Breaking News

ព្រះបាទជ័យជេដ្ឋាទី៤ - [Cambo Page - ខេមបូ ផេក]

ព្រះបាទជ័យជេដ្ឋាទី៤ 

ស្ថានភាពដ៏ធ្ងន់ធ្ងរក្នុងព្រះរាជវង្ស មុនរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤៖ 

    នៅឆ្នាំ១៦៧២ ព្រះរាជបុត្រព្រះបាទរាមាធិបតីចន្ទ បានធ្វើគតព្រះបាទបទុមរាជា ហើយបានឡើងគ្រងរាជ្យដោយទ្រង់មានព្រះនាមថា ព្រះបាទជ័យជេដ្ឋាទី៣ (១៦៧២-១៦៧៣)។ សោយរាជបាន៦ខែ ព្រះអង្គក៏ត្រូវមហេសី ព្រះបាទបទុមរាជាញ៉ុះញង់ចាម និងជ្វាឲ្យធ្វើគតព្រះអង្គទៅទៀត។ កាលនោះ ព្រះអង្គជ័យដែលត្រូវជាព្រះរាជបុត្រព្រះបទុមរាជាបានឡើងគ្រងរាជ្យ។ តែមិនបានប៉ុន្មាន ព្រះអង្គក៏ត្រូវសុគតទៅនៅពេលដែលយួនលើកទ័ពមកធ្វើអន្តរាគមន៍ដើម្បីព្រះអង្គចន្ទ (ព្រះរាជនត្តាព្រះឧទ័យ) បន្ទាប់មកព្រះអង្គស៊ដែលត្រូវជាព្រះអនុជព្រះបាទអង្គជ័យ ក៏បានវាយកម្ចាត់ យួនចេញវិញ ហើយព្រះអង្គទ្រង់គ្រងរាជ្យដោយទ្រង់ព្រះនាមថា ព្រះនាមថា ព្រះបាទជ័យជេដ្ឋាទី៤។ 

រជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤៖ 

ព្រះបាទជ័យជេដ្ឋាទី៤ សោយរាជ្យ៤លើក។ 

រជ្ជកាលទី១ (១៦៧៤-១៦៩៤) ក្នុងរជ្ជកាលនេះ ព្រះអង្គត្រូវតយុទ្ធនឹងព្រះបាទអង្គនន្ទបីលើក។ តែទាំងបីលើក ព្រះមហាក្សត្រ ព្រះអង្គមានជោគជ័យជាដរាប ហើយព្រះអង្គនន្ទសុគតនៅឆ្ណាំ១៦៩១។ ឆ្លៀតក្នុងឳកាសដែលមានសន្តិភាព ព្រះអង្គទ្រង់សើរើរៀបចំច្បាប់ទម្លាប់ឡើងវិញ។ នៅឆ្នាំ១៦៩៥ ព្រះអង្គបានដាក់រាជ្យដើម្បីព្រះភាគិនេយ្យព្រះអង្គមួយអង្គព្រះនាម ព្រះបាទឧទ័យ។ 

រជ្ជកាលទី២ (១៦៩៦-១៧០០) ដោយព្រះបាទឧទ័យសោយរាជ្យបានតែ១០ខែទ្រង់ក៏សុគតទៅ ព្រះអង្គក៏ឡើងគ្រងរាជ្យជាលើកទី២។ នៅឆ្នាំ១៦៩៧ ដើម្បីបង្រួបបង្រួមព្រះញាតិវង្ស ព្រះអង្គបានផ្សំ ផ្គុំព្រះអង្គអិមព្រះរាជបុត្រព្រះអង្គនន្ទ ជាព្រះសុណិសា (កូនប្រសា) ព្រះអង្គ។ នៅក្នុងរជ្ជកាលទី២នេះ មានមន្ត្រីម្នាក់ឈ្មោះនរិនអិមបង្កើតការបះបោរមួយប្រឆាំង នឹងព្រះអង្គដោយមានយួនជួយ គាំទ្រ។ តែការបះបោរបោះក៏បរាជ័យទៅវិញនៅកំពង់ឆ្នាំង ហើយនរិនអិមក៏ត្រូវស្លាប់។ នៅឆ្នាំ១៧០០ ព្រះអង្គទ្រង់ដាក់រាជ្យ ដើម្បីព្រះអង្គអិម ជាព្រះសុណិសា។ 

