Breaking News

ចម្បាំងគ្នាឯងនៅដើមសតវត្សទី១១ - [Cambo Page - ខេមបូ ផេក]

ចម្បាំងគ្នាឯងនៅដើមសតវត្សទី១១ 

(ព្រះបាទសុរ្យវរ្ម័នទី១)

រជ្ជកាលព្របាទឧទយាទិត្យវរ្ម័ន (១០០១)៖ 

   
លុះព្រះបាទជ័យវរ្ម័នទី៥ សុគតទៅ នៅឆ្នាំ១០០១ ព្រះភាគិនេយ្យរបស់ព្រះអង្គ ទ្រង់បាឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទឧទយាទិត្យវរ្ម័ន។ ព្រះអង្គសោយរាជ្យបានតែប៉ុន្មានខែ ស្រាប់តែបាត់ព្រះអង្គទៅ មិនដឹងជាព្រះអង្គដាក់រាជ្យឬទ្រង់សុគតឡើយ ហើយនៅក្នុងពេលនោះ កម្ពុជាក៏មានកើចលាចលឡើង ដោយមានក្សត្រច្រើនអង្គបានបែងចែកប្រទេសជាច្រើនចំណែក ហើយប្រកាន់ថា បុព្វសិទ្ធិរាល់ៗអង្គ។

ព្រះបាទជយវិរវរ្ម័ន (១០០២-១០១០) និងព្រះបាទសុរ្យវរ្ម័នទី១ (១០០២-១០៥០)៖

 
នៅឆ្នាំ១០០២ ព្រះបាទជយវិរវរ្ម័ន ព្រះអង្គទ្រង់ឡើងគ្រងរាជ្យបន្តពីព្រះបាទឧទយាទិត្យវរ្ម័ន នៅយសោធបុរៈ។ ក្នុងពេលនោះដដែល គឺនៅឆ្នាំ១០០២ មានក្សត្រមួយអង្គទៀតដែលទ្រង់អះអាងថា ព្រះមាតាព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទឥន្ទ្រវរ្ម័ន ទ្រង់ក៏បានប្រកាសព្រះអង្គជាព្រះរាជានៃកម្ពុជាដែរ។ ហើយទ្រង់ព្រះនាមថា ព្រះសុរ្យវរ្ម័នទី១នៅភូរ៉ាត។ ព្រះបាទសុរ្យវរ្ម័នទី១ ទ្រង់លើកទ័ពមកច្បាំងនឹងព្រះបាទជយវរិរវរ្ម័ន។ ព្រះបាទសុរ្យវរ្ម័នទី១ ព្រះអង្គយកយសោធបុរៈបាននៅឆ្ណាំ១០០៦។ តែចម្បាំងគ្នាឯង ចេះតែមានបន្តមកទៀតអស់កាល៤ឆ្នាំ។ លុះទទួលបានជោគជ័យហើយ ព្រះអង្គនៅខំព្យាយាមបង្ក្រាបក្សត្រទាំងឡាយណាដែលអាចមានព្រះសិទ្ធិគ្រប់គ្រងរាជ្យ ឬក្សត្រអង្គណាដែលមិនសព្វព្រះទ័យក្នុងការគង់នៅក្រោមអំណាចព្រះអង្គ។ លុះដល់ឆ្នាំ១០១០ ទើបព្រះបាទសុរ្យវរ្ម័នទី១ បានជោគជ័យជាស្ថាបពរ។ ព្រះអង្គសោយរាជ្យតែព្រះអង្គឯង ក្នុងព្រះរាជាណាចក្រ។

ស្នាព្រះហស្ថព្រះបាទសុរ្យវរ្ម័នទី១៖

    សន្តិភាវូបនីយកម្ម (៤) ៖ កម្ពុជានៅក្នុងព្រះហស្ថព្រះអង្គហើយ ក៏នៅតែមានការបះបោររំជើបរំជួល។ ព្រះអង្គខិតខំយ៉ាងខ្លាំងដើម្បីសាងឲ្យមានការរៀបរយឡើងវិញ។

