Breaking News

រឿងសួស្ដី និង អពមង្គល

សម័យ​មួយ​សិរី​សួស្ដី និង អព្វ​មង្គល​ជួប​និយាយ​គ្នា អព្វមង្គល​សួរ​ទៅ​សិរី​សួស្ដី​ថា "លោក​មាន​រិទ្ធ​អំណាច​ដូចម្ដេច​ខ្លះ ?" ។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​ថា "រិទ្ធ ​អំណាច​អញ​ជា​សិរី​សួស្ដី​នេះ​ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​មនុស្ស​ខ្ញុំ​គេ គេ​ស្អប់​គេ​មិន​មេត្តា តែ​អញ​ទៅ​ស្ថិត​កាលណា​ឲ្យ​អ្នក​ខ្លះ​ស្នេហា ទំនុក​បម្រុង​ទាល់​តែ​បាន​រាជ​សម្បត្តិ" ។

ឯ​សិរី​សួស្ដី​សួរ​ទៅ​អព្វ​មង្គល​ថា "រិទ្ធ​អំណាច​ឯង​ដូចម្ដេច​ខ្លះ ?" ។ អព្វ​មង្គល​ឆ្លើយ​ថា "រិទ្ធ​អំណាច​ខ្ញុំ​នេះ បើ​ស្ថិត​នៅ​ឈ្មោះ​ណា​បណ្ដាល​ឲ្យ​គេ​ស្អប់​គេ​ខឹង ខូចខាត​សម្បត្តិ​ទ្រព្យ​វិនាស​អន្តរាយ សូម្បី​តែ​បាន​រាជ​សម្បត្តិ​ហើយ ក៏​គង់​ថ្លោះ​ធ្លោយធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​គេ​បាន" ។ អព្វ​មង្គល​ចង់​ដឹង​រិទ្ធិ​សិរី​សួស្ដី​ក៏​ប្រាប់​ថា "ខ្ញុំឃើញ​ខ្ញុំ​សេដ្ឋី​ម្នាក់​ឈ្មោះ អាតុល សេដ្ឋី​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី សព្វ​ថ្ងៃ​នេះ​សេដ្ឋី​ខឹង​នឹង​អាតុល​ជេរ​វាយ​តែ​សព្វ​ថ្ងៃ​ថា ពុំ​មើល​ថែ​រក្សា​ក្របី​ឲ្យ​ស្គម​អស់។ ខ្ញុំ​ចង់​ឲ្យ​លោក​សិរិ​សួស្ដី​ទៅសណ្ឋិត​នៅ​អាតុល​ខ្ញុំ​សេដ្ឋី​នោះ បើ​វា​បាន​រាជ​សម្បត្តិ​ខ្ញុំ​ក៏​ជឿ​ថា​លោក​មាន​រិទ្ធិខ្លាំង​ពូកែ​ប្រាកដ​មែន" ។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​វិញ​ថា "ឯងចាំ​មក​គន់​មើល​ចុះ ថ្ងៃ​ស្អែក​នេះ​អញ​ចូល​ទៅ​ស្ថិត​លើ​រូប​អាតុល​ខ្ញុំ​សេដ្ឋី​ហើយ តែ​អញ​ចូល​ទៅ​នៅ​កាល​ណា​យូរ​បន្តិច​ទៅ​មុខ​ជា​អាតុល​ខ្ញុំ​សេដ្ឋី​នោះ វា​បាន​សោយរាជ​សម្បត្តិ​មិន​ខាន" ។


