Breaking News

កង់ - [Cambo Page - ខេមបូ ផេក]

កាលនៅពីក្មេង ទោះនៅក្នុងចំនោមមិត្តភក្តិជាច្រើន ក៏មានអារម្មណ៍ថាឯកាណាស់។ ពួកគេតែង លើកយើងមកដើម្បីជាប្រធានបទដើម្បីជាការសើចសប្បាយ។​ តើមានអ្វីតបតនឹងគេទៅ? គ្មានទេ! អ្វីដែលធ្វើបានគឺមានតែសើចជាមួយគេទាំងអារម្មណ៍កំពុងឈឺ។ 

ទោះគេដឹងឬមិនដឹង ពីអារម្មណ៍យើង ក៏គេមិនខ្វល់ពីយើងឡើយ។ មានតែការតូចចិត្ត អន់ចិត្ត សេចក្តីខ្មាសអៀន ភាពឯកា ដែលវានៅជាមួយខ្ញុំគ្រប់ពេល។ នឹកកាលគ្រានោះបឋមសិក្សានៅឆ្ងាយពីផ្ទះ ធ្វើដំណើរដោយថ្មើរជើងជាង១ម៉ោងទើបដល់។ រយៈពេល៦ឆ្នាំទើបឡើងទៅវិទ្យាល័យ។ សាលាកាន់តែឆ្ងាយ ដែលជាហេតុធ្វើឲ្យមិត្តភិក្រក្នុងភូមិទាំងអស់ឈប់រៀន។ សំណាងណាស់ កាលនោះ ឪម៉ែរបស់ខ្ញុំបានទិញកង់ឲ្យ១។ 

វានឹងហើយជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ។ ពេលជិះវាទៅរៀនម្តងៗ ក្នុងខួរក្បាលពេញដោយក្តីស្រម៉ៃ អណ្តែងអណ្តូង។ ពេលនោះខ្ញុំត្រូវបោះបង់មិត្តភក្រិនៅក្នុងភូមិ ព្រោះខ្ញុំត្រូវទៅវៀននៅសាលាឆ្ងាយ អត់មានពេលលេង អត់សូវបាននិយាយជាមួយពួកគេនោះទេ។ ទាំងមិត្តភក្តិនៅសាលា និងនៅក្នុងភូមិ។ ចេញពីរៀនត្រូវប្រញាប់មកផ្ទះព្រោះ ផ្លូវស្ងាត់ដោយសារភូមិនៅដាច់ស្រយ៉ាល។ 

ឪម៉ែជាអ្នកស្រែចម្ការ។ នៅចាំបានមានតែគ្រួសារខ្ញុំប៉ុណ្ណោះដែលមានបន្លែលក់។ ខ្ញុំជាអ្នកទូលបន្លែ និងនំលក់ខឹខឹ.. កុមារភាពដ៏គួរឲ្យអស់សំណើចមានមិនខ្វះតែខ្ជិលរំលឹក នាំខ្មាស់គេខឹខឹខឹ...។ លុះដល់រៀនវិទ្យាល័យពេលវេលា ត្រូវចំណាយនៅសាលាច្រើន ពេលវេលានៅផ្ទះគឺតិចតួចណាស់។ ត្រឹមតែអាចដាក់បាយជ្រូក រែកទឺក កៀងគោ ឥបន្តិចបន្តួចបណ្ណោះ។ 

ត្រលប់ទៅក្តីស្រម៉ៃវិញ។ ដោយសារមានការឈឺចាប់នឹងសំដីសើចចំអក របស់មិត្តភក្រអំពីធម្មជាតិដែលបានផ្តល់អោយ ខ្ញុំតែងលួចយំ ហើយសំលឹងទៅកង់របស់ខ្ញុំនៅក្រោយភូមិជាញឹកញាប់។ ប្រាប់ខ្លួនឯងថា ខ្ញុំមិនខ្វល់ថាពួកគេល្អជាខ្ញុំប៉ុណ្ណា ខ្លាំងជាងខ្ញុំប៉ុណ្ណា នៅថ្ងៃអនាគតខ្ញុំ គឺត្រូវជាម្នាក់ដែលខ្ពល់ជាងគេ ចំណេះខ្ពស់ជាង ហើយមានអ្វីៗដែលល្អជាងគេ។ 

ដូចនេះហើយពេលវេលារបស់ខ្ញុំនឹងគ្មានសម្រាប់ពួកគេទៀតទេ។ ក្រៅពីរៀននៅសាលា ដល់ផ្ទះក្រៅពីកិច្ចកាផ្ទះខ្លះ គឺខ្ញុំស្វ័យសិក្សារហូតពេលខ្លះ ឪម៉ែរបស់ខ្ញុំឃាត់ អោយគេង ឬគេងមុនចង្កៀងរលត់ក៏មាន។ ខ្ញុំមិនមែនជាសិស្សពូកែ តែខ្ញុំប្រឹងជាងពួកគេ ដោយសារផ្ទះខ្ញុំនៅឆ្ងាយសាលា ជីវភាពមិនសូវធូរធារផង មិនមានពេល ឬលុយរៀនគួរបន្ថែមនោះទេ។ 

ជីវិតវិទ្យាល័យ៦ឆ្នាំគឺខ្ញុំប្រើកង់ដើម្បីធ្វើដំណើរទៅរកក្តីស្រម៉ៃ។ ការប្រឹងប្រែងពិតជាមិនអត់ប្រយោជន៍ ខ្ញុំទទួលបានជោគជ័យថ្នាក់វិទ្យាល័យ។ ភ្នំពេញជាទីតាំងដែលខ្ញុំចង់រស់នៅ ទោះខ្ញុំមិនដែលស្គាល់អ្វីទៅដែលហៅថាភ្នំពេញ។ 

No comments