រជ្ជកាលទី៣ (១៧០១-១៧០២) ព្រះបាទអង្គអិមពុំមានសមត្ថភាព ព្រះជ័យជេដ្ឋាទី៤ ព្រះអង្គក៏ទ្រង់សោយរាជ្យទៀត។ បានតែមួយឆ្នាំ ព្រះអង្គក៏ទ្រង់ដាក់រាជ្យទៅវិញ ដើម្បីព្រះរាជបុត្រព្រះអង្គ ព្រះនាមព្រះបាទធម្មរាជាទី២។ 

រជ្ជកាលទី៤ (១៧០៤-១៧០៦) ដោយព្រះបាទធម្មរាជាទី២ នៅកុមារពេកព្រះជន្មបានតែ១២ព្រះវស្សា ព្រះអង្គក៏ទ្រង់ឡើងគ្រងរាជ្យទៀត។ នៅឆ្នាំ១៧០៤ មានព្រះរាជវង្សនៃព្រះរាជាលាវដែលត្រូវ​ ពួកក្សត្រលាវមួយអង្គទៀតបះបោរប្រឆាំង និងរត់មកសុំជ្រកនៅកម្ពុជាយើហ។ នៅឆ្នាំ១៧០៦ ព្រះជ័យជេដ្ឋាទី៤ ព្រះអង្គទ្រង់ដាក់រាជ្យជាស្ថាពរ ដើម្បីព្រះរាជបុត្រ ព្រះអង្គព្រះបាទធម្មរាជាទី២ ដែលមានព្រះជន្មបាន១៦ព្រះវស្សា។ 

សេចក្តីសង្ខេប៖ 


   មុនរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ស្ថានភាពក្នុងព្រះរាវង្សានុវង្សធ្ងន់ធ្ងរណាស់។ ក្នុងរយៈពេលតែ៧ឆ្នាំ មានព្រះរាជាបីអង្គសុគតដោយឃាតកម្ម។ 

  បន្ទាប់ពីបានកម្ចាត់យួនដែលបានដែលបានចូលមកធ្វើអន្តរាគមន៍ ព្រះអង្គស៊បានឡើងគ្រងរាជ្យហើយទ្រង់ព្រះនាមថា ព្រះបាទជ័យជេដ្ឋាទី៤។ ព្រះបាទជ័យជេដ្ឋាទី៤ ព្រះអង្គទ្រង់ដាក់រាជ្យ៤លើក លើកទី១ដើម្បីព្រះបាទឧទ័យ លើកទី២ ដើម្បីព្រះបាទអង្គអិម (ព្រះរាជសុណិសាព្រះអង្គ) លើកទី៣ និងលើកទី៤ ដើម្បីព្រះរាជបុត្រព្រះអង្គ ព្រះនាមព្រះបាទធម្មរាជាទី២។ 

   ក្នុងរជ្ជកាលព្រះអង្គ ព្រះអង្គបានតទល់នឹងព្រះអង្គនន្ទ និងឧញ្ញ៉ានរិនអិម។ នៅពេលមានសន្តិសុខ ព្រះអង្គបានរៀបចំច្បាប់ទម្លាប់។ 

    នៅចុងរជ្ជកាលព្រះអង្គ មានព្រះរាជវង្សានុវង្សលាវបានមកសុំជ្រកកោនដោយសារនៅវៀងច័ន្ទមានការបះបោរ។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments