ពេលមួយមានបក្សីមួយ រស់នៅដោយមានសេរីភាព
កាលយូរលង់ណាស់មកហើយ.. មានបក្សីញីមួយក្បាល រស់នៅដោយមានសេរីភាព។ វាតែងហោះហើរ លើអាកាស ដោយចាប់សត្វកណ្ដុរសម្រាប់ជាអាហារថ្ងៃត្រង់។ ហើយវាអាចមុជទៅក្នុងបឹងនារដូវក្តៅដើម្បីចាប់ត្រី។ វាក៏ដូចជាបក្សីដទៃទៀតដែរ។ ប៉ុន្តែវាមានទម្លាប់មួយ។ វាតែងតែធ្វើជាប្រចាំពេញក្នុងឆាកជីវិតរបស់វា មិនខ្វល់ថាស្ថិតក្នុងស្ថានការណ៍ល្អ ឬអាក្រក់នោះទេ។ បក្សីនេះតែងតែពាំថ្មពីដី ហើយរាល់ថ្ងៃវាតែងបៀមថ្មទាំងនោះទុក។ វាសើចពេលដែលនឹកឃើញរឿងសប្បាយៗ ហើយវាយំពេលដែលនឹកឃើញដល់រឿងសោកសៅ។ សត្វស្លាបមួយក្បាលនេះ វាតែងតែយកថ្មទៅជាមួយ មិនថាហោះឡើងលើអាកាស ដើរលើផែនដី ឬចុះទៅក្នុងបឹងទេ វាមិនដែលភ្លេចពាំថ្មទៅតាមឡើយ ។
ច្រើនឆ្នាំបានកន្លងផុតទៅ វានៅតែបន្តទំលាប់បែបនេះ។ វារកបានថ្មជាច្រើនដុំ ហើយវានៅតែបន្តអោបក្រសោបថ្មទាំងនេះ។ ថ្មដំណាងឲ្យអតីតកាល។ ចឹងវាហាក់ដូចជាស្ពាយអតីតកាលដូច្នោះដែរ។ សម្ពាយនេះ វាកាន់តែធ្វើឲ្យបក្សីញីកាន់តែធ្ងន់ ក្នុងការហោះហើរ រហូតដល់ថ្ងៃមួយវាហើយលែងរួច។ បក្សីដែលមានសេរីភាពកាលពីប៉ុន្មានឆ្នាំមុន មិនអាចដើរ មិនអាចហើរ មិនអាចមុជចូលទៅក្នុងបឹងបានទៀតទេ។ វាមិនអាចសូម្បីធ្វើចលនាដោយខ្លួនឯង។ ម្តងម្កាលភ្លៀងបង្អុលមក ផ្តល់ឱ្យវានូវសំណើម ដែលជាតម្រូវការចំបាច់សម្រាប់ជីវិត។ ដោយភាពក្លាហាន ស៊ូទ្រាំនឹងការលំបាកទាំងអស់នេះ វានៅតែការពារ ការចងចាំដ៏មានតម្លៃរបស់វាមិនព្រមលែង។ មិនយូរប៉ុន្មាន វាក៏ស្លាប់ដោយការអត់ឃ្លាន អត់បាយក្រហាយទឹក។ អ្វីដែលវាបន្សល់នៅលើផែនដី គឺមានតែជាដុំថ្មដ៏គួរឲ្យអាណិតប៉ុណ្ណោះ។
អ្នកឃើញនៅ ក្នុងជីវិត, នៅក្នុងជីវិតរបស់អ្នក។ សូមកុំអោបការចងចាំនូវរឿងអាក្រក់ៗរបស់អ្នកអី។ ពីមួយថ្ងៃទៅមួយថ្ងៃ វានឹងអូសទាញអ្នកឲ្យកាន់តែធ្លាក់ចុះ។ វានឹងធ្វើឱ្យអ្នកមិនអាចធ្វើចលនាបាន។ អ្នកនឹងមិនអាចធ្វើដំណើរទៅមុខ រកថ្ងៃអនាគត ដើម្បីរស់នៅក្នុងជីវិតមួយ ដែលពោរពេញទៅដោយភាពរីករាយបាននោះទេ។ ប្រសិនបើអ្នកនៅតែអោបក្រសោបការចងចាំទាំងនោះ ដូចសត្វបក្សីស្ពាយដុំថ្មដូច្នេះដែរ.. ឈប់គិតរឿងពីអតីតកាល។ ចេញពីវា ហើយរស់នៅដោយក្តីស្រលាញ់ យកចិត្តទុកដាក់ និងក្លាហាន។
ប្រែសម្រួលដោយ ៖ កម្លោះប្លោកជាំ
No comments