Breaking News

ប្រវត្តិរូបសង្ខេបរបស់"លោកប៊ុណ្ណ ចន្ទម៉ុល"

លោកគឺជាឥស្សរជនខ្មែរមួយរូបដែលខ្មែរនិងយុវខេមរ:ជំនាន់ក្រោយមិនបានស្គាល់ មិនបាននឹកនាឬប្រហែលជាបានបំភ្លេចចោលពីដួងចិត្តរបស់ខ្លួន ។
ជីវិតលោកហាក់ដូចជាមានអាថ៌កំបាំងនិងឧបសគ្គជាច្រើនដោយសារតែមនសិការជាតិនិងការឈឺចាប់ មិនព្រមឲ្យជនបរទេសមកជិះជាន់គាបសង្កត់ ដាក់អាណានិគមន៍លើមាតុភូមិដ៏ថ្លៃថ្លារបស់លោក ។

លោកកើតនៅក្នុងឆ្នាំ ១៩១៦ (មិនមានកាលបរិច្ឆេទច្បាស់លាស់) នៅទីក្រុងភ្នំពេញ ។ លោកជាឥស្សរជនជើងចាស់មួយរូប ដែលបានក្រោកឡើងប្រឆាំងនឹងអាណានិគមបារាំង ដែលបានភ្ជាប់ខ្លួនចងសម្ព័ន្ធភាពជាមួយលោក សឺុង ង៉ុកថាញ់ ដែលជាស្ថាបនិកដំបូងគេបង្អស់ នៃសារពត៌មានភាសាខ្មែរ "នគរវត្ត" ។
នៅឆ្មាំ ១៩៤២ ក្នុងពេលដែលលោកចូលរួមក្នុងបាតុកម្មជាមួយនឹងក្រុមនិសិ្សត ដែលក្រោកឡើងប្រឆាំងនឹងការគាបសង្កត់ជិះជាន់ទារពន្ធដារ របស់អាណាព្យាបាលបារាំង លោកត្រូវបានគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច អស់រយះពេល ៣ ឆ្នាំ ។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ លោកបានត្រឡប់ចូលក្នុងឆាកនយោបាយវិញ ដោយបានទទួលឋានន្តរសក្ដិ ជាវរសេនីត្រីយ៍នៃឧត្តមបញ្ជាការដ្ឋានជូនក្បួននិងរដ្ឋបាល បន្ទាប់មកត្រូវបានជ្រើសតាំងជាប្រធានពុទ្ធិកសមាគម ហើយមកលោកបានចូលជាគណកម្មការតែងតាំងរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ។
លោកបានបញ្ចេញស្នាដៃតាមរយះសៀវភៅពីរក្បាល ដែលរៀបរាប់ពីឆាកជិវិតនិងបទពិសោធន៍ផ្ទាល់ ដែលលោកបានជួបប្រទះក្នុងឆាកនយោបាយ ទាំងសកម្មភាពក៏ដូចជាលទ្ធផលក្នុងមនសិការ និង ឧត្ដមគតិរបស់លោក ។
"គុកនយោបាយ" គឺជាស្នាដៃទីមួយដែលបានចេញជាសាធារណ: នៅខែ មិនា ឆ្នាំ ១៩៧២ ដែលបានជោគជ័យទទួលបានការគាំទ្រដ៏ខ្លាំងក្លា ពីសំណាក់មហាជនមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ ស្នាដៃនេះ ត្រូវបានបោះពុម្ពផ្សាយជាលើកទីពីរម្ដងទៀត សម្រាប់មហាជនអ្នកអានទូទាំងប្រទេសជាថ្មីម្ដងទៀត ។ ស្នាដៃនេះ បានលើកបង្ហាញពីប្រវត្តិតស៊ូរបស់លោក ក្នុងឆាកនយោបាយ ក៏ដូចជាបរិបទសង្គមនយោបាយក្នុងឆ្នាំ ១៩៣៦ ដល់ ១៩៤៥ ។
"ចរិតខ្មែរ" គឺជាស្នាដៃទី ២ ដែលចេញផ្សាយនៅឆ្នាំ ១៩៧៣ ដែលលោកបានលាតត្រដាង ពីអត្តចរិតនយោបាយរបស់ជនអាត្មានិយមមួយចំនួន ដែលបានសាបព្រោះមនោគមន៍វិទ្យា បង្វក់ និងលាបពណ៌គ្នាទៅវិញទៅមកក្នុងសង្គមនយោបាយខ្មែរ ជាពិសេសគឺអាកប្បកិរិយាស្មោះស្ម័គ្រនឹងចៅហ្វាយនាយបរទេស ធ្វើបាប ជិះជាន់តែជនជាតិឯង តាំងពីបារាំងមកដាក់អាណានិគមន៍ រហូតដល់ឆ្នាំ ១៩៧២ ។ 
តាមការសន្និដ្ឋាន លោកបានស្លាប់នៅឆ្នាំ ១៩៧៥ ។
យើងគ្រាន់សម្គាល់ឃើញថា ប្រវត្តិនិងជីវិតនយោបាយរបស់ឥស្សរជនរូបនេះ យើងមិនបានស្គាស់សូម្បីតែកាលបរិច្ឆេទថ្ងៃខែកំណើត មាតាបិតា និង ថ្ងៃខែមរណភាពក៏គ្មានកំណត់ត្រាពិតប្រាកដដែរ ។
ចលនាសម្ព័ន្ធជាតិខ្មែរ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិរូបនេះ ឲ្យបានទៅដល់សុគតិភព និងសូមឲ្យឧត្ដមគតិ មនសិការ និង ភាពក្លាហានរបស់លោក ដក់ជាប់ក្នុងស្មារតីកូនខ្មែរជានិច្ចនិរន្តរ៍ ។
" ខ្ញុំស្លាប់ទៅ សូមកុសលផលបុណ្យ បញ្ជូនខ្ញុំឲ្យកើតជាខ្មែរនេះទៀត នៅលើទឹកដីនេះ កុំឲ្យខ្ញុំឃ្លាតខ្ចាត់ព្រាត់វង្វេងទៅកើតទីណាផ្សេងឡើយ ដើម្បីជួយជាតិខ្មែរ ជួយប្រទេសខ្មែរ ជាលំដាប់ជាតិរៀងរាបដរាបទៅ ។ នេះជាសច្ចវាទរបស់ខ្ញុំ " ប៊ុណ្ណ ចន្ទម៉ុល ។
ការសច្ចារបស់លោក បានធ្វើឲ្យយើងខ្ញុំដែលជាកូនខ្មែរជំនាន់ក្រោយ រញ្ជួយចិត្តយ៉ាងខ្លាំង និង សូមលំឱនកាយគោរពដល់វិញ្ញាណក្ខន្ធរបស់លោក ... ។៚

អ្នកសិក្សាចង់បានសេចក្ដីពិស្ដារ សូមអានសៀវភៅ "គុកនយោបាយ" និង "ចរិតខ្មែរ" ។
<

No comments