លុះ​ព្រឹក​ឡើង​ដល់​ពេល​អាតុល​បញ្ចេញ​គោ​ក្របី អំពី​ក្រោល​យក​ទៅ​ឃ្វាល នោះ​សិរី​សួស្ដី​ចូល​ទៅ​ស្ថិត​នៅ​រូប​អាតុលៗ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ប្លែក​ពីថ្ងៃ​មុន ។ ដល់​ពេល​ល្ងាច​កៀង​គោ​ក្របី​ត្រឡប់​មក​បញ្ចូល​ក្រោល​នៅ​ផ្ទះ​វិញ ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​ឈរ​មើល​គោ​ក្របី​ត្រឡប់​មក​បញ្ចូល​ក្រោល​ឃើញ​ អាតុល​រាំង​ទ្វារ ក្រោល​គោ​ក្របី​ជាប់​ហើយ ទើប​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ​សេដ្ឋី​ជា​ចៅ​ហ្វាយ​នៅ​កន្លែង​ខ្លួន​ដូច​សព្វ​ដង ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​កាល​ឃើញ​អាតុល​ហើយ ក៏​នឹក​ក្នុង​ចិត្ត​អាណិត​ថា "ឱ​អាតុល​អើយ!​កាល​ឃើញ​អាតុល​ទៅ​ឃ្វាល​ក្របី អត់​បាយ​ទល់​ល្ងាច​ទើប​បាន​បាយ​បរិភោគ​ម្ល៉េះ​សម​វា​ឃ្លាន​យ៉ាង​ណា​ទៅ ?" គិតហើយ​ក៏​ដាស់​តឿន​ខ្ញុំ​កំដរ​ស្រីៗ​ឲ្យ​​ដួស​បាយ​ស៊ី​រាល់​គ្នា ។ ខ្ញុំ​ស្រី​ក៏​​ដួស​ភោជហារ​ណា​ដែល​មានឱជារស​យក​ទៅ​ដាក់​ជូន​សេដ្ឋី ហើយ​ប្រជុំ​គ្នា​បរិភោគ ។ សេដ្ឋី​ប្ដី​ប្រពន្ធ​ហៅ​អាតុល​មក​ជិត​ចាប់​ម្ហូប​ដែល​មាន​ឪជារស ឲ្យ​បរិភោគៗរួច​សេដ្ឋី​ប្ដី​ប្រពន្ធ​គន់​មើល​កិរិយា​ឫកពារ​អាតុល​នោះ​រក​ទាស់​ចិត្ត​ត្រង់​ណា​គ្មាន ។ បណ្ដា​ជន​ទាំង​ស្រីប្រុស តែ​បាន​ឃើញ​រូប​អាតុល​កាល​ណា ក៏​មាន​ចិត្ត​ស្នេហាមេត្ត​ពន់​ប្រមាណ ។ ឯ​សេដ្ឋី​ប្ដី​ប្រពន្ធ​ជា​ចៅ​ហ្វាយ​អាតុល​នោះ​និយាយ​គិត​គ្នា​ថា "យើងសព្វ​ថ្ងៃ​នេះ​ឥត​កូន ទ្រព្យ​សម្បត្តិ​ក៏​មាន​ច្រើន អំណឹះ​តទៅ បើ​ឥត​ពី​យើង ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​អាសារ​ឥតការ គួរ​យើង​លើក​អាតុល​ឡើង​ដំកើង​ធ្វើ​ជា​កូន កុំ​ឲ្យ​វា​ឃ្វាល​គោ​ក្របី ត្បិត​អាតុល​នេះ​សាច់​ឈាម​ឫកពារ ល្អ​ណាស់ ល្មម​សមគួរ​ជា​កូន​យើង​បាន" ។ ដល់ពេល​ល្ងាច​អាតុល​ត្រឡប់​មក​ពី​ឃ្វាល​គោ​ក្របី​វិញ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ ឃើញ​អាតុល​រឹត​តែ​ស្នេហា​ពន់​ពេក ក៏​ហៅ​ឲ្យ​បិរភោគ​បាយ​ជាមួយ មិន​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន គោ​ក្របី​មិន​ឲ្យ​ឃ្វាល​ពី​ថ្ងៃ​នោះ​តទៅ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​យក​សំលៀក​បំពាក់ គ្រឿង​មាស​ប្រាក់​មក​តុបតែង ឲ្យ​អាតុល​ហើយ​ប្រាប់​ថា "ពី​ថ្ងៃ​នេះ​ទៅ​អញ​ទុក​ឯង​ជា​កូន ទ្រព្យ​សម្បត្តិ​ទាំ​ប៉ុន្មាន អំណឹះ​តទៅ នៅ​លើ​ដៃ​កូន​ឯង​ទាំង​អស់" ។ អាតុល​ក៏​រីករាយ​សប្បាយ​ចិត្ត​ជា​ទី​បំផុត ។

លុះ​អាតុ​ល​ចម្រើន​អាយុ ពេញ​រូបរាង​ឡើងដោយ​អំណាច​សិរី​សួស្ដី រឹងរិត​តែ​ល្អ​រក​បុរស​ឯ​ណា​នឹង​មក​ប្រៀប​ផ្ទឹម​ស្មើ​ពុំបាន ។ សេដ្ឋី តែង​ចូល​គាល់​ព្រះ​មហាក្សត្រ​ព្រឹក​ល្ងាច ពុំ​ដែល​លោះ​ខាន​ក៏​នាំ​យក​អាតុល​ជា​កូន​ទៅ​គាល់​ផង ។ ព្រះ​រាជា​មាន​បុត្រី​តែ​មួយ ព្រះ​អង្គ​ស្ដេច​ចេញ​ប្រថាប់​នៅ​ក្រឡា​ព្រះ​គំនាល់ ព្រះរាជ​បុត្រី​ក៏​ដិត​ដោយ​ក្រោយ​ព្រះ​អង្គ​មក ។ កាល​មហា​សេដ្ឋី​នាំ​កូន​ចូល​ក្រាប​បង្គំ​គាល់ ព្រះ​មហា​ក្សត្រ​ធ្មៀង​ព្រះ​នេត្រ​ឃើញ​សេដ្ឋី​និង​កូន​អង្គុយ​គាល់​ទន្ទឹម​គ្នា ទ្រង់​ត្រាស​សួរ​ថា "កូន​សេដ្ឋី​ឬ ?" សេដ្ឋី​ទូលថា "កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ" ។ ស្ដេច​ទ្រង់​សសើរ​ថា "កូន​សេដ្ឋី​មាន​រូប​មាន​ឫក​ល្អ​ណាស់" ។ ព្រះ​រាជ​បុត្រី​ក៏​នឹក​ក្នុង​ព្រះទ័យ​ថា "កូន​សេដ្ឋី​នេះ​មាន​លំអ​នឹង​រក​បុរស​ណា​មក​ផ្ទឹម​ពុំ​បាន ធ្វើ​ម្ដេច​នឹង​បាន​ជា​ស្វាមី​អញ ?" ។

ដល់ពេល​គួរ ស្ដេច​និង​រាជ​បុត្រី​នោះ​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ សេដ្ឋី​ក្រាប​ថ្វាយ​បង្គំ​លា​នាំ​កូន​ត្រឡប់​មក​ផ្ទះ។ ដល់​ផ្ទះ​កូន​និយាយ​នឹង​សេដ្ឋី​ថា "សូម​លោក​ឳ​លោក​ម៉ែ​មេត្តា កូន ទៅ​ដណ្ដឹង​ព្រះ​រាជ​បុត្រី​ស្ដេច​ឲ្យ​ខ្ញុំ​ត្បិត​កាល​ខ្ញុំ​ចូល​គាល់​ជាមួយ ​លោក​ឳពុក នោះ​ខ្ញុំ​បាន​ឃើញ​ច្បាស់ ព្រះ​រាជ​បុត្រី​នោះ​ល្អណាស់ បើ​មិន​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន"។ សេដ្ឋី​ប្ដី​ប្រពន្ធ​ដោយ​ស្នេហា​កូន​ពេក ក៏​ប្រថុយ​ខ្លួន​រៀប​តុ​មាស​ប្រាក់​ដាក់​គ្រឿង​បណ្ណការ​ជា​ដង្វាយ សុទ្ធ​តែ​ពេជ្រ​ពេញពាស​ច្រើន​តុ ។ លុះ​ព្រឹក​ឡើង​នាំ​ដង្វាយ​នោះ​ទៅ​រៀបចំ​ក្នុង​ទី​ព្រះ​រាជរោង ។ ព្រះ​មហាក្សត្រ​ស្ដេច​ចេញ​មក​ឲ្យ​នាហ្មឺន​ធំ​តូច​គាល់ នៅ​ជិត​គ្រឿង​បណ្ណាការ​ដង្វាយ​នោះ ស្ដេច​ត្រាស់​សួរ​ថា "សេដ្ឋី​ដង្វាយ​នេះ​ប្លែក​ណាស់ មាន​ការ​អ្វី ?" ។ សេដ្ឋី​ប្ដី​ប្រពន្ធ​ក្រាប​បង្គំ​ទូល​ថា "សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះបាទ សូម​ទ្រង់​ប្រោស​ព្រះរាជ​ទាន​ព្រះ​រាជ​បុត្រី​ផ្សំ​នឹង​កូន​ប្រុស​ទូល​ព្រះបង្គំ​ជា​ខ្ញុំ" ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ព្រះរាជានុញ្ញាត ទ្រង់​ចាត់​មុខ​ក្រសួង​ឲ្យ​រៀប​ព្រះរាជ​ពិធី​សមរម្យ ហោរា​ថ្វាយ​ឫក្ស ទ្រង់​ផ្សំ​ព្រះរាជ​បុត្រី​និង​កូន​សេដ្ឋី ហើយ​ផ្ទេ​រទាំង​រាជ្យ​សម្បត្តិ​ឲ្យ​គ្រប់គ្រង​ផង ។ ស្ដេចតុល​និង​ព្រះ​នាង​មហេសី លុះ​បាន​រាជ​សម្បត្តិ​ហើយ ក៏​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ឥត​ទុក្ខា មហាប្រសើរ​រៀង​ទៅ ។


និយាយ​ពី​រឿង​អព្វ​មង្គល​វិញ កាល​ជួប​និង​សិរី​សួស្ដី​ក៏​សួរ​ថា "លោកសិរី​សួស្ដី​ខ្ញុំ​ជឿ​ហើយ ឃើញ​ថា​លោក​មាន​រិទ្ធិ​ជួយ​ស្ដេច​តុល​ឲ្យ​បាន​រាជ​សម្បត្តិ​មែន ដូច្នេះ​លោក​មើល​រិទ្ធិ​ខ្ញុំ​ម្ដង សូម​លោកលែង​សណ្ឋិត​រូប​ស្ដេចតុល​ទៅ" ។ សិរី​សួស្ដី​ក៏​ថយ​ចេញ​ពី​រូប​ស្ដេច​តុលៗ​ចេះ​តែ​មួម៉ៅ​ក្ដៅ​ក្រហាយ ព្រះ​នាង​មហេសី ស្រី​បរិវា​ក៏​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​គោរព​ប្រណិបត្តិ បណ្ដាល​ចិត្ត​ឲ្យ​ខឹង​ស្អប់​ស្ដេចតុល អស់​លោក​ចតុស្ដម្ភ​ទាំង​ប៉ុន្មាន ក៏​ពុំ​សូវ​ចូលចិត្ត គិត​ចង់​ឲ្យ​ព្រះរាជ​បិតា​ក្មេក​យក​រាជ​សម្បត្តិ​វិញ ។ ចំណែក ស្ដេចតុល​ចេះ​តែ​ក្ដៅ​ក្រហាយ អន្ទះ​អន្ទែង​ចង់​ទៅ​ក្រសាល​ទី​ទំនាប​មាត់​បឹង​ក្រៃ​ពេក ក៏​នាំ​ព្រះនាង​មហេសី​ស្រី​បរវា​ចេញ​ទៅ​ក្រសាល លុះ​ទៅ​ដល់​ក៏​ចាត់​ឲ្យ​ធ្វើ​ព្រះ​ពន្លា​ស្នាក់​ក្រសាល ។ ទីមាត់​បឹង​នោះ​ឮ​តែ​សព្ទ​ត្រដោក​ក្របី ស្ដេចតុល​ក៏​ភ្នក​នឹក​អាណិត​ខ្លួន​កាល​នៅ​ជា​ខ្ញុំ​មហាសេដ្ខី​ដែល​គេ​ប្រើ​ ឲ្យ​ឃ្វាល​ក្របី​ហើយ​ទ្រង់​ព្រះ​កន្សែង​ខ្សឹកខ្សួល ។ ព្រះនាង​មហេសី​សួរ​ថា "ម្ចាស់​បង​ហេតុ​អ្វី​ក៏​ទ្រង់​ខ្សឹកខ្សួល​ម្ល៉េះ ?" ស្ដេចតុល​ប្រាប់​ព្រះនាង​មហេសី​តាម​ត្រង់​ថា "លាក់បាំង​អី​អ្នក​អូន​អើយ ខ្លួន​បង​នេះ​មិន​មែន​ជា​កូន​សេដ្ឋី​ទេ ពី​ដើម​បង​ជា​ខ្ញុំ​សេដ្ឋីៗ​គេ​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី ឥឡូវ​ឮ​ត្រដោក​ក្របី បង​នឹក​ស្រងេះស្រងោច​អាណិត​ខ្លួន​បាន​ជា​បង​យំ" ។ ព្រះនាង​មហេសី​បាន​ឮ​ហើយ ក៏​នឹក​ទោមនស្ស​ក្នុង​ព្រះទ័យ​ជា​ពន់ពេក​ថា "ឱ​ព្រះ​បិតា ពុំ​គួរ​ផ្សំផ្គុំ​កូន​ផ្ទេរ​ទាំង​រាជ​សម្បត្តិ​ឲ្យ​ទៅ​ខ្ញុំ​គេ​សោះ" ខ្ញាល់ហើយ​ក៏​នាំ​ស្ដេច​តុល និង​ស្រី​បរវា​ដែល​ទៅ​តាម​ហែ​ទាំង​ប៉ុន្មាន ត្រឡប់​ចូល​ព្រះរាជ​វាំង​វិញ ចូល​ក្រាប​ទូល​ព្រះវររាជ​បិតា​មាតា​វិញ តាម​រឿង​ដែល​ស្ដេចតុល​យំ​គ្រប់ការ ។ សម្ដេច​វរបិតា​ទ្រង់​ជ្រាប​ហើយ ទ្រង់​ព្រះ​ក្រោធ​ពន់​ប្រមាណ ទ្រង់ត្រាស់​ឲ្យ​សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​មក​ដៀល​ត្មះ​ជា​ទម្ងន់ ហើយ​ប្រគល់​ស្ដេចតុល​ឲ្យ​ទៅ​សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​យក​ទៅ​ផ្ទះ​វិញ ។ ឯរាជ​សម្បត្តិ​ស្ដេច​ទ្រង់​គ្រប់គ្រង​វិញ ។ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​អាតុល​ទៅ​ដល់​ផ្ទះ ហើយ​ជេរ​វាយ​ត្មិះ​តិះដៀល​លែង​រាប់​អាន​ជា​កូន ឲ្យ​អាតុល​ឃ្វាល​គោ​ក្របី​ទុក​ជា​ខ្ញុំ​ដូចដើម ។

មាយាទថ្លៃឲ្យយក មាយាទថោកឲ្យវៀរ
ឯកសារយោង
ប្រជុំរឿងព្រេងខ្មែរភាគ១

No comments