រឿង គោលដៅចុងក្រោយរបស់អ្នក
នេះជារឿងរ៉ាវរបស់បុរសម្នាក់ដែលមកយឺតក្នុងការធ្វើដំណើរ។ គាត់បានមកដល់ស្ថានីយផ្លូវដែក។ ហើយក៏លោតឡើងលើរថភ្លើងរកកន្លែងទំនេរដើម្បីអង្គុយ។ ដោយអស់កម្លាំងខ្លាំង គាត់ក៏ងងុយ ហើយដេកមួយសន្ទុះទើបភ្ញាក់ពីដំណេកមកវិញ។ បើកភ្នែកឡើង គាត់ឃើញរថភ្លើងបោះពួយ យ៉ាងលឿនឆ្ពោះទៅទិសដៅដែលគាត់មិនស្គាល់ ។ គាត់ក៏ចាប់ផ្ដើមសួរអ្នករាល់គ្នានៅជុំវិញថា តើរថភ្លើងទៅណា? គាត់ស្រែកដោយសម្លេងខ្លាំងៗ អការៈភ័យស្លន់ និងលាយឡំនឹងការយំផងដែរ។ គាត់បានស្រែកទាមទារឱ្យរថភ្លើងឈប់ ដើម្បីឱ្យគាត់ចុះ។ រថភ្លើងនាំគាត់ទៅកាន់តែឆ្ងាយទៅៗ។ វាទៅកាន់តែឆ្ងាយ អ្នកដំណើរផ្សេងទៀតកាន់តែស្ងៀមស្ងាត់ និងមិនតក់ស្លុត ដូចបុរសម្នាក់នោះទេ។ ជាហេតុនាំឲ្យពួកគេហាក់ដូចជាឆ្ងល់ចំពោះអាកប្បកិរិយារបស់បុរសម្នាក់ហ្នឹងណាស់។ ខុសគេ ខុសឯង!
ទ្រាំមិនបានបុរសវ័យចំណាស់ម្នាក់បានប្រាប់ទៅគាត់ថា៖ «អ្នកឯងមិនដឹងទេអី រថភ្លើងនេះមានគោលដៅតែមួយទេ គឺទៅមហាសមុទ្រ។ វានឹងទៅកាន់តែជ្រៅ។ ដូចជីវិតរបស់យើងកើតមកហើយមានគោលដៅចុងក្រោយតែមួយគត់ គឺការស្លាប់។ មហាសមុទ្រជ្រៅ អ្នកណាក៏ភ័យខ្លាចដែរ? តែអ្វីដែលយើងអាចធ្វើបានពេលនេះ គឺត្រូវប្រើពេលវេលារបស់យើងដែលមាននៅលើផែនដី ដើម្បីតាំងចិត្តឲ្យស្ងប់ ឲ្យដូចព្រះពុទ្ធ។ ស្វែងរក ការត្រាស់ដឹង សម្រាប់ខ្លួនយើង និងអ្នកដទៃ។ អ្នកឃើញអត់គ្រប់ជីវិត... ទាំងអស់ត្រូវតែស្លាប់... គ្មានអ្នកណាម្នាក់គេចផុតនោះទេ.. នៅពេលដែលយើងកើតមក ភាពប្រាកដប្រជាតែមួយគត់ដែលយើងមានគឺ ថ្ងៃណាមួយយើងនឹងស្លាប់។
តើអ្នកស្លន់ស្លោរធ្វើអី? អ្នកអាចធ្វើវាបានល្អបំផុត ដោយគ្រាន់តែគិតថាជីវិតរបស់យើងដូចរថភ្លើងនេះអញ្ចឹង... ឈប់ត្អូញត្អែរ ឬរអ៊ូរទាំទៀតទៅ។ ព្រោះវាជារឿងមួយដែលអ្នកមិនអាចគ្រប់គ្រងវាបានទេ។ ជំនួសឱ្យការជេរប្រមាថ ចៀសផុតពីភាពងងឹត ចូរអុជទៀន ហើយបង្កើតពន្លឺ ធ្វើអ្វីៗឱ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ តាមដែលអាចធ្វើទៅបានហើយ!
ប្រែសម្រួលដោយ ៖ កម្លោះ ប្លោកជាំ
No comments