    កិច្ចការរដ្ឋបាល ៖ ព្រះអង្គទ្រង់បានរៀបចំរដ្ឋបាលឲ្យកាន់តែមានរបៀបឡើង។ មន្ត្រីទាំងឡាយត្រូវគោរពតាម ជាន់ថ្នាក់ ហើយត្រូវធ្វើសម្បថស្វាមីភក្តីចំពោះព្រះមហាក្សត្រផង។ ព្រះអង្គទ្រង់មានព្រះជំនឿក្នុងព្រះពុទ្ធសាសនា ប៉ុន្តែព្រះអង្គក៏រក្សាឲ្យនៅជិតព្រះអង្គជាដរាបនូវមន្ត្រីទាំងឡាយណាដែល មានភារកិច្ចធ្វើការបូជាចំពោះព្រះទេវរូប។

 ការពង្រីកទឺកដី៖ ដោយព្រះអង្គទ្រង់បានទទួលព្រះរាជមត៌កពីព្រះវរបិតាព្រះអង្គនូវភូមិភាគលពបុរី ព្រះអង្គទ្រង់ពង្រីកដែនដីកម្ពុជាទៅខាងលិចថែមទៀត។ ព្រះអង្គទ្រង់បានយកភូមិភាគចន្លោះ ទន្លេមេណាម និងកម្ពុជាសព្វថ្ងៃ។ 

 មូលស្ថាបនា៖ ព្រះអង្គទ្រង់ឲ្យបង្ហើយប្រាសាទភិមានអាកាស និងឲ្យគេសាងប្រាសាទព្រះវិហារ (នៅលើភ្នំដងរែក) ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)។ ព្រះអង្គទ្រង់បានរៀបចំគម្រោងដើម្បីសាងព្រះរាជធានីថ្មី ព្រះអង្គទ្រង់បានចាប់ផ្តើមសាងប្រាសាទបាពួនដែលជាប្រាសាទភ្នំនៃក្រុងថ្មីនេះ។ ការបង្ហើយនៃការស្ថាបនា ជាស្នាព្រះហស្ថព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមព្រះបាទឧទយាទិត្យវរ្ម័នទី២។​

 ចំនុចសម្គាល់៖ ព្រះបាទសុរ្យវរ្ម័នទី១ ដែលទ្រង់បានធ្វើសញ្ជ័យយករាជបល្លង្កបាន ព្រះអង្គទ្រង់បានបង្កើតសន្តតិវង្ស(៥) មួយថ្មីដែលហៅថា សន្តតិវង្សព្រះបាទសុរ្យវរ្ម័នទី១។


សេចក្តីសង្ខេប

  នៅឆ្នាំ១០០១ បន្តាប់ពីព្រះបាទឧទយាទិត្យវរ្ម័នឡើងគ្រងរាជ្យបានប៉ុន្មានខែ កម្ពុជាក៏បានត្រូវបានបែងចែក ជាច្រើនចំណែក។ នៅពេលនោះព្រះបាទសុរ្យវរ្ម័នទី១ ក៏ប្រកាសព្រះអង្គជាមហាក្សត្រដែរ។ ហើយព្រះអង្គបានលើកទ័ពពីភូរ៉ាតមកច្បាំងនឹងព្រះបាទព្រះបាទជយវិរវរ្ម័នរហូតបានេជ័យ ជម្នះ។ លុះព្រះអង្គបានសម្រេចជាព្រះមហាក្សត្រតែមួយព្រះអង្គនៅកម្ពុជាហើយ ព្រះអង្គទ្រង់បង្ក្រាបការបះបោរក្នុងស្រុក។ ព្រះអង្គរៀបចំកិច្ចការរដ្ឋបាល ឲ្យកាន់តែមានរបៀបឡើង។ ព្រះអង្គទ្រង់កាន់ព្រះពុទ្ធសាសនា តែមូលស្ថាបនាទាំងឡាយសាងឡើងសុទ្ធតែដើម្បីព្រហ្មញ្ញសាសនា។ ព្រះអង្គទ្រង់បានបង្ហើយប្រាសាទភិមានអាកាស សាងប្រាសាទព្រះវិហារ ប្រាសាទភ្នំជីសូរ។ ព្រះអង្គបានរៀបចំគម្រោង ព្រះរាជធានីថ្មី និងចាប់ផ្តើមសាងប្រាសាទបាពួនដែលជាប្រាសាទភ្នំថ្មីនៃក្រុងថ្មីនេះ។


ពន្យល់ពាក្យ
សន្តិភាវូបនីយកម្ម (ន) = ការសាងសន្តិភាពឲ្យកើតមានឡើង ការធ្វើឲ្យមានសន្តិភាព ការកសាងសន្តិភាព។ល។
សន្តតិវង្ស (ន) = តំណវង្សត្រកូលតៗមក។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments