ព្រះបាទធម្មាសោក-ព្រះបាទសុរិយោវង្សទី២ - ព្រះបាទបរមសុខា-ព្រះបាទពញាយ៉ាត - ចម្បាំងនឹងសៀម-ការចាកចោលអង្គរ - [Cambo Page - ខេមបូ ផេក]
ព្រះបាទធម្មាសោក-ព្រះបាទសុរិយោវង្សទី២
ព្រះបាទបរមសុខា-ព្រះបាទពញាយ៉ាត
ចម្បាំងនឹងសៀម-ការចាកចោលអង្គរ
ក្នុងរជ្ជកាលព្រះបាទធម្មាសោក ឬធម្មោសុខរាជ (១៣៧៣-១៣៩៤)៖
នៅឆ្នាំ១៣៧៣ ព្រះបាទធម្មាសោកដែលត្រូវជាព្រះអនុជព្រះបាទបរមរាមាបានឡើងគ្រងរាជ្យ។ នៅឆ្នាំ១៣៨៤ ដើម្បីសងសឹក ព្រះអង្គបានលើកទ័ពទៅវាយសៀមដោយយកបានចន្ទបូរ (ចាន់ប៊ុន) និងជលបុរី (ឆុនប៊ូរី) ហើយបានទាំងនាំប្រជាជននៅ ភូមិភាំគនោះមកបានប្រមាណជា ៨០០០នាក់ទៀតផង។
នៅឆ្នាំ១៣៩៣ ក្នុងចម្បាំងតទល់របស់សៀម ព្រះអង្គមានជោគជ័យម្តងទៀតនៅចន្ទបូរ។
នៅឆ្នាំ១៣៩៤ សៀមបានលើកទ័ពមកទ័ព្ធអង្គរជាប់៧ខែ។ ពេលនោះដោយមានមន្ត្រីខ្មែរក្បត់ចូលដៃសៀម និងដោយសារតែ ព្រះបាទធម្មាសោកសុគតទៅ សៀមក៏យកអង្គរបាន។ បន្ទាប់មកសៀមបានដាក់ស្តេចសៀមមួយអង្គឲ្យសោយរាជ្យនៅអង្គរ។
ក្នុងរជ្ជកាលព្រះចៅពញា ឬព្រះបាទស្រីសុរិយោវង្សទី២ (១៤០១-១៤១៧)៖
ក្នុងពេលនោះ ព្រះរាជបុត្រស្រីសុរិយោទ័យ ព្រះនាមព្រះចៅពញា ព្រះអង្គបានប្រមូលទ័ពពីខាងស្រីសន្ធរទៅវាយកម្ចាត
សៀមឲ្យចេញពីអង្គរទៅវិញ ព្រមទាំងបានសម្លាប់ស្តេចសៀមដែលសោយរាជ្យនៅអង្គរទៀតផង។ បន្ទាប់មក ទើបព្រះអង្គឡើង គ្រងរាជ្យ។
ក្នុងរជ្ជកាលព្រះបាទបរមសុខា (១៤១៧-១៤២០)
អំណឹះពីព្រះបាទចៅពញា ឬស្រីសុរិយោវង្សទី២មក ព្រះភាគិនេយ្យ ព្រះអង្គទ្រង់ឡើងគ្រងរាជ្យ គឺព្រះបាទបរមសុខា។ នៅឆ្នាំ១៤២០ សៀមលើកទ័ពមកឡោមព័ទ្ធអង្គរទៀត។ ព្រះបាទបរមសុខាទ្រង់សុគតក្នុងការតយុទ្ធនឹងសៀម ហើយសៀមក៏ យកអង្គរបានទៀត។
ព្រះបាទពញាយ៉ាត (១៤២១-១៤៦២)៖
ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះបាទចៅពញាឬស្រីសុរិយោវង្សទី២។ កាលនោះព្រះអង្គមានព្រះជន្មបាន១៨ព្រះវស្សា។
ព្រះអង្គកម្ចាត់សៀម៖ យកអង្គរបាន សៀមនៅកាន់កាប់ដោយមានស្តេចសៀមមួយអង្គគង់នៅផង។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៤២១ ព្រះអង្គបានចាត់ឲ្យធ្វើគតស្តេចសៀម ហើយព្រះអង្គក៏ឡើងគ្រងរាជ្យ។
ព្រះអង្គផ្លាស់ព្រះរាជធានីមកភ្នំពេញឆ្នាំ១៤៤៦៖ ដោយព្រះអង្គទ្រង់ព្រះតម្រិះឃើញថា ព្រះរាជធានីអង្គរនៅជិតក្រុងអយុធ្យា ពេក ព្រះអង្គក៏ផ្លាស់ព្រះរាជធានី។ ដំបូងព្រះអង្គយាងមកគង់នៅបាសានស្រីសន្ធរ។ តែដោយស្រីសន្ធរទឹកលិច ព្រះអង្គក៏ជ្រើសរើសយកចតុមុខវិញ ដែលព្រះអង្គចាត់ឲ្យរៀបចំឡើងដោយចាក់ដីពង្រាយ ជីកព្រែក និងសាងវត្តជាដើម។
ព្រះអង្គដាក់រាជ្យនៅឆ្នាំ ១៤៦២៖ នៅឆ្នាំ១៤៦២ ព្រះអង្គទ្រង់ដាក់រាជ្យដើម្បីព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម នារាយណ៍រាមាធិបតី។ ៤ឆ្នាំក្រោយមក ព្រះបាទពញាយ៉ាត សុគតក្នុងព្រះជន្ម៧៨ព្រះវស្សា។
សេចក្តីសង្ខេប
ដើម្បីសងសឹក ព្រះបាទធម្មាសោក (១៣៧៣-១៣៩៤) ព្រះអង្គបានលើកទ័ពទៅវាយសៀមដោយយកបានចន្ទបូរ និងជលបូរី។ តែនៅឆ្នាំ១៣៩៤ សៀមបានលើកទ័ពមកវាយខ្មែរ ហើយយកបានអង្គរ។ កាលនោះព្រះបាទធម្មាសោក ព្រះអង្គទ្រង់សោយទិវង្គតក្នុងការតស៊ូ។ សៀមក៏កាន់កាប់អង្គររហូតដល់ឆ្នាំ១៤០១។
នៅឆ្នាំ១៤០១នេះ សៀមបានខ្ចាត់ពីអង្គរទៅវិញ ដោយសារការវាយប្រហារនៃព្រះបាទស្រីសុរិយោវង្សទី២ (១៤០១-១៤១៧) តែនៅឆ្នាំ១៤២០ ក្នុងរជ្ជកាលព្រះបាទបរមសុខា (១៤១៧-១៤២០) សៀមបានចូលមកវាយខ្មែរវិញ។ ព្រះបាទបរមសុខាទ្រង់ សោយទិវង្គតក្នុងការតស៊ូទៀត។ សៀមយកអង្គរ និងកាប់កាប់បានមួយឆ្នាំ។ នៅឆ្នាំ១៤២១ ព្រះបាទពញាយ៉ាត (១៤២១-១៤៦២) បានចាត់ឲ្យធ្វើឃាតស្តេចសៀមនៅអង្គរបាន។ បន្ទាប់មកនៅឆ្នាំ១៤៤៦ ព្រះអង្គបានផ្លាស់រាជធានីមកចតុមុខវិញ។ ព្រះរាជបុត្រព្រះអង្គ ព្រះនាមព្រះនារាយណ៍រាមាធិបតីសោយរាជ្យបន្ទាប់ពីព្រះអង្គ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments