេស រួចក៏បានលើកទ័ពមកវាយខ្មែរ ហើយយកបានលង់ហោ និងមេសរ។ 

   នៅឆ្នាំ១៧៣៨ ដោយមានការបដិវត្តមួយនៅព្រះរាជវាំង ព្រះសត្ថាទី២ ក៏បានភៀសព្រះកាយទៅប្រទេសយួន។ ក្នុងពេលនោះ ព្រះបាទធម្មរាជាទី២ ទ្រង់ត្រលប់ពីសៀមក៏ឡើងគ្រងរាជ្យ។ ក្នុងរជ្ជកាលនេះមានការវាយពីខាងយួន ហើយយួនយកបានខេត្តស្រុកត្រាំង។

ពន្យល់បន្ថែម
18 = ឯកសារខ្លះថាឆ្នាំ១៧៣៨

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments