Breaking News

ជនជាតិព័រទុយហ្កាល និងអេស្ប៉ាញមកកម្ពុជា - [Cambo Page - ខេមបូ ផេក]

ជនជាតិព័រទុយហ្កាល និងអេស្ប៉ាញមកកម្ពុជា 

ក្នុងរឿង “លង្វែក” ៖ 

 
 ជនជាតិព័រទុយហ្កាល់ និងអេស្ប៉ាញធ្លាប់មានការទាក់ទង នឹងកម្ពុជាតាំងពីររជ្ជកាលព្រះបាទអង្គចន្ទទី១ ក្នុងបំណងផ្សព្វផ្សាយគ្រិស្តសាសនា និងធ្វើជំនួញ។ ព្រះបាទសត្ថា ព្រះអង្គបានសព្វព្រះរាជហឫទ័យណាស់នឹងជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះ វេលោអ្សោ (Véloso) និងជនជាតិអេស្បាញម្នាក់ឈ្មោះ រ្វីអ្ស (Ruiz)។ ព្រះអង្គបានលើកព្រះរាជបុត្រីមួយព្រះអង្គ ឲ្យធ្វើជាភរិយាដល់វេលោអ្សោ និងលើក រ្វីអ្ស ឲ្យធ្វើជាព្រះរាជអង្គរក្ស។ ក្នុងសម័យដែលសៀមវាយលង្វែក ជនទាំងនោះបានជួយយកអាសាព្រះរាជាខ្មែរក្នុងការទប់ទល់នឹងសៀមរហូត ដល់សៀមចាប់ បានជាឈ្លើយនាំយកទៅក្រុងអយុធ្យា។ 

ក្នុងរឿងធ្វើគតព្រះបាទព្រះបាទរាមាជើងព្រៃ (១៥)៖ 

    ក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ វេលោអ្សោ និរ្វីអ្ស បានរួចពីកណ្តាប់ដៃសៀម ហើយបានចូលមកកម្ពុជាទៀត។ មានថ្ងៃមួយដោយមានការវិវាទ រវាងពួកខ្លួន និងពួកចិន វេលោអ្សោបានសូលចូលគាល់ព្រះរាជាដើម្បីធ្វើយុត្តកម្ម (១៦)។ ទោមនស្សនឹងព្រះអង្គដែលមិនបើកឲ្យចូលគាល់តាមចិត្តខ្លួន វេលោអ្សោ និងរ្វីអ្ស នាំទាហានទៅវាយប្រហារ ព្រះរាជវាំងនៅស្រីសន្ធរ។ ក្នុងពេលនោះ ព្រះបាទរាមាជើងព្រៃក៏បានសោយទិវង្គតទៅ។ ចំណែកពួកបរទេសទាំងឡាយក៏បាននាំគ្នាចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ចំប៉ា និងតុងកឹង ឯអ្នកខ្លះក៏ត្រលប់ទៅម៉ានីលវិញ និងខ្លះទៀតត្រលប់មកខាងលាវ។ 

ក្នុងរជ្ជកាលព្រះបាទពញាតន់ (១៥៩៦-១៥៩៧)៖ 


   ចំណែក វេលោអ្សោ និងរ្វីអ្ស ទៅដល់តុងកឹងក៏បានត្រលប់មកខាងលាវ។ នៅទីនោះ វេលោអ្សោ និងរ្វីអ្ស បានជួបនឹងព្រះពញាតន់ជាព្រះរាជបុត្រទី២នៃព្រះបាទសត្ថា ហើយបានដឹងពីការសោយ ទិវង្គតនៃព្រះសត្ថា និងព្រះបាទជ័យជេដ្ឋា។ វេលោអ្សោ និងរ្វីអ្ស ក៏បានទូលព្រះពញាតន់ពីព្រឹត្តិការណ៍ដែលទើបនឹងកន្លងទៅនៅកម្ពុជា ហើយក៏បានដង្ហែព្រះពញាតន់មកស្រីសន្ធរដើម្បីគ្រងរាជ្យ។ 

