សម្តេចព្រះសង្ឃរាជ ជួន ណាត - [Cambo Page - ខេមបូ ផេក]
សម្តេចសង្ឃរាជជួន ណាត ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ
សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង, សង្កាត់រកាកោះ, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ, ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ, ព្រះមាតាសម្តេចនាម យក់, និងព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានឯកសារជាច្រើនបានចងក្រងជីវប្រវត្តិរបស់សម្តេចព្រះសង្ឍរាជ ជួន ណាត បានបញ្ជាក់ថា លុះសម្តេចបានព្រះជន្មាយុ ១៤វស្សា នាំបានបួសជាសាមណេរ នៅថ្ងៃទី ១៥កើត គ.ស ១៨៧៩ នៅបំពេញកិច្ចសិក្សានាវត្ត ពោធិព្រឹក្ស អស់រយៈពេល២ឆ្នាំ ទើបចាកចេញពីវត្តពោធិព្រឹក្ស ទៅរៀនព្រះបរិយត្តិធម៌ ឯវត្តឩណ្ណាលោម ក្រុងភ្នំពេញ។ លុះសម្តេចមានជន្មាយុគម្រប់ ២១វស្សា ទ្រង់និមន្តត្រឡប់ទៅសូមឩបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តសម្តេចសាងបួសដំបូងវិញ ហើយសម្តេចទ្រង់ទទួលព្រះនាមបញ្ញាត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញ ឩបសម្បទា ជាភិក្ខុភាពរួចហើយទ្រង់ក៏និមន្តទៅគង់នៅវត្តឩណ្ណាលោម ទទួលការសិក្សាគន្ថធុរៈ វិញទៀត។
សម្តេចព្រះសង្ឃរាជទ្រង់មានសេចក្តីព្យាយាមប្រកបដោយថាមពលក្លៀវក្លាក្នុងការសិក្សាទាំងផ្នែកបាលី និងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម ហើយការសិក្សារបស់សម្តេចព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់។
សម្តេចព្រះសង្ឃរាជទ្រង់បើចាប់រៀនមុខវិជ្ជាណាមួយគឺទ្រង់យកព្រះទ័យទុកដាក់ និងខំប្រឹងប្រែងខ្លាំងណាស់ អត់មានបន្ថូរបន្ថយក្នុងក្នុងការសិក្សាលើមុខវិជ្ជានោះឡើយ ដូចជាភាសាបាលីជាដើម។
សម្តេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទះដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ។ វិជ្ជាខាងភាសាបាលី សំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រដាប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឲ្យកោតសរសើរពន់ពេកណាស់។ សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលី សំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុផលជាច្រើន។ ភាសាឡាវ ភាសាសៀម និងភាសាបារាំងដែលសម្តេចរៀនគឺអាចប្រាស្រ័យទាក់ទងជាមួយនិងជនជាតិដើមទាំងនោះបាន។ សម្តេចឈ្លាតវៃប្រសព្វយកតម្រាប់តាមសំលេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចបាន ភាសាអង់គ្លេស ភាសាយួន ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ។
នៅ គ.ស ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឩបោសថរតនារាមវិហារព្រះកែវមរកត ចំពោះព្រះភ័ក្រ្តព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
នៅ គ.ស ១៩១៥ សម្តេចទ្រង់បានប្រឡងជាបលំដាប់លេខ២ ហើយបានទទួលការតែងតាំងជាសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជា ពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជបន្សល់ទុក
វចនានុក្រមភាគ២
គម្ពីរសង្ឃដីការជាច្រើន
គម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្តេចប្រមូលរៀបរៀង
សៀវភៅបាលីដែលសម្តេចទ្រង់ប្រែជាភាសាខ្មែរ សម្រាប់ទុកឲ្យពុទ្ធបរិស័ទរៀនសូត្រ
វេយ្យាករណ៍បាលីមាន២ភាគ
គហិបដិបត្តិ
សាមណេរវិន័យ និងស្នាព្រះហស្ថជាច្រើនអនេកផ្សេងទៀត ដែលមិនអាចរៀបរាប់អស់បាន.ល...។
ការចូលទីវង្គតរបស់សម្តេចព្រះសង្ឃរាជ
សម្តេចសង្ឃរាជ ជួន ណាត បានចាប់ផ្តើមធ្លាក់ខ្លួនឈឺ និងបានសោយទិវង្គតនៅ គ.ស ១៩៦៩។ ព្រះអង្គបានសោយទិវង្គតនៅព្រះជន្មាយុ ៨៦ វស្សា វេលាម៉ោង ៨និង២០នាទីយប់។ ឯកសារខ្លះបានបញ្ជាក់ថា ការចូលទិវង្គតនេះបានធ្វើឲ្យពលរដ្ឋនិងមន្ត្រីរាជការ និងព្រះរាជវង្សានុវង្ស យំយែកស្តាយស្រណោះចំពោះការបាត់បង់ព្រះអង្គ។ សម្ដេចព្រះសង្ឃរាជ ដែលព្រះអង្គបានយាងមកសោយ ព្រះជាតិក្នុងប្រទេសកម្ពុជាយើងនេះ ព្រះអង្គបានធ្វើប្រយោជន៍ ទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោក ទុកឲ្យពុទ្ធបរិស័ទជាច្រើនណាស់ ដោយព្រះអង្គបានលើកព្រះពុទ្ធសាសនា លើកប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿង ដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុត ឲ្យប្រទេសជាតិមានឯកភាព សាមគ្គីភាព សន្តិភាព បានឯករាជ្យដ៏បរិបូរណ៍ ដូចសេចក្ដីប្រាថ្នា ហើយសម្ដេចព្រះសង្ឃរាជមានព្រះរាជជីវប្រវត្តិជាគំរូដល់សម្រាប់ជាតិខ្មែរ៕
No comments