Breaking News

សង្ខេបរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ - [Cambo Page - ខេមបូ ផេក]

ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក 
និពន្ធដោយ៖ លោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤
ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកន​យោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។
កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
អ្នកនិពន្ធ៖ សួន សុរិន្ទ

រឿងនេះចែកចេញជា ១៩វគ្គ៖

វគ្គទី១ ៖ ចាកចោលភូមិកំណើត
វគ្គទី២ ៖ ទំនេរព្រោះគ្មានការងារធ្វើ
វគ្គទី៣ ៖ ក្រោមដំបូលផ្ទះនាយទុន
វគ្គទី៤ ៖ ជាប់គុកព្រោះចាញ់កលនាយទុន
វគ្គទី៥ មហាទុក្ខធនៅក្នុងគុក
វគ្គទី៦ ៖ គ្រោះថ្នាក់ចរាចរ
វគ្គទី៧ ៖នាយទុនបរទេស
វគ្គទី៨ ៖អ្នកនយោបាយបោកប្រាស់
វគ្គទី៩ ៖ អ្នកលេងក្នុងក្រុង
វគ្គទី១០ ៖ ប្រពន្ធស្លាប់ព្រោះគ្មានទីពឹង
វគ្គទី១១ ៖ ការរមិលគុណនៃអ្នកនយោបាយ
វគ្គទី១២ ៖ ជាប់ឃុំព្រោះអនាថា
វគ្គទី១៣ ៖ សីលធម៍ និងដុំបាយ
វគ្គទី១៤ ៖ ជាប់គុកព្រោះស្មោះត្រង់
វគ្គទី១៥ ៖ ទីពឹងថ្មី
វគ្គទី១៦ ៖ កសិករថ្មី
វគ្គទី១៧ ៖ ភ្នំពេញទំនើប
វគ្គទី១៨ ៖ សមាជជាតិលើកទី៩
វគ្គទី១៩ ៖ អវសាន។

តួអង្គក្នុងរឿង

សម ៈ ជាយុវកសិករ ជាកូនរបស់លោកសួន សុខ និងនាងសន នៅឃុំបរវិល ស្រុកសង្កែ ខេត្តបាត់ដំបង
សយ ៈ ប្រពន្ធរបស់សម
តាសាន ៈ ម្ចាស់ខ្ទម
អ្នកស្រីគឹមលៀង ៈ ម្ចាស់ស៊ីក្លូចិត្តអាក្រក់
សៅ ៈ មេចោរឆក់លួច
ថៅកែហុក ៈ ថៅកែដែលបានរំលោភប្រពន្ធសម
នាយម៉ី - នាងមុំ ៈ មិត្តភក្តិរបស់សម និងសយ
អ្នកទោសហួ ៈ អ្នកទោសជាប់គុកធំ
អ្នកទោសសួស ៈ កាបូរ៉ាល់ក្នុងគុក
១០ ភូឈួយគុក ៈ អ្នកមានចិត្តសប្បុរសជួយណែនាំសម
១១ យាយកាន ៈ សេដ្ឋីនីមេម៉ាយមានចិត្តសប្បុរស
១២ ថៅកែសេងលី ៈ ម្ចាស់រោងចក្រឧសហកម្មសាប៊ូ
១៣ សេង ហុង ៈ ក្មួយថៅកែសេងលី
១៤ សេង អាន ៈ កូនថៅកែសេងលី
១៥ គ្រូពេទ្យនរា ៈ គ្រូពេទ្យចិត្តអាក្រក់
១៦ យាយប៉ោង - យាយបោះ ៈ ឆ្មបតាមភូមិ
១៧ លោកយ៉េង ៈ តំណាងរាស្ត្របោកប្រាស់
១៨ លោកសំបូរសម្បត្តិ និងអ្នកស្រី ៈ អ្នកមានតែចិត្តអាក្រក់
១៩ កាប៉ូរ៉ាល់កន ៈ កាប៉ូរ៉ាល់លាឈប់ពីដំណែង
២០ លោករដ្ឋមន្ត្រីវ័យក្មេង ៈ រដ្ឋមន្ត្រីក្រសួងមួយដែលទើបត្រលប់មកពីប្រទេសបារាំង
២១ តួអង្គព្រះមហាក្សត្រ ៈ ព្រះបាទនរោត្តមសីហនុ
២២ ភ្ញាក់ងារប៉ូលីស
២៣ ចិន-យួន

សង្ខេបរឿង៖

សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។
មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។

ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំhលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។
បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។
សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។
សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។
ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។
សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។
នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។
បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។
បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។
ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។
បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។
សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។
ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

ប្រធានរឿង៖ ដំណើររឿងឃើញថា ប្រធានរឿងទាក់ទងទៅនឹងវាសនាតោកយ៉ាកក្រីក្ររបស់​ប្រជាកសិករក្រោមរបបអាណានិគមនាយទុន និងបង្ហាញពីមាគា៌ដឹកនាំដ៏ភ្លឺស្វាងរបស់​សម្តេចឪ។
មូលបញ្ហា៖ ការតស៊ូផ្នែកជីវភាព និងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គម​រាស្រ្តនិយម។

Click here to view this text video: 

........................................
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ ​​​​​​​ : - [Cambo Page - ខេមបូ ផេក]

No comments