   លុះព្រះអង្គបានគ្រងរាជ្យហើយ ព្រះបាទពញាតន់បានតែងតាំង វេលោអ្សោ និងរ្វីអ្ស ចាចៅហ្វាយខេត្តនៅត្រាំង។ ដោយអ្នកទាំងពីរនោះធ្លាប់មានថ្វីដៃក្នុងការបង្រាបចាមនៅត្បូងឃ្មុំ ព្រះអង្គក៏បាន ចាត់ឲ្យទៅបង្ក្រាបពួកចាមដែលប្រឆាំងនឹងពួកអេស្ប៉ាញ។ តែវេលោអ្សោ និងរ្វីអ្ស ត្រូវពួកបះបោរសម្លាប់បានទាំងពីរនាក់។ ដើម្បីសងសឹកជួសវេលោអ្សោ និងរ្វីអ្ស ព្រះរាជាទ្រង់ចេញបង្ក្រាបផ្ទាល់ព្រះ អង្គ តែពួកបះបោរបានធ្វើគតព្រះអង្គទៅទៀត។ 

ព្រះបាទពញាអាន (១៥៩៧-១៥៩៩)៖ 


   បន្ទាប់ពីព្រះបាទពញាតន់មក ព្រះបាទពញាអានដែលត្រូវជាព្រូបិតុលា ព្រះអង្គបានឡើងគ្រងរាជ្យ។ កាលនោះមានការបះបោរបង្កឡើងដោយមានមេម្នាក់ឈ្មោះកែវ។ ដើម្បីបង្ក្រាបពួកទាំងនោះ ព្រះអង្គបានសុំជំនួយពីពួកអេស្ប៉ាញនៅម៉ានីល។ នឲតែនៅឆ្នាំ១៦០០ ព្រះអង្គត្រូវសុគតក្នុងការឡោមព័ទ្ធស្ទាក់នៃពួកបះបោរ។ 

  តាំងពីនោះមក ការទាក់ទងផ្លូវការរវាងកម្ពុជា និងពួកបស្ចឹមប្រទេសក៏លែងមាន។ តែក្នុងសតវត្សទី១៧ ជនអស់ទាំងនេះក៏ចេះតែមកថែមទៀតដែរ។ ព្រះវិហារកាតូលិកនៅពញាឮ បានកើតឡើងតាំង ពីសម័យនោះ។ 

សេចក្តីសង្ខេប៖ 

     ជនជាតិព័រទុយហ្កាល និងអេស្ប៉ាញបានចូលមកស្រុកខ្មែរតាំងពីរជ្ជកាលព្រះបាទអង្គចន្ទទី១ ។ ពួកនេះបានជួយយកអាសាព្រះរាជាខ្មែររៀងៗមក។ តែក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ ពួកបរទេស ទាំងនោះបានប្រព្រឹត្តិអំពើឆ្គាំឆ្គងយ៉ាងខ្លាំងទៅលើព្រះមហាក្សត្រខ្មែរ។ មូលហេតុគឺពួកនេះបានរំលោភទៅលើចិននៅចតុមុខហើយសុំចូលគាល់ព្រះរាជា។ ខឹងនឹងព្រះរាជាមិនអនុញ្ញាតឲ្យចូលគាល់ ពួកទាំងនោះបាននាំគ្នាទៅវាយប្រហារព្រះរាជវាំង ហើយធ្វើឲ្យព្រះបាទរាមាជោះងព្រៃសោយទិវង្គតក្នុងពេលនោះទៅ។ 

    ក្រោយមក វេលោអ្សោ និងរ្វីអ្ស បានទៅស្រុកលាវ ហើយបានជួបនឹងព្រះពញាតន់ដែលត្រូវជារាជបុត្រព្រះបាទសត្ថា។ វេលោអ្សោ និងរ្វីអ្ស ក៏បានដង្ហែព្រះអង្គមកញរងរាជ្យ។ ព្រះបាទពញាតន់ ព្រះអង្គបានតែងតាំង វេលោអ្សោ និងរ្វីអ្ស ទាំងពីរនាក់ជាចៅហ្វាយខេត្ត។ តែតមកទៀត វេលោអ្សោ រ្វីអ្ស និងព្រះបាទពញាតន់បានក្ស័យ និងសោយទិវង្គតក្នុងការបង្ក្រាបការបះបោរ។ ព្រះបាទពញាអាន ដែលសោយរាជ្យក្រោយព្រះអង្គ ក៏បានសុគតក្នុងការបង្ក្រាបពួកបះបោរនោះដែរ។ 

ពន្យល់សេចក្តី និងពាក្យ៖ 

(១៥) តាមពង្សវាតារនៃប្រទេសកម្ពុជា វេលោអ្សោ និងរ្វីអ្ស បានធ្វើគតព្រះបាទរាមាជើងព្រៃដើម្បីយករាជថ្វាយព្រះពញាតន់។ 

(១៦) យុត្តកម្ម = អំពើដែលគួរ អំពើឬការដែលល្អត្រឹមត្រូវ។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments